លោក ​ហ៊ុន សែន ​ត្រៀម​ប្តឹង​លោក​ សម រង្ស៊ី​ បន្ថែម​ទៀត​ករណី​ប្រមាថ​ជីវិត​

លោក ​ហ៊ុន សែន ​ត្រៀម​ប្តឹង​លោក​ សម រង្ស៊ី​ បន្ថែម​ទៀត​ករណី​ប្រមាថ​ជីវិត


By

ឌឹ ខេមបូឌា ដេលី

មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ ​លោក​ ហ៊ុន សែន ​នៅ​ថ្ងៃ​នេះ​គំរាម​ថា ​លោក​នឹង​មិន​អត់​ឱន​ចំពោះ​អ្នក​ដែល​ប្រមាថ​អាយុ​ជីវិត​របស់​លោក​ឡើយ​ដោយ​លោក​នឹង​ត្រៀម​ប្តឹង​ទៅ​ជន​នោះ​បន្ថែម​ទៀត​ដើម្បី​រឹបអូ​សទ្រព្យ​សម្បត្តិ​ជា​ថ្នូរ​នឹង​សំណង​ដែល​លោក​ទាមទារ​ចំនួន​២​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​កម្មករ​នៅ​ខេត្ត​កោះកុង ​នា​ថ្ងៃ​នេះ ​លោក​ ហ៊ុន សែន ​ព្រមាន​ថា​​ លោក​បាន​ប្រាប់​មេធាវី​របស់​លោក​រួច​ហើយ​ឲ្យ​រៀបចំ​ភ័ស្តុង​តាង​ដែល​ប្រមូល​បាន​លើ​បណ្តាញ​សង្គម​ដើម្បី​ប្តឹង​ទៅ​តុលាការ​ទាក់​ទិន​នឹង​ការ​ជេរ​ប្រមាថ​រូប​លោក​ពី​សំណាក់​អ្នក​នយោបាយ​មួយ​រូប​ ប៉ុន្តែ​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​នោះ​ឡើយ។​

ទោះបី​ជា​មិន​បាន​បញ្ចេញ​ឈ្មោះក៏​ដោយ ​ប៉ុន្តែ​គេ​ដឹង​ថា​ លោក​ ហ៊ុន សែន ​សំដៅ​ទៅ​ដៃ​គូ​ប្រជែង​អំណាច​ចាស់​វស្សា​របស់​ខ្លួន​គឺ​​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​លោក​ សម រង្ស៊ី​ តែ​ម្តង។​

លោក​ ហ៊ុន សែន ​អះអាង​ថា​ មក​ដល់​ពេល​សំណុំ​រឿង​ប្តឹង​ដៃ​គូ​ប្រជែង​ផ្នែក​នយោបាយ​របស់​លោក​គឺ​មាន​ចំនួន​៣២​បណ្តឹង​ហើយ ​ហើយ​មេ​ដឹកនាំ​របប​នេះ ​ក៏​ត្រៀម​ខ្លួន​ដើម្បី​ប្រមូល​ភ័ស្តុតាង​ប្រឆាំង​លោក​ សម រង្ស៊ី​ ដែល​បង្ហោះនៅ​លើ​បណ្តាញ​សង្គម​បន្ថែម​ទៀត។​

ចំណែក​ការិយាល័យ​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​ត្រៀម​កម្លាំង​និង​ចាត់​វិធាន​ការ​ច្បាប់​ចំពោះ​ការ​ប្រមាថ​ជីវិត​លោក​ ហ៊ុន សែន។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ​ការិយាល័យ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ បាន​បញ្ជាក់​ថា​ របប​នេះ​មិន​អនុញ្ញាត​ជាដាច់​ខាត​នូវ​អំពើ​ឬ ​សកម្ម​ភាព​ញុះញង់​ និង​ប្រមាថ​អាយុ​ជីវិត​​លោក ​ហ៊ុន សែន​ ហើយវា​ជា​សកម្មភាព​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​និង​ប្រឆាំង​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ​ ហើយ​ថា​ អំពើ​ទាំង​នោះ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សិទ្ធិ​នយោបាយ​ឬ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នោះ​ឡើយ។​

សេចក្តី​ថ្លែង​ការណ៍​ក៏បាន​ណែនាំ​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​និង​គ្រប់​ជាន់​ថ្នាក់​មាន​កាតព្វ​កិច្ច​ការពារ​ដាច់​ខាត​តាម​ផ្លូវ​កម្លាំង​ ​ក៏​ដូច​ជា​ផ្លូវ​ច្បាប់​ជា​ធរមាន។​

ទោះជាយ៉ាង​ណា​ក៏​ដោយ​ លោក ​សម រង្ស៊ី​ បាន​ប្រាប់​សារ​ព័ត៌មាន​ The Cambodia Daily​ ថា ​លោក​គ្មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​ការ​គំរាម​ប្តឹង​របស់​លោក​ ហ៊ុន សែន ​ដែល​ចង់​រឹប​អូស​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោក ​សម រង្ស៊ី​ អះអាង​ថា​ លោក ហ៊ុន សែន ​អាច​ធ្វើ​បាន​ទាំងអស់​តាម​ចិត្ត​ដែល​លោក​ចង់​ធ្វើ ​ហើយ​លោក​អាច​ចាប់​មនុស្ស​ណា​ដាក់​គុក​ក៏បាន​ដែរ។​ មេដឹក​នាំ​បក្ស​ប្រឆាំង​ និង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ​អះអាង​ថា​ លោក ហ៊ុន សែន ​គួរ​ចោទ​ប្រកាន់​នរណា​ម្នាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​អំពី​ប្រមាថ​អាយុ​ជីវិត​របស់​លោក​នេះ។​ លោក​បន្ត​ថា​ មាន​តែ​លោក ​ហ៊ុន សែន ​ទេ ​ដែល​តែង​គំរាម​សម្លាប់​ក្រុម​អ្នក​គាំទ្រ ​និង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​កន្លង​មក​ ប៉ុន្តែ​គ្មាន​ច្បាប់​ណា​ហ៊ាន​នាំ​ខ្លួន​លោក​ ហ៊ុន សែន​ យក​ទៅ​កាត់​ទោស​នោះ​ឡើយ។​

កន្លង​មក​ សង្គម​ស៊ីវិល​មើល​ឃើញថា ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ការ​ជេរ​ប្រមាថ ​និង​គំរាម​កំហែង​នេះ​គឺ​មាន​ស្តង់ដារ​ពីរ​ ដោយ​ថា​ ប្រសិន​បើ​រឿង​ហេតុ​នោះ​កើត​ឡើង​ទៅ​មន្ត្រី​សង្គម​ស៊ីវិល​អ្នក​នយោបាយ​បក្ស​ប្រឆាំង​គឺមិន​ឃើញ​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​ឡើយ​ ប៉ុន្តែ​បើ​រឿង​ហេតុ​នោះ​កើត​ឡើង​ទៅ​លោក​ ហ៊ុន សែន​ ឬ​ មន្ត្រី​បក្ស​កាន់​អំណាច ​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​គ្មាន​បង្អែរ​បង្អង់​ឡើយ​ ទោះបីជា​រឿងខ្លះ​គ្មាន​ភ័ស្តុតាង​ក៏​សមត្ថ​កិច្ច​ចាប់​ជន​សង្ស័យ​នោះ​មក​ឃុំសិ​ន​ដែរ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "លោក ​ហ៊ុន សែន ​ត្រៀម​ប្តឹង​លោក​ សម រង្ស៊ី​ បន្ថែម​ទៀត​ករណី​ប្រមាថ​ជីវិត​"

  1. Anonymous says:

    this animal should stop thinking to fine the way to kill his opponent . you are too old to keep your evil mind of killing any life not even animal . time to go to the temple and get some blessing from GOD you may not going that deep in hell. in some time I having a though that HUN SEN is much better then me in some cases . the better is he can put himself in the history of Cambodia . in good or bad we will know when the water is clear . sorry I will not put my life and my name at risk like you. in what so ever you can not again whit GOD willing your time will come at any minute .

Leave a Reply

Submit Comment