បទយកការណ៍៖ កម្មករបារម្ភ​អត់​ប្រាក់សងធនាគារ បើសិនគ្មានការងាររោងចក្រ​ធ្វើ​


|
https://www.vodhotnews.com

កម្មការិនី លន់ សំអាត ដែលបម្រើការងារផ្នែកដេរខោខូវប៊យ នៅរោងចក្រ យី ដា មេនូហ្វេកឆឺរើ ខូ អិលធីឌី នៅម្ដុំភូមិឫស្សី ស្រុកឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ផ្ដល់បទសម្ភាសន៍ដល់ក្រុមការងារ វីអូឌី។ រូបភាព៖ ជន ចាន់រ៉ែន

កម្មការិនីម្នាក់ដែលបម្រើការងារផ្នែកដេរខោខូវប៊យ នៅរោងចក្រ យី ដា មេនូហ្វេកឆឺរើ ខូ អិលធីឌី នៅម្ដុំភូមិឫស្សី ស្រុកឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរៀបរាប់ថា គាត់ធ្វើការរោងចក្រកាត់ដេរ​ជាមួយកូនស្រីរយៈជាង ២ ឆ្នាំ មក​ហើយ។ 

កំពុង​មើលជាងធ្វើ​ផ្ទះរបស់​ខ្លួន កម្មការិនី​រូបនេះ ឲ្យ​ដឹង​ថា ទាំងពីរនាក់ម្ដាយ​កូនទទួលបានប្រាក់ជាង ៥០០ ដុល្លារ ក្នុងមួយខែ។ កម្មការីនីរូបនេះមានឈ្មោះ​ថា​ លន់ សំអាត អាយុ មានវ័យ ៣៩ ឆ្នាំ។​ អ្នកស្រី លន់ សំអាត ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ វី.អូ.ឌី ថា ប្រាក់ខែរបស់​គាត់​និងកូនស្រី ត្រូវបែងចែក​ជាពីរ​ចំណែកគឺមួយសម្រាប់ចាយវាយប្រចាំថ្ងៃ និង​សម្រាប់សងធនាគារ។

 អ្នកស្រីថា៖ «ខ្ញុំត្រូវការយកលុយហ្នឹងងមកដោះស្រាយជីវភាព ដូចថា ហូបចុកខ្លះ កូនទៅរៀនសូត្រខ្លះ ហើយក៏បង់អង្គការខ្លះទៅ បាន២នាក់ម៉ែកូនដែរ។ ខ្ញុំបានខ្ចីលុយអង្គការ ១១ ០០០ ដុល្លារ ហើយខ្ញុំបង់រាល់ខែ ក្នុងមួយខែ ២៣០ ដុល្លារ [រយៈពេល៦ ឆ្នាំ] ខ្ញុំយកមកធ្វើផ្ទះ ម៉ៅឲ្យជាងធ្វើ ទាំងអស់ ៩៥០០ ដុល្លារ ហើយសល់ប៉ុន្មានខ្ញុំទិញសម្ភារដាក់ផ្ទះ ចាក់សាប និងទិញម៉ូតូបានមួយគ្រឿងដែរ»។

អ្នកស្រី សំអាត រៀបរាប់ថា បច្ចុប្បន្ននេះ គ្រួសាររបស់គាត់គឺពឹងផ្អែកលើការងាររោងចក្រទាំងស្រុង  ប៉ុន្តែ ថ្មីៗអ្នកស្រីបានមើលព័ត៌មាននៅតាមបណ្ដាញសង្គម និងប្រព័ន្ធផ្សាយផ្សាយមួយចំនួននិយាយពីការសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ជុំវិញព័ត៌មាននៃការ​ចាប់ផ្តើម​នីតិវិធីនៃការព្យួរ EBA នេះ អ្នកស្រីថា ពួកគាត់ជាកម្មករព្រួយបារម្ភខ្លាចរោងចក្រមួយចំនួនចាកចេញ ហើយបណ្ដាលឲ្យអ្នកស្រី​បាត់បង់ការងារ។

អ្នកស្រី បន្ត​ថា៖ «បើគេបិទមែន គឺអត់មានការងារអីធ្វើទេ គឺចប់តែម្ដង អត់ដឹងទៅរកធ្វើអីទៀតទេ  ហើយណាមួយដឹងស្រាប់ហើយ ចំណេះយើងប៉ុណ្ណឹងៗ ទៅរកការងារអីផ្សេងទៀត គឺវាអត់មានទេ ហើយកន្លែងណាក៏គេមិនទទួលដែរ»។

អ្នកស្រី សំអាត រៀបរាប់ថា កាលពីមុនគាត់អាចទៅស៊ីឈ្នួល​ច្រូតស្រូវ និងដាំបន្លែឲ្យអ្នកជិតខាងបាន។ អ្នកស្រី បន្តថា បច្ចុប្បន្ននេះ អ្នកភូមិលក់ដីឲ្យក្រុមហ៊ុនអស់ ប្រសិនបើគ្មានរោងចក្រ គាត់មិនដឹងទៅការងារអ្វីនោះទេ។

ស្ត្រីរូបនេះ និយាយថា បើគាត់និងកូនមិនមានការងារធ្វើអ្នកស្រីថា គ្រួសាររបស់គាត់នឹងជួបការលំបាកខ្លាំង ដោយគ្មានប្រាក់សម្រាប់បង់ធនាគារនិងប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃអ្នកស្រីចំណាយយ៉ាងតិច៤ ម៉ឺន ទៅ ៥ ម៉ឺនរៀល។

អ្នកស្រី៖ «កូនខ្ញុំ! អ្នកក្រអញ្ចឹងរៀនបានថ្នាក់តូចទាប អត់មានការងារអីធ្វើក្រៅពីរោងចក្រទេ គឺការងាររោងចក្រ គឺគិតទៅវាល្អសម្រាប់គ្រួសារដែលចេះដឹងតិចតួច ដូចថា ចេះអក្សរតិចអញ្ចឹង។ វិស័យកាត់ដេរ គឺគាត់ទទួលយកកម្មកររបៀបដូចពួកខ្ញុំអញ្ចឹង បើសិនជាបាត់បង់ពួកខ្ញុំសោកស្ដាយណាស់ ​ព្រោះអីអត់ចង់ឲ្យវាបាត់បង់ទេ ព្រោះវិស័យកាត់ដេរមួយនេះ ដូចជាឆ្នាំងបាយសម្រាប់ប្រជាជន ដែលអត់មាន ដូចខ្ញុំអញ្ចឹង! អត់មានស្រែ ដីធ្វើ ហើយកូនច្រើនអញ្ចឹង ហើយពឹងប្ដី ការងារប្ដីខ្ញុំអត់ច្បាស់លាស់ទេ បានមួយថ្ងៃ អត់មួយថ្ងៃ អញ្ចឹងរាល់ថ្ងៃពឹងវិស័យកាត់ដេរខ្លាំងតែម្ដង»។

កម្មករបម្រើការងារផ្នែកដេរខោនៅរោងចក្រ យី ដា ម្នាក់អ្នកស្រី ឈួន ស្រីពៅ ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង បានឆ្លៀតនិយាយមកកាន់អ្នកសារព័ត៌មាន អំឡុងពេលសម្រាកបាយថ្ងៃត្រង់ ថា អ្នកស្រីធ្វើការងារនេះ ទទួលបានប្រាក់ ២០០ ទៅ ៣០០ ដុល្លារ ក្នុងមួយខែ។ មិនខុសគ្នាពីអ្នកស្រី​ លន់ សំអាត អ្នកស្រី ឈួន ស្រីពៅ ក៏ត្រូវចាត់​ចែងប្រាក់់ខែរបស់ខ្លួនជាពីរចំណែក​ដែរ​ ដោយ ទុកចាយវាយប្រចាំថ្ងៃខ្លះ​ ហើយ​មួយចំនួន​ទៀតត្រូវ​​ផ្ញើរទៅផ្ទះ ដើម្បីឲ្យ​ម្ដាយបង់ធនាគារ។

អ្នកស្រីថា៖ «ចង់តើ! ខ្ញុំជំពាក់លុយទេ មកធ្វើការ ខ្ញុំបង់ឲ្យគេ ក្នុងមួយខែជាង ១០០ ដុល្លារ  [ខ្ចី]យូរហើយ ដូចថា អស់មួយវគ្គយកមួយវគ្គទៀត យកមកដោះស្រាយជិវភាព សងគេ។ បើគេបិទ [រោងចក្រ] អត់មានលុយបង់គេ»។

អ្នកស្រី ឲ្យដឹងទៀត​ថា គាត់មិនចង់ធ្វើ​ចំណាកស្រុកទៅរកការងារធ្វើនៅក្រៅ​ប្រទេសនោះទេ អ្នកស្រីលើកឡើងពីបញ្ហា​ប្រឈម និងហានិភ័យដែល​កើត​ចេញ​ពីការធ្វើ​ចំណាក​ស្រុក។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស មានប្រសាសន៍ថា ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះចេញមែន នោះនឹងជះឥទ្ធិពលអវិជ្ជមានផ្ទាល់ដល់ការងារ និងជីវភាពរបស់កម្មករជាង៨០ម៉ឺននាក់ ក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ​។

លោកថា៖ «បើសិនគេយករោងចក្រទៅប្រទេសផ្សេងៗ កម្មករជាង ៨០ ម៉ឺននាក់ អាចប្រឈមនឹងការបាត់បង់ការងារ ហើយបើប្រឈមនឹងបាត់បង់ការងារ ដូចកម្មករលោកបានលើកឡើងអញ្ចឹង ភាគច្រើនគាត់ជំពាក់បំណុលគេ ធនាគារ ឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អញ្ចឹង កាលណាគាត់អត់អាចបង់បំណុលហ្នឹងបាន វាធ្វើឲ្យមានបញ្ហាវិស័យហិរញវត្ថុដែរ។ បើកាលណាប៉ះវិស័យធនាគារ វាប៉ះទាំងអស់ សេដ្ឋកិច្ចទាំងមូលអញ្ចឹង គឺទំហំប៉ះពាល់វាធំ គ្រាន់តែធំប៉ុណ្ណា! ខ្ញុំមិនទាន់ហ៊ានថា ទំហំកម្រិតនេះ កម្រិចនោះទេ ។ ប៉ុណ្ណថា វាអាចមានផលប៉ះពាល់ធ្ងន់ បើសិនសហភាពអឺរ៉ុបដក EBA នឹងមែនហើយឈានទៅដល់អាមេរិកគេចាប់ផ្ដើមពិចារណាប្រព័ន្ធ GSP ទៀត អាហ្នឹងគឺយើងអាចមានវិបត្តិធ្ងន់»។

លោកស្នើទៅរដ្ឋាភិបាលកម្ពុជា គួរពិចារណាចំពោះសំណើររបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយស្តារប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ឲ្យនៅដដែល។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ ។ យ៉ាងណាក៏ដោយ ឆ្លើយតបនឹងការវិធានការរបស់សហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លោក ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា បើទោះបីកម្ពុជាគ្មានប្រព័ន្ធអនុ​គ្រោះ​ពន្ធ «អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» (EBA) ​​របស់សហភាពអឺរ៉ុប​ក៏​ដោយ ក៏​លោកថា កម្ពុ​ជា​មិ​នស្លាប់ដែរ។

លោក ហ៊ុន សែន ថ្លែងទៀតថា យន្តការកំណែទម្រង់នេះកម្ពុជាអាចដើរទៅមុខបាន​ដោយខ្លួនឯងបើទោះបី​ជាក​ម្ពុ​ជា​ត្រូវ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​នេះក៏ដោយ។​

មេដឹ​កនាំរូបនេះ អំពាវទៅកម្មករប្រជាពលរដ្ឋ មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធ និងមន្ត្រីចូលនិវត្តន៍ កុំព្រួ​យបា​​រម្ភថាការ​បាត់បង់​ប្រព័ន្អ​អនុគ្រោះ​ពន្ធ​ EBA នេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជានោះ។

លោ​ក ហ៊ុន សែន ថ្លែង​ថា៖ «ខ្ញុំបញ្ជាក់ប្រាប់អ្នកឯងឲ្យបានច្បាស់ថា ពេលនេះម៉ោងនេះ​ បើទោះបីគ្មានចំណូលបន្ថែម រដ្ឋាភិបាល ហ៊ុន សែន មានសមត្ថភាពបើកប្រាក់ខែ​ជូន​មនុស្សទាំងអស់រយៈពេល ១២ខែ ដោយមិនចាំបាច់មានចំណូលថ្មី»។

ប៉ុន្តែ តំណាង​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា GMAC បាន​លើក​ឡើង​ដោយ​ត្រង់ៗ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ឆ្លើយ​តប​ទៅ​នឹង​សហភាព​អឺរ៉ុប​កាលពី​​ថ្ងៃ​ចន្ទ​សប្តាហ៍មុន​​​ថា ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អឺរ៉ុប​ នឹង​ប៉ះ​ពាល់​ទៅ​​លើ​ឧស្សាហកម្ម​កាត់ដេរ​ និង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​​កម្ពុជា។ GMAC បាន​លើក​ឡើង​បែប​នេះ ដោយ​ឈរ​លើ​ហេតុ​ផល​ថា សេចក្ដី​សម្រេច​ចិត្ត​នោះ ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​​សមត្ថភាព​ប្រកួត​ប្រជែង​នៃ​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង។

ក្រុម​តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ​មួយ​នេះ បាន​ជំរុញ​ទៅ​សហគមន៍​អឺរ៉ុបឲ្យ​ពិចារណា​លើ​ផល​ប៉ះ​ពាល់​សង្គមនិង​សេដ្ឋកិច្ច​នៃ​កម្មករ​កម្ពុជាប្រសិន​បើ​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ។ GMAC បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ផលិត​ផល​កាត់​ដេរ​កម្ពុជាមាន​តម្លៃ​ដល់​ទៅ ៣.៧៦​ពាន់​លានអឺរ៉ូត្រូវ​បាន​នាំ​ចូល​ទីផ្សារ​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក ហើយ​ថា ឧស្សាហកម្ម​មួយ​នេះ​បាន​ផ្ដល់​ការងារ​ដល់​កម្មករ​មិន​តិច​ជាង ៧០​ម៉ឺន​នាក់​នោះ​ទេ ដែល​ចំនួន​ដល់​ទៅ ៨០​ភាគរយគឺ​ជា​ស្ត្រី។

បើតាមតួលេខ​សហគមន៍​អឺរ៉ុប​ឲ្យ​ដឹង​ថា កម្ពុជា​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ ៤.៩​ពាន់​លាន​ដុល្លារ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក ក្នុង​នោះ​ ៩៩​ភាគរយ​នៃ​ទំនិញ​កម្ពុជាគឺ​ជា​ផលិត​ផល​កាត់​ដេរ បន្លែម្ហូប​អាហារ និង​ទោ​ចក្រយាន​ ឬ​កង់ ដែល​មានត្រូវ​បាន​នាំ​ចូល​រួច​កាតព្វកិច្ច​បង់​ពន្ធ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​មាន​តម្លៃ​ដល់​ទៅ ៤.៨​ពាន់​លាន​ដុល្លារ៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles