សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ចាត់​ការ​មន្ត្រី​ខិលខូច​តាម​ព្រំដែន​ដែល​ឃុបឃិត​នាំ​ចូល​ទំនិញ​ខូច​គុណភាព និង​ជ្រូក​ពី​វៀតណាម

ដោយ វ៉ែន សុមេធ
2019-03-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក យង់ គិមអេង ប្រធាន​មជ្ឃ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ក្នុង​បន្ទប់​ផ្សាយ​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA
លោក យង់ គិមអេង ប្រធាន​មជ្ឃ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ក្នុង​បន្ទប់​ផ្សាយ​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA


ស្នងការនគរបាលខេត្តស្វាយរៀង រងការចោទថាប្រព្រឹត្តអំពើពុករលួយ


មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​ពិនិត្យ ពី​ប្រសិទ្ធភាព​ការងារ​មន្ត្រី​ពាក់ព័ន្ធ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​ និង​ត្រូវ​អនុវត្ត​ច្បាប់​ដល់​មន្ត្រី​ខិលខូច​ណា​ ដែល​ឃុបឃិត​ឱ្យ​នាំ​ទំនិញ​ខូច​គុណភាព​ចូល​មក​កម្ពុជា។

ការ​លើកឡើង​បែបនេះ​ស្រប​ពេល​ដែល​ ចំណីអាហារ​មាន​សារធាតុគីមី​ និង​ជ្រួក​ដែល​សង្ស័យ​ថា​មាន​ជំងឺ​ នៅតែ​នាំចូល​មក​កម្ពុជា​ បើ​ទោះបីជា​ក្រសួង​កសិកម្ម​បាន​ប្រកាស​ឱ្យ​បិទ​ការនាំចូល​ទាំងស្រុង​ក្ដី។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេតឃើញ​ថា​ ទំនិញ​ខូចគុណភាព​ និង​ចំណី​អាហារ​ផ្ទុក​សារធាតុគីមី​ភាគច្រើន​ នាំចូល​ដល់​កណ្ដាល​ប្រទេស​ ឬ​រាជធានី​ភ្នំពេញ​ ទើបសមត្ថកិច្ច​បង្ក្រាប​ កម្រ​ឃើញ​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់​នៅ​តាម​ព្រំដែន​។

កាលពី​ថ្ងៃ​ទី១៣ មីនា​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ និង​តំណាង​អយ្យការ​រាជធានី​ភ្នំពេញ​ បាន​បង្ក្រាប​បង្គា​ផ្ទុក​សារធាតុគីមី​ចំនួន​ ៣រថយន្ត​ និង​គ្រឿង​សមុទ្រ​ផ្សេងទៀត​ សរុប​ជិត​ ៨តោន​។ បង្គា​ទាំងនោះ​គេ​ចាក់​សារធាតុ​ម្យ៉ាង​ខាប់​ដូច​ចាហួយ​ចូល​ក្បាល​បង្គា។ លើស​ពី​នេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​ អ្នក​បើក​រថយន្ត ៣​នាក់ ដើម្បី​ស្វែងរក​ម្ចាស់​ឱ្យ​មក​ទទួលខុសត្រូវ​តាមច្បាប់។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក (Facebook) របស់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក​ យង់ គិមអេង​ សង្កេតឃើញ​ថា​ មន្ត្រី​ពាក់ព័ន្ធ​តាម​ព្រំដែន​ មិន​ខ្លាច​ថ្នាក់លើ​ និង​អាជ្ញាធរ​ជាតិ​នោះ​ទេ​ ព្រោះ​ ការ​ដាក់​ទណ្ឌកម្ម​ច្បាប់​ និង​វិន័យ​រដ្ឋបាល​នៅ​មាន​ភាព​ធូររលុង​ច្រើន។ បញ្ហា​នេះ​ជា​ឫសគល់​ នាំ​ឱ្យ​ប៉ះពាល់​សុខភាព​ សេដ្ឋកិច្ច​ និង​អាយុជីវិត​ពលរដ្ឋ។ លោក​បញ្ជាក់​ថា​ អាជ្ញាធរ​ជាតិ​បាន​ប្រកាស​ឱ្យ​បិទ​ការនាំចូល​ជ្រូក​រស់​ពី​វៀតណាម តែ​គ្មាន​វិធានការ​ច្បាប់​ចំពោះ​មន្ត្រី​ណា​ ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ លោក​មិន​សង្ឃឹមថា​ នឹង​អាច​ទប់ស្កាត់​ជ្រូក​មាន​ជំងឺ​ និង​ទំនិញ​ខូចគុណភាព​បាន​គ្រប់ជ្រុងជ្រោយ​នោះ​ទេ៖ អ្វី​ដែល​សំខាន់​បើ​ថ្នាក់​លើ​ចង់​ឱ្យ​អនុវត្ត​បាន​ត្រឹមត្រូវ ការ​បិទ​ហ្នឹង ដើម្បី​ធានា​ដល់​សុខភាព សុខុមាលភាព របស់​ពលរដ្ឋ​និង​សង្គម​ពិត​ប្រាកដ ត្រូវ​តែ​ច្រក​ណា​ដែល​នៅ​តែ​មាន​ការ​នាំ​ចេញ​ជ្រូក គឺ​មន្ត្រី​ហ្នឹង​ដក​ចោល​ទៅ។ អាហ្នឹង​បាន​ទៅ​រួច បើ​អត់​ធ្វើ​អ៊ីចឹង​ទេ គាត់​គ្មាន​ខ្លាច​ទេ គាត់​នៅ​តែ​ធ្វើ​ទៀត។ អាហ្នឹង​ហើយ នៅ​តែ​ជា​ជំងឺ​មួយ នៅ​ក្នុង​រដ្ឋបាល​របស់​យើង​រាល់​ថ្ងៃនេះ»

កាលពី​ថ្ងៃ​ពុធ ទី១៣​ ខែ​មីនា​ នោះ​ដែរ​ សមត្ថកិច្ច​ជំនាញ​ និង​ ក្រុម​ចល័ត​ផលិតកម្ម​ និង​បសុព្យាបាល​ ខេត្ត​ស្វាយរៀង​ បាន​ឃាត់​រថយន្ត​ មួយ​គ្រឿង​ ដឹក​ជ្រូក១៨ក្បាល​ ឆ្លង​ពី​ប្រទេស​វៀតណាម​ ចូល​មក​ទឹកដី​កម្ពុជា​ តាម​ច្រក​របៀង​ព្រំដែន​ខ្សែ​ដែក​ក្នុង​ឃុំ​ត្រស់ ស្រុក​រមាសហែក​ ខេត្ត​ស្វាយរៀង​។ ការ​ចុះ​បង្ក្រាប​នេះ​ អ្នក​ដឹក​ជ្រូក​បាន​បង្ហើប​ប្រាប់​ថា​ ពួកគេ​បាន​បង់លុយ​ឱ្យ​នគរបាល​ និង​ទាហាន​តាម​ព្រំដែន​ ទើប​អាច​នាំចូល​ជ្រូក​រស់​មក​កម្ពុជា​បាន។

ចំណែក​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ ថ្មី​ៗនេះ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​បាន​ស្ទាក់​ឃាត់​រថយន្ត​មួយ​គ្រឿង​ ដឹក​ជ្រូក​ ១០៤​ ក្បាល​នាំចូល​ពី​វៀតណាម​មក​កម្ពុជា​ ក្នុង​ឃុំ​សេដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។

អាស៊ី​សេរី​បាន​ទាក់ទង​ អ្នកនាំពាក្យ​ក្រសួង​ កសិកម្ម​ លោក ស្រី វុឌ្ឍី​ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​លើក​ឡើង​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី១៤ មីនា​។

ចំណែក​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោក​ ឱ វណ្ណឌីន និង​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ លោក​ ផៃ ស៊ីផាន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ដដែល​នេះ។

តែ​យ៉ាងណា​ លោក ផៃ ស៊ីផាន បាន​អះអាង​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ថា​ ក្រសួង​កសិកម្ម​ និង​ក្រសួង​សុខាភិបាល​កំពុង​ចាត់​វិធានការ​រឿង​នេះ​ ដោយ​តាម​ដាន​ស្ថានភាព​ជំងឺ​ផ្ដាសាយ​ជ្រូក​ ដែល​អាច​កើតមានឡើង​នៅ​តំបន់​ណា​ជាយថាហេតុ។ លោក​បញ្ជាក់​ថា​ ក្រសួង​កសិកម្ម​កំពុង​បង្ហាញ​សមត្ថភាព​ទប់ស្កាត់​ ការ​នាំ​ជ្រូក​មាន​ជំងឺ​ពី​ប្រទេស​វៀតណាម​ ហើយ​អាជ្ញាធរ​ជំនាញ​បាន​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ក្នុង​ការ​បរិភោគ​សាច់​ជ្រូក​ផង​ដែរ៖ «យើង​ទទួល​បាន​ព័ត៌មាន​អ្វី​ដែល​មិន​ប្រក្រតី​ យើង​តែងតែ​ចាត់​វិធានការ​ ជា​ពិសេស​ក្រសួង​កសិកម្ម​ដើរតួ​នាទី​យ៉ាង​សំខាន់​រឿង​ហ្នឹង​ រួម​ទាំង​ក្រសួង​សុខាភិបាល​ចាត់ចែង​ ការ​តាមដាន​ជំងឺ​អ្វី​ដែល​កើតឡើង​តំបន់​នេះ។ នេះ​ជា​យន្តការ​ជាក់ស្ដែង​របស់ក្រ​សួង​សុខាភិបាល»

មន្ត្រី​សង្គម​ស៊ីវិល​ផ្ដល់​ទស្សនៈ​ថា​ អំពើពុករលួយ​រឿង​នាំ​ទំនិញ​ខូចគុណភាព​ និង​ជ្រូក​ពី​វៀតណាម​ អាជ្ញាធរ​ជាតិ​ និង​ថ្នាក់ដឹកនាំ​រដ្ឋ​ ត្រូវ​រក​គន្លឹះ​ដោះស្រាយ​ និង​លុបបំបាត់​ការ​សូកប៉ាន់​ជា​ថ្នូរ​គ្រប់គ្រង​តាម​ប៉ុស្តិ៍​ព្រំដែន​ ខណៈ​ដែល​ពួកគេ​ទទួល​ព័ត៌មាន​ថា មន្ត្រី​ពាក់ព័ន្ធ​តាម​ព្រំដែន​ភាគច្រើន​ បាន​សូកប៉ាន់​ថ្នាក់លើ​របស់​ខ្លួន​ជាច្រើន​ពាន់​ដុល្លារ​ បំណង​កាន់កាប់​ការងារ​តាម​ព្រំដែន​ ឬ​ហៅ​ថា​ កន្លែងខ្លាញ់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment