ក្រុម​យុវជន​រក​ឃើញ​​ថា ការគ្រប់គ្រង​​ប្រាសាទ​អង្គរ​វត្ត​ និង​​ប្រាសាទ​​ផ្សេង​ទៀត​​នា​​ខេត្ត​​សៀមរាប​​​នៅ​​​ខ្វះ​​ចន្លោះ​​ច្រើន​​

ដោយ ហេង រស្មី
2019-03-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គំនូស​អក្សរ​បរទេស មាន អក្សរ​ចិន​ អក្សរ​វៀតណាម​ អក្សរ​ភូមា​ អក្សរ​ជប៉ុន​ និង​អក្សរ​ថៃ​ជាដើម​ ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​ផ្ទាំង​សិលា​ប្រាសាទ​មួយ​ចំនួន។ Photo: RFA
គំនូស​អក្សរ​បរទេស មាន អក្សរ​ចិន​ អក្សរ​វៀតណាម​ អក្សរ​ភូមា​ អក្សរ​ជប៉ុន​ និង​អក្សរ​ថៃ​ជាដើម​ ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​ផ្ទាំង​សិលា​ប្រាសាទ​មួយ​ចំនួន។ Photo: RFA


ក្រុម​យុវជន​រក​ឃើញ​ភាព​ភាព​ធូររលុង​ច្រើន​ទាក់ទិន​ការគ្រប់គ្រង និង​អភិរក្ស​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ផ្សេងទៀត​នៅ​តំបន់​អង្គរ​នា​ខេត្ត​សៀមរាប។ ពួក​គេ​អះអាង​ថា អាជ្ញាធរ​អប្សរា​នៅ​មិនទាន់​មាន​ភាព​ច្បាស់លាស់​គ្រប់គ្រង​តំបន់​ទី​សក្ការ​បូជា និង​ផ្ដល់​តម្លៃ​លើ​បេតិកភណ្ឌ​ដ៏​ល្បី​មួយ​នេះ​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ​ ជាពិសេស ​ការ​គ្រប់គ្រង​បរិស្ថាន​ ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ការ​លុប​គំនូស​ស្នាម​អក្សរ​បរទេស​លើ​ផ្ទាំង​សិលា និង​រក្សា​បាន​ភាព​នូវ​ភាព​ស្ងៀមស្ងាត់​ជា​ដើម។

ការ​លើក​ឡើង​បែប​នេះ​ក្រោយ​ពី​ក្រុម​យុវជន​មក​ពី​រាជធានី​ភ្នំពេញ​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​រយៈ​ពេល ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១០ រហូត​ដល់​ថ្ងៃ​ទី១២ ខែ​មីនា​ នៅ​តំបន់​ប្រាសាទ​អង្គរវត្ត​ និង​ប្រាសាទ​ផ្សេង​ទៀត​ក្នុង​ខេត្ត​សៀមរាប។ បេសកកម្ម​ស្រាវជ្រាវ​នេះ​ផ្ដោត​សំខាន់​ស្វែងយល់​ពី​របៀប​គ្រប់គ្រង​កិច្ច​គាំពារ​ប្រាសាទ​ ការ​ច្នៃប្រឌិត​និង​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អាជ្ញាធរ​អប្សរា​និង​អាជ្ញាធរ​ខេត្ត​នេះ​ថា​តើ​បាន​បំពេញ​តម្រូវការ​ជូន​ភ្ញៀវ​ទេសចរ​និង​ប្រជាពលរដ្ឋ​បាន​គ្រប់​ជ្រុងជ្រោយ ឬ​ទេ?

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ​លោក​ មួង​ សូ​នី​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១១ មីនា​ថា ការ​គ្រប់គ្រង​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ផ្សេង​ទៀត​នា​ខេត្ត​សៀមរាប​ នៅ​ខ្វះ​ចន្លោះ​ច្រើន ទាំង​ការ​គ្រប់គ្រង​បរិស្ថាន​ ការ​ច្នៃប្រឌិត​នៅ​មាន​កម្រិត និង​ការ​ទុក​ដាក់​សំរាម​ជា​ដើម។ លោក​បញ្ជាក់​ថា​ ថ្វី​ត្បិត​តែ​ប្រាសាទ​អង្គរវត្ត​ជា​បេតិកភណ្ឌ​ល្បីល្បាញ​លើ​ពិភពលោក ​ក៏​ប៉ុន្តែ​ភាព​ច្នៃ​ប្រឌិត​ឱ្យ​ទាក់ទាញ​នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​ប្រាសាទ​ឱ្យ​ល្អ​ផូរផង់ ​ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ផ្ដល់​តម្លៃ​ និង​គោរព​ នៅ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ។ ចំណែក​គំនូស​អក្សរ​បរទេស​ រួម​មាន ​អក្សរ​ចិន​ អក្សរ​វៀតណាម​ អក្សរ​ភូមា​ អក្សរ​ជប៉ុន​ និង​អក្សរ​ថៃ​ជាដើម​ នៅ​លើ​ផ្ទាំង​សិលា​ប្រាសាទ​មួយ​ចំនួន​ ក៏​អាជ្ញាធរ​អប្សរា​នៅ​មិន​ទាន់​មាន​មធ្យោបាយ​លុបបំបាត់ ​និង​រក​វិធីសាស្ត្រ​បែប​ណា​ទប់ទល់​កុំ​ឱ្យ​បាតុភាព​នេះ​កើត​ឡើង​ដដែលៗ នៅ​ឡើយ​ទេ៖ «»

លោក មួង សូនី បន្ថែម​ថា ទម្រង់​នៃ​ការ​លក់​ដូរ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​នៅ​មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឱ្យ​សម​នឹង​តម្លៃ​បេតិកភណ្ឌ​អង្គរ​នៅ​ឡើយ​ទេ។ ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ ​ឬ​ផ្លូវ​ថ្នល់​ភាគ​ច្រើន​ខូច​ខាត​ស្ទើរ​ទាំងស្រុង ដែល​ជាហេតុ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មិន​សប្បាយ​ចិត្ត ជា​ពិសេស បាត់​បង់​សោភ័ណភាព​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ​ជាដើម៖ «»

អាស៊ី​សេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​លោក​ លឹម​ ស្រ៊ូ​ និង​អ្នកស្រី​ចៅ​ ស៊ុន​កិរិយា​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​រក​ឃើញ​របស់​ក្រុម​យុវជន​តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី១១​ មីនា​។ ចំណែក​អភិបាលខេត្ត​សៀមរាប​លោក​ ទា​ ​សីហា​ ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទាក់ទិន​រឿង​នេះ​មគ្គុទ្ទេសក៍​ទេសចរ​ម្នាក់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​សង្កេត​ឃើញ​ថា អាជ្ញាធរ​អប្សរា​គួរ​តែ​បង្កើន​ការ​គ្រប់គ្រង​ប្រាសាទ​អង្គរ​ និង​ប្រាសាទ​ផ្សេង​ទៀត​ក្នុង​ខេត្ត​នេះ​ឱ្យ​ប្រសើរ​ជាង​នេះ ​ព្រោះ​ការ​គ្រប់គ្រង​បច្ចុប្បន្ន​មាន​ភាព​ខ្វះ​ខាត​ច្រើន ​ធ្វើ​ឱ្យ​តម្លៃ​នៃ​បេតិកភណ្ឌ​ថយ​ចុះ ​ស្រប​ពេល​ដែល​កំណើន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ហក់​ឡើង​ខ្ពស់។ លើស​ពី​នេះ ឥរិយាបថ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ និង​ជនជាតិ​វៀតណាម​ខ្លះ​រញ៉េរញ៉ៃ​ច្រើន និង​និយាយ​ឮៗ នៅ​តំបន់​អង្គរ​ និង​កន្លែង​ទី​សក្ការ​បូជា​ជា​ដើម។ លោក​បញ្ជាក់​ថា​ ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ជា​ក្រុមៗ តែង​ប្រើ​ឧបករណ៍​បំពង​សំឡេង ​អាជ្ញាធរ​អប្សរា​នៅ​មិនទាន់​មាន​វិធានការ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​វិស័យ​ទេសចរ​ប្រាប់​ដល់​ក្រុម​មគ្គុទ្ទេសក៍​ឱ្យ​ផ្ដល់​ដំណឹង​ទៅ​ភ្ញៀវ​ត្រូវ​ស្ងៀម​ស្ងាត់ ​និង​ផ្ដល់​តម្លៃ​នៅ​តំបន់​ទី​សក្ការ​បូជា​ឱ្យ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ។ ជាក់​ស្ដែង​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​កូរ៉េ​ និង​ជនជាតិ​វៀតណាម​មួយ​ចំនួន​ធំ​មាន​ភាព​រញ៉េវរញ៉ាវ​ច្រើន​ស្រែក​ឮៗ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង​ជា​ដើម ​រំខាន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​សាសន៍​ទៀត៖ «»

របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​យុវជន​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ​រក​ឃើញ​ថា ផ្ទាំង​សិលា​នៅ​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ផ្សេង​ទៀត ​នៅ​តំបន់​អង្គរ​មាន​ចម្លាក់​អក្សរ​ចិន​ អក្សរ​ថៃ ​អក្សរ​ភូមា​ អក្សរ​ជប៉ុន ​និង​អក្សរ​វៀតណាម​ជាដើម ក្នុង​នោះ មាន​អក្សរ​ខ្លះ​សរសេរ​ខួង​លើ​ផ្ទាំង​សិលា និង​មាន​អក្សរ​ខ្លះ​ទៀត​ប្រើ​ទឹក​ថ្នាំ​លុប​មិន​ជ្រះ​ជាដើម។ របាយការណ៍​បន្ត​ថា អក្សរ​ទាំង​នោះ​បាន​សរសេរ​តាម​សម័យ​កាល​ខុសៗ គ្នា ដូចជា អក្សរ​ថៃ គឺ​សរសេរ​កាល​ពី​ជាង ១រយ​ឆ្នាំ​មុន ពោល​គឺ​សម័យ​រតនកូស៊ីន ឬ​ហៅ​ថា សម័យ​ក្រុង​បាងកក កាល​នោះ​ជនជាតិ​ថៃ​មាន​ឥទ្ធិពល​លើ​ប្រជាជន​កម្ពុជា។លើស​ពី​នេះ មាន​អក្សរ​ចិន​ អក្សរ​ភូមា និង​អក្សរ​ជប៉ុន​ជាដើម ពួក​គេ​មិន​ទាន់​រក​ឃើញ​ថា សរសេរ​នៅ​ឆ្នាំ​ណា​ឱ្យ​ប្រាកដ​នៅ​ឡើយ​ទេ។ ចំណែក​អក្សរ​វៀតណាម គឺ​សរសេរ​ក្នុង​សម័យ​ទសវត្សរ៍​ទី៧០ ឬ​ហៅ​ថា សម័យ លន់ នល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ក្រុម​យុវជន​រក​ឃើញ​​ថា ការគ្រប់គ្រង​​ប្រាសាទ​អង្គរ​វត្ត​ និង​​ប្រាសាទ​​ផ្សេង​ទៀត​​នា​​ខេត្ត​​សៀមរាប​​​នៅ​​​ខ្វះ​​ចន្លោះ​​ច្រើន​​"

  1. Anonymous says:

    What a stupid control of this Angkoewatt??

Leave a Reply

Submit Comment