ការ​ស្រាវជ្រាវ​ថា​ប្រាក់​បញ្ញើ​ធ្វើ​ឱ្យ​គ្រួសារ​ជន​ចំណាកស្រុក​ជំពាក់​បំណុល​កាន់តែ​ខ្លាំង

សេដ្ឋកិច្ច


រូបឯកសារ៖ ពលករចំណាក​ស្រុក​កម្ពុជាធ្វើដំណើរឆ្លងព្រំដែន​ថៃចូល​ប្រទេស​កម្ពុជា តាមច្រកខេត្តសាកែវ ប្រទេសថៃ កាលពីថ្ងែទី១៥ ខែមិថុនា ឆ្នាំ២០១៤។


05 មិនា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

ក្នុងឆ្នាំ​២០១៨ ពលករចំណាកស្រុក​​ផ្ញើ​ប្រាក់​ចំនួន​៤១៤​លានដុល្លារ​ទៅ​ឱ្យ​ក្រុមគ្រួសារ។ នេះ​បើ​តាម​តួលេខ​ឆ្នាំ​២០១៨​របស់​ធនាគារ​ពិភព​លោក។

ប្រាក់​បញ្ញើពីក្រៅ​ប្រទេស​របស់ពលករ​ចំណាក​ស្រុក​មិនអាច​ជួយ​ដោះបន្ទុក​ប្រាក់​បំណុលរបស់​ក្រុមគ្រួសារ​ទេ។​ ផ្ទុយទៅវិញ​ វា​បាន​ក្លាយ​ជា​អន្ទាក់​មួយ​ធ្វើ​ឱ្យ​មាន​ការ​ជំពាក់​បំណុល​កាន់តែ​ខ្លាំងឡើង​ក្នុង​រយៈ​ពេល​យូរ​ ដែល​អាច​ធ្វើ​ឱ្យ​កសិករធ្លាក់​ក្នុង​ភាព​ក្រីក្រ​កាន់តែ​ជ្រៅ។ នេះ​បើតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ។​

ការសិក្សា​ស្រាវជ្រាវ​របស់​វេទិកា​អនាគតបាន​ចេញផ្សាយ​កាលពី​ខែ​មករា​ ដោយ​ពិនិត្យ​លើទំនាក់​ទំនង​គ្នា​រវាង​ប្រាក់​ដែល​ពលករ​ចំណាក​ស្រុក​ផ្ញើ​ពី​បរទេស​និង​ការ​ជំពាក់​បំណុល​ក្នុង​ប្រទេស​កម្ពុជា​ បាន​រក​ឃើញ​ថា ដោយ​សារ​តែ​សំអាង​លើ​ប្រាក់​បញ្ញើ ក្រុមគ្រួសារ​របស់​ពួក​គេ​ប្រថុយខ្ចី​បុល​ប្រាក់​ពី​ធនាគារ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឬពី​អ្នក​ផ្តល់​ប្រាក់កម្ចី​ឯកជន​យក​មក​ចំណាយ​ ដើម្បីពង្រីករបរ​កសិកម្ម និង​ការ​ចំណាយ​ប្រចាំថ្ងៃ​លើ​សេវា​សុខាភិបាល​ កម្មវិធី​បុណ្យទាន​ និង​ទិញ​សម្ភារៈ​ប្រើ​ប្រាស់ជាដើម។​

ការសិក្សា​ស្រាវជ្រាវដែលមាន​ចំណងជើង​ថា​« អន្ទាក់​បំណុល​កម្ពុជា? ការ​សិក្សា​ពីទំនាក់ទំនង​រវាង​ប្រាក់បញ្ញើ​និង​បំណុល​គ្រួសារ‍»​បាន​បន្ថែម​ថា៖

«ស្ថានភាព​នៃ​ប្រាក់​បញ្ញើ​និង​បំណុល​ក្នុង​បរិបទ​កម្ពុជាក្នុង​រយៈពេល​ខ្លី គឺ​ប្រាក់​បញ្ញើ​ទាំង​នេះអាចចាត់​ទុក​ថា​ ជា​វិជ្ជមាន​ដោយ​សារ​វា​ជួយ​ក្រុម​គ្រួសារពលករ​ចំណាកស្រុក​សម្រេច​បាន​តម្រូវការ​ក្នុង​ជីវភាព​ ដែល​មាន​ដូចជា​អាហារ មធ្យោបាយធ្វើ​ដំណើរ និង​លំនៅដ្ឋាន។ ប៉ុន្តែ​ក្នុ​ង​រយៈពេល​យូរ​ គ្រួសារ​ពលករ​ចំណាក​ស្រុក​អាច​នឹង​ជាប់​ជំពាក់​បំណុល​កាន់តែ​ច្រើន​ ដោយ​សារ​តែប្រាក់​កម្ចី​មិន​ត្រូវ​បាន​ប្រើ​ប្រាស់ដើម្បី​បង្ក​បង្កើន​ផល​ទេ‍‍»។​

លោក​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​បាន​បញ្ជាក់​ថា៖

«កត្តា​ដែល​គាត់​មាន​បំណុល​ធ្វើ​ឱ្យ​គាត់​ធ្វើ​ចំណាក​ស្រុក ប៉ុន្តែ​អ្វី​ដែល​យើង​រក​ឃើញ​គឺ មិន​មែន​តែ​ប៉ុណ្ណឹង​ទេ។ យើង​រកឃើញ​ថា​ អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​បន្ទាប់ពី​គាត់​មាន​លុយ​ច្រើន​ ហើយ​បាន​គាត់​បន្ត​មាន​បំណុល​ច្រើន​ជាង​មុនទៅទៀត។ មិនមែន​បំណុល​ធ្វើ​ឱ្យ​គាត់​ចំណាកស្រុក​ទេ​ ឥឡូវ​នេះ​ចំណាក​ស្រុក​ធ្វើ​ឱ្យ​គាត់​មាន​បំណុល​ថែម‍។ នេះជា​ការ​សិក្សា​មួយ​ដែល​យើង​មើល​ឃើញ​ខុស​ពី​ទិន្នន័យ​ដទៃ»។​

ការ​សិក្សា​ធ្វើ​ឡើង​ដោយ​លោក​ ឡោ សំណាង អ្នក​ស្រាវជ្រាវ​នៃ​វេទិកា​អនាគត​បាន​បន្ថែម​ថា ប្រាក់​បញ្ញើ​បាន​រួមចំណែក​ធ្វើ​ឱ្យ​បន្ទុក​បំណុល​កើន​ឡើង​យ៉ាង​ហោច​ណាស់​៦​ភាគរយ​ដែរ។

បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ចំនួន​១,៨លាន​នាក់​ធ្វើ​ការនៅ​ក្នុង​ប្រទេស​ថៃ​នៅ​តាម​ឧស្សាហកម្ម​គ្រឿង​សមុទ្រ សំណង់ រោងចក្រ​កាត់ដេរ​ រោងចក្រផលិតកង់ ឧស្សាហកម្ម​ទេសចរណ៍ និង​តាម​ចំការ​ដំណាំ​ជាដើម។ ​ពួកគេ​ផ្ញើ​ប្រាក់​ទៅ​ក្រុម​គ្រួសារ​វិញ​ជាច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។ ក្នុងឆ្នាំ​២០១៨ ពួកគេ​ផ្ញើ​ប្រាក់​ចំនួន​៤១៤​លានដុល្លារ​ទៅ​ឱ្យ​ក្រុមគ្រួសារ។ នេះ​បើ​តាម​តួលេខ​ឆ្នាំ​២០១៨​របស់​ធនាគារ​ពិភព​លោក។

សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​បាន​បញ្ជាក់​បន្ថែមថា បំណុល​ជា​បញ្ហា​ដ៏​ធំ​ទីពីរ​ដែល​កសិករ​ប្រឈម​មុខ​ បន្ទាប់​ពីបញ្ហា​កង្វះ​ទីផ្សារ​សម្រាប់កសិផល។ ​កសិករ​ខ្មែរ​ជំពាក់​ប្រាក់​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​យ៉ាងហោចណាស់​ពី​២​រហូតដល់​៥ស្ថាប័ន។

លោក​ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ថា បំណុល​និង​ចំណាក​ស្រុក​ជា​បញ្ហា​ពីរ​ដែល​វិលវល់​ប្រទាក់​ក្រឡា​គ្នា៖

«អីចឹង​កត្តា​សំខាន់​គឺ​ជីវភាព​របស់​គាត់​កាន់តែ​យ៉ាប់យឺន​ ហើយ​ការ​ប្រកប​មុខ​របរ​នៅ​តាម​តំបន់​ជនបទ​ គឺ​ពិបាក​ទៅទៀត ​គឺ​ស្រូវ​ឬ​ផលិត​ផល​កសិកម្ម​គាត់​មិន​មាន​ទីផ្សារ​គ្រប់​គ្រាន់​ ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក ទៅ​ប្រកប​មុខ​របរ​ផ្សេងៗ។ អ្នក​ខ្លះ​រត់ម៉ូតូឌុប​ អ្នកខ្លះ​ធ្វើ​សំណង់​ អ្នកខ្លះ​ធ្វើ​លើ​សេវាកម្ម​ ឬក៏​អ្នកខ្លះ​ជា​អ្នកលាងចាន​ ឬ​ក៏​លក់ដូរ​បន្តិច​បន្តួច​សម្រាប់​ចិញ្ចឹម​ជីវិត​ និង​ដោះស្រាយ​បំណុល​ធនាគារ​ដែល​គាត់​ជំពាក់‍»។​

រូបឯកសារ៖ ធនាគារ​អេស៊ីលីដា​ ប្រចាំរាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី១៩ កុម្ភៈ ២០១៧។ (នៅ វណ្ណារិន/VOA)

រូបឯកសារ៖ ធនាគារ​អេស៊ីលីដា​ ប្រចាំរាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី១៩ កុម្ភៈ ២០១៧។ (នៅ វណ្ណារិន/VOA)


អត្រា​ការប្រាក់​ដែល​កសិករ​ខ្ចីពី​ធនាគារ​និងស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ គឺ​ស្ថិត​នៅ​ក្នុងរង្វង់​២០​ភាគរយក្នុងមួយឆ្នាំៗ ខណៈ​ដែល​ការ​ខ្ចីប្រាក់​ពី​អ្នក​ចង​ការ​ប្រាក់​ឯកជន​មាន​រហូតដល់​ជិត​៣០​ភាគរយ។ ​បច្ចុប្បន្ន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​មាន​សមាជិក​ចំនួន​៩៦​ស្ថាប័ន។

អ្នក​ជំនាញ​កសិកម្ម​មើល​ឃើញ​ថា ទន្ទឹម​គ្នា​នឹងចំនួន​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង ​ចំនួន​កសិករ​ខ្មែរជំពាក់​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក៏​កាន់តែ​ច្រើនដែរ ហើយ​ហានិភ័យ​នឹង​កើត​មាន​ឡើងក្នុងរយៈពេល​បួន​ឬប្រាំឆ្នាំ​ទៅមុខ​ទៀត ​បើ​សិន​ជា​មិន​មាន​ការ​កែ​ប្រែ​គោលនយោបាយ​ទេ​នោះ។

លោក​បណ្ឌិត​យ៉ង សាំង​កុមារ អ្នក​ជំនាញ​កសិកម្ម​និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ មើលឃើញ​ថា​ ក្រៅ​ពី​ខ្ចី​បំណុល​ដើម្បី​ដោះសា្រយ​ជីវភាព​ប្រចាំ​ថ្ងៃ​ដែល​កសិករ​ពិបាក​រក​ប្រាក់សង​វិញ​ឱ្យ​ទាន់​ពេល ក៏​នៅ​មាន​អ្នកខ្លះ​ទៀតដែល​ពួក​គាត់យក​មក​វិនិយោគ​លើ​របរ​កសិកម្ម​ ហើយជួប​ប្រទះ​បញ្ហា​ប្រឈម​ផងដែរ។

លោកយ៉ង សាំង​កុមារ បាន​បន្ថែម​ថា៖ «ក៏​ប៉ុន្តែ​វិស័យ​កសិកម្ម​យើង​គួរ​ឱ្យ​អភ័ព្វ​ទាក់ទង​នឹង​បញ្ហា​ទីផ្សារ​ និង​ការ​ប្រកួតប្រជែង​ ទាក់ទង​តម្លៃ​ក៏​ធ្វើ​ឱ្យ​កសិករ​ភាគច្រើន​មិន​សូវ​បាន​ប្រាក់​ចំណេញដើម្បី​យក​មក​ដោះ យក​មក​សង​បំណុល។ យើង​ឃើញ​បញ្ហា​ហ្នឹង​កាន់តែ​ខ្លាំង​ឡើងៗ ​គឺដាច់ខែ​មិន​ទាន់​ទេ​ ពួកគាត់​មាន​ការ​ភ័យខ្លាច​ក្នុង​ការ​រកលុយ​ដើម្បី​សង​គេ។ រឿងហ្នឹង​វា​អាច​ជាហានិភ័យ​មួយ​ធំ​សម្រាប់​កម្ពុជា​យើង​ក្នុង​រយៈពេល​៤ ឬ៥​ឆ្នាំ​ខាងមុខ​ទៀត‍»។​

អតីត​គណបក្ស​ប្រឆាំង​បាន​រិះគន់​គោល​នយោបាយ​កសិកម្ម​កម្ពុជា​ថា​ បរាជ័យ​ក្នុង​ការ​ស្វែង​រក​ទីផ្សារ​សម្រាប់​កសិករ​និង​សម្រួល​ដល់​ការ​ផលិត។

​លោកស្រី​មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា៖

«រឿងនេះ​ធំ​ណាស់។ រឿង​ចំណាក​ស្រុកនេះ​ដោយសារ​បំណុល​ ពីព្រោះ​បំណុល​នេះ​មិន​មែន​យក​មក​ត្រឹមតែ​ជា​របរ​កសិកម្ម​របស់​គាត់​ទេ។ បំណុល​នៃ​កសិករ​គាត់​ខ្ចី​មក​ដើម្បី​យក​ទៅ​បង់​សេវា​ដទៃ​ទៀត​ដែល​គួរតែ​ជា​សេវា​រដ្ឋ​ ដូចជា​សេវា​សុខភាព​ សេវា​អប់រំ​របស់​កូនចៅ​គាត់។ វា​អត់​មាន‍»។​

លោកស្រី​មូរ សុខហួរ ​បញ្ជាក់​ថា​ តម្លៃ​ដើម​សម្រាប់​ផលិត​របស់​កសិករ​កម្ពុជា​មាន​តម្លៃខ្ពស់​ ហើយ​អត្រា​ការ​ប្រាក់​ក៏​ខ្ពស់ដែរ។​

«តួនាទី​របស់​រដ្ឋាភិបាល​គឺ​ត្រូវ​ធ្វើ​ម៉េច​ជួយ​នៅ​គ្រប់​វិធានការ​ ដើម្បី​ឱ្យ​កសិករ​យើង​បញ្ចុះ​នូវ​តម្លៃ​ផលិត ​ហើយ​នៅ​ក្នុ​ងហ្នឹង​គឺ​អត្រា​ការប្រាក់‍»។​

ក្រុមគ្រួសារ​ពលករ​ដែល​ជំពាក់​ប្រាក់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ចំនួន​៦៦,៥០​ភាគរយ ​និងពី​អ្នក​ផ្តល់​ប្រាក់​កម្ចី​មិន​ផ្លូវការ​មានចំនួន​៣៣,៥០ភាគរយ។​ ក្នុង​ចំណោម​នេះ​គឺ​មាន​តែ៣៦,៧៦​ភាគរយ​ដែល​ខ្ចីប្រាក់​មកប្រើប្រាស់​ក្នុងការ​ពង្រីក​មុខរបរ។ ​នេះ​បើ​តាម​ការ​រកឃើញ​របស់​វេទិកា​អនាគត។

កសិករម្នាក់ពិនិត្យមើលដើមស្រូវ នៅក្នុងឃុំស្រយ៉ូវ ខេត្តកំពង់ធំ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

កសិករម្នាក់ពិនិត្យមើលដើមស្រូវ នៅក្នុងឃុំស្រយ៉ូវ ខេត្តកំពង់ធំ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)


របាយការណ៍​បានផ្តល់​អនុសាសន៍​ឱ្យអ្នក​ដែល​ខ្ចី​ប្រាក់​ត្រូវ​មាន​ចំណេះដឹង​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ ការ​គាំទ្រ​និង​ការ​ការពារ​ខាងផ្នែក​ស្ថាប័ន ហើយ​កត្តា​ទីពីរ​គឺ​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​ត្រូវ​ជួយ​ណែនាំ​អ្នក​ខ្ចី​ប្រាក់ឱ្យ​ប្រើប្រាស់​ថវិកា​ឱ្យ​បាន​ត្រឹម​ត្រូវ​ ក៏ដូច​ជា​កំណត់​បរិមាណ​ខ្ចី​ក្នុង​មួយ​គ្រួសារ ​និង​ដោយ​មិន​យក​ចំនួន​ប្រាក់​បញ្ញើ​របស់​ពលករ​ជា​កត្តា​កំណត់​លើ​ការ​ផ្តល់​កម្ចី​ទេ។

លោក​អ៊ូ វីរៈ​ បាន​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​គួរ​តែ​គិត​គូរ​រៀបចំ​ច្បាប់​ស្តីពី​ការ​ក្ស័យធុន​កម្រិត​បុគ្គល​ផងដែរ​ ដើម្បី​ជៀស​វាង​ពលរដ្ឋ​បាត់​បង់​ផ្ទះសម្បែង​និង​ដីធ្លី​ដោយសារ​តែ​ប្រាក់​បំណុល។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​បច្ចុប្បន្ន​នេះ​ខ្ញុំ​មើល​ទៅ​ គឺ​ជា​ប្រធានបទ​មួយ​គួរតែ​ជជែក​គ្នា​ដើម្បី​ដាក់​បន្ទុក​ឱ្យ​ធនាគារ​ ជាពិសេស​មីក្រូហិរញ្ញវត្ថុ​ គឺ​គាត់​ត្រូវតែ​យក​ចិត្ត​ទុកដាក់​មុន​នឹង​ឱ្យ​ខ្ចី ហើយ​គាត់​ព្រួយបារម្ភ​ខ្លាច​បាត់​លុយ​គាត់​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​គ្មាន​លទ្ធភាព​ ហើយ​គាត់​មិន​អាច​រឹប​អូសផ្ទះ​ ឬ​មួយ​ក៏ដីស្រែ និងដីចំការ​បាន គឺ​គាត់​ត្រូវមាន​ការ​ប្រុងប្រយ័ត្ន​ ហើយ​ការ​ប្រុងប្រយ័ត្នហ្នឹង​គឺ​មានតែ​ការ​ខ្ចី​មួយ ដែល​ផ្តោត​តែ​លើ​ការ​វិនិយោគ​ពិតប្រាកដ​មួយ។ ខ្ញុំ​ថា​ ការ​ដាក់​បន្ទុក​ទៅ​លើ​ធនាគារ​ជាម្ចាស់​កម្ចី​ គឺ​ជាយន្ត​ការ​មាន​ប្រសិទ្ធភាព​មួយ​ដែរ‍»។

លោក​យ៉ង សាំងកុមារ​ ស្នើ​ឱ្យបែង​ចែក​ឥណទាន​សម្រាប់​កសិករ​ដែល​យក​ការប្រាក់​ទាប​ និង​រយៈពេល​សងវិញ​យូរឆ្នាំ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រកបអាជីវកម្ម​លើ​វិស័យ​កសិកម្ម​នេះ។

«ដោយ​ឡែក​នៅ​កម្ពុជា​យើង​ហ្នឹង​ គឺ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ផ្តល់​ទុន​ឱ្យ​កសិករ​ គឺ​ការប្រាក់​ខ្ពស់​ ហើយ​រយៈពេល​សង​ក៏​វា​មិន​សូវ​អំណោយ​ផល។ ជាពិសេស​ទៀត ​វា​អត់​មាន​ការផ្គុំ​ភ្ជាប់​គ្នា​ពី​ការ​គាំទ្រ​ការងារ​បច្ចេកទេស​ និង​ការងារ​ទីផ្សារ​អីចឹង។ អ្នក​បោះឆ្នោត​ទុន គឺ​បោះតែ​ទុន​ទៅ​ ហើយ​ក្រៅពី​ហ្នឹង​កសិករ​យើង​អត់​មាន​ការ​គាំទ្រ​ដិតដល់។ អីចឹង​ វា​ជា​ហានិភ័យ​មួយ​ខ្ពស់។ អីចឹង​យើង​ត្រូវ​កែ​លម្អ​រឿង​ហ្នឹង។ កែលម្អ​នូវ​គោលការណ៍​ឥណទាន​ ហើយ​នឹង​បង្កើន​នូវ​ការគាំទ្រ​ពី​រដ្ឋាភិបាល​ លើ​សេវា​សាធារណៈ ​លើ​ការងារ​បច្ចេកទេស​ ការងារ​ទីផ្សារ​ និង​ការងារ​ធារាសាស្ត្រ​ជាដើម‍»។​

និន្នាការ​ពិភព​លោក​បាន​បង្ហាញ​ថា​ ក្នុង​មួយឆ្នាំៗ​ពលករ​ចំណាកស្រុក​ផ្ញើ​ប្រាក់ទៅ​ក្រុម​គ្រួសារ​ជាច្រើន​ពាន់​លាន​ដុល្លារ។ ក្នុងឆ្នាំ​២០១៦ ពលករ​ចំណាក​ស្រុកនៅ​តំបន់​អាស៊ីបាន​ផ្ញើ​ប្រាក់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ចំនួន​២៤០​ពាន់​លាន​ដុល្លារ។ ក្នុងនោះពលករ​ចំណាក​ស្រុក​ឥណ្ឌា ចិន និង​ហ្វីលីពីន​ បាន​ផ្ញើ​ប្រាក់​បញ្ញើ​ទៅ​ក្រុមគ្រួសារ​ច្រើន​ជាង​គេ​ ដោយ​ឥណ្ឌា​មាន​ចំនួន ៦៥,៤​ពាន់​លាន​ដុល្លារ ចិន​មាន​ចំនួន​៦១ពាន់លានដុល្លារ​ និង​ហ្វីលីពីន​៣២,៨ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​ចេញផ្សាយ​កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៨​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី៕

What Next?

Recent Articles

Leave a Reply

Submit Comment