បទ​វិភាគ៖ តើ​កត្តា​អ្វីខ្លះ​ដែល​បក្ស​កាន់​អំណាច​ក្លាយ​​ជា​បក្ស​ការពារ​ក្រុម​មូលធននិយម​និង​គ្រប់គ្រង​អំណាច​ដល់​សព្វថ្ងៃ?

ដោយ ទីន ហ្សាការីយ៉ា
2019-02-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន  ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក ហ៊ុន សែន ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន


ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ប្រែក្លាយ​ខ្លួន ពី​គណបក្ស​វណ្ណៈ​កសិករ​អធន ទៅជា​គណបក្ស​ដែល​មាន​សមាជិក​ជាន់ខ្ពស់​និង​បក្ខពួក សុទ្ធតែ​ជា​មហាសេដ្ឋី មេ​ឈ្មួញ​ដី ហើយ​កេង​ប្រវ័ញ្ច​ពី​វណ្ណៈ​កសិករ​អធន​ទៅវិញ។

ក្រៅ​ពី​បាន​ច្បាម​អំណាច ទ្រព្យធន និង​បក្ខពួក​ជា​ឧកញ៉ា​ជួញដូរ​ធំៗ​នៅ​ជុំវិញ​ខ្លួន ដើម្បី​ទ្រទ្រង់​ឱ្យ​ដំណើរការ​ទៅមុខ​នោះ គណបក្ស​នេះ បាន​ត្រួតត្រា​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ សម្រាប់​ការពារ​អំណាច​ទ្រព្យសម្បត្តិ និង​ក្រុម​បក្ខ​ពួក​ខ្លួន​នៅ​ក្នុង​ការដឹកនាំ​ប្រទេស។

រីឯ​ពលរដ្ឋ​វិញ ស្ទើរ​ពេញ​មួយ​នគរ​នៅតែ​ងើប​មិន​ផុត​ពី​ភាព​ក្រីក្រ គម្លាត​វណ្ណៈ​កសិករ និង​វណ្ណៈ​មូលធន​កាន់តែ​ខ្លាំង ហើយ​ក្រុម​មេដឹកនាំ​ដែល​ធ្លាប់​ជា​វណ្ណៈ អធន​ដែរ​នោះ បាន​ក្លាយ​ទៅជា​វណ្ណៈ​មូលធន​ដ៏​អស្ចារ្យ មានទ្រព្យ​សម្បត្តិ​ហូរហៀរ​យ៉ាង​សម្បើម។

តើ​គណបក្ស​នេះ មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ ដើម្បី​ការពារ​អំណាច​ទ្រព្យសម្បត្តិ​របស់​ខ្លួន និង​ទ្រព្យសម្បត្តិ​របស់​ក្រុម​ឧកញ៉ា​បក្ខពួក​បាន​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ?

នេះ​ជា​បទវិភាគ របស់លោក ទីន ហ្សាការីយ៉ា៖

មេ​ប៉េអិម​ខេត្ត​រតនគិរី លោក គឹម រស្មី បាត់បង់​តំណែង​របស់​គាត់​ភ្លាម បន្ទាប់ពី​រូបភាព​ចែក​លុយ​កូនៗ​ទាំង​៥​របស់​លោក ម្នាក់​១០​ម៉ឺន​ដុល្លារ ក្នុង​ពិធី​ខួបកំណើត​មួយ​កាលពីដើម​ខែ​កុម្ភៈ ត្រូវ​បាន​សាធារណជន​រិះគន់​ព្រោងព្រាត។ កាល​នៅ​មាន​អំណាច លោក គឹម រស្មី ធ្លាប់​ត្រូវ​គេ​ដឹង​ថា ជា​ជើងកាង​ឱ្យ​ឈ្មួញ​កាប់​ឈើ ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ខេត្ត​នេះ។

តែ​គ្មាន​នរណា​ម្នាក់ ហ៊ាន​ក្អក​ចំពោះ​សកម្មភាព លោក​មេ​ប៉េអិម​ម្នាក់​នេះ​ទេ ទោះជា​លោក​យក​អំណាច​របស់​ខ្លួន​ទៅ​កាង​ឈ្មួញ​ទុច្ចរិត​កាប់​បំផ្លាញ​ព្រៃឈើ​ក៏ដោយ​។ គ្មាន​អ្នកណា​ហ៊ាន ដ្បិត​លោក គឹម រស្មី ជា​សាច់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន។ ក៏ប៉ុន្តែ ប្រហែល​ដោយ​លោក គឹម រស្មី បង្ហាញ​ទឹក​លុយ​ខុស​ទំនង និង​ត្រូវ​រង​ការរិះគន់​ពេញ​ប្រទេស​ហើយ ទើប​លោក ហ៊ុន សែន ខ្លួនឯង​ចេញមុខ​មក​កាត់ “​សាច់​នោះ​ចេញ “​ប្រកបដោយ​ការ​ឈឺចាប់

តាមពិត “​សាច់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ស្ទើរតែ​ទាំងអស់​សុទ្ធតែ​មានទ្រព្យ​សម្បត្តិ​ហូរហៀរ​តាម​វិធី​ស្រដៀង​គ្នា​នេះ​។ បើ​លោក ហ៊ុន សែន ចង់​កាត់​សាច់​ទាំងនោះ​ចេញ​មែន ទោះ​បិទ​ភ្នែក​រាវ​កាត់ ក៏​លោក​កាត់​មិន​ច្រឡំ​ដែរ។

ការស៊ើបអង្កេត​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បង្ហាញ​ថា គ្រួសារ​ត្រកូល​ហ៊ុន មាន​លុយ​សរុប​ទាំងអស់​ប្រមាណ​ពី​៥០០​លាន ទៅ​១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ម្នាក់ៗ​គ្រប់គ្រង​ក្រុមហ៊ុន​ធំៗ និង​ប្រកប​របរ​រកស៊ី​ស្ទើរ​គ្រប់​ប្រភេទ រាប់​តាំងពី​ដណ្ដើម​ដី​អ្នកស្រុក​រត់ពន្ធ​ថ្នាំញៀន បើក​បន​ល្បែងស៊ីសង និង​ជា​ម្ចាស់​ក្រុមហ៊ុន​ស្ទើរ​គ្រប់មុខ ចំនួន​ជាង​មួយ​រយ​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​នាំ​ស្រូវ​អង្ករ​ចេញ ក្រុមហ៊ុន​អគ្គិសនី ទូរស័ព្ទ ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុមហ៊ុន​រុករក​រ៉ែ កាប់​ឈើ បូម​ខ្សាច់ ជាដើម។

ក្រៅពី​មាន​វិមាន​ធំ​ស្កឹមស្កៃ​នៅ​កម្ពុជា ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​នេះ ក៏​ទិញ​អចលនទ្រព្យ​និង​ជួញ​ដូរ​នៅ​ក្រៅ​ប្រទេស​ថែមទៀត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី ក៏​លាតត្រដាង​ទ្រព្យសម្បត្តិ​មហាសាល របស់​គ្រួសារ​ត្រកូល​ហ៊ុន និង​មន្ត្រី​របប​លោក ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី ដែល​អាច​មក​ពី​ការ​លាង​លុយ​កខ្វក់ និង​អំពើពុករលួយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី ABC ផ្សាយ​ថា​កូនប្រសា​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ដែល​ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ដែល​មាន​ផ្ទះ​តម្លៃ​ប្រហែល ១.៥ លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​របស់​លោក លក់​ឃ្លាំង​មួយ​មានតម្លៃ​ជាង ៥​លាន​ដុល្លារ (.០៨​លាន​ដុល្លារ​) កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៨។

លោក ឌី វិជ្ជា ជា​ស្វាមី អ្នកស្រី ហ៊ុន ម៉ាណា ដែល​កាន់កាប់​ក្រុមហ៊ុន​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​។ រីឯ ក្មួយ​លោក ហ៊ុន សែន វិញ គឺ​លោក ហ៊ុន តូ ទិញ​ផ្ទះ​តម្លៃ​ជាង​១​លាន​ដុល្លារ នៅ​អូស្ត្រាលី។ ជា​មេដឹកនាំ​គណបក្ស​មួយ ដែល​លោក ហ៊ុន សែន តែង​អះអាង​ថា កើត​ចេញ​ពី​ប្រជាជន ដើម្បី​ប្រជាជន ក្នុង​ខណៈ​ដែល​ប្រជាជន​ជាង​ពាក់​កណ្តាល​នគរ រក​អង្ករ​ច្រក​ឆ្នាំ​មិនបាន លោក ហ៊ុន សែន ខ្លួនឯង មាន​ភូមិគ្រឹះ​បី​បួន​កន្លែង នៅ​កណ្ដាល​ក្រុងភ្នំពេញ​ផង នៅ​ជាយក្រុង​ផង មាន​ផ្ទះ​លំហែ​នៅ​មាត់សមុទ្រ​ទៀត។ លោក​ចាប់ផ្ដើម​ធ្វើដំណើរ​ទៅ​ណា​មក​ណា តាម​យន្តហោះ​ជួល​ពិសេស​សម្រាប់​ដឹក​លោក ដែល​ចំណាយ​លុយ​ជាតិ​ម្តងៗ អស់​ជាង​២​លាន​ដុល្លារ។

ក្រៅពី​កូនចៅ​សាច់សាលោហិត​របស់​លោក ហ៊ុន សែន ដែល​មាន​ទ្រព្យសម្បត្តិ​មហាសាល​នេះ មន្ត្រី​របស់​លោក​ក៏​មាន​ទ្រព្យសម្បត្តិ​ដ៏​សន្ធឹកសន្ធាប់​ដែរ​។ ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារ គឺ​លោក គង់ វិបុល មាន​ភាគហ៊ុន ក្នុង​ដី​មួយ​កន្លែង​កាល​ជាង ២១ លាន​ដុល្លារ (២១.៤ លាន​ដុល្លារ)។ លោក គង់ វិបុល មានទ្រព្យ​ជាច្រើន​កន្លែង​ទៀត​នៅ​អូស្ត្រាលី រួម​ទាំង​ផ្ទះ​តម្លៃ​៦​សែន​ដុល្លារ។

អ្នកណា​ក៏ដោយ​ឱ្យតែ​ជាប់​សាច់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ឬក៏​ជាប់​សាច់​លោក ហ៊ុន សែន សុទ្ធតែ​ត្រូវប៉ាន់​ទាំងអស់​។ សាច់ថ្លៃ​របស់​លោក ហ៊ុន សែន គឺ សព​លោក សុខ អាន ត្រូវ​បាន​គេ​ដឹង​ថា មានទ្រព្យ​រាប់​ពាន់​លាន​ដុល្លារ។ ពិធី​មង្គលការ​កូនប្រុស​ម្នាក់​របស់​លោក សុខ អាន ជាមួយ​នឹង​កូន​ថៅកែ​ធនាគារ​មួយ កាលពី​ឆ្នាំ​២០១៧ គឺជា​ឱកាស​បង្ហាញ​លុយ​និង​អំណាច​ដ៏​អស្ចារ្យ​មួយ​នៃ​សាច់ឈាម​ទាំង​ជិត ទាំង​ឆ្ងាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

តាំងពី​ជាង​ថតរូប រហូតដល់​អ្នកភ្លេង​លេង​កំដរ​ពិធី សុទ្ធតែ​ត្រូវ​គេ​ជួល​មកពី​បរទេស​។ ធនធាន​ក្នុងស្រុក​សម្រាប់​ការងារ​ទាំងនេះ​មាន​គគោក ប៉ុន្តែ​បែប​មិន​ស័ក្ដិសម​នឹង​ឋានៈ​របស់​វណ្ណៈ​អភិជន នៃ​សាច់ឈាម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

ពិធី​មង្គលការ​នេះ វា​ជា​ឱកាស​មាស ឱកាស​ពេជ្រ សម្រាប់​ភ្ញៀវ​មក​ចូលរួម​ទាំងឡាយ បង្អួត​បង្ហាញ​គ្នា​ទៅវិញទៅមក​នូវ ទ្រព្យសម្បត្តិ​មហាសាល​របស់​ពួកគេ​។ គឺ​សឹងតែ​មិន​ខុសគ្នា​ប៉ុន្មាន ពី​អ្វី​ដែល​អតីត​មេ​ប៉េអិម គឹម រស្មី បាន​ធ្វើ​ពិធី​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​នោះ​ឡើយ​។ អ្វី​ដែល​ខុស​នោះ​ត្រង់​ថា ពិធី​កូន លោក សុខ អាន មិន​សូវ​មាន​អ្នក​ហ៊ាន​រិះគន់​ជា​សាធារណៈ។

បន្ថែម​ពីលើ​នេះ ពិធី​នេះ​មានការ​ចូលរួម​គាំទ្រ ពី​លោក ហ៊ុន សែន និង​ភរិយា​ខ្លួនឯង និង​កូនៗ​ភាគច្រើន​របស់​លោក រួម​ទាំង មេដឹកនាំ​គណបក្ស និង​មន្ត្រី​គ្រាក់ៗ ផ្ទាល់​តែម្ដង​។​

គណបក្ស​ប្រជាជន​កម្ពុជា បម្រើ​ឱ្យ​ក្រុម​អ្នកមាន​ទ្រព្យធន​កេង​ប្រវ័ញ្ច​លើ​ពលរដ្ឋ​ក្រីក្រ​ដល់​តែ​ខ្លួនឯង​បាន​ប្រែធាតុ​ពី​គណបក្ស​កម្មករ​កសិករ​ក្រីក្រ​ទៅជា​គណបក្ស​នៃ​ក្រុម​អ្នកមាន​លុយ​វាល់​លាន​អ៊ីចឹង​ទៅ គណបក្ស​នេះ ហាក់​លែង​ឈរ​នៅ​ខាង​ពលរដ្ឋ​ក្រីក្រ​ទូទៅ ហើយ​បែរ​ទៅជា​កាន់ជើង​ក្រុម​អ្នក​មានៗ​ដូចគ្នា​ទៅវិញ​។ នៅ​ពេល​ដែល​ចាប់​យក​អ្នកមាន​ជា​មិត្ត អ្នកក្រ​បាន​ក្លាយ​ជាស​ត្រូវ​នៃ​គណបក្ស​នេះ​ដោយ​ស្វ័យប្រវត្តិ។

ការ​យក​កសិករ​ធ្វើជា​សត្រូវ​នៅ​ត្រង់​ថា ប្រជាកសិករ​ស្ទើរតែ​នៅ​គ្រប់​ខែត្រ​ក្រុង នៅ​តាម​តំបន់​ខ្លះ ជាប់គុក​ច្រវ៉ាក់​ដោយសារ​ការ​តវ៉ា ការពារ​ដីធ្លី​របស់​ខ្លួន ដែល​ក្រុម​អាជ្ញាធរ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បណ្ដេញ​ចេញពី​ដីធ្លី ដើម្បី​យក​ដី​ឱ្យ​ក្រុមហ៊ុន ក្រោម​ដី​សម្បទាន​សេដ្ឋកិច្ច​។

ពលរដ្ឋ​បាត់បង់​ភាពជា​ម្ចាស់​កម្មសិទ្ធិ ដីធ្លី ភូមិ កោះ ទន្លេ សមុទ្រ ធនធាន​រ៉ែ និង​ធនធាន​សង្គម​។ ការ​អភិវឌ្ឍ​របស់​គណបក្ស​កាន់អំណាច​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​ទទួល​បាន​ផលប្រយោជន៍​សង្គម​មិន​ស្មើភាព​គ្នា​ឡើយ គឺ​បុគ្គល​មួយ​ចំនួន​តូច ដែល​កាន់កាប់​ក្រុមហ៊ុន រាប់ទាំង​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស បាន​កើប​មរតក​ជាតិខ្មែរ និង​បំផ្លាញ​ធនធាន​សង្គម​យ៉ាង​គគ្រឹក​គគ្រេង។

មាន​ករណី​ជាច្រើន ដែល​បង្ហាញ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ការពារ​ក្រុមហ៊ុន មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ក្នុង​នោះ មាន​ក្រុមហ៊ុន ក្នុងស្រុក ក្រុមហ៊ុន​រដ្ឋ​វៀតណាម និង​ក្រុម​រដ្ឋ​ចិន ដែល​រំលោភ​លើ​ដី​ពលរដ្ឋ ក្រោម​រួប​ភាព​អភិវឌ្ឍន៍ ឧទាហរណ៍​នៅ បឹងកក់ បុរី​កីឡា កោះរ៉ុង បូកគោ ព្រៃ​ឡង់ និង​ទាញ​យក​ធនធាន​រ៉ែ ខ្សាច់ ព្រៃឈើ​ជាដើម។

មិនបាច់​មើលទៅ​ឯណា​ឆ្ងាយ​ទេ គឺ​ករណី​ជម្លោះដីធ្លី នៅ​សហគមន៍​បឹងកក់​នៅ​ទីក្រុង​ភ្នំពេញ​ជិត​ច្រមុះ​មេដឹកនាំ​ឯណេះ​វិញ ក្រុម​អាជ្ញាធរ​ការពារ​ក្រុមហ៊ុន​ស៊ូកាគូ (Sukaku.) របស់​លោក ឧកញ៉ា ឡៅ ម៉េងឃីន ចាប់​ពលរដ្ឋ​ជាច្រើន​នាក់ ដាក់​ពន្ធនាគារ បូម​ដីខ្សាច់​ពន្លិច​លើ​ផ្ទះ​ពលរដ្ឋ​ថែមទៀត​។

គ្មាន​មេដឹកនាំ​ណា​ចេញមុខ​ដោះស្រាយ ហើយ​ចាត់ទុកថា​ករណី​នេះ ជា​រំលោភ​សិទ្ធិមនុស្ស​និង​ច្បាប់​ឡើយ។ ករណី​នៅ​បុរី​កីឡា ក្រុមហ៊ុន ផានអ៊ីមិច របស់​អ្នកស្រី ស៊ុយ ស៊ីផាន កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​នាក់ ការពារ​គ្រឿងចក្រ ឈូស​កម្ទេច​ផ្ទះ និង​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ទាំង​កណ្ដាល​ថ្ងៃ និង​បង្ខំ​ឱ្យ​អ្នករងគ្រោះ​ទាំងនេះ​ទទួលយក​សំណង​មិន​សមរម្យ។

ករណី​ជម្លោះដីធ្លី នៅ​ខែត្រ​កោះកុង របស់​ក្រុមហ៊ុន​ចម្ការ​អំពៅ របស់​ឧកញ៉ា លី យ៉ុងផាត់ រំលោភ​យក​ដី​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​រ៉ាំរ៉ៃ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ មិន​ទាន់​មាន​ដំណោះស្រាយ​សមរម្យ​នៅឡើយ។

ជម្លោះដីធ្លី​ទាំងនេះ បាន​បន្ត​កើតមាន​ជា​បន្តបន្ទាប់ ដែល​ក្រុម​អាជ្ញាធរ​ប្រដាប់​អាវុធ​ការពារ​ឱ្យ​ក្រុមហ៊ុន​របស់​សេដ្ឋី ដូចជា​ករណី​ចុងក្រោយ ករណី​បាញ់​បង្ក្រាប​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ ឧកញ៉ា គង់ ស៊ីវទ្រី នៅ​ខែត្រ​ព្រះសីហនុ និង​ជម្លោះដីធ្លី​នៅ​ស្រុក​ជាំ​ក្សាន្ត ខែត្រ​ព្រះវិហារ​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព​របស់ ឧកញ៉ា អាន ម៉ារឌី សមត្ថកិច្ច​ចាប់​ខ្លួន​ពលរដ្ឋ​ជាង​១០​នាក់​ដាក់​ពន្ធនាគារ។

នៅ​ត្រង់​ចំណុច​នេះ លោក បណ្ឌិត កែម ឡី លើកឡើង​ថា ទីណា​មាន​មហាសេដ្ឋី​ច្រើន ចេញពី​ជំនួញ​មិន​ស្អាតស្អំ ទីនោះ​ពលរដ្ឋ​ធ្លាក់ខ្លួន​ក្រីក្រ និង​ក្លាយ​ជា​ទាសករ​ច្រើន។

ក្រុម​សមត្ថកិច្ច​ស៊ីប្រាក់ខែ​រដ្ឋ​នោះ មាន​តួនាទី​ការពារ​ប្រជាពលរដ្ឋ ជា​ជនរងគ្រោះ ផ្ទុយទៅវិញ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងនោះ បាន​ការពារ​ក្រុមហ៊ុន និង​ក្រុម​ឧកញ៉ា​ទៅវិញ ជំរុញ​ឱ្យ​ពលរដ្ឋ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ដើរ​តវ៉ា​តាម​ចិញ្ចើម​ផ្លូវ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ការ​ចេញ​តវ៉ា​នេះ ពេលខ្លះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌ និង​ទាញ​ភ្ជាប់​ទៅ​នឹង​អ្នកនយោបាយ​បក្ស​ប្រឆាំង​ក៏​មាន។

ក្រៅពី​ក្រុម​ឧកញ៉ា ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ គឺ​នៅ​មាន​ឧកញ៉ា​ជាច្រើន​ទៀត ដែល​ល្បី​ខាង​បំផ្លាញ​ធនធាន​ជាតិ ព្រៃឈើ ដែល​ត្រូវ​បាន​ការពារ ដោយ​របប​លោក ហ៊ុន ហ៊ុន សែន គឺ ឧកញ៉ា ទ្រី ភាព ឧកញ៉ា ស៊ឹង ប៊ុនណា ហៅ​ខ្នា ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ណេង អតីត​អភិបាលខែត្រ​កំពង់ចាម ត្រូវជា​បងប្រុស​លោក ហ៊ុន សែន។

របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ឱ្យ​ដឹង​ថា គិត​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨ ជម្លោះដីធ្លី​មាន​ជិត​៥០០​ករណី​នៅ ១៣​ខែត្រ​ក្រុង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង​៣​ម៉ឺន​គ្រួសារ​។

ការ​បែង​ចែង​វណ្ណៈ និង​ការពារ​ក្រុម​ឈ្មួញ ក្រុម​ឧកញ៉ា ពី​សំណាក់​គណបក្ស​កាន់អំណាច​នេះ ហាក់​ផ្ទុយ​ពី​គោលនយោបាយ​របស់​ខ្លួន ដែល​ចែង​ពី​ការ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​។ លើស​ពី​នេះ​ទៀត ក្រុម​ប្រជាពលរដ្ឋ​ក៏​រំពឹង​ថា មេដឹកនាំ​គណបក្ស​នេះ ជួយ​លើកស្ទួយ​ជីវភាព​កសិករ និង​មានឱកាស​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ មាន​លុយកាក់​ផ្គត់ផ្គង់​កូនចៅ​ឱ្យ​ទៅ​រៀន។ មិន​ចាំបាច់​ដល់​ទៅ ស្រមៃ​បញ្ជូន​ឱ្យ​ទៅ​រៀន​ឯ​បរទេស​ដូច​កូន​មន្ត្រី​គ្រាក់ៗ​ឡើយ។

អ្នក​ខ្លះ​ទៀត ស្លាប់​ទៅវិញ​ទាំង​មិន​មាន​ទីជម្រក​រស់នៅ​សមរម្យ​ផង​ក៏​មាន​។ ពលរដ្ឋ​ខ្លះ មិន​ប្រាថ្នា​ចង់​រស់នៅ​ក្នុង​ផ្ទះ​វីឡា​ស្កឹមស្កៃ មាន​រថយន្ត​ទំនើបៗ​នោះ​ទេ ពួកគាត់​ចង់បាន​តែ​ទីជម្រក​សម​ល្មម អាច​បិទបាំង​កំដៅ​ថ្ងៃ ខ្យល់អាកាស​ក៏​មិនបាន​ផង។ ខុស​ពី​ក្រុម​មេដឹកនាំ បក្ស​កាន់អំណាច ដែល​កើត​ចេញពី​គ្រួសារ​កសិករ​ដូចគ្នា​ដែរ តែ​រយៈពេល​៤០​ឆ្នាំ​មកនេះ គេ​មាន​អ្វីៗ​សព្វបែបយ៉ាង ទាំង​លុយ​ឡាន វីឡា​ស្កឹមស្កៃ មាន​អ្នក​បម្រើ​ហែហម​ឆ្វេង​ស្តាំ ដូច​ក្សត្រា​ក្សត្រិយ៍។

ការ​ចាប់​យក​ក្រុម​ឈ្មួញ​ធំៗ និង​ឧកញ៉ា​មក​ដាក់​ក្បែរ​ខ្លួន និង​តែងតាំង​តួនាទី ឱ្យ​នៅ ស្ថាប័ន​កំពូល​របស់​ជាតិ​៖ វប្បធម៌​ឯង​ជួយ​អញ អញ​ជួយ​ឯង។ ក្រុម​ឧកញ៉ា និង​ឈ្មួញ​ធំៗ ទោះបីជា​រកស៊ី​ស្របច្បាប់ ឬ​ល្មើសច្បាប់ តែង តែ​នៅ​កៀកកើយ​លោក ហ៊ុន សែន។ ក្រុម​ឧកញ៉ា​ទាំងនេះ ទំនងជា​ប្រភព​សេដ្ឋកិច្ច​ដ៏​សំខាន់ សម្រាប់​ទ្រទ្រង់​គណបក្ស​ប្រជាជន​កម្ពុជា ពី​ព្រោះ​ថា ក្រុម​ឧកញ៉ា​មួយ​ចំនួន ដែល​គេ​មើល​ឃើញ​ថា បាន​ប្រកប​របរ​ខុសច្បាប់ រត់ពន្ធ​គ្រឿងញៀន ជួញដូរ​ឈើ ដ៏​កក្រើក ល្បី​រន្ទឺ​ពាសពេញ​ប្រទេស ក៏​គ្មាន​ស្ថាប័ន​អនុវត្ត​ច្បាប់​ណា ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​ស៊ើបអង្កេត​ដែរ។ ជាក់ស្ដែង​ដូចជា​ឧកញ៉ា ទ្រី ភាព ល្បី​ខ្ទរខ្ទារ​អំពី​ការ​កាប់​ឈើ ជួញ​ដូរ ទៅ​ប្រទេស​វៀតណាម និង​នាំ​ចេញទៅ​ប្រទេស​ដទៃ​ទៀត ទោះបី​ជា​មាន​របាយការណ៍​ពី​ស្ថាប័ន​ជាតិ អន្តរជាតិ​រក​ឃើញ​ពី​ភស្តុតាង ការ​កាប់​ឈើ និង​ជួញដូរ​ឈើ​នេះ​យ៉ាងណាក្ដី ក៏​គ្មាន​ទ​ទូល​ទោស​ទណ្ឌ​អ្វី​ដែរ​។

ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ល្បីឈ្មោះ ខាង​ជួញ​ដូរ​គ្រឿងញៀន នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៩០ ក៏​គ្មាន ការ​ចាប់​ដាក់ទោស​អូស​ដំណើរ​អ្វី​ដែរ នៅ​ទីបំផុត ឧកញ៉ា​ទាំងនេះ មាន​ស្នាដៃ​ធំធេង លើ​ការ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ជាតិ​ទៅវិញ ដោយមាន​ការ​លើក​តម្កើង​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ក្រុម​ឧកញ៉ា​ទាំងនេះ អាច​ប្រព្រឹត្តិ​បទល្មើស និង​ប្រើ​អំពើ​ហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​ការពារ​ទ្រព្យសម្បត្តិ ដីធ្លី​ផ្ទះសម្បែង​របស់​ខ្លួន​នោះ​បាន​ដោយ​គ្មាន​ទោស គឺ​ដោយសារ​ពួកគេ​មាន​អាវ​ក្រោះ ការពារ​ខ្លួន​យ៉ាង​រឹងមាំ តាមរយៈ​វប្បធម៌​អញ​ជួយ​ឯង ឯង​ជួយ​អញ។

ទី​១ ពួកគេ​ជា​ប្រភព​ធនធាន​ថវិកា​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​គណបក្ស​ប្រជាជន​កម្ពុជា និង​របប​លោក ហ៊ុន សែន​។ ជារឿយៗ​នៅ​ពេល​លោក ហ៊ុន សែន ទៅ​សម្ពោធ​អគារ​រដ្ឋ​ផ្សេងៗ ឬ​សម្ពោធ​ស្ពាន ថ្នល់ តែងតែ​ឃើញ​លេច​មុខ​ឧកញ៉ា​ទាំងនោះ​នៅ​លើ​វេទិកា ហើយ​ក្រុម​ឧកញ៉ា​ទាំងនេះ ក៏​ជួយឧបត្ថម្ភ​ថវិកា​សម្រាប់​សាងសង់​អគារ​សាលារៀន ឬ​ចំណាយ​លើ​ថ្លៃ​ផ្សេងៗ​ទៀត ដូច​ជា​ការ​ទ្រទ្រង់​បក្ស​សម្រាប់​ដំណើរការ​បោះឆ្នោត​ជាដើម។

ទី​២ ក្រុម​ឧកញ៉ា​ទាំងនេះ បាន​ផល​មកវិញ​តាមរយៈ​ការ​ការពារ​ដោយ​ច្បាប់ និង​ការ​ផ្ដល់​តួនាទី នៅ​ក្នុង​ស្ថាប័ន​កំពូល​របស់​ជាតិ​។ លោក​ឧកញ៉ា ម៉ុង ឫទ្ធី លោក​ឧកញ៉ា លី យ៉ុងផាត់ លោក​ឧកញ៉ា ទ្រី ភាព និង​លោក​ឧកញ៉ា ឡៅ ម៉េងឃីន ជាដើម សុទ្ធ​មាន​តួនាទី​ជា​សមាជិក​ព្រឹទ្ធិ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ ពួកគេ​ត្រូវ​បាន​អង្គការ សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch និង អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​ក្រុម​មនុស្ស​ចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ រំលោភ​ដីធ្លី បំផ្លាញ​ធនធានធម្មជាតិ និង​អំពើ​រត់ពន្ធ​គ្រឿងញៀន ហើយ​ស្នើ​ឱ្យ​ប្រទេស​លោក​សេរី ដាក់​ទណ្ឌកម្ម យ៉ាងណាក្ដី។

នៅ​មាន​ឧកញ៉ា​ជាច្រើន​ទៀត ដែល​គេ​មើលឃើញ​ថា ជា​ប្រភព​ធនធាន​ដ៏​សំខាន់ សម្រាប់​ទ្រទ្រង់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ដូចជា ឧកញ៉ា ពុង ខៀវសែ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន អូស៊ីអាយស៊ី OCIC វិនិយោគ​តំបន់​កោះ​ពេជ្រ និង ជ្រោយ​ចង្វារ ដែល​ជិត​ស្និទ​ជាមួយ​លោក ហ៊ុន សែន​។ ក្រុម​ឧកញ៉ា​ទាំងនេះ គេ​មើល​ឃើញ​កាន់តែ​ច្បាស់​ថែមទៀត​ថា លោក ហ៊ុន សែន នៅ​ពីក្រោយ​ការ​ជួញដូរ​របស់​ពួកគេ​នោះ​គឺ តាមរយៈ​ខ្សែអាត់​សំឡេង​លេច​ធ្លាយ​មួយ ដែល​លោក ហ៊ុន សែន អះអាង​ថា មុខ​ជំនួញ​ជួញ​ដូរ​លោក ឧកញ៉ា គិត ម៉េង បើ​មិន​មាន​ការ​ជួយ​ជ្រោមជ្រែង ពី​លោក​ទេ គឺ​មិន​អាច​ទៅ​រួច​ឡើយ៖ «ម៉េង (​លោក គិត ម៉េង​) សាកល្បង​ជាមួយ​ខ្ញុំ ម៉េង​ក្លាយ​ជា​សត្រូវ​របស់ខ្ញុំ​។ ហើយ​តើ​មុខរបរ​របស់​ម៉េង នឹង​ជួបប្រទះ​អ្វីខ្លះ នៅ​ក្នុង​ស្ថានភាព​ដែល​ទទួល​ការ​គាំទ្រ​ពី​ខ្ញុំ​ផ្នែក​មុខរបរ​…​អាហ្នឹង​និយាយ​ឱ្យ​វា​ច្បាស់​អំពី​កន្លែង​ហ្នឹង​។ បើ គិត ម៉េង បន្ត​ទៅតាម​សំណូមពរ​របស់​លោក គិត ម៉េង នឹង​ខ្ញុំ ក្លាយ​ជា​សត្រូវ​។ ហើយ​តើ​អ្វី​វា​នឹង​កើត​ចំពោះ គិត ម៉េង។ ចំពោះ​មុខរបរ​របស់​គិត ម៉េង​លោក​ត្រូវ​ដឹង​ហើយ ហ៊ុន សែន ជា​អ្វី​។ លោក​ត្រូវ​ដឹង​។ បើ​ទោះ​គ្រាន់តែ​មេ​បក្ស​ប្រឆាំង ក៏​ហ៊ាន​ដាក់​ខ្នោះ​ទាំង​យប់​ដែរ វា​រឿង​អី​ដែល​ត្រូវ​ពិបាក»

ការព្រមាន​លោក គិត ម៉េង នេះ ក៏​ជា​សញ្ញា​ដាស់​ដល់​ឧកញ៉ា​ដទៃ​ទៀត​ដែរ ថា ឧកញ៉ា​ទាំងនោះ មិន​អាច​ងាក​ចេញពី​លោក ហ៊ុន សែន បាន​ឡើយ ព្រោះថា រា​ល់​មុខ​របរ​ជួញដូរ​របស់​ពួកគេ គឺ​ស្ថិត​នៅ​លើ​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន និង​ក្រុមគ្រួសារ​របស់​លោក។

ការធ្វើ​ដូច្នេះ ដោយហេតុថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្បាម​យក​ក្រុម​អ្នកមាន ទ្រព្យធន​ឱ្យ​មក​នៅ​ជុំវិញ​ខ្លួន​នេះ ជា​មធ្យោបាយ​ដ៏​សំខាន់ ដែល​ជា​ប្រភព​ធនធាន ក្នុង​ការ​ជួយ​ទ្រទ្រង់​បក្ស​នេះ​។ គណបក្ស​ប្រជាជន​កម្ពុជា ប្រើប្រាស់​កងកម្លាំង​របស់​ជាតិ ដើម្បី​ការពារ​អំណាច បក្ខពួក និង​ក្រុម​ឧកញ៉ា នរណា​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន បាន​ច្បាម​យក​អំណាច​ទាំងអស់​នៅ​ក្នុង​ដៃ រាប់ទាំង​មន្ត្រីរាជការ​ស៊ីវិល ប៉ូលិស​ទាហាន និង​កង​អង្គរក្ស​ផ្ទាល់ខ្លួន របស់​លោក​ថែមទៀត​។ មេទ័ព​ធំៗ បាន​ប្រកាស​ការពារ​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​ការពារ​រដ្ឋាភិបាល​។

មេដឹកនាំ​ទាំងនេះ ថែមទាំង​ព្រមាន​ពលរដ្ឋ​ទៀត​ថា បើសិនជា​ក្រុម​អ្នកណា​ហើយ ហ៊ាន​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ គឺ​ត្រូវ​ត្រៀម​ក្ដាម​មឈូស​ទុក​ឱ្យ​ហើយ ជាដើម​។ ក្រៅ​ពី​នេះ​ទៀត នៅ​គ្រប់​ករណី​ជម្លោះដីធ្លី​ទាំងអស់ ក្រុម​ឧកញ៉ា ដែល​ជា​ម្ចាស់​ក្រុមហ៊ុន តែងតែ​ប្រើប្រាស់​កងកម្លាំង​របស់​ជាតិ រួម​ទាំង​ស្ថាប័ន​តុលាការ​ផង ដើម្បី​ការពារ​ក្រុមហ៊ុន ឬ​ទៅ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន​។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ក្រុម​មនុស្ស​ចេញពី​ត្រកូល កសិករ បែរ​ជា​មិនបាន​ការពារ​កសិករ​ក្រីក្រ​ឡើយ​។ គណបក្ស​នេះ​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ ជួយ​គ្នា​ទៅវិញ​មក ដើម្បី​លាភសក្ការៈ និង​បុណ្យ​ស័ក្ដិ។

មន្ត្រី​យោធា នគរបាល​កំពូលៗ សុខចិត្ត​ប្ដូរ​កេរ្តិ៍ឈ្មោះ​កិត្តិយស ដើម្បី​ការពារ​របប​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​បាន​មកវិញ​នូវ បុណ្យ​ស័ក្ដិ និង​ទ្រព្យធន ជាក់ស្ដែង របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​ដាក់​ឧត្ដមសេនីយ៍ ១២​នាក់ ក្នុង​បញ្ជី​ឈ្មោះ​អាក្រក់​លើ​ពិភពលោក ដោយសារតែ​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស ដើម្បី​ធ្វើជា​ជា​ខ្នងបង្អែក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​។

ជា​សរុប​សេចក្ដី​ទៅ គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​នយោបាយ ដើម្បី​ការពារ​ក្រុម​ឧកញ៉ា​មាន​ទ្រព្យធន និង​អំណាច​បក្ខពួក ក្រុម​គ្រួសារ​របស់​ខ្លួន មិនបាន​ការពារ​សន្តិ​សុខ​ជូន​ពលរដ្ឋ បំភិតបំភ័យ និង​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ជាប់​ពន្ធនាគារ និង​ស្លាប់​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ​។

បក្ស​នេះ​ដឹកនាំ​កាន់តែ​យូរ ធ្វើ​ឱ្យ​មាន​គម្លាត​រវាង​វណ្ណ​អធន និង វណ្ណៈ​មូលធន​កាន់តែ​ច្រើន ហើយ​ប្រែក្លាយ​ក្រុម និង​បក្ខ​ពួក​ខ្លួន​កាន់តែ​មានទ្រព្យ​ស្ដុកស្ដម្ភ​រស់នៅ​ប្រៀប​ដូច​ក្នុង​ឋានសួគ៌​លោកិយ មិន​អាច​អ្នកណា​ប្រដូច​បាន ដែល​ជា​គំរូ​របស់​មេដឹកនាំ​ផ្ដាច់ការ​តែងតែ​យក​អនុវត្ត​យុទ្ធសាស្ត្រ​បែបនេះ នៅ​ទន្ទឹម​នឹង ប្រជាពលរដ្ឋ​មួយ​ចំនួន​ស្ទើរតែ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "បទ​វិភាគ៖ តើ​កត្តា​អ្វីខ្លះ​ដែល​បក្ស​កាន់​អំណាច​ក្លាយ​​ជា​បក្ស​ការពារ​ក្រុម​មូលធននិយម​និង​គ្រប់គ្រង​អំណាច​ដល់​សព្វថ្ងៃ?"

  1. Sam says:

    Simple and no need brain surgeon or rocket scientist to explain:
    Rules of thumb.
    first start with Hun Sen legitimacy to rule (mainly from international recognition, esp the West). The International community is very much eager to help as they were guilty when they ignored Cambodian plight during 1975-1979. So Hun Sen appears to be rule Cambodia at the right time and the right opportunity (The cold war came to end)

    1st,too but 2nd tier: Hun Sen willingness to give big carrot and stick at the same time. And his leadership style focus on ” I scratch yours , You scratch mine and we share the fruitful result together. ”

    3rd tier: Cambodian people were dirt poor after the war ended. They were so tired and so sick to another fight war and no concern in another politic quarrel. What they want is to build their own lives. The International community alike appears to give him a big room to maneuver as long as he can keep the peace by giving enough space for people to breath and making a living. It is just right time and mandate from heaven.

    4th tier: Economic miracle, It is also the right time and opportunity and happens to be the Chinese who come to dominate the word affairs, esp with her economic powerhouse within 20 years. Hun sen got good connection from late king Sihanouk. Then he uses this talent to hit two birds with one stone. 1. Give the Chinese’s favorable concession and in return get the Chinese to open her pocket book and wide range of support and 2). at the same time, he is able to reign in control of royal family and catch 22 as the late king Sihanouk and Chea sim left the world. See the puzzle pieces fallen into places.