សង្គម
|
https://www.vodhotnews.com
កម្មការិនីម្នាក់ដែលបម្រើការងារផ្នែកដេរខោខូវប៊យ នៅរោងចក្រ យី ដា មេនូហ្វេកឆឺរើ ខូ អិលធីឌី នៅម្ដុំភូមិឫស្សី ស្រុកឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរៀបរាប់ថា គាត់ធ្វើការរោងចក្រកាត់ដេរជាមួយកូនស្រីរយៈជាង ២ ឆ្នាំ មកហើយ។
កំពុងមើលជាងធ្វើផ្ទះរបស់ខ្លួន កម្មការិនីរូបនេះ ឲ្យដឹងថា ទាំងពីរនាក់ម្ដាយកូនទទួលបានប្រាក់ជាង ៥០០ ដុល្លារ ក្នុងមួយខែ។ កម្មការីនីរូបនេះមានឈ្មោះថា លន់ សំអាត អាយុ មានវ័យ ៣៩ ឆ្នាំ។ អ្នកស្រី លន់ សំអាត ថ្លែងប្រាប់អ្នកសារព័ត៌មាន វី.អូ.ឌី ថា ប្រាក់ខែរបស់គាត់និងកូនស្រី ត្រូវបែងចែកជាពីរចំណែកគឺមួយសម្រាប់ចាយវាយប្រចាំថ្ងៃ និងសម្រាប់សងធនាគារ។
អ្នកស្រីថា៖ «ខ្ញុំត្រូវការយកលុយហ្នឹងងមកដោះស្រាយជីវភាព ដូចថា ហូបចុកខ្លះ កូនទៅរៀនសូត្រខ្លះ ហើយក៏បង់អង្គការខ្លះទៅ បាន២នាក់ម៉ែកូនដែរ។ ខ្ញុំបានខ្ចីលុយអង្គការ ១១ ០០០ ដុល្លារ ហើយខ្ញុំបង់រាល់ខែ ក្នុងមួយខែ ២៣០ ដុល្លារ [រយៈពេល៦ ឆ្នាំ] ខ្ញុំយកមកធ្វើផ្ទះ ម៉ៅឲ្យជាងធ្វើ ទាំងអស់ ៩៥០០ ដុល្លារ ហើយសល់ប៉ុន្មានខ្ញុំទិញសម្ភារដាក់ផ្ទះ ចាក់សាប និងទិញម៉ូតូបានមួយគ្រឿងដែរ»។
អ្នកស្រី សំអាត រៀបរាប់ថា បច្ចុប្បន្ននេះ គ្រួសាររបស់គាត់គឺពឹងផ្អែកលើការងាររោងចក្រទាំងស្រុង ប៉ុន្តែ ថ្មីៗអ្នកស្រីបានមើលព័ត៌មាននៅតាមបណ្ដាញសង្គម និងប្រព័ន្ធផ្សាយផ្សាយមួយចំនួននិយាយពីការសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ជុំវិញព័ត៌មាននៃការចាប់ផ្តើមនីតិវិធីនៃការព្យួរ EBA នេះ អ្នកស្រីថា ពួកគាត់ជាកម្មករព្រួយបារម្ភខ្លាចរោងចក្រមួយចំនួនចាកចេញ ហើយបណ្ដាលឲ្យអ្នកស្រីបាត់បង់ការងារ។
អ្នកស្រី បន្តថា៖ «បើគេបិទមែន គឺអត់មានការងារអីធ្វើទេ គឺចប់តែម្ដង អត់ដឹងទៅរកធ្វើអីទៀតទេ ហើយណាមួយដឹងស្រាប់ហើយ ចំណេះយើងប៉ុណ្ណឹងៗ ទៅរកការងារអីផ្សេងទៀត គឺវាអត់មានទេ ហើយកន្លែងណាក៏គេមិនទទួលដែរ»។
អ្នកស្រី សំអាត រៀបរាប់ថា កាលពីមុនគាត់អាចទៅស៊ីឈ្នួលច្រូតស្រូវ និងដាំបន្លែឲ្យអ្នកជិតខាងបាន។ អ្នកស្រី បន្តថា បច្ចុប្បន្ននេះ អ្នកភូមិលក់ដីឲ្យក្រុមហ៊ុនអស់ ប្រសិនបើគ្មានរោងចក្រ គាត់មិនដឹងទៅការងារអ្វីនោះទេ។
ស្ត្រីរូបនេះ និយាយថា បើគាត់និងកូនមិនមានការងារធ្វើអ្នកស្រីថា គ្រួសាររបស់គាត់នឹងជួបការលំបាកខ្លាំង ដោយគ្មានប្រាក់សម្រាប់បង់ធនាគារនិងប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃអ្នកស្រីចំណាយយ៉ាងតិច៤ ម៉ឺន ទៅ ៥ ម៉ឺនរៀល។
អ្នកស្រី៖ «កូនខ្ញុំ! អ្នកក្រអញ្ចឹងរៀនបានថ្នាក់តូចទាប អត់មានការងារអីធ្វើក្រៅពីរោងចក្រទេ គឺការងាររោងចក្រ គឺគិតទៅវាល្អសម្រាប់គ្រួសារដែលចេះដឹងតិចតួច ដូចថា ចេះអក្សរតិចអញ្ចឹង។ វិស័យកាត់ដេរ គឺគាត់ទទួលយកកម្មកររបៀបដូចពួកខ្ញុំអញ្ចឹង បើសិនជាបាត់បង់ពួកខ្ញុំសោកស្ដាយណាស់ ព្រោះអីអត់ចង់ឲ្យវាបាត់បង់ទេ ព្រោះវិស័យកាត់ដេរមួយនេះ ដូចជាឆ្នាំងបាយសម្រាប់ប្រជាជន ដែលអត់មាន ដូចខ្ញុំអញ្ចឹង! អត់មានស្រែ ដីធ្វើ ហើយកូនច្រើនអញ្ចឹង ហើយពឹងប្ដី ការងារប្ដីខ្ញុំអត់ច្បាស់លាស់ទេ បានមួយថ្ងៃ អត់មួយថ្ងៃ អញ្ចឹងរាល់ថ្ងៃពឹងវិស័យកាត់ដេរខ្លាំងតែម្ដង»។
កម្មករបម្រើការងារផ្នែកដេរខោនៅរោងចក្រ យី ដា ម្នាក់អ្នកស្រី ឈួន ស្រីពៅ ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង បានឆ្លៀតនិយាយមកកាន់អ្នកសារព័ត៌មាន អំឡុងពេលសម្រាកបាយថ្ងៃត្រង់ ថា អ្នកស្រីធ្វើការងារនេះ ទទួលបានប្រាក់ ២០០ ទៅ ៣០០ ដុល្លារ ក្នុងមួយខែ។ មិនខុសគ្នាពីអ្នកស្រី លន់ សំអាត អ្នកស្រី ឈួន ស្រីពៅ ក៏ត្រូវចាត់ចែងប្រាក់់ខែរបស់ខ្លួនជាពីរចំណែកដែរ ដោយ ទុកចាយវាយប្រចាំថ្ងៃខ្លះ ហើយមួយចំនួនទៀតត្រូវផ្ញើរទៅផ្ទះ ដើម្បីឲ្យម្ដាយបង់ធនាគារ។
អ្នកស្រីថា៖ «ចង់តើ! ខ្ញុំជំពាក់លុយទេ មកធ្វើការ ខ្ញុំបង់ឲ្យគេ ក្នុងមួយខែជាង ១០០ ដុល្លារ [ខ្ចី]យូរហើយ ដូចថា អស់មួយវគ្គយកមួយវគ្គទៀត យកមកដោះស្រាយជិវភាព សងគេ។ បើគេបិទ [រោងចក្រ] អត់មានលុយបង់គេ»។
អ្នកស្រី ឲ្យដឹងទៀតថា គាត់មិនចង់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសនោះទេ អ្នកស្រីលើកឡើងពីបញ្ហាប្រឈម និងហានិភ័យដែលកើតចេញពីការធ្វើចំណាកស្រុក។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស មានប្រសាសន៍ថា ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះចេញមែន នោះនឹងជះឥទ្ធិពលអវិជ្ជមានផ្ទាល់ដល់ការងារ និងជីវភាពរបស់កម្មករជាង៨០ម៉ឺននាក់ ក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។
លោកថា៖ «បើសិនគេយករោងចក្រទៅប្រទេសផ្សេងៗ កម្មករជាង ៨០ ម៉ឺននាក់ អាចប្រឈមនឹងការបាត់បង់ការងារ ហើយបើប្រឈមនឹងបាត់បង់ការងារ ដូចកម្មករលោកបានលើកឡើងអញ្ចឹង ភាគច្រើនគាត់ជំពាក់បំណុលគេ ធនាគារ ឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អញ្ចឹង កាលណាគាត់អត់អាចបង់បំណុលហ្នឹងបាន វាធ្វើឲ្យមានបញ្ហាវិស័យហិរញវត្ថុដែរ។ បើកាលណាប៉ះវិស័យធនាគារ វាប៉ះទាំងអស់ សេដ្ឋកិច្ចទាំងមូលអញ្ចឹង គឺទំហំប៉ះពាល់វាធំ គ្រាន់តែធំប៉ុណ្ណា! ខ្ញុំមិនទាន់ហ៊ានថា ទំហំកម្រិតនេះ កម្រិចនោះទេ ។ ប៉ុណ្ណថា វាអាចមានផលប៉ះពាល់ធ្ងន់ បើសិនសហភាពអឺរ៉ុបដក EBA នឹងមែនហើយឈានទៅដល់អាមេរិកគេចាប់ផ្ដើមពិចារណាប្រព័ន្ធ GSP ទៀត អាហ្នឹងគឺយើងអាចមានវិបត្តិធ្ងន់»។
លោកស្នើទៅរដ្ឋាភិបាលកម្ពុជា គួរពិចារណាចំពោះសំណើររបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយស្តារប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ឲ្យនៅដដែល។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ ។ យ៉ាងណាក៏ដោយ ឆ្លើយតបនឹងការវិធានការរបស់សហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លោក ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា បើទោះបីកម្ពុជាគ្មានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» (EBA) របស់សហភាពអឺរ៉ុបក៏ដោយ ក៏លោកថា កម្ពុជាមិនស្លាប់ដែរ។
លោក ហ៊ុន សែន ថ្លែងទៀតថា យន្តការកំណែទម្រង់នេះកម្ពុជាអាចដើរទៅមុខបានដោយខ្លួនឯងបើទោះបីជាកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះនេះក៏ដោយ។
មេដឹកនាំរូបនេះ អំពាវទៅកម្មករប្រជាពលរដ្ឋ មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធ និងមន្ត្រីចូលនិវត្តន៍ កុំព្រួយបារម្ភថាការបាត់បង់ប្រព័ន្អអនុគ្រោះពន្ធ EBA នេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជានោះ។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំបញ្ជាក់ប្រាប់អ្នកឯងឲ្យបានច្បាស់ថា ពេលនេះម៉ោងនេះ បើទោះបីគ្មានចំណូលបន្ថែម រដ្ឋាភិបាល ហ៊ុន សែន មានសមត្ថភាពបើកប្រាក់ខែជូនមនុស្សទាំងអស់រយៈពេល ១២ខែ ដោយមិនចាំបាច់មានចំណូលថ្មី»។
ប៉ុន្តែ តំណាងភាគីថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា GMAC បានលើកឡើងដោយត្រង់ៗនៅក្នុងសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅនឹងសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទសប្តាហ៍មុនថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធអឺរ៉ុប នឹងប៉ះពាល់ទៅលើឧស្សាហកម្មកាត់ដេរ និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ GMAC បានលើកឡើងបែបនេះ ដោយឈរលើហេតុផលថា សេចក្ដីសម្រេចចិត្តនោះ ធ្វើឲ្យមានហានិភ័យដល់សមត្ថភាពប្រកួតប្រជែងនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
ក្រុមតំណាងថៅកែរោងចក្រកាត់ដេរមួយនេះ បានជំរុញទៅសហគមន៍អឺរ៉ុបឲ្យពិចារណាលើផលប៉ះពាល់សង្គមនិងសេដ្ឋកិច្ចនៃកម្មករកម្ពុជាប្រសិនបើអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ។ GMAC បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍នោះថា ផលិតផលកាត់ដេរកម្ពុជាមានតម្លៃដល់ទៅ ៣.៧៦ពាន់លានអឺរ៉ូត្រូវបាននាំចូលទីផ្សារអឺរ៉ុបកាលពីឆ្នាំ២០១៧កន្លងមក ហើយថា ឧស្សាហកម្មមួយនេះបានផ្ដល់ការងារដល់កម្មករមិនតិចជាង ៧០ម៉ឺននាក់នោះទេ ដែលចំនួនដល់ទៅ ៨០ភាគរយគឺជាស្ត្រី។
បើតាមតួលេខសហគមន៍អឺរ៉ុបឲ្យដឹងថា កម្ពុជានាំចេញទំនិញមានតម្លៃដល់ទៅ ៤.៩ពាន់លានដុល្លារចូលទៅទីផ្សារអឺរ៉ុបកាលពីឆ្នាំ២០១៨កន្លងមក ក្នុងនោះ ៩៩ភាគរយនៃទំនិញកម្ពុជាគឺជាផលិតផលកាត់ដេរ បន្លែម្ហូបអាហារ និងទោចក្រយាន ឬកង់ ដែលមានត្រូវបាននាំចូលរួចកាតព្វកិច្ចបង់ពន្ធក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលមានតម្លៃដល់ទៅ ៤.៨ពាន់លានដុល្លារ៕