ព័ត៌មាន​ប្រៀប​បាន​ជា​ដង្ហើម​របស់​មនុស្ស៖ ការ​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «សិទ្ធិ​ទទួល​ព័ត៌មាន»​

ដោយ ជី វិតា
2019-02-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ស្តាំ) ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា លោក ជាម យៀប  នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១៣។ RFA/Ouk Savborey
(ពី​ស្តាំ) ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា លោក ជាម យៀប នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១៣។ RFA/Ouk Savborey


សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ជា​សិទ្ធិ​ដ៏​សំខាន់​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធានា​ដោយ​ច្បាប់​កម្ពុជា។ ការ​អភិវឌ្ឍន៍​ជាតិ​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​តម្លាភាព ប្រកប​ដោយ​យុត្តិធម៌​បាន​ឡើយ ប្រសិន​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ ដែល​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ស្ថាប័ន​រដ្ឋ។

ក្រសួងព័ត៌មាន​បាន​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «សិទ្ធិ​ទទួល​ព័ត៌មាន»​ កាល​ពី​ពេល​ថ្មីៗ នេះ បន្ទាប់​ពី​បាន​ចំណាយ​ពេល​អស់​ជាង ៣ឆ្នាំ​ ដែល​មាន​ការ​ចូលរួម​ពី​តំណាង​សង្គម​ស៊ីវិល។ មន្ត្រី​សង្គម​ស៊ីវិល ដែល​ចូលរួម​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ ថ្លែង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​អាច​ទទួល​យក​បាន នៅ​ខណៈ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ មិន​ទាន់​ហ៊ាន​វាយ​តម្លៃ ដោយ​ត្រូវ​ការ​ពេល​វេលា ដើម្បី​សិក្សា​អំពី​ខ្លឹមសារ​ស៊ី​ជម្រៅ​ជា​មុន​សិន។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​បាន​ចូលរួម​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «សិទ្ធិ​ទទួល​ព័ត៌មាន» ឲ្យ​ដឹង​ថា ប្រសិន​បើ​ខ្លឹមសារ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ពុំ​ត្រូវ​បាន​កែប្រែ​ដោយ​ស្ថាប័ន​បន្ទាប់ៗ ទេ​នោះ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «សិទ្ធិ​ទទួល​ព័ត៌មាន» មួយ​នេះ ពិត​ជា​អាច​ទទួល​យក​បាន​សម្រាប់​លោក។ លោក ណុប វី បញ្ជាក់​ថា​ សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​គុណភាព​សម​ល្មម​អាច​យក​ជា​ការ​បាន៖ «ព្រោះ​បើ​យើង​ត្រូវ​និយាយ​ថា យើង​ត្រូវ​ចាប់​ផ្ដើម​ជាមួយ​នឹង​ភាព​ល្អ​ឥត​ខ្ចោះ តាំង​ពី​ចំណុច​នៃ​ការ​ព្រាង​ដំបូង​ទៅ ខ្ញុំ​គិត​ថា​ប្រហែល​ជា​យើង​មានការ​ពិបាក ហើយ​មាន​ការ​ចំណាយ​ពេលវេលា​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​ចំណាយ​រួច​ទៅ​ហើយ»។

ចំណុច​សំខាន់ៗ ដែល​មាន​ភាព​ចម្រូងចម្រាស​ក្នុង​ពេល​ពិភាក្សា​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើង រួម​មាន អ្វី​ទៅ​ដែល​ហៅ​ថា ព័ត៌មាន​សម្ងាត់ ព័ត៌មាន​មាន​ផល​ប្រយោជន៍​ដល់​សាធារណៈ និង​អ្វី​ទៅ​ដែល​ហៅថា ព័ត៌មាន​ដែល​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខជាតិ និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ ដែល​ស្ថាប័ន​រដ្ឋ​មិន​អាច​ផ្ដល់​ឲ្យ​អ្នក​ស្នើសុំ​នោះ។

ទោះ​ជា​យ៉ាង​ណា ចំពោះ​និយមន័យ​នៃ​ព័ត៌មាន​សម្ងាត់​ដែល​ជា​ចំណុច​ដ៏​រសើប​នោះ លោក ណុប វី ឲ្យ​ដឹង​ថា ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​នេះ មាន​ភាព​ច្បាស់​លាស់​ជាង​ពេល​មុនៗ៖ «ទោះ​បី​យើង​មិន​បាន​គិត​ថា ឲ្យ​ច្បាស់លាស់ ១០០​ភាគ​រយ​ក្ដី ក៏​ប៉ុន្តែ​យើង​គិត​ថា​ ខ្លឹមសារ​នេះ​ច្បាស់លាស់​ជាង​មុន​អាច​ទទួល​យក​បាន។ ទទួល​យក​បាន​យ៉ាង​ម៉េច ដោយសារ​តែ​ដូច​ជា​​ឧទាហរណ៍​ថា ព័ត៌មាន​ដែល​ទាក់ទង​សន្តិសុខ​ជាតិ​អ៊ីចឹង យើង​ភាគី​អង្គការ​សង្គម​ស៊ីវិល​​យើង​បាន​ទៅ​ពី​ខាង​ក្រសួង បញ្ជាក់​ថា តើ​ព័ត៌មាន​របៀប​ម៉េច ព័ត៌មាន​របៀប​ណា​ខ្លះ ទាក់ទង​ជាមួយ​សន្តិសុខ​ជាតិ ព័ត៌មាន​របៀប​ណា ព័ត៌មាន​ណា​ខ្លះ​ទាក់ទង​ជាមួយ​ឯកជនភាព​របស់​បុគ្គល ដែល​គេ​ថា ប្រៃវេស៊ី (Privacy) ហ្នឹងហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​យើង​បាន​ជជែក​ព្រមព្រៀង​គ្នា​ជាមួយ​ក្រុម​ការងារ​បច្ចេកទេស​ហ្នឹង កំណត់​រយៈ​ពេល​ច្បាស់លាស់​ទៅ​ទៀត។ រយៈ​ច្បាស់លាស់​ថា តើ​ព័ត៌មាន​មួយ​ដែល​ត្រូវ​បាន​ចាត់​បញ្ចូល​ថា​ជា​ព័ត៌មាន​សម្ងាត់​ហ្នឹង តើវា​មាន​ភាព​សម្ងាត់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ?»។

បើ​ទោះ​ជា​សេចក្ដី​ព្រាង​ច្បាប់​នេះ កំណត់​ថា ស្ថាប័ន​សាធារណៈ​មិន​អាច​ផ្ដល់​ព័ត៌មាន​សម្ងាត់ ដូច​ដែល​មាន​ចែង​ក្នុង​មាត្រា ២០ ក្តី ក៏​អ្នក​ស្នើ​សុំ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សម្ងាត់​នោះ​ដែរ ប្រសិន​បើ​ផល​ប្រយោជន៍​សាធារណៈ​មាន​ឧត្ដមភាព​ធំ​ជាង​ការ​សម្ងាត់​នៃ​ព័ត៌មាន​នោះ។

លោក ណុប វី ថា ក្នុង​ករណី​នេះ​ស្ថាប័ន​សាធារណៈ ដែល​មាន​ព័ត៌មាន​សម្ងាត់​នោះ ត្រូវ​ផ្ដល់​ឲ្យ​អ្នក​ស្នើសុំ៖ «ព័ត៌មាន​សម្ងាត់ ហើយ​និង​ព័ត៌មាន​ដែល​មាន​ផល​ប្រយោជន៍​សាធារណៈ​ធំជាង។ នៅ​ក្នុង​ករណី​ដែល​ព័ត៌មាន​ហ្នឹង​វា​បញ្ចូល​ជា​ប្រភេទ​ព័ត៌មាន​សម្ងាត់ ក៏​ប៉ុន្តែ​ប្រសិន​បើ​ព័ត៌មាន​​ហ្នឹង​រក​ឃើញ​ថា ​វា​មាន​ផល​ប្រយោជន៍​សាធារណៈ វា​ទាក់ទង​ដល់​ ឧទាហរណ៍​ថា អាយុ​ជីវិត​ប្រជាពលរដ្ឋ អ៊ីចឹង​នៅ​ក្នុង​ករណី​នេះ ក៏​គេ​សម្រេច​ឲ្យ​មាន​ការ​ផ្ដល់​ឲ្យ​ព័ត៌មាន​ហ្នឹង​ដែរ។ អ៊ីចឹង​នេះ​ជា​ចំណុច​មួយ គឺ​រយៈ​ពេល​ជជែក​គ្នា​ក្រោយ​ហ្នឹង គឺ​មាន​ភាព​ប្រទាំងប្រទើស​គ្នា​ដែរ ហើយ​ទោះ​ជា​យ៉ាង​ណា ក្រសួង​ព័ត៌មាន​គាត់​បាន​ទទួល​យក​នូវ​សំណើ​ពី​ភាគី​អង្គការ​សង្គម​ស៊ីវិល»។

មាត្រា៧ វាយក្យខណ្ឌទី២នៃសេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិ​ទទួល​ព័ត៌មាន» ចែងថា ៖ ក្នុង​ករណី​ផល​ប្រយោជន៍​សាធារណៈ​ធំ​ជាង​ការ​រក្សា​ទុក​ព័ត៌មាន​សម្ងាត់ ដូច​មាន​ ចែង​ក្នុង​បទបញ្ញត្តិ​ហាម​ឃាត់ ព័ត៌មាន​សម្ងាត់​នោះ​ត្រូវ​តែ​ផ្ដល់​ជូន​សាធារណជន​ប្រើប្រាស់​តាម​ការ​ស្នើសុំ»

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «សិទ្ធិ​ទទួល​ព័ត៌មាន»​ នេះ ក៏​ចែង​អំពី​យន្តការ​ប្ដឹង​តវ៉ា​របស់​អ្នក​ស្នើសុំ​ព័ត៌មាន​ដែរ ប្រសិន​ស្ថាប័ន​សាធារណៈ​ណា​មួយ​បដិសេធ​ការ​ស្នើសុំ៖ «» សម្លេង៤៖

យោង​តាម​និយមន័យ​ដែល​កំណត់​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «សិទ្ធិ​ទទួល​ព័ត៌មាន»​ ពាក្យ​ថា «ស្ថាប័ន​សាធារណៈ» គឺ​សំដៅ​ដល់​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ ឬ​អង្គភាព​ដទៃ​ទៀត ដែល​អនុវត្ត​នូវ​មុខងារ​សាធារណៈ រួម​ទាំង​រដ្ឋបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដែល​បង្កើត​ឡើង​ដោយ​បទ​បញ្ញត្តិ​ច្បាប់ និង ឬ​លិខិត​បទដ្ឋាន​គតិយុត្តិ​ដទៃ​ទៀត។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី បញ្ជាក់​ថា ព័ត៌មាន​មាន​សារ​សំខាន់​ខ្លាំង​ណាស់ ពីព្រោះ​ព័ត៌មាន​ហាក់​ដូច​ជា​ដង្ហើម​របស់​មនុស្ស ដែល​នៅ​ពេល​មិន​មាន​ព័ត៌មាន​មនុស្ស​អាច​មាន​គ្រោះថ្នាក់ ហើយ​ព័ត៌មាន​ពិត​ត្រឹមត្រូវ គឺ​មាន​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ៖ «»សម្លេង៥៖

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «សិទ្ធិ​ទទួល​ព័ត៌មាន» ដែល​មាន ៩ជំពូក​ ចែក​ចេញ​ជា ៣៨មាត្រា​នេះ ដឹកនាំ​រៀបចំ​តាក់តែង​ដោយ​ក្រសួង​ព័ត៌មាន ដែល​មាន​ការ​ចូលរួម​ពី​តំណាង​សង្គម​ស៊ីវិល អង្គការ​យូណេស្កូ ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​ក្លឹប​អ្នក​កាសែត​កម្ពុជា ដែល​បាន​ចំណាយ​រយៈ​ពេល​ជាង ៣ឆ្នាំ ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​របស់​អង្គការ​យូណេស្កូ។

លោក ណុប វី ដែល​បាន​ចូលរួម​ផ្ទាល់​ក្នុង​ក្រុម​ការងារ​បច្ចេកទេស ចង់​ឃើញ​យន្តការ​តាក់តែង​ច្បាប់​ដែល​មាន​សង្គម​ស៊ីវិល​ចូលរួម​បែប​នេះ​នៅ​ថ្ងៃ​ខាង​មុខ៖ «» សម្លេង៦៖

ទោះ​ជា​យ៉ាង​ណា ​លោក ណុប វី សំដែង​ក្ដី​បារម្ភ​ថា ខ្លាច​ក្រែង​សេចក្ដីព្រាង​ច្បាប់​នេះ​ត្រូវ​បាន​កែប្រែ​ខ្លឹម​សារ​ដើម​របស់​វា នៅ​ពេល​បញ្ជូន​ទៅ​ដល់​អន្តរ​ក្រសួង រដ្ឋសភា និង​ព្រឹទ្ធសភា ធ្វើ​ឲ្យ​បាន​បង់​គុណភាព ដែល​អាច​ទទួល​យក​បាន​នៅ​ពេល​នេះ៖ «» សម្លេង៧៖

អាស៊ី​សេរី​បាន​ផ្ញើ​សំណួរ​ទៅ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា (OHCHR) ដើម្បី​សុំ​ការ​យល់​ឃើញ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «សិទ្ធិ​ទទួល​ព័ត៌មាន» នេះ។ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង និង​ព័ត៌មាន លោក ម៉ាមូត ហ្កាកា (Mahmoud GARGA ) មិន​បាន​ឆ្លើយ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ល្អ ឬ​អាក្រក់​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​សារ​អេឡិចត្រូនិក​ផ្ញើ​មក​កាន់​អាស៊ី​សេរី លោក​ថ្លែង​ថា៖ «ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​ចូលរួម​ក្នុង​ដំណើរការ​រៀបចំ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ ដែល​ជា​ដំណើរ​ការងារ​មួយ​ប្រកប​ដោយ​តម្លាភាព និង​ការ​ចូលរួម ហើយ​អនុសាសន៍​ជា​ច្រើន​ចំណុច​របស់​ការិយាល័យ​យើង​ត្រូវ​ទទួល​យក​ដាក់​បញ្ចូល​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​មួយ​នេះ»

អាស៊ី​សេរី​ក៏​បាន​ផ្ញើ​សំនួរ​សុំ​ការ​វាយ​តម្លៃ​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែនរ៉ៃវ៉ច្ឆ ប៉ុន្តែ​នាយក​ប្រតិបត្តិ​ទទួល​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​នេះ គឺ​លោក Brad Adams ដែល​ជា​មេធាវី​ផង​នោះ ឆ្លើយ​តប​ថា លោក​មិន​ទាន់​អាច​វាយ​តម្លៃ​សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​ស្ដីពី «សិទ្ធិ​ទទួល​ព័ត៌មាន» នេះ​នៅ​ឡើយ​ទេ ដោយ​លោក​ត្រូវ​ការ​ពេល ដើម្បី​សិក្សា​មើល​សិន។

សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សិទ្ធិ​ដ៏​សំខាន់​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment