មេ​ទ័ព​ខេត្តព្រះសីហនុអះអាងថា អង្គភាព​សម្រេច​ព្យួរ​ការងារ​ទាហាន​ប្រើ​កាំភ្លើង​វាយ​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី


|
https://www.vodhotnews.com

រូបភាពកាលពីអំឡុងពេលពលរដ្ឋធ្វើតវ៉ានៅខេត្តព្រះសីហនុ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ បណ្ដាញសង្គម

មេ​បញ្ជាការយោធាខេត្តព្រះសីហនុ អះអាងថាមន្រ្តីយោធារបស់ខ្លួនម្នាក់ដែលបានចូលរួមបង្រ្កាបដោយហិង្សាទៅលើពលរដ្ឋមានជម្លោះដីធ្លីស្ថិតក្នុងស្រុកព្រៃនប់កាលពីខែមករានោះបានរកមុខឃើញហើយ និង​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិន័យ​រដ្ឋបាលយោធា ប៉ុន្តែពុំ​មាន​ការ​ដាក់ទោសអ្វីផ្សេងទៀតឡើយ។

វីដេអូឃ្លីបមួយផ្សព្វផ្សាយនៅលើបណ្តាញសង្គមបង្ហាញបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋាន​ជាកងរាជអាវុធហត្ថ បានធាក់ច្រំទៅលើបុរសម្នាក់ទៀតក្នុងសម្លៀកបំពាក់ស៊ីវិលទាំង​ដៃជាប់ខ្នោះនិងកំពុងដេកដួលលើដី ហើយ​បុរសម្នាក់ទៀតស្លៀកពាក់ឯកសណ្ឋានជាយោធា បានយកស្វ័យកាំភ្លើង AK វាយបន្ថែមទៀត​ទៅ​លើ​ពលរដ្ឋ​រូប​នោះ។

មេបញ្ជាការរងយោធភូមិភាគ៣ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ លោក សាវិន វិបុល ប្រាប់ វីអូ​ឌី នៅ​ថ្ងៃនេះថា មន្រ្តីយោធា​ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ទៅលើ​ពលរដ្ឋ​នោះ ត្រូវ​បាន​អង្គភាព​លោក​ដាក់​ពិន័យ និង​ព្យួរ​ការងារ​បណ្ដោះ​អាសន្ន​បច្ចុប្បន្ន​នេះ។

មេ​បញ្ជាការ​យោធា​រូប​នេះបាន​ទទួល​ស្គាល់​ថា លោកបាន​បញ្ជូនកម្លាំងយោធាទៅចូលរួមនៅ​ក្នុង​ការអនុវត្តសាលដីកា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា​កន្លង​មក ទៅ​តាមការស្នើសុំពីគណៈមេបញ្ជាការភាពខេត្តព្រះសីហនុ និងតុលាការកំពូល។

លោក សាវិន វិបុល មាន​ប្រសាសន៍ថា៖ «ខ្ញុំបានផ្អាកការងារគាត់ទាំងអស់ ហើយក៏ខ្ញុំបានរាយការណ៍ជូនដល់មេបញ្ជាការភូមិភាគ ក៏ដូចមេបញ្ជាការកងទ័ពជើងគោកខេត្តដែរ។ ខ្ញុំបានអប់រំអស់ហើយ។ ក្រោមការដឹកនាំរបស់គណៈមេបញ្ជាការឯកភាពខេត្ត យើងមិនអាចប្រឆាំងគេបានទេ ព្រោះអីបើខ្ញុំប្រឆាំង គេថា ខ្ញុំប្រឆាំង​អត់ធ្វើតាមបទបញ្ជា។ តែនេះស្ថិតក្រោមការដឹកនាំរបស់មេបញ្ជាការឯកភាពខេត្ត យោងតាមហ្នឹងទាំងអស់។ ហើយខ្ញុំមានលិខិតរបស់តុលាការកំពូលទៀត មកស្នើកម្លាំងខ្ញុំ និងលិខិតបង្គាប់មកពីខេត្តទៀត បើយើងអត់ឲ្យ គេ​ថា យើងប្រឆាំងនឹងបទបញ្ជា ប្រឆាំងនឹងតុលាការ»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានចាត់ទុក​សកម្មភាពមន្រ្តីយោធាយកស្វ័យកាំភ្លើងវាយទៅលើពលរដ្ឋទាំងដៃចងស្លាប់សេកនោះ​ថាជាបទល្មើលព្រហ្មទណ្ឌ ដែលតុលាការត្រូវតែចាត់វិធានការតាមផ្លូវច្បាប់។

លោក ករុណា មាន​ប្រសាសន៍​ថា៖ «បើយើងមើលការអនុវត្តច្បាប់វិញ គឺមិនទាន់អាចទទួលយកបានទេ ព្រោះជនដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ​​បែបហ្នឹង គឺ​មានទោស ហើយបើពាក់ព័ន្ធខ្លួនតួនាទីទៅទៀតហ្នឹង គឺត្រូវមានទោសធ្ងន់ធ្ងរ ដែលគេហៅថា បទល្មើសទបអាជ្ញា។ អញ្ចឹង ខាងព្រះរាជអាជ្ញាហ្នឹង ចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីធ្វើយ៉ាងណាកុំឲ្យអំពើរបៀបហ្នឹងកើតឡើងមកទៀត។ បើមិនអញ្ចឹងទេ ការគ្រាន់តែដាក់ទោសវិន័យក្នុងក្រមខណ្ឌនៃស្ថាប័នរបស់ខ្លួនហ្នឹង មិនធ្វើឲ្យអ្នកផ្សេងទៀតមើលឃើញទៅរាងចាលទេ»

ក្នុងពិធីសន្និបាតបូកសរុបការងារមួយកាលពីថ្ងៃទី១៣ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា ករណីអាជ្ញាធរក្រចេះ និង​អាជ្ញាធរខេត្តព្រះសីហនុ យកកម្លាំងយោធាបង្ក្រាបពលរដ្ឋមានជម្លោះដីធ្លីនោះ ជារឿងមិនត្រឹមត្រូវ ហើយលោកបានហាមទៅអាជ្ញាធរខេត្តផ្សេងៗទៀត កុំប្រើប្រាស់កម្លាំងយោធាទៅចុះអនុវត្តសាលដីការបស់តុលាការ ដោយលោកថា សកម្មភាពនោះជារឿងខុសច្បាប់។

កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះ​ខេត្តព្រះសីហនុប្រមាណ ៣០០នាក់ ដឹកនាំដោយព្រះរាជអាជ្ញា ហួត វិចិត្រ និងអភិបាលរងខេត្ត លោក ផៃ ប៊ុនវណ្ណៈ បាន​ចុះអនុវត្តសាលដីការបស់តុលាការកំពូលដើម្បី​វាស់វែងដីឲ្យអ្នកស្រី ហុង សួន ភរិយារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ ស្ថិតភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ប៉ុន្តែ ត្រូវបានអ្នកភូមិរាប់រយនាក់តវ៉ាប្រឆាំងនឹងការចុះអនុវត្តនោះដោយនាំគ្នាដុតកង់ឡានបិទផ្លូវរហូតផ្ទុះអំពើហិង្សា។

ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះពលរដ្ឋម្នាក់ដែលជាកម្មករសំណង់ បានត្រូវគ្រាប់កាំភ្លើងដែល​បាញ់​ចំ​ពីក្រោយត្រង់ស្មាពីខាងឆ្វេងបៀមជាប់ឆ្អឹងខ្នងហើយ​ពលរដ្ឋ ៦នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ហើយដោះលែងវិញនៅយប់​ថ្ងៃដដែល​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment