លោក ហ៊ុន សែន លុប​ចោល​គម្រោង​កែ​រដ្ឋធម្មនុញ្ញ​ទោស​ប្រហារ​ជីវិត​វិញ ​ក្រោយ​រង​​ការ​រិះគន់​ពី​សង្គម​ស៊ីវិល និង​អ្នក​ច្បាប់

ដោយ ទីន ហ្សាការីយ៉ា
2019-03-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ​ហ៊ុន ​សែន ​​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ រាជធានី​​ភ្នំពេញ​ ព្រឹក​ថ្ងៃ​ចន្ទ​ទី១១ ខែ​មីនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
លោក ​ហ៊ុន ​សែន ​​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ រាជធានី​​ភ្នំពេញ​ ព្រឹក​ថ្ងៃ​ចន្ទ​ទី១១ ខែ​មីនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


លោក​ ហ៊ុន​ សែន​ លុប​ចោល​គម្រោង​ឲ្យមានទោស​ប្រហារជីវិត​ ក្រោយ​រង​ការរិះគន់


មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក​ ហ៊ុន​ សែន ​បាន​លុប​ចោល​គម្រោង​កែ​រដ្ឋធម្មនុញ្ញ​ដាក់​ទោស​ប្រហារ​ជីវិត​ទៅ​លើ​អ្នក​ដែល​រំលោភ​សេពសន្ថវៈ​លើ​កុមារ​ក្រោម​ហេតុផល​ដោយសារ​មាន​ការ​ចង្អុល​បង្ហាញ​ពី​អ្នក​វិភាគ​មួយ​ចំនួន។ ប៉ុន្តែ​អ្នកវិភាគ​យល់​ថា បញ្ហា​នេះ​គ្រាន់​តែ​ជា​ការ​បង្កើត​ព្រឹត្តិការ​ថ្មីៗ របស់​លោក ហ៊ុន សែន ក្នុង​ការ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រជា​ពលរដ្ឋ ដើម្បី​កាត់​បន្ថយ​កុំ​ឱ្យ​គិត​បញ្ហា​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) តែ​ប៉ុណ្ណោះ។

មេដឹកនាំ​របស់​ក្រុងភ្នំពេញ​លោក ហ៊ុន​ សែន​ អះអាង​ថា​ មូលហេតុ​ដែល​សម្រេច​លុប​ចោល​គម្រោង​កែ​រដ្ឋធម្មនុញ្ញ​នេះ​ដោយសារ​លោក​ស្ដាប់​អ្នកវិភាគ​ក្នុង​កម្មវិធី​មួយ​របស់​សារព័ត៌មាន​ កាលពី​រសៀល​ថ្ងៃ​ទី១០ មីនា។

បុរស​ខ្លាំង​ខាង​គំរាមកំហែង​រូប​នេះ​បន្ថែម​ទៀត​ថា​ អ្នក​វិភាគ​ទាំង​នោះ​មាន​លោក​ បណ្ឌិត​ សុខ ទូច លោក អ៊ូ វីៈ និង​លោក​មេធាវី​ សុក សំអឿន ដែល​បាន​ចង្អុល​បង្ហាញ​មាន​ហេតុ​ផល​អាច​ទទួល​យក​បាន​ ព្រោះ​មិន​មាន​និន្នាការ​គណបក្ស​នយោបាយ ​ដែល​លោក​អះអាង​ថា ​ខុស​ពី​អ្នក​វិភាគ​មួយ​ចំនួន​មាន​និន្នាការ​បក្ស​នយោបាយ។ លោក​ហ៊ុន​សែន​ បញ្ជាក់​ថា​ វាគ្មិន​ទាំង ៣រូប ​បាន​ជជែកវែក​ញែក​ថា​កម្ពុជា​មិន​អាច​មាន​ទោស​ប្រហារ​ជីវិត​បាន​ទេ​ ព្រោះ​ប្រសិន​បើ​មាន​ការ​កាត់​ក្ដី​ភ័ន្តច្រឡំ​ណា​មួយ​កើត​ឡើង​ទៅលើ​ជន​គ្មាន​កំហុស ​គឺ​មិន​អាច​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​ឱ្យ​រស់​ឡើង​វិញ​បាន​ឡើយ។ ដូច្នេះ​បញ្ហា​ដែល​ល្អ​ គឺ​ត្រូវ​អប់រំ​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រឿង​ស្រវឹង ​និង​គ្រឿន​ញៀន​ ព្រោះ​គ្រឿង​ញៀន​ជា​កត្តា​ធ្វើ​ឱ្យ​មនុស្ស​ភ្លើតភ្លើន​មិន​អាច​ទប់​អារម្មណ៍​បាន៖ «»

លោក ​ហ៊ុន ​សែន ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី១១ មីនា។ ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ ​លីកាដូ (Licadho) លោក ​អំ​ សំអាត​ លើក​ឡើង​ថា​ការ​ផ្លាស់​ប្ដូរ​ចិត្ត​នេះ​ភ្លាមៗ របស់​លោក ​ហ៊ុន​ សែន​ នេះ​ មិន​មែន​មក​ពី​លោក​ខ្លាច​ការ​រិះគន់​នោះ​ទេ ​គឺ​ទំនង​ដោយសារ​រដ្ឋាភិបាល​ព្រួយបារម្ភ​សម្ពាធ​ពី​សហគមន៍​អឺរ៉ុប​កាត់​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) ច្រើន​ជាង។ ដូច្នេះ​ហើយ បាន​ជា​លោក​សម្រេច​មិន​បង្កើត​ច្បាប់​នេះ​ឡើង ព្រោះ​បង្កើត​ច្បាប់​នេះ​មិន​ចំណេញ​ ហើយ​រឹងតែ​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅវិញ​ទេ៖ «»

លោក អំ សំអាត បន្ត​ថា ក្រោយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​គឺ​កម្ពុជា​សម្រេច​មិន​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ ប៉ុន្តែ កម្ពុជា​មាន​ច្បាប់​ដាក់​ទោស​អស់​មួយ​ជីវិត។ លោក​បន្ត​ថា រដ្ឋធម្មនុញ្ញ​ គឺ​ជា​ច្បាប់​កំពូល​របស់​ជាតិ​មិន​អាច​ចេះ​តែ​ធ្វើ​វិសោធនកម្ម​តាម​អំពើ​ចិត្ត​ឡើយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​បទ​ល្មើស​ចាប់​រំលោភ​លើ​កុមារី​នេះ គឺ​មិនមែន​ដោយសារ​ខ្វះ​ច្បាប់​កាត់​ទោស​ប្រហារ​ជីវិត​នោះ​ទេ។ ប៉ុន្តែ​បណ្ដាល​មក​ពី​ការ​អនុវត្ត​ច្បាប់ ដែល​មាន​ស្រាប់​នៅ​ធូរ​រលុង និង​ទម្លាប់​បញ្ចប់​សំណុំរឿង​ក្រៅ​ប្រព័ន្ធ​តុលាការ ​ដោយសារ​អំពើ​ពុក​រលួយ​ការ​បន្ថយ​ទោស​ពី​ធ្ងន់​មក​ស្រាល​ និង​មាន​ទម្លាប់​បណ្ដោយ​ឱ្យ​ជន​ល្មើស​រួច​ខ្លួន​ជា​ដើម។លើស​ពី​នេះ​បញ្ហា​គ្រឿងញៀន​ គ្រឿង​ស្រវឹង​ និង​វីដេអូ​ អាសអាភាស​ក៏​កំពុង​រីក​រាលដាល​គ្រប់​ច្រក​ល្ហក​ផង​ដែរ ខណៈ​យន្តការ​ទប់​ស្កាត់​ និង​ការ​ផ្សព្វផ្សាយ​អប់រំ​នូវ​មាន​កម្រិត​ទាប​នៅ​ឡើយ

គំនិតផ្ដើម​ចង់​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត៖

ការ​បង្ហាញ​បំណង​បង្កើត​ច្បាប់​កាត់​ទោស​ប្រហារជីវិត​អ្នក​រំលោភ​សេពសន្ថវៈ​លើ​កុមារី​នេះ គឺ​ធ្វើឡើង​ពេល​ដែល​លោក ហ៊ុន សែន និង​ភរិយា​ចុះ​ទៅ​សួរ​សុខទុក្ខ​កុមារី និង​យុវតី​នៅ​ក្នុង​អង្គការ អាហ្វេស៊ីប ​(AFESIP) នៅ​ថ្ងៃ​ទី១០ ខែ​មីនា ក្រោយ​ពេល​ស្ដាប់​កុមារី​រងគ្រោះ​រៀបរាប់​ពី​អតីតកាល​ដ៏​ឈឺ​ចាប់​របស់​ពួកគេ​នោះ។​ លោក​ ហ៊ុន​ សែន​ ​បាន​ជជែក​ជាមួយ​ភរិយា​និង​ភរិយា​របស់​លោក ​រួចថា ​លោក​​មាន​គំនិត​ចង់​ផ្ដួចផ្ដើម​ឱ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដើម្បី​បើក​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត ​ចំពោះ​ជន ដែល​មាន​សន្តាន​ជា​សត្វតិរច្ឆាន​ទៅ​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​លើ​រូប​រាងកាយ​របស់​កុមារ។ ប៉ុន្តែ​លោក​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​នេះ លោក​មិន​ប្រើអំណាច​ខ្លួនឯង​នោះ​ទេ គឺ​ត្រូវ​ធ្វើឡើង​តាម​ប្រជាមតិ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស៖ «ជីតា​រំលោភ​ចៅ​ឪពុក​រំលោភ​កូន​ ឪពុកមា​រំលោភ​ក្មួយ​ បង​រំលោភ​ប្អូន​អា​ហ្នឹង​ គឺ​ជា​នៅ​ក្នុង​ការ​គិត​របស់​តា។ បើ​សិន​ជា​ករណី​នេះ​វា​រីក​រាលដាល​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដែល​ឈាន​ទៅ​ដល់​ការ​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត​ឡើង​វិញ អាច​​នឹង​​ត្រូវ​​ធ្វើ ​ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​ប្រជាមតិ​ ព្រោះ​តា​ចង់​បង្ក្រាប​នូវ​ធាតុ​តិរច្ឆាន​មួយ ដែល​កើត​នៅ​ក្នុង​សង្គម​ខ្មែរ​យើង»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles