បទ​យកការណ៍​៖​ ស្ត្រី​​កម្មករ​​ឡ​​ឥដ្ឋ​​សោក​ស្ដាយ​​ពន់​ពេក​​ក្រោយ​​កូន​ស្រី​​បាត់​បង់​​ដៃ​​ក្នុង​​សិប្ប​កម្ម​​ឡ​​ឥដ្ឋ​


|
https://www.vodhotnews.com

អ្នកស្រី ឃឹម ចាន់ណា ម្ដាយកុមារីរងគ្រោះដែលគ្រោះថ្នាក់ដាច់ដៃដោយសារឡឥដ្ឋ។ រូបភាព៖ ហ៊ី ឆាយ

«ម៉ែ! ដៃខ្ញុំហ្នឹងដុះមកវិញអត់? ហើយខ្ញុំក៏និយាយតទៅកូន ពាក្យកុហកកូន! ខ្ញុំថា ដៃកូនឯងដុះមកវិញ! ហើយកូនខ្ញុំក៏បែរមុខចេញពីខ្ញុំ ចេះតែលួចមើលដៃខ្លួនឯង ប៉ុន្តែ វាអត់យំ អត់ភ័យ អត់អីទេ។ មកដល់ពេទ្យហើយក៏នៅតែប៉ុណ្ណឹងដែរ ឃើញខ្ញុំយំ វាយកដៃជូតទឹកភ្នែកខ្ញុំមិនឲ្យខ្ញុំយំទេ»

នេះគឺជាសំដីថ្លែងប្រាប់របស់ម្តាយក្មេងស្រីម្នាក់ដែលមានគ្រោះថ្នាក់ដាច់ដៃម្ខាងកាលពីបីថ្ងៃមុននៅសិប្បកម្មឡឥដ្ឋមួយក្នុងខេត្តកណ្តាល។

ក្នុងទឹកមុខដ៏ស្រងូតស្រងាត់ អ្នកស្រី ឃឹម ចាន់ណា ខំឆ្លៀតពេលពីការកំដរកូនស្រី ដើរចេញមកជួបអ្នកយកព័ត៌មាន VOD នៅខាងក្រៅមន្ទីរពេទ្យ ដើម្បីរៀបរាប់ពីរឿងរ៉ាវរបស់ ស្រីភ័ក្រ កូនស្រីទី២ អាយុ ១០ឆ្នាំ ដែលកំពុងសម្រាកព្យាបាលរបួសពីគ្រោះថ្នាក់បាត់បង់ដៃស្តាំត្រឹមស្មាដោយសារកៀបចូលចូលម៉ាស៊ីនកិនឥដ្ឋ។

ម្តាយវ័យជាង ៣០ឆ្នាំរូបនេះនៅបន្តរំលឹកសំដីកូនទាំងអួលដើមកទៀតថាបើទោះជានាងកំពុងឈឺហើយ ក៏នាងនៅតែខំនិយាយលើកទឹកចិត្តម្តាយ​ទៀត។

អ្នកស្រី ឃឹម ចាន់ណា រៀបរាប់​ថា៖ «ខ្ញុំឃើញដៃកូនខ្ញុំតក់ស្លុត ខ្ញុំយំក៏មិនចេញ និយាយក៏មិនចេញ មិនដឹងធ្វើម៉េច? បានតែមើលមុខកូន ឱបកូនយំ! ហើយកូនខ្ញុំតែងតែមើលមុខខ្ញុំ យកដៃប្រាំមកជូត ហាមថា ម៉ែអ្ហើយអត់អីទេ! ខ្ញុំបាត់បង់ដៃប៉ុនហ្នឹងកុំឲ្យតែខ្ញុំងាប់ ខ្ញុំអត់ងាប់ទេ ខ្ញុំនៅមើលមុខម៉ែឃើញ វាលួងខ្ញុំអញ្ចឹងវិញ។ ខ្ញុំអត់មានពាក្យអីនិយាយទៅកូនវិញទេ ខ្ញុំមានតែឱបកូនយំ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំយំជាប់! ខ្ញុំអាណិតកូន សោកស្តាយដៃកូន មិនគួរមួយពព្រិចភ្នែកសោះបាត់បង់ដៃកូន! ខ្ញុំសោកស្តាយមែនទែន!»

ស្រីភ័ក្រត្រូវនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យយូរទៀតព្រោះរបួសនាងធ្វើឲ្យបាត់បង់ឈាមច្រើន ហើយ​ថែមទាំង​ប៉ះពាល់ដល់ឆ្អឹងស្លាប​ប្រចៀវ​ទៀត​ផងជា​មូល​ហេតុ​ដែល​គ្រូពេទ្យមិនទាន់ប្រាប់ពេលត្រឡប់ទៅផ្ទះវិញនៅឡើយ។ នេះបើតាមម្តាយកុមារីរងគ្រោះ។

មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​កំពង់ចាមអ្នកស្រី ចាន់ណា និងស្វាមីរួមទាំងកូនស្រីបីនាក់ បានមកស្នាក់នៅ និង​ធ្វើការនៅសិប្បកម្មឡឥដ្ឋក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលរយៈពេល ៦ឆ្នាំមកហើយ ជា​ទី​ដែល​គ្រួសារ​អ្នក​ស្រី​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ដែល​ត្រូវ​បាន​ថៅកែ​ឡ​ឥដ្ឋ​សាង​សង់​ឡើង​នៅ​ក្នុង​សិប្បកម្ម។

​អ្នកស្រី ចាន់ណា បាន​ឲ្យ​ដឹង​ថា ​ស្រីភ័ក្រ បានចូលរួមធ្វើការងារនេះជាមួយគ្នារយៈពេល ២ឆ្នាំហើយ ដោយ​ពេលព្រឹកចាប់ផ្តើមធ្វើការពីម៉ោង៧ដល់ម៉ោង ១០ និងពេលរសៀលធ្វើការពីម៉ោង ១កន្លះដល់ម៉ោង ៥ ដោយក្នុងមួយថ្ងៃធ្វើបាន ៥,០០០ឥដ្ឋ
ក្នុងឥដ្ឋមួយដុំទទួលបាន ៨រៀល។ កម្រៃដែលទទួលបានអ្នកស្រី ចាន់ណា យកមកចាត់ចែងចំណាយក្នុងគ្រួសារប្រចាំថ្ងៃ។

អ្នកស្រី ឃឹម ចាន់ណា៖ «បើកលុយហ្នឹងមកខ្ញុំអ្នកកាន់! ឲ្យកូនចាយតិចតួចទៅ ទិញសម្លៀក​បំពាក់ឲ្យវា ហើយទាំងការហូបចុក ទិញអង្ករ ម្ហូបអាហារ​លិចកើតតិចតួចរាល់ថ្ងៃហ្នឹង ឬក៏ពេលឈឺយប់ព្រលប់តិចតួចអញ្ចឹងទៅ។ ជួនកាល ខ្ញុំរកបានបីម៉ឺន​បួនម៉ឺន វាអត់ទៀង។ ខ្ញុំរកអត់បានទេ បានតែខែហ្នឹងមេឃអត់ភ្លៀង»

ស្រីភ័ក្រពុំបានទៅរៀនទេបើទោះជានៅជិតសិប្បកម្មឡឥដ្ឋនោះមានសាលារៀន និងមានការជំរុញពីអ្នកជិតខាង​ក៏​ដោយ ប៉ុន្តែនាងនៅជួយធ្វើការងារ​វិញ។ នេះបើតាមអ្នកស្រីចាន់ណាអះអាង។ 

អ្នកស្រី ឃឹម ចាន់ណា៖«កូនខ្ញុំចង់ទៅរៀនដែរ! ខ្ញុំមកនៅឡចឹងមានសាលាគេនៅ​ជិតៗដែរ គេឲ្យកូនខ្ញុំទៅរៀនដែរ ប៉ុន្តែ វាប្រកែកថា វាអត់ទៅ! ថា នៅជួយធ្វើការខ្ញុំ នៅជួយធ្វើការម៉ែឆាប់បានលុយ ឆាប់បានសងគេ រួចឆាប់បានទៅផ្ទះ ប៉ុន្តែ ខ្ញុំអត់បានសងគេទេ គឺកាន់តែកើនឡើង»

រហូតមកដល់ពេលនេះ គ្រួសារអ្នកស្រី ចាន់ណា ជំពាក់លុយថៅកែឡឥដ្ឋរាប់ពាន់ដុល្លារហើយ ហើយ​អ្នកស្រីប្រាប់​ថា ពុំមានលទ្ធភាពសងវិញទេនិងសំណូមពរថៅកែសុំរួចថ្លៃបំណុល ដោយសារតែកូនគ្រោះថ្នាក់ដោយសារការងារ។

អ្នកស្រី ឃឹម ចាន់ណា៖«ខ្ញុំជំពាក់ថៅកែប្រាមាណ ៤ពាន់ ចង់ឲ្យថៅកែអនុគ្រោះឲ្យខ្ញុំ ដូចថា កូនខ្ញុំឈឺហ្នឹងឲ្យផ្តល់ជាថវិការមកព្យាបាលកូនខ្ញុំផង ព្រោះខ្ញុំអត់មានលុយទេ»

ក្រុមការងារអ្នកយកព័ត៌មាន VOD បានចុះផ្ទាល់ទៅដល់សិប្បកម្មឡឥដ្ឋដែលគ្មានឈ្មោះស្ថិត​ក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីសុំការបំភ្លឺពីម្ចាស់សិប្បកម្ម ប៉ុន្តែ មិនបានជួបទេ ដោយបុគ្គលិកនៅទីនោះប្រាប់ថា រឿងនេះបានដោះស្រាយបញ្ចប់រួចហើយ។

ស្របពេលជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់វិធានការចំពោះម្ចាស់សិប្បកម្មឡឥដ្ឋ លោក លាង​ ស៊្រុន ក្រោយការចុះអង្កេត​ភ្លាមៗ ដោយការផាកពិន័យ និងប្តឹងពីបទព្រហ្មទណ្ឌ។

ក្រសួងថែមទាំងឲ្យកុមារីរងគ្រោះនេះទទួលបានមូលនិធី​ពីរបបសន្តិសុខសង្គម(បសស) ដូចជា ការព្យាបាលរបួសរហូតជាសះស្បើយដោយមិនបង់ប្រាក់សេវាស្តារនីតិសម្បទាឡើងវិញប្រាក់ឧបត្ថម្ភសម្រាប់ការបាត់បង់សមត្ថភាពអចិន្ត្រៃយ៍មួយជីវិតនិងប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលព្យាបាលរបួសទៀតផង។

សម្រាប់អ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិរបស់អង្គការ​ពលកម្ម​អន្តរជាតិ (ILO) លោក វន វិត ក៏បានសម្តែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ទៅលើក្មេងស្រីម្នាក់ដែលបណ្តាលឲ្យដាច់ដៃម្ខាងនៅសិប្បកម្មឡឥដ្ឋនេះដែរ។ លោកសូមឲ្យមានការជំរុញ​បន្ថែមទៀតចំពោះការការពារកុមារពីការងារប្រភេទនេះ។

លោក វន វិត មានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់គ្រោះថ្នាក់ពីការងារនេះ ខ្ញុំគិតថា វានៅតែជាចំណុចមួយដែលយើងត្រូវធ្វើការបន្តថែមទៀត ដើម្បីជំរុញធ្វើម៉េចឲ្យកុមារ ឬ​ក៏ជាថៅកែ ក៏ដូចជាអ្នកពាក់ព័ន្ធហ្នឹង រួមចំណែកដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់នេះ ជាពិសេសទម្រង់ទៅលើពលកម្មកុមារ បាទ។ ខ្ញុំគិតថា វាជាផ្នែកមួយដ៏សំខាន់ដែលយើងត្រូវតែរួមគ្នាលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការប្រើប្រាស់កំលាំងពលកម្មលើកុមារ ជាពិសេសកុមារក្រោមអាយុ ១៨ឆ្នាំនេះ»

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលរូបនេះបន្តសង្កត់ធ្ងន់លើការផ្សព្វផ្សាយជម្រុញការយល់ដឹងពីទម្រង់ពលកម្មកុមារ និងផ្តោតលើការបញ្ជូនកុមារទៅសាលារៀនចៀសវាងទៅធ្វើការនៅកន្លែងគ្រោះថ្នាក់។

ត្រឡប់មកអ្នកស្រី ចាន់ណា វិញ អ្នកស្រីមានគម្រោងឈប់ពីការងារឡឥដ្ឋ ហើយ​ងាក​រកការងារផ្សេង ហើយប្តេជ្ញាថានឹងបញ្ជូន​កុមារី ស្រីភ័ក្រ ទៅសាលារៀន។

អ្នកស្រី ឃឹម ចាន់ណា៖«ខ្ញុំឲ្យកូនខ្ញុំរៀនសូត្រដើម្បីអនាគតវាទៅមុខវែងឆ្ងាយទៀត! ខ្ញុំអត់ឲ្យកូនខ្ញុំពិការដៃហើយអត់ចេះអក្សរទេ គឺខ្ញុំត្រូវតែឲ្យកូនខ្ញុំរៀន ឲ្យតែកូនទៅ ឲ្យតែកូនស្ម័គ្រចិត្ត ខ្ញុំជួយកូនទាំងអស់។ ទោះជាខ្ញុំអត់ ក៏ខ្ញុំតស៊ូឲ្យកូនខ្ញុំរៀនដែរ​ គឺខ្ញុំប្តេជ្ញាឲ្យកូនខ្ញុំរៀនម៉ងពេលហ្នឹង!…»

របាយការណ៍របស់អង្គការ ILO អំឡុងឆ្នាំ២០១២រកឃើញថា មានកុមារ ១៩ភាគរយក្នុងចំណោមកុមារ ៤លាននាក់ មានសកម្មភាពក្នុងការចេញទៅធ្វើពលកម្ម។​ ក្នុងចំណោមកុមារទាំងនេះ មានកុមារជាង ៧ម៉ឺននាក់ធ្វើការនៅក្នុងការិយាល័យ តូប ហាង និងមួយចំនួនទៀតធ្វើការក្នុងរោងចក្រនិងសិប្បកម្មឡឥដ្ឋ។ របាយការណ៍ ILOដដែល បាន​បង្ហាញ​ថា កាលពីឆ្នាំ២០១២ កុមារប្រហែល ១១ភាគរយនៅទូទាំងប្រទេសមិនបានចូលរៀនទេ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles