បទវិភាគ៖ កម្អែលខ្មែរក្រហម ក្នុងផ្នត់គំនិត និង ការប្រព្រឹត្តិរបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន

មួង ណារ៉េត
2019-03-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កងយោធាខេត្តព្រះសីហនុ យារកាំភ្លើងវាយអ្នកតវ៉ារឿងដី ដែលជាប់ចំណងស្លាបសេកទៅក្រោយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Chhun Vean Khmer
កងយោធាខេត្តព្រះសីហនុ យារកាំភ្លើងវាយអ្នកតវ៉ារឿងដី ដែលជាប់ចំណងស្លាបសេកទៅក្រោយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Chhun Vean Khmer


អំពើហិង្សាទាំងតាមរយៈ​កាយវិកា ពាក្យសម្តី និង ការប្រព្រឹត្តិ​ផ្ទាល់របស់មន្រ្តី​ក្នុង​ជួរថ្នាក់នាំខ្មែរ បានបន្ត​ការ​ភ័យខ្លាច តក់ស្លុត និង បាក់ស្បាត​តទៅទៀត បើ​ទោះបីជារបបខ្មែរក្រហម បាន​ផុត​រលត់​យូរ​ឆ្នាំ​មកហើយ​ក្តី។

តើមូលហេតុអ្វី បានជា​​មេដឹកនាំ​សព្វថ្ងៃ មិនអាច​ជម្រះកម្អែលខ្មែរក្រហមនេះបាន?

អំពើហិង្សាថ្មីៗ​ និងចុងក្រោយបំផុត គឺកើត​មាន​ឡើងកាលពីខែ មករា​ ទៅលើជនស៊ីវិល​ ដែលតវ៉ារឿងរំលោភដីធ្លី ពីសំណាក់​អ្នកមានទ្រព្យ និង មាន​អំណាច នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

​យុវជនរងគ្រោះម្នាក់ ដែល​លុតជង្គង់​នៅនឹង​ដី ដៃជាប់​ចំណង​ទៅក្រោយ ​ត្រូវ​មន្រ្តីសមកិច្ច​ប្រដាប់​អាវុធ វាយនឹង​អាវុធអាកា (AK) យ៉ាង​ដំណំ។ ក្នុង​រូបភាព​​វីដេអូ របស់អ្នកឃើញហេតុការណ៍​នោះ ដែលចែកចាយបន្ត តាម​បណ្តាញ​សង្គមហ្វេសប៊ុកព្រោងព្រាត ទោះ​យុវជនដដែល​នោះ ដេកដួលផ្កាប់​មុខ​ទៅនឹង​ដីទៅហើយ​ ក៏​​ត្រូវបានមន្រ្តីសមត្ថកិច្ចម្នាក់ទៀត យកជើងធាក់​​ជាន់​បន្ថែម ដូចសត្វធាតុ។

រូបភាពនេះ នៃការវាយដំមនុស្ស ដែលជាប់ចំណងទៅក្រោយ​បែប​នេះ គឺបង្ហាញ​នូវ​ភាព​សាហាវព្រៃផ្សៃបែបអនុមនុស្ស​ធម៌ ​ដូចអ្វី​ដែលកម្មាភិបាល​ខ្មែរក្រហម ប្រព្រឹត្តទៅលើប្រជា​ពលរដ្ឋខ្មែរ​ស្លូតត្រង់ ដែល​គេចោទថាជា​ខ្មាំងបដិវត្តន៍។

ទោះបីជារបបខ្មែរ​ក្រហម បាន​ដួលរំលំជាងបួន​ទសវត្សន៍​ទៅហើយក្តី ចរិតនៃ​របៀប​ដឹកនាំបែបខ្មែរក្រហមនេះ ក៏នៅតែ​លង​បន្លាចសង្គមខ្មែរ​ មិន​ទាន់​ស្បើយ​នៅឡើយ​ដែរ។​

អំពើ​ហិង្សា​ពីសំណាក់​កងកម្លាំង​ប្រដាប់​អាវុធ ដែលសមតែជាអ្នកបម្រើរាស្រ្ត ព្រោះ​ស៊ីប្រាក់ខែ​រាស្រ្ត បន្ត​កើតមាន​នៅទូទាំងប្រទេស។ ករណីបាញ់​បង្ក្រាបយ៉ាង​ហិង្សា ទៅលើប្រជាពលរដ្ឋ​ស៊ីវិល ពី​សំណាក់​កង​យោធានេះដែរ បាន​កើត​នៅ​ស្រុកស្នួល​ ខេត្ត​ក្រចេះ កាលពីខែ មីនា ឆ្នាំ ២០១៨ ដែលធ្វើឲ្យប្រជា​ពលរដ្ឋជាច្រើន​នាក់​រងរបួស និង ​ស្លាប់​ផង។ ប៉ុន្តែ អាជ្ញាធរប្រកែកថាគ្មានអ្នកស្លាប់ទេ។

ក្នុងព្រឹត្តិការណ៍ដ៏បង្ហូរ​ឈាម​មួយទៀត បាន​កើតឡើង​នៅផ្លូវវេងស្រេង និង ព្រឹត្តិការ​បាញ់បង្ក្រាបយ៉ាងហិង្សា ដោយ​កងកម្លាំង​ឆ័ត្រ​យោង​៩១១ របស់​លោក ចាប ភក្ដី កាលពី​ដើម ខែ មករា ឆ្នាំ ​២០១៤ នៅ​រោងចក្រ​យ៉ាក់ជីន និង ព្រឹត្តិការណ៍បាញ់​បង្ក្រាប​ នៅផ្លូវ​វេស្រេង ធ្វើ​ឲ្យ​កម្មករដែលតវ៉ា​តម្លើង​ប្រាក់ខែ ជាច្រើន​នាក់​រងរបួស និង ស្លាប់ ហើយ​យុវជនម្នាក់​ឈ្មោះ ខឹម សុផាត បាត់ខ្លួន​ គ្មាន​ដំណឹង​រហូតមកដល់ពេលនេះ។

លោក ហ៊ុន សែន និងរបបនេះ យកលេសនៃការ​បាញ់បង្ក្រាប​កម្មករ​ដែល​តវ៉ា​ ទាមទារសិទ្ធិការងារ និង តម្លើង​ប្រាក់ខែ​ទាំងនោះ ថាជាក្រុមពួកប្រឆាំង ធ្វើ​កុប្បកម្ម​ផ្តួល​រំលំ​របបសព្វថ្ងៃ។​

មន្រ្តីនាំពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន​ ថា​កង​កម្លាំង​ ដែល​បាញ់​បង្ក្រាប​ក្រុម​កម្មករ​កាល​ពី​ដើ​ម​ឆ្នាំ ២០១៤ នោះ គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ ព្រោះលោកអះអាងថា ​ពួក​គេ​បាន​បំពេញ​តួនាទី​ ដែលអ្វីដែលលោកហៅថាជាការពារ​ជាតិ​មាតុភូមិ និង​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ។

ការលើកទឹកចិត្ត​ដល់ជនប្រព្រឹត្តិអំពើហិង្សា ដែលជាមន្រ្តីសមត្ថកិច្ចនេះ គឺមិនខុសអ្វីពី​សម្តី​របស់​អតតីមេគុក​ទួលស្លែងលោក កាំង ហ្កេកអ៊ាវ ហៅឌុច ដែល​លើក​ទឹក​ចិត្ត​កម្មាភិបាល​ខ្មែរក្រហម ដែលជាក្រុមអ្នកសួរចម្លើយ និង ធ្វើ​ទារុណ្ឌកម្ម​អ្នកជាប់ឃុំ នៅគុកទួលស្លែង ឲ្យក្លាហាន​ក្នុង​ការ​សម្លាប់ជនរងគ្រោះ​ ដែល​​ជាប់​ឃុំ​ទាំងនោះ ដើម្បី​បង្ហាញ​ពី​ជំហរ​ដាច់ខាត ស្មោះត្រង់​នឹង​បដិវត្តន៍។

របបលោក ហ៊ុន សែន កាលពីឆ្នាំ ២០១៦ បាន​លើកទឹកចិត្តកងអង្គរក្ស​របស់លោក​ពីរនាក់ គឺ​លោក សុត វណ្ណី និង លោក ម៉ៅ ហឿន ដោយតម្លើងឋានៈអ្នកទាំងពី ពីរវរសេនីយ៍ទោ ទៅ​វរសេនីយ៍ឯក ក្រោយ​អ្នកទាំងពីរ ​បាន​ព្រួតគ្នា​វាយដំតំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ​ពីររូបយ៉ាង​ដំណំ គឺលោក ញ៉យ ចម្រើន និង លោក គង់ សភា កាលពីឆ្នាំ ២០១៥។

រដ្ឋមន្រ្តី​ក្រសួងសង្គមកិច្ចលោក វង សូត្រ កាលពីឆ្នាំ ២០១៧ ធ្លាប់​គម្រាមបង្ក្រាប​​អ្នកប្រឆាំង ដែ​លហ៊ាន​តវ៉ា​លទ្ធផលបោះឆ្នោត ដោយ​ថានឹង​វាយក្បាលនឹង​គល់ឫស្សី។ គល់ឫស្សី និង ត្បូងចប ជាឧបករណ៍​ពិឃាត ដ៏មាន​ប្រជាប្រិយ​ ក្នុង​សម័យ​ខ្មែរក្រហម ព្រោះវាអាចសន្សំ​គ្រាប់​កាំភ្លើង។

លោក ហ៊ុន សែន មិនត្រឹមតែ​​ មិន​ថ្កោលទោស ឬ ដាក់ពិន័យ​ទៅលើ​មន្រ្តីសាធារណៈ ដែល​ប្រើសម្តី​ហិង្សា ក្នុង​ចេតនា​ឧក្រិដ្ឋបែបនេះនោះទេ លោកថែមទាំង​ថ្លែង​កាន់ជើងលោក វង សូត្រ ទៀត​ផង។

ក្នុងសម័យ​ខ្មែរក្រហម ហេតុផលដ៏ពេញ​និយម នៅក្នុងការ​ធ្វើទុក្ខបុកម្នេញ អ្នកដែលមិនមែនជាមនុស្សរបស់​ក្រុម និង បក្សពួក​របស់​ខ្លួន គឺការចាត់ទុកអ្នកទាំងនោះ​ថា​ជាខ្មាំង។ ការចោទនរណាម្នាក់ ថាជាខ្មាំង ជាជនក្បត់ ជាពួកប្រតិកិរិយា គឺជាមធ្យោបាយកម្ទេចមនុស្ស​ដែល​ ពួកខ្មែរក្រហមលាប​ពណ៌ ថាជាពួកប្រឆាំងមាគ៌ាបក្ស និង អង្កការ។ ក្នុង​សម័យ​ខ្មែរក្រហម អ្នកណា​តវ៉ា គឺខ្មាំង ហើយ​អ្នកដែលប្រឆាំង គឺខ្មោច។ ឬខ្លីជាងនេះ “តវ៉ា​ខ្មាំង ប្រឆាំងខ្មោច”។ ពាក្យ “​កម្ចាត់” “កម្ទេច” “បោសសម្អាត” គឺ​ខ្មែរក្រហមប្រើក្នុងន័យតែមួយ គឺ“សម្លាប់”។

ភាសានេះ​លោក ហ៊ុន សែន ប្រើញឹកញាប់​ណាស់ ដើម្បីសំដៅទៅលើការបង្ក្រាប​លើ​ក្រុមមនុស្ស ដែល​ប្រឆាំង​នឹងរបបរបស់​លោក មិនថា​យោធា ឬ ស៊ីវិលឡើយ។ ថ្មីៗនេះ ដោយខ្លាចក្រុមយោធាក្រោកបះបោរប្រឆាំង​នឹង​របបលោក ដូច​អ្វី​ដែលកើត​មាន​នៅប្រទេសវ៉េណេហ្ស៊ុយអេឡា លោក ហ៊ុន សែន បញ្ចេញសារ​គម្រាម​​ទាហានទាំងនោះ​ទុកជាមុន៖ <<កងទ័ពប្រឆាំង​រដ្ឋាភិបាល​ ត្រូវ​តែកម្ទេច>>។

ទោះបីជាកម្ពុជាមាន​ច្បាប់​រដ្ឋធម្មនុញ្ញ និង ក្រមព្រហ្មទណ្ឌដែលចែង​យ៉ាង​ច្បាស់​ អំពី​ការ​រក្សាជីវិតមនុស្ស និង មិន​អនុញ្ញាត​ឲ្យ​កាត់​ទោស​​ប្រហារជីវិតក៏ដោយ ក៏លោក ហ៊ុន សែន មិន​ញញើត​នឹងបង្ហាញចេតនា​ឧក្រិដ្ឋ ដែល​ជាធាតុផ្សំ​នៃឧក្រិដ្ឋ​កម្ម​​ប្រឆាំង​មនុស្ស​ជាតិ ក្នុង​សារ​ដែល​លោក​​គម្រាម​សម្លាប់​មន្រ្តីបក្សប្រឆាំង និង ក្រុមបាតុកររាប់​សែន​នាក់នោះដែរ។ លេសតែម៉្យា​ង គឺ​ដើម្បីអ្វីដែលលោកហៅថាការពារ​សន្តិភាព <<ពួក​អ្នកឯង​បាន​និយាយថា យក​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៣ ធ្វើ​ជា​ថ្ងៃផ្តាច់​ព្រាត់​ ក្នុង​ការ​ផ្តួលរំលំ​រដ្ឋាភិបាល។ ​ជាភ័ព្វសំណាង​របស់​អ្នកឯង​ហើយ។ ប្រសិនបើ​ខ្ញុំ​បាន​មើល​ឃើញឃ្លីបវីដេអូនេះ ប្រហែលពេលនេះជាពេលវេលា​ធ្វើបុណ្យ​ខ្មោច​អ្នកឯង​។ ដើម្បី​ការពារ​រដ្ឋ​មួយ គឺមាន​តែ​កម្ទេច​ក្បាល​ម៉ាស៊ីនក្រវាត់ចោល។ ជម្រើសមានតែពីរ ឬមួយយើង​ងាប់ ឬ មួយគេ​ងាប់ តែប៉ុណ្ណឹង>>។

ប្រហែលលោកខ្លាច​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ មិន​បាន​ឮអំពីចេតនាឧក្រិដ្ឋ​នេះហើយ បាន​ជាលោក​ឆ្លៀតបំពងសំឡេង​ ​ថ្លែងសារគម្រាមសម្លាប់​មនុស្សនេះ រហូតដល់​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​ទី​ក្រុងញូយក សហរដ្ឋអាមេរិក និង នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន ថែមទៀត​ផង។

ការរម្លាយគណបក្សប្រឆាំង ដែលមានអ្នកគាំទ្រជាង ៣ លាននាក់ ឬ ស្មើនឹង​ជិតពាក់កណ្តាល​ប្រទេស និង ចាប់​ប្រធានគណបក្សប្រឆាំង​ដាក់គុក ក៏របបលោក ហ៊ុន សែន យកសម្អាង នៃទោសក្បត់ជាតិ និង ការ​ចង់ធ្វើបដិវត្តន៍ពណ៌ មកធ្វើជាហេតុផល ក្នុងការ​កម្ចាត់សំឡេងប្រឆាំងនេះដែរ។ ការ​ចាប់​អ្នកកាសែត​ដាក់គុក ដោយ​គ្មានកំហុស ក៏របបនេះយកលេសថា​អ្នកទាំងនោះ លួចផ្តល់ព័ត៌មាន​ទៅរដ្ឋបរទេស ​ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។

ជារួម​រាល់ចំណាត់ការ​របស់លោក ហ៊ុន សែន និង មន្រ្តីរបបនេះ​ ដែលកម្ចាត់​សំឡេង​ប្រឆាំង​ ហើយ​ដែលមន្រ្តីទាំងនេះតែងតែ​អះអាងថា ដើម្បី​ការពារសន្តិសុខ សន្តិភាព និង​សេចក្តី​សុខក្សេមក្សាន្ត ​របស់ប្រជាពលរដ្ឋ ក៏មជ្ឈដ្ឋានទូទៅ​មើលឃើញថា នោះគ្រាន់តែជាចំណាត់​ការ​ ដើម្បី​ទប់ទល់នឹង​ភាពភ័យ​ខ្លាច​ មិន​បាន​ក្រាញ​អំណាច​យូរ​អង្វែង​តទៀត តែ​ប៉ុណ្ណោះ។

អ្នកវិភាគ ថាការ​ដឹកនាំ​បែបនេះ គឺធ្វើ​ឲ្យ​ប្រជាពលរដ្ឋខ្មែរទូទៅ ភ័យ​រន្ធត់ តក់ស្លុត និង​ បាក់ស្បាត ដើម្បី​លោក ហ៊ុន សែន អាច​ងាយ​ត្រួតត្រាតែ​ប៉ុណ្ណោះ។ មិន​មែន​ដើម្បី​សន្តិភាពទេ ព្រោះសន្តិភាព កើតចេញពី​ភាពយុត្តិធម៌សង្គម ដែលអាចទទួល​យក​បាន​ទាំងអស់គ្នា មិនមែន​ឈ្នះ​តែ​ក្រុម​បក្សពួក​លោក​ ហ៊ុន សែន នោះឡើយ។

របៀបដឹកនាំបែបខ្មែរក្រហមមួយទៀត គឺការ​រក្សាការសម្ងាត់ ចំពោះសកម្មភាព​របស់​ខ្លួនឯង ប៉ុន្តែ បង្កើត​ប្រព័ន្ធតាមដាន និង យកការណ៍សកម្មភាព​អ្នកដទៃ ដែលបង្កើត​ឲ្យ​មានកា​រភ័យខ្លាច និង មិនទុកចិត្ត​គ្នា។ របៀបតាមដាននេះ ត្រូវ​លោក ហ៊ុន សែន បង្កើតជាប្រព័ន្ធ នៅគ្រប់​ខេត្ត​ក្រុង ក្នុងគោលបំណង​ឃ្លាំមើល រាល់សកម្មភាព​របស់​មន្រ្តី និង សកម្មជន​បក្សប្រឆាំង។

ក្នុង​សម័យ​ខ្មែរក្រហម ភ្លាម​ៗ​ក្រោយ​របបនេះ​ ផ្តួលរបបសាធារណៈរដ្ឋខ្មែរ របស់​លោកសេនាប្រមុខ​ លន់​ ណុល ពួកខ្មែរក្រហម ចាប់ផ្តើមបោសសម្អាត​អតីទាហាន​ លន់ ណុល។ អតីតទាហាន​សាធារណៈរដ្ឋ​ជាច្រើន​ ត្រូវ​ពួកខ្មែរក្រហម​ ដឹកយកទៅបាញ់​សម្លាប់​ចោល នៅទួល​ពោធិ៍ជ្រៃ ខេត្ត​ពោធិ៍សាត់ ដោយ​គ្មានការ​ជំនុំជម្រះ​អ្វីទាំងអស់។ ជាបន្ត​មកទៀត ពួកខ្មែរក្រហម តាម​ធ្វើ​ទុក្ខ​បុកម្នេញ​ក្រុមគ្រួសាររបស់​អ្នកទាំងនោះ រហូតផុត​របបនេះ។

ក្នុង​របបសព្វថ្ងៃនេះ​វិញ ក្រោយ​លោក ហ៊ុន សែន រម្លាយ​គណបក្សសង្គ្រោះជាតិរួច របបលោក​ បន្ត​ធ្វើទុក្ខបុកម្នេញ លើ​មន្រ្តី និង សកម្មជន​បក្សនេះ នៅតាមមូលដ្ឋាន ដោយ​រឹតត្បិត​សិទ្ធិសេរីភាព ខាង​ជីវភាពនយោបាយ​សព្វបែបយ៉ាង។ លោកថែមទាំងបញ្ជាក់ អំពីគោលបំណង ផ្តាច់ឫសកែវនៃ​រចនាសម្ព័ន្ធ​របស់បក្សនេះ ទាំង​ស្រុង​តែម្តង ដូចពាក្យស្លោកខ្មែរក្រហម “ជីកស្មៅ ជីកទាំងឫស”។

សម័យ​ខ្មែរក្រហម​ ដើម្បី​សម្រេចផែនការ​កម្ទេចអ្វីមួយ ​ដែលរបបនោះ​ហៅថា​ជា​”សត្រូវ” ដែល​ជាខ្មាំង​បដិវត្ត ពួកគេ​ប្រើកងឈ្លប ដើម្បីឈ្លប​យកការណ៍​ និង តាម​ដានរាល់សកម្មភាព​របស់​ប្រជាជនស៊ីវិលទូទៅ។ សូម្បី​តែការ​រួមដំណេករវាង​ប្តីប្រពន្ធ ដែលកម្មាភិបាល​ខ្មែរក្រហម​បង្ខំឲ្យ​រៀបការ ក៏ត្រូវ​កងឈ្លប​ទាំងនេះ តាម​ឃ្លាំមើលរហូតដល់​ក្រោមផ្ទះដែរ។ ជារួម​សិទ្ធិសេរី​ភាព​របស់ពលរដ្ឋទូទៅ ត្រូវ​រងការរឹតត្បិត នឹង​ឃ្លាំមើលគ្រប់វិនាទី។

លោក ហ៊ុន សែន ក៏អនុវត្ត​វិធី​នេះដែរ ដោយលោកប្រកាស​ជាចំហ ឲ្យ​តាមដាន​រាល់​សកម្មភាព​នយោបាយ របស់​មន្រ្តី​បក្សប្រឆាំង​ នៅតាម​មូលដ្ឋាន។​ សូម្បី​តែជួប​​ជុំគ្នា​ហូបគុយទាវ ក៏ហូ​ប​មិន​ត្រង់​មាត់ដែរ ព្រោះលោក ឲ្យ​គេ​តាម​ដាន​គ្រប់​ជំហាន <<មួយផ្នែកទៀត គឺរឹត​ពួកអា​​ប្រឆាំង​ដែល​នៅសេសសល់ ឲ្យ​វារលំរលាយ​កាន់តែ​ឆាប់។ ​ពួកអានៅ​ខាង​ក្នុង​ ផ្តាច់​ខ្សែសង្វាក់​របស់​វា​ឲ្យ​អស់។ ឥឡូវ​ពួកវា​ កំពុងដើ​រប្រជុំតាម​ហាង តាម​ស្អីនានា ដែលខ្ញុំ​សុំ​យក​ឱកាស​បញ្ជូន ដល់អភិបាលខេត្ត​នានា​សម្រាប់​ការ​ណែនាំ និង គ្រប់កន្លែងផងដែរ។ យើង​មិន​អាច​ពួក​អាក្រុមនេះ​រស់ទេ។ បើបានជា​ជ្រុលអ៊‍ីចឹង​ទៅហើយ គឺលេង​ម៉ា​អស់​ដៃ ដើម្បី​ផ្តាច់​បណ្តាញ​របស់​វា កុំឲ្យ​វាមាន​ឈ្នាន់​ឲ្យ​សោះ។ កម្ចាត់​ចោល​កម្លាំង​ប្រឆាំងទាំងអស់ ដែលជាបណ្តាញ​របស់អតីត​សង្គ្រោះជាតិ ដោយ​មិន​ឲ្យ​ពួកនេះរើក្បាល​រួច​>>។

ស្របពេលដែលការសន្យាវិលចូលស្រុកខ្មែរ​ របស់​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាន់តែ​កៀក​ចូលមកដល់ លោក​ ហ៊ុន សែន កាន់តែ​ភ័យ​ខ្លាច​រឿងនេះ។ ការភ័យ​ខ្លាចនេះ ធ្វើ​ឲ្យ​លោកបង្កើន​ការ​ធ្វើទុក្ខបុកម្នេញនេះ ថែមទៀត ដោយ​គម្រាម​វាយ​ខ្នោះមន្រ្តី និង សកម្មជនគណបក្សសង្គ្រោះជាតិ ណា​ដែល​ប្រជុំគ្នា​ ដើម្បីរៀបចំ​ទទួល​លោក សម រង្ស៊ី។ លោកថា នឹង​ចាត់ការអ្នកនោះឆាប់ៗនេះ <<សូម្បី​តែ​ប្រជុំតាម​ឡាន បន្តិចទៀត​ធ្វើ​ហើយ! ត្រូវ​ធ្វើ​ហើយ! អាទៅប្រជុំ​នៅ​បឹង​ត្រកួន អ្នកមេក្លោង​ហ្នឹង​អា រ័ត្ន សុធី។ ឥឡូវ​ផ្តាំពីហ្នឹង​ទៅហើយឲ្យហើយអា រ័ត្ន សុធី កុំធើ ធើ​ប្រយ័ត្ន​ជាប់​ខ្នោះៗ! គេមិនដឹងអ្ហ៊ៃ? ហើយ​នៅនេះ ស្រី​មួយដើរតួខ្លាំង! ប្រជុំ​តាម​ឡាន​ bus ថ្ងៃមុន​ប្រជុំ​ចេញពី​ភ្នំពេញ​ទៅភ្នំតាម៉ៅ! ឥឡូវ​កំពុង​ដំណើរការ​រៀបចំ​បន្តទៀត។ សកម្ម​ខ្លាំង​ណាស់! ប្រយ័ត្ននាង! ប្រយ័ត្ន​>>។

លោកបន្ថែមទៀតថា គ្មានអ្វីដែលលោកមិនដឹងនោះទេ <<លោកស្រីប្រធាន​ចលនា​ស្ត្រី​ ត្រូវ​ដឹងថាលោកស្រី មិន​អាច​លាក់បាំងពីអ្វី របស់​យើង​បាន​ទេ។ អ្នកណា​ដូចជានៅកំពង់ចាម គេ​ប្រជុំ​លើ​ឡាន bus ទៅខាង​កំពង់​ធំ ត្រឡប់​មកវិញ​ទៅ​ចម្ការ​លើ​! ស្មានតែ​គេ​មិន​ដឹងអ្ហ៊ៃ?>>។

លោក ហ៊ុន សែន លាបពណ៌អ្នកទាំងនោះ ថាជាក្រុម​អាសិរពិស និង ថា​ជាមួយ​លោក បើ​ហ៊ានថាអី គឺហ៊ាន​ធ្វើហ្នឹង។​

ការតាមដាន​មនុស្ស ដូចសម័យ​ខ្មែរក្រហមនេះ មិនមែនកើតមាន​ ចំពោះ​តែ​មន្រ្តី​គណបក្សសង្គ្រោះជាតិទេ សូម្បីតែ​ប្រជាពលរដ្ឋសាមញ្ញ ដែល​ជា​ជន​រងគ្រោះ​ក្នុង​បញ្ហា​ដីធ្លី ក៏ត្រូវ​អាជ្ញាធរ​ដាក់ប៉ុស្តិ៍យាម នៅ​មុខផ្ទះ​ ដើម្បីឃ្លាំមើលសកម្មភាព​របស់​គាត់​នោះដែរ។

លោក​ស្រី ផាវ ញឺង ​តំណាង​​ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី ​នៅ​ឃុំ​ជីខក្រោម ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ ដែល​មាន​វិវាទ​ច្រើន​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក ​ឧកញ៉ា លី យ៉ុងផាត់ មហាសេដ្ឋី​ និង​ជា​សមាជិក​ព្រឹទ្ធិ​សភា​ឯក​បក្ស ​​នៃ​របប​ក្រុង​ភ្នំពេញ​ ថា​ការ​ឃ្លាំ​មើល​សកម្មភាព​លោក​ស្រី នៅ​មុខ​ផ្ទះ​លោកស្រី កើតឡើង​តាំង​ពី​កំឡុង​ខែ​មិថុនា ឆ្នាំ​២០១៧ ម្ល៉េះ <<ថ្ងៃបុណ្យសមុទ្រអីហ្នឹង ពេលខ្ញុំ​ទៅលេងបុណ្យសមុទ្រ ក៏គេមកយាមដែរ និងមាន​​គ្នា​គេ​តាម​រហូត តាម​ដល់​កន្លែង​ដេកទៀត។ ពេលខ្ញុំ​មកប្រជុំនៅខេត្ត​កំពត គេ​តាម​មកសួរ​នៅផ្ទះទៀត​>>។

លោកស្រី ថាតាមដានសកម្មភាព របស់លោកស្រីបែបនេះ គឺបង្ក​ភាព​ភ័យ​ខ្លាច​ដល់​លោកស្រី និង ក្រុមគ្រួសារ។ មិនតែប៉ុណ្ណោះ លោកស្រី​រងការ​លាប​ពណ៌ថា​ជា​មនុស្ស​បក្សប្រឆាំង​ទៀត​ផង ទោះបីលោក​ស្រីគ្រាន់តែជនរងគ្រោះដីធ្លី គ្មាន​បក្ស​នយោបាយ​អ្វីទាំងអស់ <<ដោយសារ​ខ្ញុំ​ចង់​បាន​តែ​រឿង​យុត្តិធម៌ រឿង​ម៉ារស់​ពួក​ខ្ញុំទេ​​។ កុំ​ឲ្យ​តែ​អ្នកឯង​អ្នកមាន មកប្លន់​ដីគេហើយ បែរជា​មកលាបពណ៌ ថា​គេ​ជា​គណបក្សប្រឆាំង។ ខ្ញុំ​គ្មានមេទេ មេខ្ញុំ​គឺខួរ​ក្បាល​ខ្ញុំ។ ខ្ញុំ​គឺជាជន​រងគ្រោះ>>។

ក្នុងការសាបព្រោះការ​ភ័យ​ខ្លាចនេះ ទាំងលោក​ ហ៊ុន សែន និង​ មន្រ្តីរបបនេះ​ គម្រាម​កំហែង​អ្នកហ៊ានបញ្ចេញមតិ តាម​បណ្តាញ​សង្គមហ្វ៊េសប៊ុក ដោយ​បំភ័យ​ថា​លោក​អាច​តាមចាប់អ្នកប្រើប្រាស់ហ្វេសប៊ុកណាម្នាក់ ដោយប្រើពេល​មិនដល់​ ១០ នាទីផង <<ត្រូវ​ដឹង​បច្ចេកវិទ្យា​បច្ចុប្បន្ន មិន​ឲ្យ​លើស​ពី​ ៨ នាទី! រកឃើញកន្លែង​ទីតាំង​ឈរ​ជើងរបស់​អ្នក comment ចូល​ហើយ។ ទោះបីអ្នកឯង​ដាក់ឈ្មោះអីក៏ដោយ​ចុះ ត្រូវ​ចាំ! សូម្បីតែអ្នកវ៉ៃតាម​ WhatsApp, Telegram ឬ Line ក៏គេ​យកបាន​ទាំងអស់ដែរ>>។

របបនេះក៏ប្រើប្រាស់​មធ្យោបាយ នៃ​ព័ត៌មានបែកធ្លាយ ដើម្បី​បង្ក្រាប​ បំបាក់​ស្មារតី និង បរិហាកេរ្តិ៍មន្រ្តីបក្ស​ប្រឆាំង​ យ៉ាង​រាលដាល។ ព័ត៌មាន​ដែលរបបនេះ អះអាង ថាបាន​ពី​ទំព័រហ្វេសប៊ុកឈ្មោះ​ “សីហា” គឺសុទ្ធតែជាព័ត៌មាន នៃ​សារសន្ទនា​គ្នា​ជាឯកជន​ តែត្រូវ​ប្រព័ន្ធឃោសនាលោក ហ៊ុន សែន និង លោក ហ៊ុន សែន យក​មកប្រើប្រាស់​យ៉ាង​ចំហ និង គ្មាន​ក្រែង​ច្បាប់​អ្វី​ទាំងអស់។

សិទ្ធិឯកជនភាព ត្រូវ​បាន​ការពារ​នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ សូម្បីតែលោក ហ៊ុន សែន ដែលជានាយករដ្ឋ​មន្រ្តី ក៏ខកខានក្នុងការ​ទប់ស្កាត់ការ​រំលោភច្បាប់នេះដែរ។ លោកមិនចាត់​ការស៊ើបអង្កេត​អ្វីទាំងអស់។​ មិន​តែ​ប៉ុណ្ណោះ លោក​តែងតែ​ពោល​សរសើរ​ក្រុមឧក្រិដ្ឋជននេះ <<គ្រាន់បែអាសីហា! អ្ហែងប៉ុណ្ណឹងគ្រាន់បើ អ្ហែង​ចេះចាប់សំឡេង​អញជាមួយឯកឧត្តម​ កឹម សុខា​បាន>>។

ទោះជាលោកថា លោកត្រូវការពេលមិនដល់ ១០ នាទី ដើម្បីតាមរកអ្នករំលោភច្បាប់​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម មកដល់ពេលនេះ គ្មានចំណាត់ការណាមួយ​លើ​រឿង​នេះទេ។ តែបើទោះជាស៊ើបអង្កេត ក៏ប្រហែលជាគ្មានប្រយោជន៍ដែរ ព្រោះ​អ្នកដែលធ្វើឲ្យបែកធ្លាយ​ឯកសារទាំងនោះ គឺលោក ហ៊ុន សែនខ្លួន​ឯង​នោះឯង <<បែកធ្លាយ​សំឡេង​ប៉ុន្មាន​ថ្ងៃនោះ នោះហើយដែល ហ៊ុន សែន វ៉ៃ​មួយដៃឆ្វេង តែនៅដៃស្តាំ​អត់​ទាន់​វ៉ៃទេ។ សុំ​អ្នកឯង​ស្តាប់​ឲ្យបាន!​>>។

ទោះនេះអំពើខុសច្បាប់ ប៉ុន្តែ លោកមិនខ្វល់ និងផ្គើន​បញ្ចេញ​សារ​នេះ ច្រើន​ថែមទៀត <<ចង់​ចង់សាក! អ្នកឯង​និយាយ​ជាមួយខ្ញុំ​ពីស្អី! នៅមានទៀត! អ្នកឯង​ចង់​សាក ខ្ញុំ​នឹងទម្លាយ​ចេញ​ឲ្យអ្នកឯង​មើល​ទាំង​អស់ តាំងពីក្នុង​ WhatsApp, SMS តិចថាខ្ញុំ​មិនបានការ។ ហើយ​វាយ៉ាងម៉េច!>>។

ភាពអាណាធិបតេយ្យ នៃ​ការ​បញ្ចេញ​ព័ត៌មានបែកធ្លាយ ក្លាយ​ជាទម្លាប់​ ដែល​របបនេះ មិន​ចាត់​ការធ្វើទាំងអស់។ ប្រការ​នេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រងសម្ពាធ​ផ្លូវចិត្តយ៉ាង​ខ្លាំង ព្រោះខ្វះសុវត្ថិភាព​ នៅក្នុង​ការ​សន្ទនាគ្នា​ជាលក្ខណៈឯកជន។ ដោយ​ខ្លាច​គេលួចស្តាប់​ការ​សន្ទនាគ្នាតាម​ទូរស័ព្ទ ប្រជាពលរដ្ឋ​ បាន​ស្កាត់ជួប​គ្នា ​ដើម្បី​និយាយ​គ្នាផ្ទាល់។ ការជួបជុំគ្នា​បែបនេះ រងការបង្ក្រាបដែរ។​

នាយកប្រចាំ​តំបន់​អាស៊ីសេរី នៃអង្គការ​ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) ថា​សារជាតិ​នៃ​មេដឹកនាំ​ ដែល​ជាប់​កម្អែល​កុម្មុនីស្ត​ខ្មែរក្រហម ដូចជាលោក ហ៊ុន សែននេះ ពិបាកនឹង​កែណាស់។ លោកថា​ លោក ហ៊ុន សែន បាន​រៀន​សូត្រពី​ខ្មែរ​ក្រហម កាលលោកនៅជាទាហានកម្មាភិបាល​ខ្មែរក្រហមនោះ នៅតែ​ដក់​ក្នុង​ផ្នត់គំនិតរបស់​លោក ក្នុង​របៀប​ដឹកនាំ​សព្វថ្ងៃ <<លោក ហ៊ុន សែន នៅតែគិតថា ជម្រើស​ដ៏ល្អក្នុងការ​បន្ត​ក្រាញអំណាច គឺកម្ទេច​ដៃគូ​ប្រកួត​។ គាត់​នៅគិតថា ដើម្បីឈ្នះក្នុង​រឿង​នយោបាយ គឺមានតែ​សម្លាប់​ដៃគូប្រកួត ទាំងបញ្ចប់ជីវិតនយោបាយរបស់គូប្រកួត និង ជួនកាល បញ្ចប់​ជីវិតគូប្រកួត​តែម្តង​>>។

លោក ប្រ៊ែដ អាដាម បន្តថា ផ្នត់គំនិត និង ការ​ប្រព្រឹត្តិ​បែបនេះ គឺលោក ហ៊ុន សែន ពិបាកនឹង​ជម្រះ​ចោល​ណាស់ ព្រោះលោកទទួល​មនោគមវិជ្ជាក្រហមឆ្អិនឆ្អៅ ពីខ្មែរក្រហមទៅហើយ។ លោកបន្ថែមទៀតថា បើ​មេដឹកនាំ​ដែលមិនជាប់​កម្អែលកុម្មុនីស្ត ពួកគេច្បាស់​ជា មិន​​ធ្វើដូចលោក ហ៊ុន សែន នោះទេ។ មេដឹកនាំ ដែលប្រកាន់គោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង នីតិរដ្ឋ គេមិនដែលចាប់ដៃគូ​ប្រកួត​ដាក់គុក ឬ កម្ចាត់ បំបាត់​ ឬ រម្លាយគេ​ដូច្នេះនោះឡើយ។

របបខ្មែរក្រហម ចាត់​ទុកអ្នកដែលមានទស្សនៈផ្ទុយពីខ្លួន ថា​ជាខ្មាំង ដែលត្រូវ​កម្ចាត់ចោល។ ប៉ុន្តែ យូរៗទៅ អស់ខ្មាំងខាងក្រៅជួរបក្ស ដែលត្រូវ​កម្ចាត់នោះ ខ្មែរក្រហមចាប់ផ្តើម​កម្ចាត់​ខ្មាំង​ក្នុងជួរ​បក្ស គឺបោសសម្អាត​កម្មាភិបាលរបស់ខ្លួន រហូតធ្វើឲ្យ​ប្រព័ន្ធគ្រប់គ្រងរលាយខ្លួន។

លោក ប្រ៊ែដ អាដាម ថាក្នុង​របបប្រជាធិបតេយ្យសេរីនិយម គ្មានមេដឹកនាំណា យក​ជម្រើសកម្ចាត់​ ឬ កម្ទេច​គូប្រកួតរបស់​ខ្លួន តាម​រូបភាព​បែបកុម្មនីស្ត​បែបនេះនោះឡើយ។ អ្វីដែលលោក ហ៊ុន សែន កំពុង​ធ្វើនេះ គឺបង្កើត​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់ពីមន្រ្តីក្នុង​ជួរបក្ស​របស់​ខ្លួន និង ពលរដ្ឋខ្មែរ​ទូទៅដែរ <<លោក ហ៊ុន សែន ជា​ជនផ្តាច់ការ​ ជាអ្នករំលោភសិទ្ធិមនុស្ស​ និង ជាប់ពាក់ព័ន្ធនឹង​អំពើ​ឃាតកម្ម។ គាត់​នឹង​មិន​អាច​លេង​ល្បែងដដែលៗនេះ បាន​តទៅទៀត​ទេ។ គាត់​មិន​អាច​នៅបន្ត​កាន់​អំណាច​រហូត​អស់​មួយជីវិត បាន​នោះទេ។ អ្នកមានធំៗ ក៏មិន​តាម​គាំទ្រ​គាត់​រហូត​នោះដែរ។ បើ​សិនលោក ហ៊ុន សែន ចង់​ដុត​បំផ្លាញ​ស្រុក​ខ្មែរ ដោយសារ​ការ​ចង់​បន្ត​ក្រាញ​អំណាច​យូរ​តទៅទៀតនោះ នឹង​មាន​មនុស្សច្រើន​ណាស់​ នៅក្នុងជួរ​គណបក្ស​ប្រជាជន​កម្ពុជា ក៏នឹង​ព្រមតាម​គាត់​ដែរ>>។

កម្អែលខ្មែរក្រហមមួយបែបទៀត គឺទំយើបុគ្គល។ គឺការស្ទួយ និង លើកមុខមាត់បុគ្គល ឲ្យខ្ពស់ហួសពីស្ថាប័ន។ សម័យខ្មែរក្រហម គេលើកមុខបុគ្គលខ្ពស់ ប្រើឈ្មោះអង្គការ។ ប៉ុន្តែ មិនមែនឲ្យតម្លៃលើអង្គការ ឬ ស្ថាប័ននោះទេ។ កម្មាភិបាលខ្មែរក្រហមរូបណា ក៏ជាអង្គការដែរ។

ចំណែក​លោក ហ៊ុន សែន សព្វថ្ងៃគឺជា”អង្គការ” ដែលគ្រប់គ្នា​ត្រូវ​តែ​គោរព និង លើក​តម្កើង​ ឲ្យ​ខ្ពស់​ហួស​ស្ថាប័នណា​ទាំងអស់ សូម្បី​តែអង្គ​​ព្រះមហាក្សត្រ។ លោក ហ៊ុន សែន បញ្ជាក់អំណាច​ធំលើសអំណាច​ស្តេចផែនដីនេះ នៅក្នុង​សារ​របស់​លោក <<ជាមួយខ្ញុំ គឺ​កុំនិយាយ​ឲ្យ​សោះ ឪស្តេច​ម៉ែស្តេច​ក៏ដាក់ដែរ>>។

ដោយសារ​តែ​​មើលឃើញ នូវ​ចំណុច​អស់​ទាំងនេះ ធ្វើឲ្យ​ប្រធានស្តីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលធ្លាប់​តស៊ូ​ ដើម្បី​ប្តូរ​របបលោក ហ៊ុន សែន ក៏ងាកមកផ្លាស់ប្តូរ​យុទ្ធសាស្រ្តរបស់ខ្លួន ដោយ​ប្រកាស​កាលពីថ្ងៃទី ០៤ ខែ មីនា ថាគណបក្សសង្គ្រោះជាតិ លែង​ប្តូរ​របបលោក ហ៊ុន សែនហើយ​ ប៉ុន្តែ​ប្តូរ​អ្នកដឹកនាំ​របបនេះ​វិញ គឺប្តូរ​លោក ហ៊ុន សែន តែនៅ​ចាប់​ដៃ​ធ្វើការ​ជាមួយមន្រ្តី គណបក្សកាន់អំណាចនេះ​ <<គឺគណបក្សសង្គ្រោះជាតិ យើង​មិន​ទាមទារ​ឲ្យ​ប្តូរ​របបទេ យើង​បើកទូលំទូលាយ​ យើង​បោះ​ដៃ​ទៅ​រក​គណបក្ស​កាន់អំណាច​ គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះមានគណបក្សតែពីរនេះ​​ទេ ​​ដែល​នឹង​កំណត់​វាសនា​ប្រទេស​កម្ពុជា។ យើង​សុំ​អំពាវនាវ សុំ​ឲ្យ​មន្រ្តីគណបក្សប្រជាជន​កម្ពុជា ថ្នាក់ដឹកនាំ​ អ្នកគាំទ្រ​គណបក្សប្រជាជន​កម្ពុជា ដូរ​លោក​ ហ៊ុន សែន ជាជំហានទីមួយ ពេលណា​មានការ​ដូរ​លោក ហ៊ុន សែន គឺយើង​គាំទ្រ​ការ​ផ្លាស់ប្តូរ​លោក ហ៊ុន សែនចេញសិន។ ហ៊ុន សែន និង ក្រុមគ្រួសារ​លោក ហ៊ុន សែន ចេញសិន>>។

មេដឹកនាំផ្តាច់ការ​ទាំងអស់​នៅលើ​ពិភពលោក មានទម្លាប់​មិន​ទុកចិត្ត​អ្នកដទៃ ក្រៅពីមនុស្ស​ជំនិត និង ក្រុមគ្រួសារ​បក្សពួក​ជិតស្និទ្ធ​របស់​ខ្លួន ទើប​សាបព្រោះ​ការ​ភ័យ​ខ្លាច​ ហើយ​មិន​លើកទឹកចិត្ត​ ឲ្យ​មានទស្សនៈផ្ទុយនោះទេ។ ការកាន់អំណាច​ដែលលង់​ខ្លួន​យូរ​ទៅ មេដឹកនាំផ្តាច់ការ អាច​យល់ច្រឡំ ​ថា​អំណាច​របស់​ខ្លួន​មិនចេះសាបសូន្យ។ ក៏ប៉ុន្តែ​ការពិត គឺមិនដូច្នេះនោះទេ។

លោក ប្រ៊ែដ អាដាម ថា​បើទោះបីជារដ្ឋាភិបាល​ផ្តាច់ការ​នៅលើ​ពិភពលោក តែង​តែជ្រើសរើស​យក​វិធីគ្រប់គ្រង​ប្រទេស​បែបនេះក៏ដោយ ក៏ប៉ុន្តែ​ជាទូទៅ មិន​ជោគជ័យ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "បទវិភាគ៖ កម្អែលខ្មែរក្រហម ក្នុងផ្នត់គំនិត និង ការប្រព្រឹត្តិរបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន"

  1. Anonymous says:

    So cruel to own people ‘