មន្ត្រី​រដ្ឋាភិបាល​ថា​ ជំរឿន​ទូទាំង​ប្រទេស​នឹង​បញ្ចប់​នៅ​ថ្ងៃ​នេះ​


|
https://www.vodhotnews.com

សេចក្តីជូនដំណឹងពីការ​ធ្វើ​ជំរឿន​​ ដែលមាន​រយៈ​ពេល​ ១១​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៣​ រហូត​ដល់​ថ្ងៃ​ទី​១៣ មីនា ​ឆ្នាំ​២០១៩​។ រូបភាព៖ ជន ចាន់រ៉ែន

មន្ត្រីរដ្ឋាភិបាលថា ជំរឿននឹងបញ្ចប់នៅថ្ងៃនេះ ដែលយឺតជាងមួយថ្ងៃនៃការគ្រោងទុក ដោយសារកំណើនប្រជាជន ភាសាទំនាក់ទំនង និងកង្វះកម្លាំងមន្ត្រីជំរឿន។

អគ្គនាយិកានៃ​វិទ្យាស្ថានជាតិ​ស្ថិតិ លោក​ស្រី ហង់ លីណា បានប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា ជំរឿនមិនអាចបញ្ចប់តាមការគ្រោងទុកនោះទេដោយត្រូវពន្យាពេលមួយថ្ងៃសម្រាប់ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

លោកស្រីបានបន្តទៀតថាមូលហេតុដែលបណ្តាលដែលមានការយឺតយ៉ាវ ដោយសារកំណើនប្រជាជន និងភាសាក្នុងការទំនាក់ទំនង ជាពិសេសគឺនៅក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ ម៉្យាងវិញទៀត ដោយសារខ្វះនូវកម្លាំងមន្ត្រីជំរឿន ។

លោកស្រីមានប្រសាសន៍ថា៖ «តំបន់មួយៗវាច្រើនទៀត គ្រួសារវាលើសអ្វីដែលយើងកំណត់ យើងកំណត់ មួយកន្លែង ១២០គ្រួសារ ដល់ពេលជាក់ស្តែងទៅ ២០០ ឬ ៣០០។ អាខ្លះវាឡើងដល់ ៥០០ ទៅ ១ ០០០គ្រួសារ។ ដល់អញ្ជឹងទៅ គ្នានោះក៏លំបាក»។

លោកស្រី ហង់ លីណា​ បានបន្ថែមថា​ តាមការធ្វើជំរឿនចំនួនប្រជានជនកម្ពុជាមានការកើនឡើងច្រើន ប៉ុន្តែ អ្នកស្រីមិនអាចបង្ហាញចំនួនជាក់លាក់បាននោះទេ ដោយត្រូវរងចាំបូកសរុបជាផ្លូវការ។ លោកស្រី ថា ​វិទ្យាស្ថានជាតិ​ស្ថិតិ នឹងចេញលទ្ធផលបណ្តោះអាសន្នចំនួនប្រជាជនយ៉ាងហោចណាស់មួយខែក្រោយនៃការបញ្ចប់ជំរឿន ហើយលទ្ធផលផ្លូវការទាំងអស់នៃជំរឿននឹងចេញ ០៩ខែក្រោយ។

តាមការគ្រោងទុកការ​ធ្វើ​ជំរឿន​ទូ​ទាំង​ប្រទេសឆ្នាំនេះ ចាប់​ពី​ថ្ងៃ​ទី​៣​ ដល់​ថ្ងៃ​ទី​១៣ ខែមីនា ​ឆ្នាំ​២០១៩​នេះ ដោយ​មាន​មន្ត្រី​ជំរឿន​ប្រមាណ​ ៥​ម៉ឺន​នាក់​ទូទាំង​ប្រទេសប្រមូលព័ត៌មានពីពលរដ្ឋ​។

ជំរឿន​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៨ បាន​រក​ឃើញ​ថា ប្រជាជន​កម្ពុជា​មាន​ចំនួន​ជាង ១១​លាន​នាក់ ដោយ​ក្នុង​នោះ​ពលរដ្ឋ​ជាង ៩.៦​លាន​នាក់ រស់នៅ​តាម​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា។

ចំណែក​ឯ​ជំរឿន​លើក​ទី២​​ នៅ​ឆ្នាំ​២០០៨ បាន​រក​ឃើញ​ថា ប្រជាជន​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន​ជាង ១៣​លាន​នាក់ក្នុង​នោះ​ប្រជាជន​ជាង ៥០​ភាគរយ គឺ​ជា​ស្ត្រី ហើយ​ប្រជាជន​​ជិត ១១​លាន​នាក់ រស់​នៅ​តាម​តំបន់​ជន​បទ។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment