“គម្លាត​អ្នក​មាន និង​អ្នកក្រ​កាន់តែ​ខ្លាំង ខណៈ​របប​ភ្នំពេញ​អះអាង​ពី​កំណើន​សេដ្ឋកិច្ច”

ដោយ ហេង រស្មី
2019-02-20
RFA

លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA
លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA


អតីត​អ្នកវិភាគ​ឯករាជ្យ​លោក កែម ឡី កាល​លោក​នៅ​មាន​ជីវិត​ផ្ដល់​ការវិភាគ​ថា គំលាត​រវាង​អ្នកមាន​នឹង​អ្នកក្រ​នៅតែ​បន្ត​កើតមាន​យ៉ាង​ខ្លាំង បើទោះបីជា​លោក ហ៊ុន សែន ប្រឹងប្រែង​និយាយ​ជា​សាធារណៈ​ថា ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច សព្វថ្ងៃ គឺ​កំពុង​ឆ្ពោះ​ទៅ​រក​ភាព​កាន់តែ​ល្អ​ប្រសើរ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​សហភាព​អឺរ៉ុប​បាន​ចាប់ផ្ដើម​ដំណើរការ​នីតិវិធី​ដើម្បី​ព្យួរ​អនុគ្រោះ​ពន្ធ​បណ្ដោះអាសន្ន​ពី​កម្ពុជា។

គិត​មកដល់​ត្រឹម​ខែ​កុម្ភៈ នេះ​អំពើ​ឃាតកម្ម​លើ​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី បាន​កើតមានឡើង​អស់​រយៈពេល​ជាង​២ ឆ្នាំ ៧​ខែ​មក​ហើយ​។​ក៏ប៉ុន្តែ​ទស្សនៈ​របស់​លោក​អំពី​បញ្ហា​សេដ្ឋកិច្ច​កាលពី​ពេល​ដែល​លោក​នៅ​រស់រាន​មាន​ជីវិត​នៅតែ​មិនសូវ​មាន​ភាព​ខុសប្លែក​គ្នា​ប៉ុន្មាន​នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​កម្ពុជា​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

នៅ​ក្នុង​ខ្ទង់​ទស្សនៈ របស់​លោក​បណ្ឌិត កែម ឡី ដែល​មាន​ចំណងជើង​ថា «គម្លាត​រវាង​អ្នកមាន​នឹង​អ្នកក្រ»។ លោក កែម ឡី សរសេរ​ថា នៅ​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ហក់​ឡើង​ខ្ពស់​(​កំណើន​ប្រចាំ​ឆ្នាំ​ប្រមាណ​៧​ភាគរយ​) និង​ផលិតផល​សរុប​ក្នុង​មនុស្ស​ម្នាក់ៗ​កើន​រហូត​ជាង​១.២០០​ដុល្លារ​ក្នុង​ប្រជាជន​ខ្មែរ​ម្នាក់ ក្នុង​មួយ​ឆ្នាំ​នោះ គម្លាត​អ្នកមាន​និង​អ្នកក្រ​កាន់តែ​ខ្ពស់​(​វិសមភាព​សេដ្ឋកិច្ច​) និង​អត្រា​ប្រជាជន​ដែល​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​នៅតែ​ខ្ពស់។ លោក​បាន​សរសេរ​ថា ប្រជាជន​៨៥​ភាគរយ​ឬ​ជាង ១២.៧ លាន​នាក់​ក្នុងចំណោម​១៤​លាន​នាក់ នៃ​ប្រជាជន​កម្ពុជា​សរុប​រក​ប្រាក់ចំណូល​មិនបាន​២.២៥​ដុល្លារ​នៅ​ក្នុង​មួយ​ក្នុង​មួយថ្ងៃ​នោះ​ទេ។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​មាន​លទ្ធភាព​កាត់បន្ថយ​គម្លាត​អ្នកមាន​និង​អ្នកក្រ​បាន​នោះ​ទេ។ លោក​ថា​បញ្ហា​ដែល​ធ្ងន់ធ្ងរ​ជាងនេះ​ទៅ​ទៀត​គឺ ផល​អវិជ្ជមាន​ឬ​ផលវិបាក​សង្គម​ជាច្រើន​ចេញពី​ស្ថានភាព​សង្គម​បច្ចុប្បន្ន​ដូចជា ការ​កើន​ឡើង​អំពើ​ឃាតកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចំណាកស្រុក​ជនបទ អត្រា​បោះបង់​ការសិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ និង​ថ្នាក់​វិទ្យាល័យ​ខ្ពស់​បំផុត ការ​ជួញដូរ​មនុស្ស និង​ជួញដូរ​គ្រឿងញៀន​កាន់តែ​ខ្ពស់ កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ​ច្រើន និង​មនុស្ស​ចាស់ៗ​តាម​ជនបទ​រស់នៅ​ឯក​កោរ​កាន់តែ​ច្រើន​និង​មាន​ភាព​ធ្ងន់ធ្ងរ​បំផុត។

ការ​លើកឡើង​អំពី​ទស្សនៈ​សេដ្ឋកិច្ច​របស់​លោក​បណ្ឌិត កែម ឡី តាំងពី​ពេល​លោក​នៅ​រស់រាន​មានជីវិត​ហាក់បីដូចជា​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន បើ​ទោះ​បី​ជា​របប​នេះ​អះអាង​ពី​កំណើន​សេដ្ឋកិច្ច​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ក៏ដោយ។

លោក ហ៊ុន សែន បាន​សរសេរ​ថា​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​១២ កុម្ភៈ​ថា ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច នៅ​ក្នុង​ប្រទេសជាតិ​សព្វថ្ងៃ គឺ​កំពុង​ឆ្ពោះ​ទៅ​រក​ភាព​កាន់តែ​ល្អ​ប្រសើរ។

លោក​បញ្ជាក់​ថា ចំពោះ​ចំណូល​ពន្ធ គឺ​បាន​កើន​ឡើងជា​បន្តបន្ទាប់​។ សេដ្ឋកិច្ច​កម្ពុជា​ដែល​ពីមុន​ហ៊ុមព័ទ្ធ​ដោយ​ទារុណកម្ម និង​ការគាបសង្កត់ ប៉ុន្តែ​ពេលនេះ​គឺ​បាន​ងើប​លូតលាស់​និង​កាន់តែ​រឹងមាំ។

លោក ហ៊ុន សែន បញ្ជាក់​ថា ប្រទេស​យើង​ពីមុន​ដែល​ធ្លាប់​ជា​ប្រទេស​ក្រីក្រ​ធ្លាក់​ដល់​បាត​ដាល ប៉ុន្តែ​ឥឡូវ​គឺ​បាន​ងើប​លេច​ធ្លោ​រួច​ផុត​ពី​ភាព​ក្រីក្រ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧%​។ ដោយសារ​ចំណូល​ពន្ធ​កាន់តែ​ខ្ពស់ ការ​ព្យាករណ៍​របស់​យើង​នៅ​ថ្ងៃ​អនាគត គឺ​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​យល់ស្រប​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ត្រូវតែ​ពិនិត្យ​មើល​ថា ការ​កើន​ឡើង​នេះ វា​បាន​ផល​ចំណេញ​ទៅ​អ្នក​ណា​ខ្លះ​នៅ​ក្នុង​សង្គម​និង​ប្រភព​ការលូតលាស់​ខាង​សេដ្ឋកិច្ច។

លោក​និយាយ​ថា កម្ពុជា​នៅតែ​ជំពាក់​បំណុល​បរទេស លក់​ទ្រព្យសម្បត្តិ​ជាតិ​ដូចជា​ព្រៃឈើ និង​ធនធាន​រ៉ែ ដែល​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​រវាង​អ្នកមាន និង​អ្នកក្រ​កាន់តែ​ខ្លាំង៖ «គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​កាន់តែ​ខ្លាំង នេះ​គឺ​អយុត្តិធម៌​ក្នុង​សង្គម អំពើពុករលួយ​បន្ថែម​ទៅទៀត​មក។ គម្លាត​អ្វីៗ​ទៀត​ដូចជា​ការអប់រំ ក៏​មាន​គម្លាត​ដែរ»

បើទោះបីជា​មានការ​រិះគន់​ពី​អ្នកវិភាគ​ឯករាជ្យ​លើ​បញ្ហា​សេដ្ឋកិច្ច​ក៍​ដោយ ក៍​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន និយាយ​ថា អ្វី​ដែល​បាន​លើក​ឡើង​របស់​អ្នកវិភាគ​គឺ​មិនបាន​វាយតម្លៃ​អំពី​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា គឺ​គ្រាន់តែ​បម្រើ​វោហារសាស្ត្រ នឹង​នយោបាយ​របស់​ខ្លួន​តែប៉ុណ្ណោះ៖ «អ្នកវិភាគ​ហ្នឹង​គ្រាន់តែ​បង្ហាញ​ពី​ការ​យល់ដឹង​របស់​ពួកគាត់​ទេ មិនមែន​ផ្លូវការ​ទេពី​ព្រោះ​គាត់​គ្រាន់តែ​ដើរ​រើស​ព័ត៌មាន តាម​កាសែត​តែប៉ុណ្ណោះ​ទេ គាត់​គ្មាន​យន្តការ​ត្រឹមត្រូវ​ក្នុង​ការ​រៀបចំ​ឱ្យ​មាន​ស្ថិតិ រៀបចំ​ឱ្យ​មាន​ការវាយតម្លៃ»

ទោះបីជា​កម្ពុជា​បាន​អះអាង​ពី​កំណើន​សេដ្ឋកិច្ច​ក៏ដោយ ក៏​របប​លោក ហ៊ុន សែន នៅតែ​បន្ត​ខ្ចី​លុយ​បរទេស​រហូតដល់​ចំនួន​ជិត ១​ម៉ឺន​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​បាន​កាប់​ព្រៃឈើ លក់​ធនធាន​ធម្មជាតិ និង​សម្បត្តិ​ជាតិ​ស្ទើរ​រលាយ​ហិនហោច។

អ្នក​ជំនាញ​សេដ្ឋកិច្ច​ចាត់ទុក​ថា កម្ពុជា​កំពុង​ឋិត​ក្នុងចំណោម​ប្រទេស​ដែល​ក្រីក្រ​ខ្លាំង​ជាងគេ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ អត្រា​នៃ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ថយ​ចុះ​មែន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តែ​អ្នក​ជំនាញ​រក​ឃើញ​ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៥​លាន​នាក់ មាន​អ្នកក្រ និង​អ្នក​ជិត​ក្រ ជាង ៨​លាន​នាក់។ បើ​តាម​តួលេខ​នេះ ពលរដ្ឋ​កម្ពុជា ជាង​ពាក់​កណ្តាល​នគរ​សុទ្ធ​តែ​ជា​អ្នកក្រ និង​អ្នក​ហៀប​តែ​នឹង​ធ្លាក់ខ្លួន​ក្រ។

តែ​ទោះជា​យ៉ាង​នេះ​ក្តី​ក៏​ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​មាន​ភាព​រឹងប៉ឹង​ដដែល​ក្ និង​ការ​កើន​ឡើង​ចំណាយ​របស់​រដ្ឋាភិបាល ខណៈ​ឆ្នាំ​២០១៧ កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​ត្រឹមតែ ៦.៩ ភាគរយ។ ធនាគារ​ពិភពលោក​បាន​ក​លើក​យក​កំណើន​សេដ្ឋកិច្ច​នេះ​នឹង​ធ្វើ​ឱ្យ​ភាព​ក្រីក្រ​ធ្លាក់​ចុះ​ថែមទៀត។ ប៉ុន្តែ ការ​កើនឡើង​នៃ​ឱនភាព​សារពើពន្ធ និង​ការខូចខាត​បន្ទាប់បន្សំ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​សកល​ជា​ហានិភ័យ​ចំពោះ​ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ទៅ​ថ្ងៃ​ខាងមុខ។

ការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក​អំពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​កើត​មាន​ឡើង​ក្រោយ​ការ​ចេញ​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​បាន​ឱ្យ​ដឹង​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​រង្វង់ ៧​ភាគរយ​ទៅ ៧.២៥​ភាគរយ​ជា​បន្តបន្ទាប់​គ្នា។

បើ​ទោះ​បី​ជា​នៅ​ក្នុង​អំឡុង​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​មានការ​កើន​ឡើង​៧% ដូចជា​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក​ក៏ដោយ ក៏​លោក​បណ្ឌិត កែម ឡី កាលពី​លោក​នៅ​រស់រាន​មានជីវិត​បាន​សរសេរ​ថា ប្រទេស​ណា​ដែល​មាន​អំពើពុករលួយ​ច្រើន ប្រទេស​នោះ​មាន​អ្នក​ក្រីក្រ​កាន់តែ​ច្រើន ហើយ​គម្លាត​អ្នកមាន​នឹង​អ្នកក្រ​កាន់តែ​ខ្ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment