លោក​ ហ៊ុន សែន៖ នយោបាយ​រង់ចាំ​ ហ៊ុន សែន ងាប់ ​រង់ចាំ​ជាតិ​ក្រោយ

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ថត​សែល​ហ្វ៊ី ជាមួយ​កម្មការិនី កាលពីថ្ងៃ​ម្សិលមិញ​​​។ ហ្វេស​ប៊ុក SPM




ភ្នំពេញប៉ុស្តិ៍

កណ្ដាលៈ លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​កាល​ពី​ម្សិលមិញ​បាន​អះអាង​ថា នាយក​រដ្ឋមន្ត្រី​រូប​នេះ​មិន​ងាយ​ស្លាប់​នោះ​ទេ ហើយ​ថែម​ទាំង​ផ្ញើសារ​បែប​ចំអក​ឡកឡាយ​ដល់​គូភាគី​ប្រឆាំង កុំ​រង់ចាំ​លោក​ស្លាប់ ដើម្បី​បង្កើត​ឲ្យ​មាន​ចលនា​តស៊ូ​គ្រប់គ្រង​អំណាច ហើយ​ប្រាប់​កម្មករ​កុំ​ឲ្យ​បារម្ភ​រឿង EBA។

លោក​បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​ជាង ១ ម៉ឺន​នាក់​នៅ​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដា​ល ​កាល​ពី​ម្សិល​មិញ​ ​ដោយ​ថ្លែងថា​៖ ​«​អ្នក​ខ្លះ​ថា​ លោក​ ​ហ៊ុន​ ​សែន​ ​ឈឺ ​រង់​ចាំ​លោក​ ​ហ៊ុន​ សែន​ ងាប់​។​ ណែ​ ​អា ន​យោ​បាយ​រង់​ចាំ ​ហ៊ុន​ ​សែន ​ងាប់​ ​ចាំ​ជាតិ​ក្រោយ​ចុះ​អូន​។ អា​នេះ​មិន​ងាយ​ងាប់​ទេ ​ហើយ​ការ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​ ហ៊ុន​ ​សែន​ ​ដោយ​ហិង្សា​មិន​អាច​ទៅ​រួច​ទេ»។​

លោក​ ហ៊ុន​ ​សែន​ ថ្លែង​​ថា​៖ ​«​ធ្វើ​នយោ​បាយ​បន់​ឲ្យ​គេ​ងាប់? ​អ៊ី​ចឹ​ង​វា​ជា​តិ​រច្ឆាន​សុទ្ធ​ហើយ​។​ ​អ៊ី​ចឹង​បើ​រង់​ចាំ​ ហ៊ុន​ ​សែន​ ងាប់​ ដើម្បី​បង្កើត​ឲ្យ​មាន​ចល​នា​តស៊ូ​គ្រប់​គ្រង​អំណាច​ ​រង់​ចាំ​ជាតិ​ក្រោយ​ទៅ ។​ ​ហ៊ុន​ ​សែន ​មិន​ងាយ​ងាប់​ទេ ​ហើយ​ពូជ​ ហ៊ុន​ ​សែន​ គ្មាន​អ្នក​ណា​មួយ​មាន​ជំងឺ​ខួរ​ក្បាល​ទេ​តាំង​ពី​ជី​ដូន​ជីតា ​ឪ​ពុក​ម្ដាយ​អត់​មាន​អ្នក​ណា​មាន​ជំងឺ​អ្វី​ដែល​គួរ​ឲ្យ​តក់​ស្លុត​ទេ»។

​លោក​ ហ៊ុន ​សែន​ ​អះអាង​ថា​ អ្នក​ផ្សេង​មិន​អាច​ដឹង​​ថា ​តើ​នា​យក​រដ្ឋ​មន្ត្រី​រូប​នេះ​​កំពុង​គិត​ពី​អ្វី​ទេ​ ​ហើយ​មិន​ដឹង​ថា ​​ងាក​ទៅ​ឆ្វេង​ ឬ​ទៅ​ស្ដាំ។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ភា​គី​គូ​នយោបាយ​​ប្រឆាំង​ មិន​ដែល​​ឈ្នះ​ការ​ប្រកួត​ជា​មួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត។​

​លោក​ ហ៊ុន​ ​សែន​ ថ្លែង​​ថា៖​ «​ប៉ុន្តែ​ងាក​ឆ្វេង​ឬ​ងាក​ស្ដាំ​ ​ប្រទេស​នេះ​មិន​ដែល​ក្រ​ឡាប់​ចាក់​ដោយសារ​ការ​ងាក​ឆ្វេង​ ​ឬ​ងាក​ស្ដាំ​ ទៅ​មុ​ខ​ ទៅ​ក្រោយ​របស់​ ហ៊ុន​ ​សែន​ ទេ​។​ មិន​ដែល​ទេ​ មាន​តែ​ដំណើរ​ទៅ​មុខ​បន្ដិច​ម្ដងៗ»។

​លោ​ក​បាន​រំឭក​ថា ​កាល​ពី​ក្រោយ​សង្គ្រាម​ ​មាន​ការ​ធានា​លោក​ឲ្យ​ទៅរ​ស់​នៅ​ប្រ​ទេស​ទី៣​ ​រួម​មាន​ កា​ណា​ដា​ បារាំង​ ​និង​អូស្ត្រាលី​ ​ប៉ុន្តែ​លោក​មិន​បានរត់​ចោល​ប្រជាជន​ កម្ពុជា ​ទេ​ ហើយ​សុខ​ចិត្ត​នៅ​ខាំ​ស្មៅ​ជា​មួយ​ប្រជាជន​កម្ពុជា។

​​ទោះ​យ៉ាង​ណា​ក៏ដោយ​លោ​ក ​គិន​ ភា​ ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​មើល​ឃើញ​ថា ​ការ​លើក​ឡើង​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី​អំពី​ការ​បន់​ឲ្យ​លោក​ស្លាប់​នោះ​ គឺ​លោក​ ​ហ៊ុន​ សែន ចង់​សំដៅ​ទៅ​លើថ្នាក់​ដឹក​នាំ​​នៃ​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​មាន​អ្នក​ខ្លះ​​តែង​តែ​​បង្ហោះ​សារ​ ​នៅ​លើ​ហ្វេស​ប៊ុក​ ​ឬ​យូ​ធូប ​មាន​លក្ខណៈ​ប្រមាថ​ដល់​លោក​នាយក​រដ្ឋមន្ត្រី។

លោក សម រង្ស៊ី ប្រធាន​អតី​តគណបក្ស​សង្គ្រោះជាតិ។ ហុង មិនា


​​លោក ​គិន​ ​ភា ​ថ្លែង​ថា​៖​ ​«​(​ការ​បន់​ឲ្យ​លោក ​ហ៊ុន ​សែន​ ស្លាប់)​ ពួក​គាត់ ​(​ក្រុម​បក្ស​ប្រ​ឆាំង​)​​ ធ្លាប់​បាន​អំពាវ​នាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ឈប់​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋា​ភិបាល​ ​ហើយ​បែរ​កាណុង​ទៅ​ប្រឆាំង​នឹង​រដ្ឋា​ភិ​បាល​វិញ។​ ​មាន​ន័យ​ថា ​ពួក​គាត់​ចង់​បង្វែ​រការ​តស៊ូ​ដោយ​ការ​តស៊ូ​មតិ ទៅ​ជា​ការ​តស៊ូ​ដោយ​ចុង​កាណុង»។

លោក​ ​គិន​ ​ភា ​អះ​អាង​​ថា​ កត្តា​សុខ​ភាព​ ជា​កត្តា​ដែល​អ្នក​នយោ​បាយ​តែង​អួត​ដាក់​គ្នា ​រឿង​​ជាក់​ស្ដែង​គ្មាន​អ្នក​ណា​មើល​ឃើញ​សេច​ក្តី​ស្លាប់​ដោយ​កត្តា​សុខភាព​ទេ។​

​លោក​ ​ភា ​ថ្លែង​ថា​៖ «​ប៉ុន្តែ​កត្តា​ប្រដាប់​អាវុធ​វិញ ​មិន​អាច​ទៅ​រួច​ទេ​ព្រោះ​កង​កម្លាំង​ប្រដាប់​អា​វុធ​មាន​ស្វាមី​ភក្ដិជា​មួយ​លោក​ ហ៊ុន​ ​សែន ​រក្សា​សន្តិ​ភាព​ ​និង​សមិទ្ធ​ផល​ដែល​បាន​សម្រេច​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ហ៊ុន​ ​សែន។​ ​ការ​អំពាវនាវ​ឲ្យ​កង​ទ័ព​ឈប់​ស្ដាប់​បង្គាប់​វា​ជា​រឿង​​ឥត​ប្រយោជន៍» ។​

​​លោក​ ​ឡៅ​ ​ម៉ុង​ហៃ ​អ្នក​វិភាគ​នយោ​បាយ​យល់​ថា​តាម​ប្រវត្តិ​​សាស្ត្រ​របស់​ប្រ​ទេស​កម្ពុជា​ ​ការ​ប្រកួត​ប្រជែង​ដោយ​សន្តិ​វិធី​មិន​ដែល​ឈាន​ដល់​ការ​ផ្លាស់​ប្ដូរ​មេ​ដឹកនាំ​ទេ។​

លោក​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​ មិន​ចង់​មាន​គូ​ប្រកួត​ដែល​ខ្លាំង​ទេ។​ «​តាម​រយៈ​កាត់​ក្បាល ​និង​រំលាយ​គណ​បក្ស​ប្រឆាំង នាយ​ក​រដ្ឋ​មន្ត្រី​របស់​យើង​មិន​អាច​អត់​ធ្មត់​ចំពោះ​គូ​ប្រកួត​ដែល​ខ្លាំង​ណា ១ ទេ»។

​លោក​ ហ៊ុន​ ​សែន​ ក៏​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​​រឿង​ EBA​ ដែរ​​ដោយ​លោក​បាន​អរ​គុណ​ដល់​ពល​រដ្ឋ​កម្ពុជា​ដែល​មិន​​មាន​ការ​តក់​ស្លុត​ ចំពោះ​អ្វី​ដែល​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ។​

​លោក​ថ្លែង​ថា៖​ «​រឿង​ទៅ​មុខ​ ក្មួយ​ចាំ​មើល​ទៅ ​ពូ​បាន​បញ្ជាក់​ថ្ងៃ​មុន​ហើយ ​ដរាប​ណា​ក្មួយៗ​មាន​ការងារ​ធ្វើ​និង​ប្រាក់​ចំណូល​ ​ក្មួយ​កុំ​ខ្វល់​ថា​អ្នក​ណា​និយាយ​ពី​អ្វី​​ពូ​មាន​ការ​លើក​ទឹក​ចិត្ត​ណាស់ ​មិន​បាន​ឃើញ​ប្រជា​ពល​រដ្ឋ​របស់​​​យើង​​មាន​ការ​តក់ស្លុត​ជា​មួយ​នឹង​អ្វី​ដែល​ជា​ការ​បំ​ផុស​សង្គ្រាម​ចិត្តសាស្ត្រ​ទេ»។​

​ជា​ការ​បញ្ឈឺ​ដល់​លោក​ ​សម​ រង្ស៊ី​ ​លោក​ ហ៊ុន​ សែន​ ​បាន​ស្នើ​ឲ្យ​មាន​ការ​ចាក់​​​ចម្រៀង​មួយ​បទ​ដែល​លោក​​ទើប​តែង​ថ្មី​ៗ​ ​គឺ​បទ ​«​ទទា​យំ​ឆ្លង​» ​​សម្រាប់​ការ​រាំ​កម្សាន្ត​នា​នា​នៅ​ឆ្នាំ​ ២០១៩​ នេះ៕​


Contact author: នៀម ឆេង

What Next?

Recent Articles