លោក ហ៊ុន សែន ប្រកាស​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​បង្កើត​ក្រុម​មេធាវី​ជួយ​ស្ត្រី​ក្រីក្រ ខណៈ​ប្រព័ន្ធ​យុត្តិធម៌​រង​ការរិះគន់

ដោយ មួង ណារ៉េត
2019-02-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​មេធាវី គី តិច ចេញ​ពី​រថយន្ត​ដើរ​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​បំភ្លឺ​ចំពោះ​ពាក្យ​បណ្ដឹង​ប្ដឹង​លោក សម រង្ស៊ និង​អ្នកស្រី ថាក់ ឡានី នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៦។ RFA
លោក​មេធាវី គី តិច ចេញ​ពី​រថយន្ត​ដើរ​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​បំភ្លឺ​ចំពោះ​ពាក្យ​បណ្ដឹង​ប្ដឹង​លោក សម រង្ស៊ និង​អ្នកស្រី ថាក់ ឡានី នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៦។ RFA


មេដឹកនាំ​របប​ក្រុងភ្នំពេញ​ប្រកាស​ជា​ផ្លូវការ​ថា នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​បង្កើត​ក្រុម​មេធាវី​ជួយ​ស្ត្រី​ក្រីក្រ​ដែល​គ្រប​ដណ្ដប់​ទាំង​ស្ត្រី​កម្មករ​រោងចក្រ។ រីឯ​សង្គម​ស៊ីវិល និង​អ្នកវិភាគ យល់ថា ការ​បង្កើត​ក្រុម​មេធាវី​នេះ គ្រាន់តែ​ឱ្យ​ល្អមើល​ប៉ុណ្ណោះ តែ​មិន​អាច​ជួយ​ស្ត្រី​ក្រីក្រ​រងគ្រោះ បានទេ ប្រសិនបើ​មិន​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល សាធារណៈ​និង​ប្រព័ន្ធ​យុត្តិធម៌​ទាំងមូល​នោះ​ទេ​។

លោក ហ៊ុន សែន ប្រកាស​ថា លោក​បាន​ត្រៀម​ថវិកា​ចំនួន​៥០​ម៉ឺន​ដុល្លារ​រួចជាស្រេច ដើម្បី​បង្កើត​ក្រុម​មេធាវី​“​តេជោ​សែន​” សម្រាប់​ការពារ​ក្ដី​ឱ្យ​ស្ដ្រី ក្រីក្រ​នៅ​កម្ពុជា​រាប់ទាំង​កម្មការិនី​រោងចក្រ​ផង​ដែរ ប៉ុន្តែ​លោក​មិន​បង្ហាញ ជំហរ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដែល​កំពុង​រង​ការ​រិះគន់​ថា ញាំញី ដោយ​អំពើពុករលួយ និង​មិន​ឯករាជ្យ​នោះ​ទេ។

ថ្លែង​ក្នុង​កម្មវិធី​ស្វែងរក​ការ​គាំទ្រ​ពី​កម្មករ​-​កម្មការិនី​នៅ​ខេត្ត​កណ្តាល ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ លោក ហ៊ុន សែន បញ្ជាក់​ថា ក្រុម​មេធាវី​ដែល​លោក​បង្កើត​ឡើង នេះ មាន​គោលដៅ​ជាក់លាក់​ជួយ​តែ​ស្ត្រី​ក្រីក្រ និង​កម្មការិនី​រោងចក្រ ប៉ុណ្ណោះ ប៉ុន្តែ​រឿង​ក្តី​ឈ្នះ​ឬ​ចាញ់​លោក មិន​ធានា​នោះ​ទេ ព្រោះ​ឋិត​នៅ លើ​ចៅក្រម​កាត់​សេចក្ដី​។ លោក ហ៊ុន សែន បន្ត​ថា លោក​កំពុង​ចាត់តាំង ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​កម្ពុជា លោក គី តិច ឱ្យ​រៀបចំ​បង្កើត​ក្រុម មេធាវី​នេះ​ឱ្យ​បាន​ឆាប់​បំផុត៖ «នេះ​មិនមែន​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​ទេ គឺជា​ថវិកា​របស់ខ្ញុំ​ដែល​ប្រមូល​គ្នា ដើម្បី​រៀបចំ​ឱ្យ​មាន​ក្រុម​មេធាវី​របស់​តេជោសែន មួយ​សម្រាប់​ការពារ​កូនក្ដី​ឱ្យ​ស្ដ្រី​ក្រីក្រ។ ខ្ញុំ​គិត​ថា ដំបូង​ខ្ញុំ​ឱ្យ​តែ​៣០​នាក់​ទេ ប៉ុន្តែ​ឥឡូវ​មិន​អាច​ទេ មួយ​ខេត្ត យ៉ាងតិច​ត្រូវ​មាន ២​នាក់ អ៊ីចឹង​ត្រូវ​មាន​៥០​នាក់ បូក​ទាំង​ក្បាលម៉ាស៊ីន យើង​អាច​ដាក់​ប្រធាន​១ និង​អនុប្រធាន​៤ ដោយសារតែ​យើង​មាន សាលាឧទ្ធរណ៍​៤​ភូមិភាគ អ៊ីចឹង​អនុប្រធាន​ទាំង​៤ គឺ​កាន់​ការងារ​នៅ​តាម​ភូមិភាគ ដើម្បី​ការពារ​ឱ្យ​ស្ត្រី ដែល​ឥឡូវនេះ អ្នកខ្លះ​កំពុង​នៅ ជាប់ឃុំ​ឃាំង​កំពុង​ខ្វះ​មេធាវី កាត់​ក្តី​អត់​កើត។ នេះ​ជា​គោលនយោបាយ​របស់​ស្ត្រី​យើង​។ ខ្ញុំ​នឹង​ធ្វើ​រឿង​នេះ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ហើយ​ចាប់ផ្ដើម​ចេញ​ដំណើរ។​ក្មួយៗ​ជា​កម្មករ កម្មការិនី ពេល​ដែល​មានរឿង​ក្តី​កើតឡើង កុំ​ភ្លេច​រក​មេធាវី​របស់​ពូ ដើម្បី​ការពារ​ក្តី​ដោយ​មិន​យក​ប្រាក់»

សង្គម​ស៊ីវិល និង​អ្នកវិភាគ យល់ថា ការ​បង្កើត​ក្រុម​មេធាវី​នេះ មិន​អាច​ជួយ​ដល់​ស្ត្រី​ក្រីក្រ​រងគ្រោះ​បាន​ច្រើន​នោះ​ទេ គឺ​លោក ហ៊ុន សែន គ្រាន់តែ​ចង់ កេង​ចំណេញ​ប្រជាប្រិយភាព​នយោបាយ​ពី​ពលរដ្ឋ ជាពិសេស​ពី​កម្មការិនី រោងចក្រ​ដែល​កំពុង​ប្រឈម​ផល​ប៉ះពាល់​ពី​ការ​ផ្តាច់​ប្រពន្ធ​អនុគ្រោះ​ពន្ធ EBA ​របស់​សហភាព​អឺរ៉ុប។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា មានប្រសាសន៍ថា ការ​ផ្តល់​មេធាវី​ការពារ​ក្តី​ឱ្យ​ស្ត្រី​ក្រីក្រ​ដោយ​ឥត​បង់ថ្លៃ​នេះ គឺ​គ្រាន់តែ​ចូលរួម ដំណើរការ​ក្នុង​តុលាការ​ប៉ុណ្ណោះ តែ​មិន​ប្រាកដ​ថា​អាច​ស្វែងរក​យុត្តិធម៌​ជូន ស្ត្រី​ក្រីក្រ​រងគ្រោះ​នោះ​ទេ ខណៈ​ដែល​ស្ថាប័ន​តុលាការ នៅតែ​ត្រូវ​គេ​មើល​ឃើញ​ថា មិន​ឯករាជ្យ ស្ថិត​ក្រោម​សម្ពាធ​នយោបាយ និង​ពុករលួយ​។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ទាំងមូល​វិញ ទើប​អាច​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ និង​ជាទី​ពឹង​របស់​ប្រជាពលរដ្ឋ​គ្រប់រូប៖ «ធ្វើកំណែទម្រង់​ច្បាស់លាស់​មួយ​ដដែល​មាន​ឆន្ទៈ​ពិតប្រាកដ។ការ​ធ្វើ​កំណែ​ទម្រង់​នេះ ធ្វើ​ឡើងជា​ប្រព័ន្ធ ដែល​មានន័យថា តាំងពី​ប្រព័ន្ធ​ប្រតិបត្តិ​ច្បាប់​របស់​មន្ត្រី​ថ្នាក់ក្រោម មន្ត្រីនគរបាល​យុត្តិធម៌ រហូតដល់​ទៅ​នីតិវិធី​របស់​តុលាការ​តាំងពី​តុលាការ​ជាន់​ទាប និង​ជាន់ខ្ពស់​ជាដើម ដើម្បី​ឱ្យ​អំណាចតុលាការ​ទាំងអស់​នេះ​មាន​ឯករាជ្យភាព​របស់​ខ្លួន​ក្នុង​ការ​សម្រេច​សេចក្ដី​ដោយ​ឈរ​លើ​វិជ្ជាជីវៈ និង ឆន្ទានុសិទ្ធិ​ច្បាស់លាស់ និង​គ្មាន​សម្ពាធ​នយោបាយ​ឬក៏​មិន​ពាក់ព័ន្ធ​នឹង​និន្នាការ​នយោបាយ​ជាដើម។

លោក ស៊ឹង សែន​ករុណា លើកឡើង​ថា ស្ត្រី​ដែល​ងាយរងគ្រោះ​ដោយ​ភាព​អយុត្តិធម៌​ភាគច្រើន គឺជា​ក្រុម​ស្ត្រី​ដែល​តែងតែ​ទាមទារ​សិទ្ធិ​សេរីភាព ទាមទារ​ដីធ្លី​ផ្ទះសម្បែង និង​ផ្នែក​នយោបាយ​ជាដើម។ លោក​សង្កេត​ឃើញ​ថា កន្លងមក​មាន​ក្រុម​ស្ត្រី​សហគមន៍​រងគ្រោះ​ដីធ្លី​ជាច្រើន ត្រូវ​បាន​ចោទប្រកាន់ និង​ចាប់ខ្លួន​ទាំង​អយុត្តិធម៌​ជា​បន្តបន្ទាប់​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន និង​ក្រុម​អ្នក​មាន​អំណាច​មួយ​ចំនួន៖ «កន្លងមក​ស្ត្រី​សហគមន៍​ទាំងអស់​នេះ បាន​ប្ដឹង​ទៅលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រុមហ៊ុន​ដែល​មាន លុយ​មានអំណាច​តែ​ខាង​តុលាការ​អត់​មាន​ចាត់វិធានការ​ចំពោះ​ពាក្យ​ពាក្យ​បណ្ដឹង​របស់​គាត់​ដែល​គេ​ធ្វើបាប​ធ្វើទុក្ខបុកម្នេញ​គាត់​អី​ទេ។ ដោយឡែក ប្រសិនបើ​ខាង​ក្រុមហ៊ុន និង​រដ្ឋអំណាច​ប្ដឹង​ស្ត្រី​ទាំងនោះ គឺ​ខាង​តុលាការ ចាត់វិធានការ​វិញ ដោយ​ចោទប្រកាន់ និង​ចាប់​ពួកគាត់ យក​ទៅ​ឃុំខ្លួន​ជាដើម។ ករណី​ទាំងនេះ គ្មាន​ពន្លឺ​យុត្តិធម៌​ទេ។ ករណី​ផ្សេងទៀត ចំពោះ​អ្នក​មាន​អំណាច​ខ្ពង់ខ្ពស់​មាន​ស្រី​កំណាន់​ហើយ ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ទាំងអស់ នោះ ដោយ​មានការ​គំរាមកំហែង​ផ្សេងៗ និង​ការ​ជះ​ទឹក​អាស៊ីដ​ជាដើម ប៉ុន្តែ​ដំណើរការ​ក្នុង​រឿង​ក្តី​របស់​ស្ត្រី​ទាំង អស់នេះ គឺ​អត់​មាន​ឃើញ​ការ​ផ្ដន្ទាទោស​ចំពោះ​ជន​មានអំណាច​ទាំង​នោះ​ទេ»

រីឯ​អ្នកវិភាគ​នយោបាយ​ដែល​រត់​ភៀសខ្លួន​គេច​ពី​ការ​តាម​ចាប់​របស់​របប លោក ហ៊ុន សែន​គឺ​លោក គឹម សុខ មានប្រសាសន៍ថា ប្រសិនបើ លោក ហ៊ុន សែន ចង់​ជួយ​ផ្ដល់​សេវា​ផ្លូវច្បាប់​ដល់​ស្ត្រី​ក្រីក្រ​រងគ្រោះ​មែន​នោះ គឺ​គ្រាន់តែ​ផ្តល់​ជំនួយ​បន្ថែម​ដល់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ក៏បាន​ដែរ​ព្រោះ​ស្ថាប័ន​នេះ មានកម្ម​វិធី​ជួយ​ដល់​ជន​ក្រីក្រ​ដែល​មក​ពឹង​ពាក់​មេធាវី​រួចជាស្រេច មិន​ចាំ​បាច់​បង្កើត​ក្រុម​មេធាវី​ផ្ទាល់ខ្លួន​ដែល ចំណាយ​លុយ​ច្រើន​ឥតប្រយោជន៍​នោះ​ទេ។ លោក​យល់ថា ការ​បង្កើត ក្រុម​មេធាវី​នេះ គ្រាន់តែ​លួងលោម​កម្មការិនី​ដែល​កំពុង​ព្រួយបារម្ភ​រឿង បាត់បង់​ការងារ​ដោយសារ​សហភាព​អឺរ៉ុប ត្រៀម​ដកហូត​ប្រព័ន្ធ​អនុគ្រោះ ពន្ធ EBA​នៅ​ពេល​ខាងមុខ​៖ «រឿង​អយុត្តិធម៌​នៅ​កម្ពុជា មិនមែន​កើតឡើង​ដោយសារតែ​ដំណើរការ​កាត់​សេចក្ដី​នៅ​ក្នុង​តុលាការ ដោយ​ព្រោះតែ​គ្មាន​មេធាវី​ទេ ។ គ្រប់​រឿងក្តី​ទាំងអស់ អា​ចរក​មេធាវី​មក​ការពារ​ក្តី​បាន ទាំង​មេធាវី​នៅ​តាម​អង្គការក្រៅរដ្ឋាភិបាល ទាំង​មេធាវី​នៅ ក្នុង​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​រឿង​អយុត្តិធម៌​កើតឡើង​ដោយសារ​ប្រព័ន្ធ​អយុត្តិធម៌​នៃ​តុលាការ គឺ​ចៅក្រម​និង​មន្ត្រី​យុត្តិធម៌​ផ្សេងៗ​ទៀត មាន​ប៉ូលិស​ប៉េអិម​ជាដើម ចាត់​ទុក​ជន​ត្រូវ​ចោទ ឬ​ជនជាប់ចោទ​និង​ជនសង្ស័យ​គឺជា​ទំនិញ​សម្រាប់​ចម្រាញ់​យក​ប្រយោជន៍​លុយ​កាក​ដោយ ពុករលួយ។ ខ្ញុំ​ធ្លាប់​ជាប់គុក​នៅ​ព្រៃ​ស គឺ​គ្រប់​ករណី​ទាំងអស់​ដើម្បី​ដោះស្រាយ គេ​និយាយ​តែ​រឿង​លុយ​ប៉ុណ្ណោះ»

លោក គឹម សុខ មិន​រំពឹង​ថា ស្ថាប័ន​ថ្មី​នេះ អាច​ជួយ​ស្ត្រី​ក្រីក្រ​បានទេ ព្រោះ កន្លងមក​លោក ហ៊ុន សែន ធ្លាប់​បង្កើត​គណៈកម្មការ​ដោះ​ស្រាយ​ជម្លោះ ដីធ្លី និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត ប៉ុន្តែ​ស្ថាប័ន​ទាំងនោះ ធ្វើការ​មិន​មាន​ប្រសិទ្ធភាព​ឡើយ ហើយ​បញ្ហា​ដីធ្លី​នៅតែ​បន្ត​រាំ​រ៉ៃ និង​ចំណាយ​លុយ ជាតិ​ឥតប្រយោជន៍​ប៉ុណ្ណោះ។ លោក គឹម សុខ យល់ថា ដើម្បី​ជួយ​ស្ត្រី​ក្រីក្រ​ក្ដី និង​ពលរដ្ឋ​រងគ្រោះ​ផ្សេងទៀត​ក្តី គឺ​មានតែ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ និង​ប្រព័ន្ធ​យុត្តិធម៌​នោះ​ទេ៖ «រឿង​ធំ​២​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​។ ទី​១​ពង្រឹង​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​របស់​ខ្លួន​ឱ្យ​រឹងមាំ​តាំងពី​អាជ្ញាធរ និង​នគរបាល​ភូមិ​-​ឃុំ​-​សង្កាត់​រហូតដល់​ថ្នាក់​ជាដើម ដើម្បី​ឱ្យ​ពួកគាត់​ធ្វើការ​ឱ្យ​បាន​ត្រឹមត្រូវ​និង​ធានា​អំពី​ប្រតិបត្តិ​ការដែល​ឆ្លើយតប​នឹង តម្រូវការ​ជាក់ស្ដែង​របស់​ជនរងគ្រោះ និង​ដើម្បី​កុំ​ឱ្យ​អ្នកបម្រើ​ការងារ​រដ្ឋ​ទាំងនោះ​ទៅ​បម្រើ​នយោបាយ។ ទី​២ គឺ​ប្រព័ន្ធ​តុលាការ មន្ត្រី​យុត្តិធម៌ ប៉ូលិស ប៉េអិម ត្រូវតែ​មាន​ជំហរ​ឯករាជ្យ​ពិតប្រាកដ និង​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដែល​មានរឿង​ក្ដីក្ដាំ ដើម្បី​ធានា​នូវ​ពេល​មានរឿង​គាត់ រត់​ទៅ​រក​នគរបាល​យុត្តិធម៌​នូវ​មូលដ្ឋាន ហើយ​បើ​មិន​អាច​ដោះស្រាយ​បាន គឺ​អាច​រត់​ទៅ​រក​តុលាការ​បន្ត​ទៀត។ បើ​អាច​ធ្វើ​ករណី​នេះ​បាន នោះ​គឺ​បញ្ហា​សង្គម​នឹង​មាន​តិច​បំផុត»

លោក គឹម សុខ ក៏​សង្ស័យ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បង្កើត​ក្រុម​មេធាវី​នេះ​ដែរ ថា អាច​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដែល​ត្រូវ​ស៊ើបអង្កេត ទោះបីជា​លោក ហ៊ុន សែន អះអាង​ថា ការ​បង្កើត​ក្រុម​មេធាវី​នេះ មិន​ពាក់​ព័ទ្ធ​នឹង​ថវិកា​របស់​រដ្ឋ​ក៏ដោយ។

ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សួន វិសាល មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ជួយ​ផ្តល់​ថវិកា​ដល់​ស្ថាប័ន​នេះ ៩០០​លាន​រៀល ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ​ទូទៅ​ដែល​មក​ពឹង​ពាក់​មេធាវី។ ប៉ុន្តែ លោក​ថា ថវិកា​នេះ​មិន​អាច​ជួយ​ឱ្យ​ពួកគេ​ជួយ​ដល់​ជន​ក្រីក្រ​បាន​គ្រប់​ជ្រុង ជ្រោយ​នោះ​ទេ​។ លោក សួន វិសាល គាំទ្រ​ចំពោះ​ការ​បង្កើត​ក្រុម​មេធាវី​ជួយ​ដល់​ស្ត្រី​ក្រីក្រ​ដោយឡែក​នេះ ព្រោះ​អាច​ជួយ​ស្ត្រី​ក្រីក្រ​បាន​ទូលំទូលាយ ហើយ​ករណី​នេះ មិន​ពាក់ព័ន្ធ​នឹង​ឯករាជ្យភាព​របស់​មេធាវី​ឡើយ៖ «ការ​បង្កើត​យន្តការ​ដោយឡែក ក៏​ជា​រឿង​មួយ​ល្អ​ដែរ ដោយសារ​កិច្ចការ​ទាំងអស់​នេះ សម្ដេច​គាត់​គ្រប់គ្រង គឺថា​ពេល​គាត់​(ស្ត្រី​ក្រីក្រ) ត្រូវការ​ម៉ោង​ណា គឺ​គាត់​(​សម្ដេច​)​បញ្ជូន​ទៅ​ម៉ោង​នោះ ហើយ​គាត់​(​ស្ត្រី​ក្រីក្រ​)​មិន​អាច​ប្រើ​យន្តការ​ទូទៅ កាល​ណា​ប្រើ​យន្តការ​ទូទៅ​មាន​លក្ខណៈ លំបាក​ច្រើន​ដែរ។ ប៉ុន្តែ​ទន្ទឹម​នេះ សម្ដេច​ក៏​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ជន​ក្រីក្រ​ជា​លក្ខណៈ​ទូទៅ​ផង​ដែរ។ ដូច្នេះ​យើង​គាត់​ថា អាច​ជួយ​គ្នា​ទៅវិញ​ទៅ​មក មាន​លក្ខណៈ​ល្អ​ប្រសើរ»

របាយការណ៍​របស់​អង្គការ​លីកាដូ (Licadho) កាលពី​ចុង​ឆ្នាំ​២០១៨ បាន​រក​ឃើញ​ថា ក្នុងចំណោម​ជន​ជាប់ឃុំ​ចំនួន​ជាង ២​ម៉ឺន​ប្រាំ​ពាន់​នាក់ (២៥.៩២៦) មាន អ្នក​ជាប់ឃុំ​ជា​ស្ត្រី​ចំនួន​ជាង ២​ពាន់​នាក់​(.២៤៣) ហើយ​ប្រហែល​ពាក់​កណ្តាល​នៃ​ស្ត្រី​ដែល​បាន​ជាប់ឃុំ​ទាំងអស់​នោះ គឺ​មិនទាន់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​បទ​ល្មើស​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ។ លីកាដូ​អះអាង​ថា ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ច្រើន​ហួសហេតុ ធ្វើ​ឱ្យ​ស្ថានភាព​ពន្ធនាគារ​ដែល​ចង្អៀត​ណែន​ស្រាប់ កាន់តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​ផ្ដល់​ផល​ប៉ះពាល់​ដល់​ជន​ងាយ​រងគ្រោះ​មួយ​ចំនួន ដូចជា កុមារ​ដែល​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​សម្រាលកូន​ក្នុង​ពន្ធនាគារ។

លោក ហ៊ុន សែន អះអាង​ថា ស្ត្រី​ដែល​ជាប់​ពន្ធនាគារ​មិន​ទាន់​បាន​កាត់​ក្តី​ទាំងនោះ ព្រោះ​ដោយសារ​ខ្វះខាត​មេធាវី​ការពារ​ក្ដី ដូច្នេះ​លោក សង្ឃឹមថា ក្រុម​មេធាវី​ដែល​លោក​កំពុង​រៀបចំ​បង្កើត នឹង​អាច​ជួយ​ដោះស្រាយ​រឿង​នេះ។

ទោះ​យ៉ាងណា​អ្នកវិភាគ យល់ថា ក្រុម​មេធាវី​ដែល​លោក ហ៊ុន សែន បង្កើត​នេះ គឺ​គ្រាន់តែ​បង្កើត​ដើម្បី​ចែក​តំណែង​គ្នា​កាន់​ប៉ុណ្ណោះ ជាពិសេស ដើម្បី​ឱ្យ​លោក​មេធាវី គី តិច គ្រប់គ្រង បន្ទាប់ពី​មេធាវី​រូប​នេះ មាន​ស្នាដៃ រំលាយ​គណបក្សសង្គ្រោះជាតិ​កន្លងមក​។ ជាក់ស្ដែង លោក ហ៊ុន សែន ក៏បាន​សម្រេច​ឱ្យ​ភរិយា​របស់​អភិបាលខេត្ត​កំពង់ចាម​លោក គួច ចំរើន និង​ភរិយា​របស់​អង្គរក្ស​លោក​ម្នាក់ទៀត​ធ្វើជា​មេធាវី​ក្នុង​ក្រុម​មេធាវី​ដែល​លោក​បង្កើត​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles