យុវជន​ជំរុញ​ឱ្យ​លោក ហ៊ុន សែន យក​ច្បាប់​មក​ប្រើ​​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​​ធនធាន​ធម្មជាតិ

ដោយ ជាតិ ចំណាន
2019-03-14
RFA

យុវជន សាន់ ម៉ាឡា ជា​សកម្មជន​បរិស្ថាន។ រូប៖ ហ្វេសប៊ុក Mala San
យុវជន សាន់ ម៉ាឡា ជា​សកម្មជន​បរិស្ថាន។ រូប៖ ហ្វេសប៊ុក Mala San


ក្រុម​យុវជន​ដែល​​ស្រឡាញ់​​បរិស្ថាន ជំរុញ​ឱ្យ​​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ត្រូវ​ហ៊ាន​អនុវត្ត​ច្បាប់​​លើ​ជន​ល្មើស​ដែល​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​មន្ត្រី​អាជ្ញាធរ​ដែល​ឃុបឃិត​ឱ្យ​មាន​បទ​ល្មើស​ឧក្រិដ្ឋ​នេះ​កើត​ឡើង។ ការ​ស្នើ​របស់​យុវជន​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​រំឭក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ​ឱ្យ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ និង​ជលផល ក្នុង​ឱកាស​ពិធី​បូក​សរុប​លទ្ធផល​ការងារ​​ក្រសួង​កសិកម្ម កាល​ពី​ថ្ងៃ​ទី១៤ មីនា។

ក្រុម​អ្នក​ការពារ​បរិស្ថាន​ កត់​សម្គាល់​ថា អនុសាសន៍ និង​​បទ​បញ្ជា​​​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពី​ការ​​ទប់​ស្កាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ រួម​មាន​ ព្រៃឈើ និង​ជល​ផល​ ជាដើម​នោះ ​មិន​ត្រូវ​បាន​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ។ មូល​ហេតុ​សំខាន់ គឺ​ដោយ​សារ​តែ​មាន​អំពើ​ពុករលួយ ភាព​ទន់​ខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់ ​កង្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​ជំនាញ​ កង្វះ​យន្តការ​តាម​ដាន​ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ និង​ការ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​សម្ដី​របស់​លោក ហ៊ុន សែន ខ្លួន​ឯង​តែ​ម្ដង។

យុវជន សាន់ ម៉ាឡា គឺ​ជា​សកម្មជន​បរិស្ថាន​មួយ​រូប​ ដែល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជាច្រើន​ខែ ដោយសារ​ការ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​​អាជីវកម្ម​ខ្សាច់​បែប​អានាធិបតេយ្យ​​នៅ​ខេត្ត​កោះកុង កាល​ពី​ឆ្នាំ២០១៥។ លោក​ថ្លែង​ថា ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ដោយ​របប​ដឹកនាំ​បច្ចុប្បន្ន នៅ​តែ​មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ ក្នុង​រយៈកាល​កន្លង​ទៅ​នេះ។ លោក​ថា​ មន្ត្រី​ជំនាញ​មួយ​ចំនួន​នៅ​តែ​បើកដៃ​ ឬ​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ជន​ល្មើស​ ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ទាញ​យក​ផល​ពី​ធនធាន​ធម្មជាតិ​ដោយ​ខុស​ច្បាប់​ដដែល។ លោក​បន្ត​ថា មន្ត្រី​ខ្លះ​គ្មាន​បំណង​​​ទប់ស្កាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ​នោះ​ឡើយ ព្រោះ​ពួក​គេ​ទទួល​បាន​ផល​ប្រយោជន៍ ឬ​លាភ​សក្ការ​ពី​អំពើ​ល្មើស​ច្បាប់​ទាំង​នោះ។ ហេតុដូច្នេះ លោក​ជឿជាក់​ថា បទ​ល្មើស​ធនធាន​ធម្មជាតិ​នឹង​មិន​អាច​ទប់​ស្កាត់​បាន​ឡើយ ដរាបណា​លោក ហ៊ុន សែន មិនព្រម​​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ហើយ​នៅ​តែ​​ព្រងើយ​កន្តើយ​ចំពោះ​ភាព​អសកម្ម​របស់​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក៖ «»

ប្រតិកម្ម​របស់​សកម្មជន​បរិស្ថាន​រូប​នេះ គឺ​នៅ​បន្ទាប់​ពី​ប្រមុខ​​របប​ក្រុង​ភ្នំពេញ បាន​ក្រើន​រំឭក​មន្ត្រី​​ថ្នាក់​ក្រោម​ ឱ្យ​ប្រឹង​ប្រែង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ។ លោក ហ៊ុន សែន ​បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ ​រួម​គ្នា​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​បទល្មើស​ជលផល​តាម​គ្រប់​រូបភាព៖ «»

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក ហ៊ុន សែន ព្យាយាម​បង្ហាញ​ថា លោក​គិត​គូរ​ខ្លាំង​រឿង​ការពារ​ព្រៃឈើ​ និង​ធនធាន​ធម្មជាតិ។ កន្លង​មក​ លោក​ធ្លាប់​បាន​បង្កើត​ច្បាប់ អង្គភាព និង​យន្តការ​ជាច្រើន​ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​ទាំងនេះ។ ក្រៅ​ពី​នេះ លោក​ក៏​ធ្លាប់​បាន​បញ្ជា​ឱ្យ​បាញ់​គ្រាប់​រ៉ុកកែត​កម្ទេច​ជន​ល្មើស​កាប់​ព្រៃឈើ​ផង​ដែរ ហើយ​លោក​​​ថែម​ទាំង​ប្រកាស​ទៀត​ថា លោក​នឹង​​កាត់​ក​ខ្លួន​ឯង​ក្រវាត់​ចោល​ បើ​មិន​អាច​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​បាន​ទេ​នោះ។ ក៏​ប៉ុន្តែ​ យន្ត​ការ​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​បុរស​ខ្លាំង​ខាង​ប្រើ​អំពើ​ហិង្សា​រូប​នេះ គ្មាន​ប្រសិទ្ធភាព​នោះឡើយ ពី​ព្រោះ​បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅ​តែ​កើត​មាន ជាពិសេស​ ការ​ដឹក​ជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​នៅ​តែ​បន្ត​ជា​ហូរហែ។

អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ ហៅ​កាត់​ថា អ៊ីអាយអេ (EIA) រក​ឃើញ​ថា ចាប់ពី​ខែ​តុលា​ឆ្នាំ ​២០១៧ ដល់​ខែ​មីនា ​២០១៨ ​ទំហំ​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ ​មាន​ចំនួន​ជាង១ លាន ១សែន ម៉ែត្រគីប គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​អាមេរិក។ អង្គការ​នេះ​​រក​ឃើញ​ទៀត​ថា ​ឈើ​ទាំង​នោះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ ដោយ​ត្រូវ​​បង់​លុយ​ឱ្យ​អាជ្ញាធរ​​ព្រំដែន ​និង​ក្រុម​អនុរក្ស​ព្រៃឈើ ជា​ថ្នូរ​នឹង​កិច្ចការពារ​សុវត្ថិភាព​ឆ្លង​ព្រំដែន។

សកម្មជន​បរិស្ថាន​មួយ​រូប​ទៀត គឺ​លោក ថុន រដ្ឋា ដែល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កណ្ដាល​តាម​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ២០១៧​ ដោយសារ​លោក​បាន​ជួយ​អ្នក​ភូមិ​តវ៉ា​រឿង​​បូម​ខ្សាច់​បាក់​ច្រាំង​ទន្លេបាសាក់​នោះ ថ្លែង​ថា ល្មម​ដល់​ពេល​ដែល​ លោក ហ៊ុន សែន យក​ច្បាប់​មក​ប្រើ​ហើយ​ជុំ​វិញ​រឿង​​បទល្មើស​ធនធាន​ធម្មជាតិ​នេះ​ ព្រោះ​មន្ត្រី​ថ្នាក់​ក្រោម​លែង​ស្ដាប់​បញ្ជា​របស់​លោក​ជា​យូរ​មក​ហើយ៖ «»

ទោះជា​យ៉ាង​ណា សកម្មជន​រូប​នេះ​ថ្លែង​ថា លោក​ហាក់​គ្មាន​ជំនឿ​លើ​របប​លោក ហ៊ុន សែន ទៀត​ឡើយ​ជុំ​វិញ​រឿង​ការពារ​ធនធាន​ធម្មជាតិ​នេះ ព្រោះ​មន្ត្រី​គ្រាក់ៗ ជា​ច្រើន​នៃ​របប​នេះ​ អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​ដែរ។ ម្យ៉ាង​វិញទៀត លោក​យល់​ថា លោក ហ៊ុន សែន និយាយ​តែមាត់​ពី​រឿង​ការពារ​ធនធាន​ធម្មជាតិ ក៏​ប៉ុន្តែ​ជាក់​ស្ដែង ​លោក​បែរ​ជា​​បើក​ដៃ​ឱ្យ​ក្រុម​មន្ត្រី​របស់​លោក និង​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​ រក​ស៊ី​​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ទៅ​វិញ។ លោក​​បន្ថែម​ថា សារ​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​រឿង​ការពារ​ធនធាន​ធម្មជាតិ​នេះ ច្រើន​តែ​ខ្វះ​ភាព​ប្រាកដនិយម និង​​ជា​ការ​ទាក់ទាញ​ប្រជាប្រិយភាព​ផ្នែក​នយោបាយ៖ «»

កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ របប​លោក ហ៊ុន សែន បាន​បង្ហាញ​ពី​ការ​គេចវេះ ​​​មិន​ទទួល​ខុស​ត្រូវ​ចំពោះ ​វិនាស​កម្ម​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ពីរ​កន្លែង។ នោះ​គឺ​ការ​​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល នៅ​ខេត្ត​ក្រចេះ និង​ដែន​ជម្រក​សត្វព្រៃ​​រនាម​ដូនសំ​នៅ​ខេត្ត​បាត់​ដំបង ដែល​មាន​ផ្ទៃដី​សរុប​ជាង ១១ម៉ឺន​ហិកតារ ក្រោម​ហេតុ​ផល​ថា តំបន់​ទាំង​ពីរ​បាត់​បង់​មុខងារ​ និង​សក្ដានុពល​ជា​តំបន់​អភិរក្ស។ ក៏ប៉ុន្តែ​ សកម្មជន​បរិស្ថាន​អះអាង​ថា តំបន់​អភិរក្ស​ទាំង​ពីរ​នេះ រង​ការ​ខូច​ខាត​ដោយសារតែ​ក្រុមហ៊ុន​ឯកជន​ ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​របប​ក្រុង​ភ្នំពេញ​ ហើយ​គឺ​អាជ្ញាធរ​របប​នេះ​ឯង ដែល​បាន​ជួយ​ការពារ​​ក្រុមហ៊ុន​ឱ្យ​​កាប់​ឈើ​នៅ​តំបន់​ទាំង​ពីរ​នេះ រ​ហូត​ទាល់​តែ​អស់​គ្មាន​សល់។

ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ និង​ព្រៃឈើ ​តម្រូវ​ឱ្យ​មាន​ការ​ស្ការ និង​ជួសជុល​ព្រៃ​ឈើ​​ឡើងវិញ ប្រសិន​បើ​ព្រៃ​នោះ​បាត់​បង់​សក្ដានុពល ឬ​មាន​ការ​សឹករិចរិល​។ ក្នុង​ករណី​​​តំបន់​ការពារ​ធម្មជាតិ​នោះ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សកម្មភាព​ល្មើស​ច្បាប់​វិញ អាជ្ញាធរ​​ត្រូវ​នាំ​ខ្លួន​ជន​ល្មើស​មក​​​ផ្ដន្ទាទោស​តាម​ច្បាប់​​ មិន​មែន​ខូចខាត​ព្រៃ​អស់​រាប់​សែន​ហិកតារ​ដោយ​មិន​ដឹង​មូលហេតុ ​ហើយ​រំសាយ​ចោល​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​បែប​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles