ឆ្លើយ​តប​នឹង​តុលាការ​៖ លោក សម រង្ស៊ី ថា ​នឹង​អំពាវ​នាវ​បន្ថែម​ដល់​កង​ទ័ព​កុំ​ឱ្យ​ស្ដាប់​បញ្ជា​លោក ហ៊ុន សែន​

ដោយ វណ្ណ សុគន្ធា
20/02/2019
RFI

media
លោក ​សម​ រង្ស៊ី ​កាល​នៅ​ក្នុង​ប្រទេស​កម្ពុជា (@Sam Rainsy Facebook)​
@Sam Rainsy Facebook


អតីត​ប្រធាន​អតីត​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​អះអាង​ថា លោក​នឹង​អំពាវ​នាវ​បន្ថែម​ទៀត​ដល់​កងទ័ព​កម្ពុជា​កុំ​ឱ្យ​ស្ដាប់​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ។ ការ​អះអាង​របស់​លោក​ សម រង្ស៊ី នេះ ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​កម្ពុជា​បាន​ប្រកាស​បិទ​ការ​ស៊ើប​សួរ​ចំពោះ​បណ្តឹង​មក​លើ​រូប​លោក​ពី​បទ «​ញុះ​ញង់​កុំ​ឲ្យ​កង​ទ័ព​ស្ដាប់​បង្គាប់”។ 

តាម​រយៈ​សារ​អេឡិកត្រូ​និក(Email)មក​កាន់​វិទ្យុ​បារាំង​អន្តរជាតិ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​នឹង​ធ្វើ​ការ​អំពាវ​នាវ​បន្ថែម​ទៀត​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​កុំ​ឱ្យ​ពួក​គេ​ស្ដាប់​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន។ បើ​តាម​លោក​ សម រង្ស៊ី កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​នេះ នឹង​ទទួល​បាន​នូវ​ការ​អំពាវ​នាវ​លម្អិត និង​ទទូច​កុំ​ឱ្យ​ស្ដាប់​បទ​បញ្ជា​លោក ហ៊ុន សែន បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ​។

ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី នា​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ចំណាត់​ការ​របស់​តុលាការ​កម្ពុជា​។ តុលាការ​កម្ពុជា​ដែល​ទើប​ប្រកាស​បិទ​ការ​ស៊ើប​សួរ​សំណុំ​រឿង​ចំនួន ២ ​របស់​លោក​ សម​ រង្ស៊ី ​ដែល​ត្រូវ​បាន​ប្តឹ​ង​​ឡើងដោយ​រដ្ឋាភិបាល​កម្ពុជា គឺបណ្តឹង «​ញុះ​ញង់​កុំ​ឲ្យ​កង​ទ័ព​ស្ដាប់​បង្គាប់» ​និង​​បណ្តឹង «​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហា​ក្សត្រ»។

ចំពោះ​ចំណាត់​ការ​លើ​បណ្តឹង​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហា​ក្សត្រនេះ លោក ​សម រង្ស៊ី បាន​ឆ្លើយ​តប​ទៅ​កាន់​វិញ​ថា លោក​បាន​បន្ត​និយាយ​ថា ព្រះ​មហាក្សត្រ​កម្ពុជា ព្រះបាទ នរោត្តម សីហមុនី ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ។ លោក​ សម រង្ស៊ី ថា សម្តី​នេះ គឺ​ធ្ងន់​ធ្ងរ​ជាង​សម្តី​កាល​លោក​និយាយ​នាំ​ឱ្យ​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​លើ​រូប​លោក​ទៅ​ទៀត ប៉ុន្តែ​ហេតុអ្វី​បាន​ជា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​ផង​ទៅ​។

សូម​បញ្ជាក់​ថា សំណុំ​រឿង​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ​ដោយ​លោក​ សម រង្ស៊ី នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​យុត្តិធម៌​។ ​ក្រសួង​យុត្តិធម៌​បាន​ចេញ​អធិ​បញ្ជា​ឱ្យសា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ប្រឆាំង ​លោក សម ​រង្ស៊ី បន្ទាប់ពី​លោក​បាន​អះអាងថា ​សារ​លិខិត​របស់​ព្រះមហាក្សត្រ​ដែល​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោតនោះ ជា​លិខិត​ក្លែង​ក្លាយ ​ដែល​តាក់​តែង​ឡើងដោយ​រដ្ឋាភិបាល​កម្ពុជា​។ ​

ចំណែកបណ្តឹងពីបទ «​ញុះ​ញង់​កុំ​ឲ្យ​កង​ទ័ព​ស្ដាប់​បង្គាប់» វិញ ត្រូវបានធ្វើឡើង ក្រោយពីលោក ​សម រង្ស៊ី​ កាល​ពីចុងឆ្នាំ ២០១៧ បាន​អំពាវ​នាវ​តាម​ហ្វេសប៊ុក​របស់​លោក​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​កុំ​ស្ដាប់​បង្គាប់ឬ​ធ្វើ​​តាម​បញ្ជា​របស់​មេ​ដឹកនាំ​ឱ្យបាញ់​ប្រហារ​ពលរដ្ឋ​ស្លូត​ត្រង់នៅពេល​មានការតវ៉ា។ ការអំពាវនាវនាពេលនោះ ក៏ត្រូវបានមន្រ្តីគ្រាក់ៗក្នុងជួរកងទ័ពចេញមកធ្វើការថ្កោលទោសជាបន្តបន្ទាប់ផងដែរ៕

What Next?

Recent Articles

Leave a Reply

Submit Comment