អតីត​អ្នកទោស​និង​ភរិយា​​បន្ទោស​មន្ត្រី​ពន្ធនាគារ​ចំពោះ​ការ​ស្លាប់​លោក ​យា ថុង

នយោបាយ


លោក យា ថុង អតីតសមាជិកសកម្មជនគណបក្សសង្គ្រោះជាតិ ដែល​បាន​ជាប់​ពន្ធនាគាររយៈពេលជាង៣ឆ្នាំ បាន​ស្លាប់​បាត់បង់ជីវិតដោយសារជំងឺ បន្ទាប់ពីត្រូវបានដោះលែងឲ្យ​នៅក្រៅ​ឃុំ​។


04 មិនា 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

លោក យា ថុង គឺជា​ជន​ទី​១​ដែល​បាន​បាត់បង់​ជីវិត​ក្រោយ​ចេញ​ពី​ពន្ធនាគារ ខណៈ​អតីត​ចៅ​សង្កាត់​ប៉ោយប៉ែត​​​មកពី​គណបក្ស​សង្គ្រោះជាតិ​ គឺ​លោក ចៅ វាសនា កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ទាំង​មាន​ជំងឺ និង​មិន​ទាន់​មាន​ការ​ជំនុំ​ជម្រះ​ក្តី។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​ និង​មន្រ្តី​បក្ស​ប្រឆាំង​ធ្លាប់​ជាប់​ឃុំ​ជាច្រើន​រូប​ទៀត​ ក្លាយ​ជា​ជន​ដំបូង​ដែល​បាន​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​ក្រោយ​ចេញ​ពី​ពន្ធនាគារ​ ​បន្ទាប់​ពី​មាន​ការ​បង្រ្កាប​ និង​ចាប់​ឃុំ​ខ្លួន​ក្រុម​ប្រឆាំង​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក។

លោក​ យា ថុង​ គឺជា​អ្នក​ទិញ​លក់​ម៉ូតូ​នៅ​ផ្សារ​អូរឬស្សី​ និង​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​សកម្ម​មួយ​រូប។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៥​ និង​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ​ជាមួយ​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៨​នាក់​ផ្សេងទៀត​ ពីបទ​«ចូលរួម​ចលនា​កុប្បកម្ម​ដោយ​ហិង្សា»​ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៤។ ក្រោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារបាន​ជាង​៣ឆ្នាំ ​លោក​ត្រូវ​បាន​ដោះ​លែង​កាលពី​ខែសីហា​ ឆ្នាំ​២០១៨។​

អតីត​អ្នក​ទោស​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ «អ្នក​ទោស​នយោបាយ» ​រូប​នេះ​ បាន​បាត់​បង់​ជីវិត​ក្នុង​វ័យ​ ៤៥​ឆ្នាំ ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​ ដោយ​សារ​ជំងឺ​ពុក​ឆ្អឹង​ចង្កេះ​ ​និង​បាន​បន្សល់​ទុក​ភរិយា និង​កូន​ចំនួន​៣​នាក់​ឲ្យ​នៅ​កំព្រា។​

លោក​ អ៊ុំ សំអាន​ អតីត​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជាប់ឃុំក្នុង​បន្ទប់​ពន្ធនាគារ​ជាមួយ​លោក​ យា ថុង​ ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ខណៈ​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​ លោក​ យា ថុង​ មាន​អាការៈ​ឈឺ​ចង្កេះ​ខ្លាំង រហូត​ស្នើ​សុំ​ទៅ​ខាង​មន្រ្តី​ពន្ធនាគារ​ដើម្បី​ទៅ​ពេទ្យ​ ពិនិត្យ ​និង​ព្យាបាល​ ប៉ុន្តែ​លោក​ថា ខាង​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យចេញ។​ លោក​បន្ថែម​ថា​ លោក ​យា ថុង​ គឺ​ជា​សកម្មជន​គណ​បក្ស​សង្គ្រោះជាតិ​តែ​ម្នាក់​គត់ ​ដែល​បាន​បាត់​បង់​ជីវិត​ក្រោយ​ចេញ​ពី​ពន្ធនាគារ​ជាមួយ​មន្រ្តី ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ឃុំ​ប្រមាណ​ជា​២០​រូបផ្សេង​ទៀត។​

លោក​ អ៊ុំ សំអាន​ បន្ថែម​ថា​ ប្រសិនបើ​ខាង​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​លោក​ យា ថុង​ ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​នា​ពេល​នោះ​ លោក​ យា ថុង ​អាច​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល។​

អតីត​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ដោយសារ​បញ្ហា​ព្រំដែន​រូប​នេះ ប្រាប់ VOA ពី​សហរដ្ឋ​អាមេរិក​ថា​ ខាង​ពន្ធនាគារ​គួរយក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ជាប់​ឃុំ​ដែល​មាន​បញ្ហា​សុខ​ភាព​ឲ្យ​បាន​ស្មើគ្នា​ ខណៈ​ក្នុង​មន្ទីរ​ឃុំឃាំង​មាន​ការ​ខ្វះខាត​ទាំង​ពេទ្យ​ជំនាញ​ និង​ថ្នាំ​សម្រាប់​ព្យាបាល។

លោក​បញ្ជាក់​ថា៖​

«ឃើញ​ភាព​អយុត្តិធម៌​រវាង​មន្រ្តី អតីត​មន្រ្តី​របស់​គណបក្ស​ប្រជាជន ហើយ​និង​អ្នក​មាន​អំណាច​មាន​លុយ​ហ្នឹង​ គឺ​គាត់​មិនមែន​ត្រឹម​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហ្នឹងទេ គឺ​ទៅ​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ហ្នឹង​តែម្តង។​ ហើយ​យើង​ឃើញ​ក្នុង​ពន្ធនាគារ​អញ្ចឹង​ដែរ អ្នក​មាន​លុយ​អញ្ចឹង​ដែរ​ អាចទៅ​ព្យាបាល​នៅ​ទី​ហ្នុង​មួយ​យប់​ ពីរ​យប់​ ហើយ​អាច​ទៅ​លឿន​ទៀត។ ​បើ​ពួកខ្ញុំ​គឺ​មិន​អាច​សុំ​គេង​បា​ន​ទេ​ ហើយ​លោក យា ថុង គឺ​មិន​ឲ្យ​ទៅ​តែ​ម្តង។ អាហ្នឹង​យើង​ឃើញ​ភាព​អយុត្តិធម៌​ក្នុង​ពន្ធនាគារ»។​

ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោតឆ្នាំ២០១៣ ពោល​គឺ​គណបក្ស​សង្គ្រោះជាតិ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ​និង​លោក​ កឹម សុខា​ ទទួល​បាន​ការ​គាំទ្រ​ជិត​ពាក់​កណ្តាល​ប្រទេស គេ​ឃើញ​ក្រុម​តំណាង​រាស្រ្ត ​មន្រ្តី​ជាន់ខ្ពស់ និង​សកម្មជន​គណបក្ស​នេះ​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់។​

មន្រ្តី ​និង​សកម្មជន​ប្រមាណ​ជា​ជាង​២០​នាក់ ដែល​ត្រូវបាន​ចោទ​ប្រកាន់​ឃុំខ្លួន​ និង​កាត់ទោស​ ត្រូវ​បាន​ដោះលែង​វិញ​ជា​បន្តបន្ទាប់ ខណៈ​ស្ថានភាព​នយោបាយ​មាន​ភាព​ប្រសើរ​ឡើង​ ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ឈ្នះ​ការបោះ​ឆ្នោត ​ដោយ​មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដោយសារ​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​

សំបុត្រ​ចុះកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ បាន​បង្ហាញថា មេធាវីរបស់លោក យា ថុង បានស្នើសុំការអនុញ្ញាតពីចៅក្រុមស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ ឲ្យលោក យា ថុង បាន​ទទួលការព្យាបាលនៅមន្ទីរពេទ្យ។ (រូបថតផ្តល់ឲ្យ)

សំបុត្រ​ចុះកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ បាន​បង្ហាញថា មេធាវីរបស់លោក យា ថុង បានស្នើសុំការអនុញ្ញាតពីចៅក្រុមស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ ឲ្យលោក យា ថុង បាន​ទទួលការព្យាបាលនៅមន្ទីរពេទ្យ។ (រូបថតផ្តល់ឲ្យ)


អ្នកស្រី ​ម៉េង សុភារី ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​យា ថុង​ លើក​ឡើង​ថា ក្នុង​អំឡុង​ពេល​កូនក្តី​របស់​អ្នកស្រីស្ថិត​ក្នុង​ពន្ធនាគារ ​អ្នកស្រី​បាន​ស្នើ​ទៅ​តុលាការ​ដើម្បី​ឲ្យ​កូនក្តី​របស់​អ្នកស្រី​បាន​ពិនិត្យ​ជំងឺ​ ប៉ុន្តែ​អ្នកស្រី​ថា ខាង​តុលាការ​បដិសេធ​ដោយ​សំអាង​លើ​របាយការណ៍​របស់​ពន្ធនាគារ។​

អ្នកស្រី​បញ្ជាក់​ថា៖​

​«ជៀសវាង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ណាមួយ​កើត​ឡើង​ជា​យ​ថា​ហេតុ យើង​ស្នើ​សុំ​ឲ្យ​គាត់​ទៅ​ធ្វើការ​ពិនិត្យ និង​ព្យាបាល ថា​ជា​ជំងឺ​អ្វី។ ហើយ​ក្រោយ​មក​ទៀត​នោះយើង​ក៏បាន​ស្នើ​សុំ​ឲ្យ​គ្រូពេទ្យ​អង្គការ​លីកាដូ​ទៅ​ពិនិត្យ​គាត់​ក្នុង​មន្ទីរ​ឃុំឃាំង​ផងដែរ​ ប៉ុន្តែ​សំណើ​របស់​យើង​ក៏​ត្រូវ​បាន​តុលាការ​ច្រាន​ចោល​ដែរ»។

បុណ្យ​សព​គម្រប់​៧​ថ្ងៃ​របស់លោក​ យា ថុង​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ពីរសប្តាហ៍​មុន​នៅ​ស្រុក​កំណើត​របស់​លោក ឯ​ស្រុក​សំរោង​ខេត្តតាកែវ។

លោកស្រី​ ប៉ុល រំដួល​ ភរិយា​របស់​លោក ​យា ថុង​ ប្រាប់ ​VOA​ ថា​ស្វាមី​របស់​អ្នកស្រី​គឺជា​អ្នកគាំទ្រ​គណ​បក្ស​សង្គ្រោះជាតិ​មួយ​រូប ​និង​ថា​នៅ​ពេល​ដែល​ស្វាមី​របស់​លោកស្រីត្រូវ​បាន​ចាប់ខ្លួន​ដាក់​ឃុំ​ក្នុងពន្ធនាគារ​ដំបូង ​លោក​មិនទាន់​មាន​បញ្ហា​ជំងឺ​ណាមួយ​នៅ​ឡើយ។​

លោកស្រី​បន្ថែម​ថា ស្វាមី​របស់​លោកស្រី​ចាប់​ផ្តើម​មាន​ជំងឺ​ឈឺ​ចង្កេះក្នុងអំឡុង​ពេល​មួយឆ្នាំ​ចុង​ក្រោយ​ចាប់​តាំង​ពី​ពេល​ដែល​គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ រហូត​មាន​អាការៈ​ធ្ងន់ធ្ងរ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​លោក​ចេញ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។​

លោកស្រី​ ប៉ុល រំដួល​ បន្ថែម​ថា​ ស្វាមី​លោកស្រី​នឹង​មិន​ត្រូវ​បាត់បង់​ជីវិត​បែប​នេះ​ទេ ប្រសិន​បើ​ស្វាមី​របស់​លោកស្រី​បាន​ចេញ​ទៅ​ពិនិត្យ​ និង​ព្យាបាល​ទាន់​ពេល​ក្នុង​អំឡុង​ស្ថិត​ក្នុង​ពន្ធនាគារ។​

លោក​ស្រី​បញ្ជាក់​ថា៖​

«បើ​សិនជា​គាត់​អនុញ្ញាត​ឲ្យ​ប្តី​បង​ចេញ​ទៅ​ពិនិត្យ​សុខភាពទាន់​ពេល​វេលា ​ប្រហែល​ជា​ប្តី​បង​មិន​ស្លាប់​ទេ។​ ព្រោះ​អី​គាត់​បាន​ពិនិត្យ​ជំងឺដឹង​ពី​អាការៈ​រោគ​ជំងឺរបស់​គាត់ ​អញ្ចឹង​ទៅ​ពេទ្យ​គាត់​អាច​វាយ​ថ្នាំ​ឲ្យ​គាត់​ត្រូវ។ ​ធម្មតា​យើង​ឈឺ​អ្វី​មួយ​ពេទ្យ​គេ​តែង​តាមដាន​យើង​ហើយ។​ ដល់​ពេល​គាត់​អត់​មាន​អនុញ្ញាត​អញ្ចឹង​ ធ្វើ​ឲ្យ​គាត់​ឈឺ​ចុកចាប់​ទៅ យក​តែថ្នាំ​បំបាត់​ឈឺ​ចុក​ចាប់​ ថ្នាំ​ប៉ារ៉ា​ ថ្នាំ​ក្តៅ​ខ្លួន​ថ្នាំ​អី​ឲ្យ​គាត់​ញ៉ាំ បាន​តែ​មួយ​គ្រា។​ អញ្ចឹង​ទៅជំងឺ​ហ្នឹង​កាន់​តែ​ធ្ងន់​ទៅៗ។​ ខ្ញុំថា ​ដូចជា​មាន​ភាព​អយុត្តិធម៌​សម្រាប់​ប្តី​បង​ខ្លាំង​មែន​ទែន»។​

បើតាម​អ្នកស្រី​ ម៉េង សុភារី​ ចាប់តាំងពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​មក មន្រ្តី និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​រូប​ត្រូវ​បាន​ចាប់​ខ្លួន និង​ទើប​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ក្រោយ​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨។

អ្នកស្រី​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ លោក យា ថុង គឺជា​ជន​ទី​១​ដែល​បាន​បាត់បង់​ជីវិត​ក្រោយ​ចេញ​ពី​ពន្ធនាគារ ខណៈ​អតីត​ចៅ​សង្កាត់​ប៉ោយប៉ែត​មកពី​គណបក្ស​សង្គ្រោះជាតិ​ គឺ​លោក ចៅ វាសនា កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ទាំង​មាន​ជំងឺ និង​មិន​ទាន់​មាន​ការ​ជំនុំ​ជម្រះ​ក្តី បន្ទាប់ពី​លោក​ត្រូវ​បានចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស កាលពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០១៧។​

លោក ​នុត សវនា​ អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បានច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​ភរិយា និង​មេធាវី​របស់​លោក យា ថុង ដែល​ថា លោក​ យា ថុង ​បាត់​បង់​ជីវិត​ដោយ​សារ​ពន្ធនាគារ​មិនអនុញ្ញាត​ឲ្យ​ចេញ​ទៅ​ព្យាបាល​ជំងឺ​ខណៈ​កំពុង​ជាប់​ពន្ធនាគារ។ ​

លោក​ប្រាប់​ VOA​ ថា​ ពន្ធនាគារ​មិន​ធ្លាប់​ទទួល​បាន​លិខិត​ស្នើ​សុំ​ទៅ​ព្យាបាល​ជំងឺ​ណាមួយ​ពី​ក្រុម​គ្រួសារ និង​មេធាវី​របស់​លោក យា ថុង នោះ​ទេ និង​ថា លោក​ក៏​មិន​ធ្លាប់​ទទួល​បាន​របាយការណ៍​អំពី​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ​ពាក់​ព័ន្ធ​នឹង​លោក យា ថុង ពីមន្រ្តី​ពន្ធនាគារ​នោះ​ដែរ។​

លោក​បញ្ជាក់​ថា៖​

«អានេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ស្រាវជ្រាវ​កន្លង​មក​ទាក់ទង​នឹង​ប្រវត្តិ​សុខភាព​របស់​គាត់។​ ដល់អញ្ចឹង​ពេល​ដែល​ភរិយា​គាត់​លើកឡើង​ហ្នឹង អាហ្នឹង​ខ្ញុំអត់​ដឹង​ថា​ជា​ការ​អះអាង​ផ្អែក​ទៅ​លើ​គ្រូពេទ្យ​ឯករាជ្យ​ដែល​វាយ​តម្លៃ​ថា​ គាត់​ពិត​ជា​ស្លាប់​ដោយសារ​ការ​ធ្វេស​ប្រហែស​របស់​យើង​ ឬអត់ ព្រោះ​អត់​ដែល​ឃើញ​គាត់​ស្នើ​សុំ​យើង​ទៅ​ព្យាបាលនៅ​ខាង​ក្រៅ សាម៉ី​ខ្លួន​ហ្នឹង»។

លោក ​នុត សវនា​ បន្ថែមថា ​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​ តែង​មាន​ការ​ពិនិត្យ​លើ​អ្នក​ជាប់​ឃុំ និង​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ប្រសិនបើ​អ្នក​ជាប់ឃុំ​ណាមួយ​មាន​អាការៈ​ជំងឺ​ធ្ងន់ធ្ងរ។​

បើតាមរដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ ស ខេង ​ថ្លែង​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨​ កាល​ពី​ពាក់​កណ្តាល​ខែកុម្ភៈ​ឆ្នាំ២០១៩​នេះ​ថា​បច្ចុប្បន្ន អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ទាំងអស់​មាន​ចំនួន​ជាង​៣ម៉ឺន​នាក់។​

លោក​ អំ សំអាត​ មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លើក​ឡើង​ថា ​ជាទូទៅពេទ្យ​ក្នុង​ពន្ធនាគារ​មិនមាន​ធនធាន និងឧបករណ៍​គ្រប់គ្រាន់​សម្រាប់​ពិនិត្យ ឬ​មិន​អាច​មាន​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​សំខាន់ៗ​សម្រាប់​អ្នក​ជាប់ឃុំ​នោះ​ទេ។​ លោក​បន្ថែម​ថា អ្នក​ជាប់ឃុំ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ស្នើ​សុំ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅ​ពន្ធនាគារ ​ដោយ​មិនមានការ​រើសអើង។​

លោក​មាន​ប្រសាសន៍​ថា៖​

«បញ្ហា​សុខភាព​បញ្ហា​ជំងឺ​វា​ជា​បញ្ហា​ចម្បង​ជាពិសេស​គឺ​ជំងឺ​ធ្ងន់ធ្ងរ​ហ្នឹង​តែ​ម្តង។​ ហើយ​បើសិន​ជា​គាត់​ស្នើ​សុំ​ហើយ​មិន​អនុញ្ញាត អាហ្នឹង​វា​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​គាត់​ធ្ងន់ធ្ងរ ដែលធ្វើ​ឲ្យ​ប៉ះពាល់ អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត។ អញ្ចឹង​ការ​ធ្វើ​អញ្ចឹង​គឺ​វា​ជាការ​រំលោភ​ដល់​សិទ្ធិ​របស់​គាត់។ ដូច​ខ្ញុំ​ជម្រាប​អញ្ចឹង​ថា ទោះបីជា​គាត់​ជា​អ្នក​ទោស ឬ​ក៏អ្នក​ជាប់​ឃុំឃាំង​ក៏​ដោយ ប៉ុន្តែ​សិទ្ធិ​ទទួល​បាន​ការ​ព្យាបាលនេះ​ គឺ​មិន​ត្រូវ​បាន​ហាម​ឃាត់​ទេ»។

យោង​តាម​របាយការណ៍​របស់អង្គការ​លីកាដូកាល​ពី​ឆ្នាំ​២០១២ ​បង្ហាញ​ថា​ ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​សុទ្ធ​តែ​ផ្ទុក​ជន​ជាប់​ឃុំ​លើស​ពី​ទំហំ​ដែល​ពន្ធនាគារ​អាច​ផ្ទុក​បាន​ដល់​ទៅ​ចំនួន​១៧១​ភាគរយ​ ដែល​ធ្វើ​ឲ្យ​ពន្ធនាគារ​នៅ​កម្ពុជា​ មាន​សភាព​ចង្អៀត​ណែន។

កន្លង​មក​គេ​តែង​ឃើញ​ក្រុម​សកម្មជន និង​មន្រ្តី​គណបក្ស​ប្រឆាំង ព្រមទាំង​សកម្មជន​ការពារ​សិទ្ធិ​មនុស្សដែលជាប់​ឃុំ​ ហើយ​ស្នើ​សុំ​ទៅ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីពេទ្យ​ខាងក្រៅ​ពន្ធនាគារ​ តែង​ត្រូវ​បាន​តុលាការ​ ​និង​ពន្ធនាគារ​បដិសេធ​ ដោយ​មូលហេតុ​ថា​បារម្ភ​ខ្លាច​រត់​គេច​ជាដើម៕

What Next?

Recent Articles

One Response to "អតីត​អ្នកទោស​និង​ភរិយា​​បន្ទោស​មន្ត្រី​ពន្ធនាគារ​ចំពោះ​ការ​ស្លាប់​លោក ​យា ថុង"

  1. Anonymous says:

    Beast regime must responsibility of this case’