មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​មន្ត្រី​បក្ស​នេះ កុំ​ឲ្យ​ចាញ់​បោក​សារ​សំឡេង​បំបែកបំបាក់

ដោយ មួង ណារ៉េត
2019-03-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ឡុង រី តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១៤។ RFA
លោក ឡុង រី តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១៤។ RFA


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ លោក ឡុង រី អំពាវនាវ​ឲ្យ​មន្ត្រី​បក្ស​នេះ កុំ​ឲ្យ​ចាញ់​បោក​អ្នក​ដែល​ចង់​បំបែកបំបាក់​លោក កឹម សុខា និង​លោក សម រង្ស៊ី។

ប្រតិកម្ម​របស់​លោក ឡុង រី ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​លេច​ចេញ​សារ​សំឡេង ដែល​លោក​ថា គេ​ធ្វើ​ឲ្យ​ដូច​ជា​ការ​ឆ្លើយឆ្លង​គ្នា​តាម​បណ្ដាញ​សង្គម រវាង​លោក និង​លោក សម រង្ស៊ី អំពី​ការ​ចង់​ឲ្យ​លោក កឹម សុខា បន្ត​ជាប់​ឃុំ​ត​ទៅ​ទៀត។

លោក ឡុង រី ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី១២ មីនា​ថា សារ​សំឡេង​នោះ គឺ​មាន​ជន​ខិលខូច ដែល​មាន​ចេតនា​អាក្រក់​ចង់​បង្ខូច​កិត្តិយស​លោក សម រង្ស៊ី និង​បំបែកបំបាក់​លោក កឹម សុខា និង​លោក សម រង្ស៊ី ទើប​គេ​បង្កើត​សារ​សំឡេង​បែប​នោះ​ថា ជា​ការ​កាត់​ត​សុទ្ធសាធ​នោះ៖ «អ៊ីចឹង​បាន​ជា​គ្រប់​រូបភាព វា​ចេញ​ពី​ចំណុច​ណា​ក៏​ដោយ ក៏​ក្នុង​បំណង​តែ​មួយ​គត់ គឺ​គេ​ចង់​ឲ្យ​យើង​ខ្សោយ។ អ៊ីចឹង សុំ​ថា​បង​ប្អូន​កុំ​ឲ្យ​ច្រឡំ នេះ​មិន​មែន​ជា​ការ​ប្រើ​មធ្យោបាយ​បែប​ហ្នឹង​ទេ ដើម្បី​ផ្ដួល​ដៃគូ​ទេ អត់​មាន​ទេ។ លោក​ប្រធាន​អត់​មាន​បាន​និយាយ​អី​សូម្បី​បាន​ម្ដង ឬ​មួយ​ម៉ាត់។ សូម្បី​តែ​គិត ក៏​ខ្ញុំ​មិន​ដែល​បាន​គិត​ផង គឺ​ជា​ការ​មួល​បង្កាច់​បង្ខូច បង្កាត់​ភ្លើង​ឲ្យ​យើង​ឈ្លោះ​គ្នា។ អ៊ីចឹង កុំ​ឲ្យ​ជឿ កុំ​ឲ្យ​ច្រឡំ»

លោក​អំពាវនាវ​ដល់​សកម្មជន មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ ពិចារណា​ឲ្យ​បាន​ដិតដល់​មុន​នឹង​ចែក​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​លោក​ថា ជា​ការ​លេង​ល្បែង​របស់​លោក ហ៊ុន សែន ដែល​កំពុង​ចង់​ឃើញ​ការ​បែកបាក់​របស់​គណបក្ស​នេះ។ សារ​សំឡេង​ជិត​កន្លះ​នាទី​នោះ ត្រូវ​បាន​ចែកចាយ​ភ្លាមៗ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ក្នុង​នោះ មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ២​រូប គឺ​អ្នកស្រី ម៉េង សុភារី និង​លោក ផែង ហេង ផង ក៏​បាន​ចែកចាយ​បន្ត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles