រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ កម្ពុជា​កំពុង​បំពាន​ច្បាប់​ក្នុង​ការ​ឃុំខ្លួន​លោក កឹម សុខា​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ កម្ពុជា​កំពុង​បំពាន​ច្បាប់​ក្នុង​ការ​ឃុំខ្លួន​លោក កឹម សុខា​


By

ឌឹ ខេមបូឌា ដេលី

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា​ ការ​ឃុំ​ខ្លួន​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​ កឹម សុខា​ ជា​ការ​ឃុំ​ខ្លួន​ដោយ​អយុត្តិ​ធម៌​បំផុត។​

ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​ដាក់​ជា​សំណួរ​ថា​ តើ​អ្នក​មាន​ដឹង​ទេ​ថា ​លោក ​កឹម សុខា​ បាន​ជាប់​ក្នុង​ការ​ឃុំឃាំង​ជិត​១៨​ខែ​មក​ហើយ​ដែល​មាន​រយៈ​ពេល​៥៣០​ថ្ងៃ​នៃ​ការ​ជាប់ឃុំ។​

សហ​រដ្ឋ​អាមេរិក​បញ្ជាក់​ថា ​លោក ​កឹម សុខា ​ជា​មនុស្ស​ស្អាត​ស្អំ​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​ ក្រោម​ការ​ចោទ​ប្រកាន់​មិន​ពិត​ មិន​មាន​ភ័ស្តុតាង​ និង​មិន​ទាន់​មាន​ការ​កំណត់​បើក​សវនាការ​កាត់​ទោស​រូប​គាត់​ថែម​ទៀត។ ​គ្មាន​ភ័ស្តុតាង​គ្មាន​សវនាការ​កាត់​ទោស​ គ្មាន​យុត្តិធម៌។​ តើ​អ្នក​កំពុង​មើល​ឃើញ​រូបភាព​រួម​ទេ?​

រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​បាន​ទាមទារ​ឲ្យ​សហ​រដ្ឋ​អាមេរិក​គោរព​អធិតេយ្យ​ភាព​របស់​ខ្លួន ​និង​សម្ដែង​នូវ​ការ​ភ្ញាក់​ផ្អើល​និង​ខកចិត្ត​ ដោយ​ចាត់ទុក​សកម្ម​ភាព​នេះ​ថា​«មិន​មាន​លក្ខណៈ​ការ​ទូត» ​និង ​«មិន​គោរព​អធិប​តេយ្យ​របស់​កម្ពុជា»។​

បើ​គិត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​កឹម សុខា ​បាន​ឃុំ​ឃាំង​អស់​រយៈ​ពេល​៥៣២​ថ្ងៃ​មក​ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​លោក​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ខេត្ត​ត្បូង​ឃ្មុំ ​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៧​ រួម​ទាំង​ការ​ផ្ទេរ​មក​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​វិញ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

Leave a Reply

Submit Comment