វិភាគ៖ តើលក្ខខណ្ឌ EBA របស់សហភាពអឺរ៉ុប​ពិត​ជា​រំលោភអធិបតេយ្យកម្ពុជាឬ?


|
https://www.vodhotnews.com

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើរជាមួយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអំឡុងពេលពិធីបើកសម្ពោធវិមាន ឈ្នះ-ឈ្នះ នៅភូមិព្រែកតាសោម នៅជាយក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ទី29 ខែធ្នូ ឆ្នាំ2018 ។ រូបភាព៖ AP / ហេងស៊ីនិត

សហភាពអឺរ៉ុប​បានចាប់​ផ្ដើម​ដំណើរការនីតិវិធីឈានទៅព្យួរប្រពន្ធអនុគ្រោះពន្ធ EBA កាល​ពី​សប្តាហ៍មុននេះ បន្ទាប់​ពី​មើល​ឃើញ​ថា​​កម្ពុជា​បរាជ័យក្នុងការស្តារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ​។

សហភាពអឺរ៉ុបបានអះអាងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១២ ខែកុម្កៈ ថា ការបើកលំហប្រជាធិបតេយ្យឡើងវិញ ភ្ជាប់ទៅនឹងលក្ខខណ្ឌ EBA គឺត្រូវទម្លាក់ចោល​​បទចោទ​ប្រកាន់​លើ​​​មេដឹក​នាំ​បក្សប្រ​ឆាំង លោក កឹម សុខា ឲ្យគណបក្សប្រឆាំងដែលត្រូវ​បានរំលាយ បាន​ដំណើរការ​ឡើង​វិញ និង​រៀបចំកា​របោះឆ្នោតឡើង​វិញមាន​លក្ខណៈ​​សេរីត្រឹមត្រូវ និងយុត្តិធម៌ តាមយន្តការប្រជាធិបតេយ្យជាដើម។

ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន​ សែន បានចាត់ទុកការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះ​ថាជា​ការ​លម្អៀង​ផ្នែក​នយោបាយ​ទៅរកគណបក្សប្រឆាំង ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១២ ខែកុម្ភៈ បានចាត់ទុកការស​ម្រេចរបស់ស​ហភាពអឺរ៉ុ​ប​នេះ ជារឿងអយុត្តិធម៌បំផុត​សមម្រាប់រដ្ឋាភិបាល ដោយប្លុកលោកសេរីមួយនេះ បានមើ​លរំលង​ការខិតខំ​ប្រឹងប្រែ​ង​​រយៈពេល ៨ខែមកនេះ​របស់រដ្ឋាភិបាល។

មិន​ត្រឹម​អះ​អាង​ថា លម្អៀង​ទៅ​រក​អតីត​បក្ស​ប្រឆាំង​ទេ រ​ដ្ឋាភិបាល​កម្ពុជា បាន​ហៅ​ការសម្រេចចិត្ត​ដំណើរការព្យួរ EBA នេះ​ថា ជាការ​ជ្រៀត​ជ្រែ​ក​កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

រដ្ឋាភិបាលបានអះអាងទៀតថា កម្ពុជានឹងមិនយកអធិបតេយ្យរបស់ខ្លួនទៅដោះដូរនឹងប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឡើយ។

ភាពច​ម្រូងចម្រាសនេះ បង្កើតជាសំនួរថា តើលក្ខខណ្ឌរបស់សហភាពអឺរ៉ុបពិត​ជា​រំលោភបំពាន​លើ​អធិបតេយ្យកម្ពុជាឬ?

លោក មឿន តុលា ពន្យល់ទៀតថា ការដាក់លក្ខខណ្ឌណាមួយឲ្យកម្ពុជា​ស្តារស្ថា​នភាព​សិទ្ធិមនុ​ស្ស និង​ប្រជា​ធិប​តេ​​យ្យមិនមែនជាការ​រំលោភ​អធិប​តេយ្យ​របស់​កម្ពុជា​ទេ
ប៉ុន្តែ លោ​កថា ផ្ទុយទៅវិញ លក្ខខណ្ឌអឺរ៉ុប​បានរំឭក​អ្នក​ន​យោ​​បាយខ្មែរ ពិសេសបក្សកាន់អំណាច ឲ្យប​ន្ត​ដើរលើ​គន្ល​ង​​ប្រជា​ធិបតេយ្យ ដូចមានចែងក្នុងរ​ដ្ឋ​ធ​​ម្ម​នុញ្ញកម្ពុជា។

នាយកប្រតិបតិ្តរបស់អង្គការ សង់ត្រាល់ លោក មឿន តុលា


លោក មឿន តុលា ប្រាប់ថា៖ «ការដែលសហភាពអឺរ៉ុប គេតម្រូវឲ្យកម្ពុជាយើងកែលម្អ អាហ្នឹង [សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ] វា​គ្មាន​ហេតុ​ផល​ណាមួយ ឬចំណុចណាមួយ ដែលថា សហភាពអឺរ៉ុបហ្នឹងមក​ជ្រៀតជ្រែកអធិបតេយ្យ​ភាពក​ម្ពុជា​យើ​​ងទេ។ កម្ពុជានៅតែកម្ពុជាដដែលទេ អត់មានដូរកម្ពុជាទៅជាប្រទេសស្អីទេ អាហ្នឹងទី១។ ទី២​ អត់មានកាត់ទឹ​កដី​ណា​មួយ​ឲ្យ​ទៅ​សហគមន៍​អឺរ៉ុប​ទេ គ្រាន់តែឲ្យគោរពប្រជាធិបតេយ្យ គោរពសិទ្ធិប្រជាពលរដ្ឋខ្លួន ដែលមាន​ចែង​ក្នុ​ងធម្មនុញ្ញ​។ អាហ្នឹងលក្ខខណ្ឌនៅក្នុង EBA ហ្នឹង​វាអញ្ចឹង!»

លោក មឿន តុលា វិភាគថា ចរន្តនយោបាយនៅកម្ពុជា បានដើរផ្ទុយទៅនឹង​ប្រទេសជិតខាងមាន វៀតណាម និង​ថៃ​ជាដើម ដែល​ប្រទេស​គេ​រីក​ចម្រើន​ជាងកម្ពុជាតែគេទទួលយកល​ក្ខខណ្ឌនេះ ដើ​ម្បីប្រកួត​គ្នាដណ្តើ​មទី​ផ្សារ​អឺ​រ៉ុប។

លោក តុលា បន្ត​ថា៖ «យើងមើលជុំវិញយើង ថៃ​នាំទំនិញទៅសហភាពអឺរ៉ុប គ្រាន់តែអឺរ៉ុបចេញកាតលឿន​រឿងម្ហូបអា​ហារគ្រឿ​ង​ស​មុទ្រ ថៃចាប់ផ្តើមកែភ្លាម គេខ្លាចបាត់បង់ណាស់។ ចំណែក​វៀតណាម គេព្យាយាមចង់បានទីផ្សារអឺរ៉ុបមែនទែន ហើ​​​​​យ​យើ​ងបានហើយ រហូត​គេ​មិន​ឲ្យ​បង់​ពន្ធ​ទៀត យើងមិនចេះថែរក្សា អាហ្នឹងយើងគួរខ្មាស់គេដែរ»

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធ​របស់​សហ​ភាពអឺរ៉ុប កើត​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុងប៉ារីស។ លោកថា កិច្ចព្រមព្រៀងនេះតម្រូវឲ្យកម្ពុជា​គោរព​សិ​ទ្ធិ​មនស្ស និងប្រជាធិបតេយ្យ ហើយថា ខ្លឹមសារ​នេះ​ក៏​បាន​បញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។

លោក អំ សំអាត ពន្យល់ទៀតថា ការបោះឆ្នោត​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាគ្រឹះ​នៃដំណើរការ​ប្រជា​ធិបតេយ្យ។ លោកថា លក្ខខណ្ឌ​ណា​មួយ​ជំរុញកម្ពុជាឲ្យងាកទៅរកគន្លងប្រជាធិបតេយ្យ លោកថាមិនមែន​ជាកា​ររំលោភអ​ធិបតេយ្យកម្ពុជានោះទេ តែជា​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរពរដ្ឋធម្មនុញ្ញ។

មន្ត្រីផ្នែកស៊ើបអង្កេត​របស់អង្គការលីកាដូ លោក អំ សំអាត


លោក អំ សំអាត មាន​ប្រសាសន៍ថា៖ «យើងត្រូវតែពិនិត្យទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ ហើយនិងបទដ្ឋាន​អន្តរជា​តិ​ស្តី​ពីសិទ្ធិមនុស្ស ដែលយើងផ្តល់សច្ចាប័ន និងហត្ថលេខី ហើយធ្វើយ៉ាងណាឲ្យដើរលើបន្ទាត់ទាំងអស់ហ្នឹង។ ខ្ញុំគិ​ត​ថា អា​ហ្នឹង​វា​អត់​មាន​អី​ប្រាស​ចាក​ឆ្ងាយទេ ហើយក៏មិនមែនជ្រៀតជ្រែកផ្ទៃក្នុងដែរ»។

ដោយ​អះ​អាង​ថា មិន​មែន​ជា​ការ​រំលោភ ឬ​ជ្រៀត​ជ្រែក​លើ​អធិបតេយ្យ​ជាតិ​កម្ពុជា​នោះនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា ពន្យល់ថាការបាត់បង់ EBA បាន​ប៉ះ​ពាល់ធ្ងន់ធ្ងដល់វិស័យកាត់ដេរ កសិករ អាជីវករ រួមទាំងកងម្លាំងផងដែរ ព្រោះថា ស្ត្រីជាអ្នកប​ម្រើកា​រងារ​ក្នុង​វិស័យកាត់ដេរមួយចំនួនជាកូន ឬប្រពន្ធនៃកងម្លាំងទាំងនោះ។

នាយ​កប្រតិបត្តិ​អង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល
បានបង្ហាញការយល់ឃើញ​លើហ្វេសប៊ុក​របស់លោ​កថា បញ្ហា EBA មិន​មែន​ជា​បញ្ហា​ពាក់ព័ន្ធតែជាមួយអ្នកនយោបាយប៉ុណ្ណោះទេ លោកថាវាជាបញ្ហាដែ​លជះឥ​ទ្ធព​ល់​ដល់ពលរដ្ឋខ្មែររាប់លាននាក់ និងប៉ះពាល់ដល់អ្នកជំនួញ ពាណិជ្ជករដែលវិ​និយោគនៅកម្ពុជាជាច្រើននាក់។

លោក ព្រាប កុល និយាយក្នុងកម្មវិធីសិក្ខាសាលាមួយ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ព្រាប កុល/ Preap Kol


លោក ព្រាប កុល បន្តថា៖ «យើងទាំងអស់មានសិទ្ធិ និងមានកាតព្វកិច្ចដឹងឮ ឈឺឆ្អាល និងចូលរួមស្វែ​ងរកដំ​ណោះ​ស្រាយ។ យើង​មិន​គួរ​នៅ​ស្ងៀម ហើយរង់ចាំក្លាយជាជនរងគ្រោះនោះទេ»។

​តំណាងសមាគមនៃវិស័យឯកជន ៤០ស្ថាប័ន បានចុះហត្ថលេខាលើខិតរួមគ្នាមួយកាលពីចុងខែមុនផ្ញើទៅ​សហភា​ពអឺរ៉ុប ដែល​ក្នុង​លិខិត​នោះ​បង្ហាញ​ការព្រួយបារម្ភថា ការ​ដក EBA នឹង​ធ្វើ​ឲ្យ​​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដ​​ល់​សេ​ដ្ឋកិច្ច​ក​ម្ពុជា​វិស័យ​ឯក​ជន​​​ និងកម្មករ​ជាង ៧០​ម៉ឺន​នាក់​ក្នុង​វិស័យ​កាត់ដេរ។

លិខិ​​តបញ្ជាក់ថា៖​ «​ក្នុង​​​នាម​វិស័យ​ឯកជន​ កម្មករ និង​សង្គម​ស៊ីវិល​អន្តរជាតិ យើង​​សូម​សម្តែង​ក្តី​​បារម្ភ​យ៉ាង​ខ្លាំង​ចំ​ពោះ​​ដំ​ណើរ​ការ​​ឆ្ពោះ​ទៅ​ដក EBA ​ពី​កម្ពុជា។ ការ​ដក EBA នឹង​ធ្វើ​ឲ្យ​​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា​​ ហើ​​យ​ក៏​ប​​ង្ហាញ​ពី​​ការ​មិន​ទទួល​ស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​វិស័យ​ឯក​ជន​​​នៅ​​កម្ពុជា​ផង​ដែរ​។ ការ​រៀបចំ​ដក EBA ​​នឹង​ធ្វើ​ឲ្យ​​​មាន​អន្តរាយ​ដល់​​​វឌ្ឍនភាព ​ជីវភាព​រស់​នៅ​​របស់​កម្មករ​រាប់​លាន​នាក់ និង​ក្រុម​គ្រួសារ​របស់​ពួក​​គេ ​ដែល​ពឹង​ផ្អែក​​លើ​ការងារ​​​ក្នុង​វិស័យ​កាត់ដេរ​ ហើយ​​អាច​ធ្វើ​ឲ្យ​ពួក​គេ​​ជួប​នឹង​ហានិភ័យ​ក្នុង​ការ​​ត្រឡប់​ទៅ​រក​ភាព​​ក្រីក្រ​វិញ​»​​។

​ប្រហាក់ប្រហែលគ្នានេះដែរសមាគមរោងចក្រកាត់ដេរ GMAC កាលពីសប្តាហ៍មុនបាន​ចេញសេចក្ដី​ថ្លែងការណ៍​បង្ហាញការព្រួយបារម្ភថា​ បើកម្ពុជាបាត់បង់ EBA​ ធ្វើ​ឲ្យ​វិស័យឧស្សាហកម្មកាត់ដេរ​​​ មាន​ហានិភ័យ​​សម្រាប់​ការប្រ​កួត​ប្រ​​ជែងជាមួយ​ប្រ​ទេ​ស​ក្នងតំបន់ និង​ប៉ះពាល់​ការងារ​កម្មករ​មិន​តិច​ជាង ៧០​ម៉ឺន​នាក់ ក្នុងនោះ​ ៨០​ភាគរយ​ជា​ស្ត្រីនិង​អ្នក​ពាក់​ព័ន្ធ​រាប់​លាន​នាក់​ទៀត។

គណៈកម្មការអឺរ៉ុប បង្ហាញរបាយការណ៍ថា ឆ្នាំ២០១៨នេះ កម្ពុជាបានទំនិញទៅលក់​នៅទីផ្សារអឺរ៉ុបសរុប​ជាទឹ​កប្រា​ក់​ជិត ៥​ពាន់​លាន​ដុល្លារ​ (៤.៩លានដុល្លារ) ​ភាគច្រើនជាផលិតផលវាយនភណ្ឌកាត់ដេរ។ ក្នុងនោះ ជិត​៨០០​លាន​​ដុ​​ល្លា​​រ កម្ពុជាចំណេញពីការមិនបង់ពន្ធ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment