ប៉ូលិស​ឃាត់​ខ្លួន​ឧកញ៉ា ​គិត ធាង​ ក្រោយពី​លោក ហ៊ុន សែន​ បញ្ជា​ឲ្យ​ចាប់​មេខ្លោង​គ្រឿង​ញៀន​នៅ​រ៉ុក

កម្ពុជា


លោក គិត ធាង គឺជា​បង​ប្រុស​​បង្កើត​​របស់​អ្នក​ឧកញ៉ា​ គិត ម៉េង ដែល​ជា​អ្នក​មាន​លំដាប់​ខ្ពស់​មួយ​រូប​នៅ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន Royal Group ដែល​បាន​បោះទុន​​វិនិយោគ​លើ​វិស័យ​ជាច្រើន​ មាន​ទាំង​វិស័យ​ទូរគមនាគមន៍​ ​សេវាកម្ម ​និង​អចលនទ្រព្យ។


11 មិនា 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

លោក គិត ធាង គឺជា​បង​ប្រុស​​បង្កើត​​របស់​អ្នក​ឧកញ៉ា​ គិត ម៉េង ដែល​ជា​អ្នក​មាន​លំដាប់​ខ្ពស់​មួយ​រូប​នៅ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន Royal Group ដែល​បាន​បោះទុន​​វិនិយោគ​លើ​វិស័យ​ជាច្រើន​ មាន​ទាំង​វិស័យ​ទូរគមនាគមន៍​ ​សេវាកម្ម ​និង​អចលនទ្រព្យ។

អាជ្ញាធរ​ប៉ូលិស​រាជ​ធានី​ភ្នំពេញ​បាន​ឃាត់​និង​នាំ​ខ្លួន​លោក​ឧកញ៉ា​ គិត ធាង ​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ុក ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿងញៀនទៅតាមដីការបស់តុលាការ​ ​ឬសាលាដំបូងរាជធានីភ្នំពេញ»។ នេះ​បើតាម​ការ​បញ្ជាក់​របស់នាយ​ប៉ូលិស​កម្ពុជា​នៅថ្ងៃ​ច័ន្ទ​នេះ។​

លោក​ នេត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ល្ងាច​មិញ​នេះ​ស្នងការ​ភ្នំពេញ​បាន​អនុវត្ត​ដីកា​នាំខ្លួន​របស់​តុលាការ​ ឧកញ៉ា ​គិត ​ធាង ហ្នឹង​មក​ដើម្បី​សាកសួរ​ នៅ​ស្នងការ​ភ្នំពេញ។ ល្ងាច​មិញ​ហ្នឹង​កំពុង​ធ្វើការ​ជាមួយ​ខាង​ស្នងការ​ភ្នំពេញ​ ជាមួយ​ខាង​តុលាការ​ខាង​ភាគី​ចៅក្រម​កំពុង​សាកសួរ»។
ការឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឱ្យសមត្ថកិច្ច​ស្វែង​រក​ចាប់​មេខ្លោង ​និង​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ចែក​ចាយ​គ្រឿង​ញៀន​ជិត​៥០​គីឡូក្រាម​ ដែល​បង្ក្រាប​បាន​កាល​ពី​ចុង​ខែកុម្ភៈ​ នៅ​ក្លឹប​កម្សាន្ត​មួយចំ​កណ្តាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។​

កាល​ពី​ថ្ងៃ​ទី​២៣​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៩​ ​សមត្ថកិច្ច​ប៉ូលិស​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ នៅមណ្ឌល​កម្សាន្ត​រ៉ុក ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនីវង្ស​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ហើយ​ដក​ហូត​បាន​គ្រឿងញៀន​ជាង​៣៩​គីឡូក្រាម​ ​និង​សារធាតុ​ញៀន​ជា​ទឹក ជាង៩​គីឡូក្រាម។

ក្រោយ​ការ​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​ប្រមាណ​ជា​១០​នាក់​ទៅ​តុលាការ ​ដើម្បី​បន្ត​នីតិវិធី​ស៊ើប​អង្កេត​។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៅ​រាជធានី​ភ្នំពេញ ​នា​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩​នេះ លោក​នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា លោកភ្ញាក់ផ្អើល​ចំពោះ​ការ​រក​ឃើញ​គ្រឿង​ញៀន​ដ៏ធំ​នេះ​នៅ​ក្លឹប​កម្សាន្តរ៉ុក​ ដែល​មាន​ទីតាំង​ជាប់សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE)។

លោក​ ហ៊ុន សែន ​បញ្ជាក់​ថា៖ «ក្បែរ​សាលា​ ស្រាប់តែ​មាន​កន្លែង​គ្រឿង​ញៀន​មិនមែន​តូច​នៅ​កន្លែង​នេះ​ ដូច្នេះ​សង្ឃឹម​ថា​ ក្រសួង​មហាផ្ទៃ​នឹង​បន្ត​ចាត់​វិធានការ​លើ​បញ្ហា​នេះ​បូក​ ជាមួយ​ការ​ដំណើរ​ការ​ក្តី​របស់​តុលាការ ត្រូវ​តែ​ម៉ឺងម៉ាត់ ជាមួយ​នឹង​ការ​មិន​វិល​ត្រឡប់​នៃ​អំពើ​ពាលា​អាវ៉ា​សែ សម្រាប់​កន្លែង​មួយ​នេះ ដែល​ត្រូវ​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​ធ្ងន់ធ្ងរ ហើយ​ស្វែង​រក​ឱ្យ​ដល់​ទី​ជម្រៅ នូវ​មេខ្លោង​របស់​វា​នៅ​កន្លែង​ណា?»។

មណ្ឌល​កម្សាន្ត​រ៉ក់​ ដែល​មាន​ទីតាំង​ជាប់​សាកល​វិទ្យាល័យ​ច្បាប់​ចម្បង​នៅ​កម្ពុជា​នោះ​ បាន​ចុះ​បញ្ជី​ផ្លូវ​ការ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ដោយ​មានលោក គិត ធាង ​ជា​ម្ចាស់ និងមាន​ឈ្មោះ​ថា «​រ៉ុក អ៊ិន​ធើ​ធេន​មេន សិន​ធើ» ជា​ប្រភេទ​ក្រុមហ៊ុន​ឯកជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត។

លោក គិត ធាង គឺជា​បង​ប្រុសបង្កើតរបស់​អ្នក​ឧកញ៉ា​ គិត ម៉េង ដែល​ជា​អ្នក​មាន​លំដាប់​ខ្ពស់​មួយ​រូប​នៅ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន Royal Group ដែល​បាន​បោះទុនវិនិយោគ​លើ​វិស័យ​ជាច្រើន​ មាន​ទាំង​វិស័យ​ទូរគមនាគមន៍​ ​សេវាកម្ម ​និង​អចលនទ្រព្យ។

ក្រោយ​ការ​បង្ក្រាប​បាន​តែ​ប៉ុន្មាន​ថ្ងៃ ​គេ​ឃើញ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក​ ស ខេង បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​បញ្ជាក់​ថា លោក គិត ម៉េង ​មិនមាន​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​រាប់​សិប​គីឡូ​នោះ​ទេ។ លោក​បាន​អះអាង​អំពី​មូលហេតុ​នៃ​ការ​បង្ហោះ​សារ​បែប​នោះ​ ថា​ដោយសារ​មាន​ការ​លើក​ឡើង​ថា ​លោក គិត ម៉េង ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

នាយឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់ VOA នា​រសៀល​ថ្ងៃ​ច័ន្ទនេះ​ថា សមត្ថកិច្ច​រក​ឃើញ​តម្រុយ​អំពី​មេខ្លោង​ក្នុង​ករណី​គ្រឿង​ញៀន​នោះ​ហើយ ​ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​ ដោយ​គ្រាន់តែ​ប្រាប់​ថា រង់​ចាំ​ការ​ស៊ើប​អង្កេត​បន្ត។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​មាន​តម្រុយ មាន​ទាំង​ឯកសារ​អី​ដែរ ក៏​ប៉ុន្តែ​សុំ​ដោយសារ​បញ្ហា​នេះ​ជា​សមត្ថកិច្ច​របស់​អ្នក​ដែល​មាន​ភារកិច្ច​ទេ​»។

ចំណែក​លោក លី សុផាណា ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ប្រាប់​អ្នកសារ​ព័ត៌មាន​តាម​រយៈ​បណ្តាញ​សង្គម​តេឡេក្រាម​យ៉ាង​ខ្លី​តាម​ន័យ​ដើម​ថា៖ «តុលាការ​កំពុង​បន្ត​ចំណាត់ការ​ស៊ើប​សួរ»។

បើ​តាម​មាត្រា​៣៥.២​ថ្មី​នៃ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ចែង​ថា ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ ចំពោះ​ជន​ណា​ដែល​សម្រួល​ដោយ​ចេតនា​ឲ្យ​ជន​ណា​ម្នាក់​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​គ្រឿងញៀន​ ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទោះ​យក​ថ្លៃ​ក្តី​ ​មិន​យក​ថ្លៃ​ក្តី។​ ជន​នោះ​គឺជា​ម្ចាស់​ទីតាំង​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន ​ដែល​រួមមាន​ម្ចាស់​ផ្ទះ​ ​ម្ចាស់​សណ្ឋាគារ ម្ចាស់​ក្លឹប​កម្សាន្ត​ជាដើម។

មាត្រា​៣៨.១ ថ្មី​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ដដែល​ចែង​ថា​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២០ឆ្នាំ ​ដល់​៣០​ឆ្នាំ​ ​ឬ​អស់​មួយ​ជីវិត​ ​និង​ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​សែ​សិប​លាន​រៀល​ ​ដល់​មួយ​រយ​លាន​រៀល​ ​បើ​សារធាតុ​ញៀន​សម្រាប់​ផ្សំ​គ្រឿង​ញៀន​មាន​បរិមាណ​សុទ្ធ​ចាប់​ពី​១០​គីឡូក្រាម​ឡើង​ទៅ​ ​ក្នុង​ករណី​ដែល​ប្រព្រឹត្ត​បទល្មើស​ច្រើន​ដង​ ​មាន​លក្ខណៈ​ជា​មុខ​របរ។

មាត្រា​នេះ​សំដៅ​លើជន​ណា​ផលិត នាំ​ចូល​ ​នាំ​ចេញ ដឹក​ជញ្ជូន​ ផ្តល់​ឲ្យ​លក់ ជួញ​ដូរ ចែក​ចាយ ប្រគល់​ឲ្យ ទោះបី​ក្នុង​ឋានៈ​ណា​ក៏​ដោយ ផ្ញើ​ទៅ​ឲ្យ បញ្ជូន​ទិញ ឬ​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ក្នុង​គោលដៅ​យក​ទៅ​ផលិត ឬ​ធ្វើ​ដោយ​ខុស​ច្បាប់ នូវ​គ្រឿង​ញៀន​ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ ​ឬ​គ្រឿង​ញៀន​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ឬ​មួយ​បាន​ដឹង​ថា ​សារធាតុ​ញៀន​ទាំង​នោះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​គោលដៅ​ខាងលើ។

លោក សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លើក​ឡើង​ថា ករណី​គ្រឿង​ញៀន​ដ៏​ធំ​មួយ​នេះ​ នឹង​អាច​រក​ឃើញ​មេខ្លោង ​លុះត្រា​តែ​សមត្ថកិច្ច​មាន​ឆន្ទៈ​ក្នុង​ការ​ចាប់​ខ្លួន​មេខ្លោង​ពិត​ប្រាកដ​យក​មក​ផ្តន្ទាទោស​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ។

លោក​បញ្ជាក់​ថា៖ « នៅ​ពេល​ដែល​ការ​ធ្វើការ​ដើម្បី​ផល​ប្រយោជន៍​រួម ផល​ប្រយោជន៍​សាធារណៈ បាន​ន័យ​ថា​ជា​ការ​ជួយ​ទៅ​ដល់​សហគមន៍ ជួយ​ដល់​ក្រុម​យុវជន កុំ​ឲ្យ​ពួកគេ​ជួប​ប្រទះ​នូវ​បញ្ហា​គ្រឿង​ញៀន​នេះ​ ខ្ញុំ​យល់​ថា ​វា​នឹង​អាច​មាន​ការ​អនុវត្ត​ច្បាប់​ពិត​ប្រាកដ​បាន ហើយ​និង​រក​ឃើញ​មេខ្លោង​ពិត​ប្រាកដ​បាន ដរាប​ណា​ជា​ការ​ប្រឹងប្រែង​រួម ហើយ​និង​ជា​ការ​ចូលរួម​ចំណែក​ពី​ថ្នាក់​ដឹកនាំ​កម្រិត​នយោបាយដូចជា​សម្តេច​ ​ហ៊ុន សែន​ ហ្នឹង»។

បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បញ្ជាក់​ថា​ ក្នុង​មួយ​ឆ្នាំ​ពេញ​នៃ​ឆ្នាំ​២០១៨​ ​រដ្ឋាភិបាល​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង​៨​ពាន់​ករណី រឹប​អូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង​៥៣៣​គីឡូក្រាម​ និង​ឃាត់​ខ្លួន​មនុស្ស​១៦,២៣២​នាក់៕

What Next?

Recent Articles

3 Responses to "ប៉ូលិស​ឃាត់​ខ្លួន​ឧកញ៉ា ​គិត ធាង​ ក្រោយពី​លោក ហ៊ុន សែន​ បញ្ជា​ឲ្យ​ចាប់​មេខ្លោង​គ្រឿង​ញៀន​នៅ​រ៉ុក"

  1. so chèt says:

    if it happened in philippine, indonesia, malaysia, singapore, or thailand
    it will be before the firing squad
    Everything is related to the history of incest and rape it is the disintegration of the Khmer society to link to violence under education drug
    It’s Hun Sen who distilled all these filthy

  2. Sam says:

    Cambodians, the Games of the thrones final season 8 or master of deception movie is being played at Phnom Penh political theater near you

  3. Anonymous says:

    yes SAM the theater is playing about the drug war lord. I knew HUN SEN order this movies to play and trying to hid who was character in that story. I have no though that HUN family was involved . HUN TO that every one knew for a long time was the main character in this film . my massage to this DOLLARKA please do not cut it short just play in full . HAS …HAS…HA . at first every one will know how dumb HUN SEN is. this childish leader did not realise that his spit is coming back to his body. please watch not even that HUN SEN sentencing KIM SOKHA as the nation’s traitor I guaranty that it will be the same story as this drug war lord. I knew for a long time that Cambodia was a haven for those evil killer. I felling so sorry to this poor nation but my respectability is clear that one day the water will be clear and all Cambodian can see how dirty at the bottom of this small lake. you can run but sorry you can not hiding

Leave a Reply

Submit Comment