អ្នកវិភាគ​ថា ប្រទេស​កម្ពុជា​មិន​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ពាក់ព័ន្ធ​នឹង​ករណី​ឃុំខ្លួន​លោក កឹម សុខា

ដោយ ហេង រស្មី
2019-02-20
RFA

លោក គឹម សុខ អ្នកវិភាគនយោបាយ។ រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ
លោក គឹម សុខ អ្នកវិភាគនយោបាយ។ រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ


អ្នកវិភាគ​នយោបាយ​សំដែង​ការ​សោកស្ដាយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា មិនបាន​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ទាក់ទិន​នឹង​ករណី​ឃុំខ្លួន​លោក កឹម សុខា។ ការ​លើកឡើង​នេះ ដោយសារ​តែ​អាមេរិក​និង​កម្ពុជា​បាន​ឆ្លើយតប​គ្នា​ក្នុង​សង្គ្រាម​ពាក្យ​សំដី​តាមរយៈ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ចុង​សប្ដាហ៍​នេះ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ បាន​រិះគន់​ទៅលើ​របប​ក្រុងភ្នំពេញ​ថា មិន​យល់​គោលការណ៍​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃុំខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ​អស់​រយៈពេល​ជាង​៥០០​ថ្ងៃ​មក​ហើយ។

ការ​លើកឡើង​របស់​លោក គឹម សុខ បាន​កើតមានឡើង​ក្រោយពី​មានការ​ខ្វែងគំនិត​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ក្រសួងយុត្តិធម៌ និង​ក្រសួងការបរទេស​របស់​កម្ពុជា​ទាក់ទិន​នឹង​ករណី​ឃុំខ្លួន​លោក កឹម សុខា។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​ថា មាន​ហេតុផល​ពីរ​យ៉ាង ដែល​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​លូកដៃ​អន្តរាគមន៍​ក្នុង​រឿង​រក​យុត្តិធម៌​ដល់​លោក កឹម សុខា​។ ទី​មួយ មកពី​អាមេរិក​ជា​ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ទី​ពីរ គឺ​មកពី​កម្ពុជា​ខ្លួនឯង​ដែល​ជា​អ្នក​ទាញ​ភ្ជាប់​ករណី​លោក កឹម សុខា ទៅ​នឹង​សហរដ្ឋអាមេរិក។

នេះ​ជា​លើក​ទី​១​ហើយ​ដែល​សហរដ្ឋអាមេរិក​ចេញ​សេចក្តី​ប្រកាស​រិះគន់​ខ្លាំងៗ​បែបនេះ បន្ទាប់ពី​របប​ក្រុងភ្នំពេញ ចាប់​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​រហូតដល់​សហរដ្ឋ​អាមេរិក ប្រើ​ភាសា​ចំៗ ឆ្លើយតប​ទៅ​នឹង​របប​ក្រុងភ្នំពេញ។

លោក គឹម សុខ បាន​បញ្ជាក់​ថា អ្វី​ដែល​ជា​ប្រតិកម្ម​ពី​សហរដ្ឋអាមេរិក​មិនមែន​ជា​ការ​ជ្រៀតជ្រែក​អធិបតេយ្យភាព​កម្ពុជា​ទេ ប៉ុន្តែ​ជា​គោលការណ៍​សកល​ដែល​ប្រទេស​កម្ពុជា​ត្រូវ​គោរព​តាម​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ហើយ​សហរដ្ឋអាមេរិក​ជា សាក្សី​មួយ​ដ៏​មាន​ឥទ្ធិពល​នឹង​មាន​មុខមាត់​ជា អន្តរជាតិ​ក្នុង​ការ​ធានា​ឱ្យ​ប្រទេស​កម្ពុជា​វិល​ទៅ​រក​ដំណើរការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស៖ «​ប្រតិកម្ម​របស់​ក្រសួងយុត្តិធម៌​ក្នុង​ការ​បញ្ច្រាស​ទាំង​ទទឹងទិស​ចំពោះ​ស្ថានទូត​សហរដ្ឋអាមេរិក​នោះ​គឺជា​ការ​មិន​ឱ្យ​តម្លៃ​ខ្លួនឯង មិន​គោរព​រដ្ឋធម្មនុញ្ញ​ខ្លួនឯង​ផង​នឹង​មិន​គោរព​គោលការណ៍​អន្តរជាតិ​ផង ហើយ​មិន​យល់​គោល​ការ​សកល​ដែល​ត្រូវ​ប្រតិបត្តិ​គឺ​ការ​គោរព​សិទ្ធិមនុស្ស​ផង​។​ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​គិត​ឡើងវិញ​អំពី​ចំណុច​ហ្នឹង»

ទោះ​បី​យ៉ាង​ណា​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​មិន​យល់ស្រប​នឹង​សហរដ្ឋអាមេរិក​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី​តាម​បណ្តាញ​សង្គម​តេឡេក្រាម​ថា​អ្វី​ដែល​សហរដ្ឋអាមេរិក​លើកឡើង​គឺជា​ការ​បិទបាំង​នូវ​កំហុស​របស់​ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក កឹម សុខា និង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ៖ «ការ​លើកឡើង​របស់​សហរដ្ឋ​អាមេរិក​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ​ទៅតាម​ទិដ្ឋភាព​ច្បាប់​និង​នីតិវិធី​តុលាការ​ដែល​មាន​ជា​ធរមាននៅ​កម្ពុជា​ដូចជា​គាត់​សន្និដ្ឋាន​ថា លោក កឹម សុខា ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួនរ​យៈ​ពេល​១៨​ខែ​លើស​នីតិវិធី​ហើយ​។​នេះ​ខុស​ទាំងស្រុង​តែម្ដង​គាត់​មិនបាន​យល់​ពី​ទិដ្ឋភាព​ច្បាប់​កម្ពុជា​ទាល់តែសោះ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​បែបនេះ»

ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​ចោទ​ប្រកាន់​ថា ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ការ​បំភ័ន្ត​ការ​យល់ដឹង​របស់​សាធារណមតិ​ចំពោះ​សំណុំរឿង​ព្រហ្មទណ្ឌ​របស់ លោក កឹម សុខា។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួងយុត្តិធម៌ បាន​ខិតខំ​លើក​យក​អង្គហេតុ និង​អង្គច្បាប់ និង​នីតិវិធី​ឃុំខ្លួន​បណ្ដោះអាសន្ន​លោក កឹម សុខា ដែល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧។

លោក គឹម សុខ បញ្ជាក់​ថា អ្វី​ដែល​ជា​ការ​ឆ្លើយតប​របស់​ក្រសួងយុត្តិធម៌​គឺ​ចង់​បិទបាំង​ការពិត​របស់​ខ្លួន​ដោយសារតែ​បាន​ឃុំខ្លួន​លោក កឹម សុខា លើស​កាលកំណត់។

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច ក្រោម​ការ​បញ្ជា​ពី​របប​ឯក​បក្ស លោក ហ៊ុន សែន បាន​ចូល​ទៅ​ចាប់ខ្លួន​ទាំង​កម្រោល​នៅ​គេហដ្ឋាន​របស់​លោក​ទាំង​កណ្ដាល​អធ្រាត្រ កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧​។ សមត្ថកិច្ច​បាន​យក​លោក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ខេត្ត​កំពង់ចាម ក្បែរ​ព្រំដែន​វៀតណាម តាំងពី​ពេលនោះ​មក រហូតដល់​ខែ​តុលា ឆ្នាំ​២០១៨ ទើប​បញ្ជូន​លោក មក​ឃុំខ្លួន​ក្នុង​ផ្ទះ នៅ​ឯ​ទីក្រុង​ភ្នំពេញ​វិញ។

ការ​ឃុំខ្លួន​លោក កឹម សុខា និង​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន ក្នុង​ការ​កម្ទេច​សំឡេង​ប្រឆាំង​នេះ រង​ការរិះគន់ ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ។

សហភាព​អឺរ៉ុប បាន​ចាប់ផ្ដើម​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA កាលពី​សប្ដាហ៍​មុន ហើយ​អាច​នឹង​ឈាន​ទៅ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ ក្នុង​រយៈពេល ១៨​ខែ បើ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ នៅតែ​គ្មាន​ភាព​ប្រសើរ​ឡើងវិញ​តាមរបៀប​ដឹកនាំ​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment