សហជីព​សង្ស័យ​ការ​ស្លាប់​របស់​លោក រ៉ុង បញ្ញា ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កំពង់ស្ពឺ

ដោយ ហេង រស្មី
2019-03-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក រ៉ុង បញ្ញា ​មន្ត្រី​សហជីព​នៃ​សហព័ន្ធ​សហជីព​កម្ពុជា និង​ជា​ក្មួយ​ប្រុស​របស់​ លោក រ៉ុង ឈុន។ screenshot
លោក រ៉ុង បញ្ញា ​មន្ត្រី​សហជីព​នៃ​សហព័ន្ធ​សហជីព​កម្ពុជា និង​ជា​ក្មួយ​ប្រុស​របស់​ លោក រ៉ុង ឈុន។ screenshot


សហព័ន្ធ​សហជីព​កម្ពុជា ចេញ​សេចក្ដី​ថ្លែងការណ៍​ ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ស្លាប់​មន្ត្រី​សហជីព​ម្នាក់ ឱ្យ​បាន​ហ្មត់ចត់ ក្រោយ​ពេល​សហព័ន្ធ​សង្កេត​រក​ឃើញ​មន្ទិល​​សង្ស័យ​ជាច្រើន ជុំវិញ​ករណី​នេះ។ មន្ត្រី​ប៉ូលិស ​ប្រាប់​ថា ជា​ការ​សន្និដ្ឋាន​បឋម​ គឺ​ខាង​​ភាគី​សហជីព​អ្នក​បើក​ម៉ូតូ ដែល​ស្លាប់​រំលោភ​ចូល​ផ្លូវ​ឡាន ប៉ុន្តែ​មិន​ហ៊ាន​សន្និដ្ឋាន​បែប​ណា​ជាក់​លាក់​នៅ​ឡើយ​ទេ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់​ថា​ ព័ត៌មាន​​ស្ដីពី​ការ​ស្លាប់​ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​មន្ត្រី​សហជីព លោក រ៉ុង បញ្ញា ដែល​ទទួល​បាន​ពី​សមត្ថកិច្ច មាន​មន្ទិល​សង្ស័យ​ច្រើន ដូច្នេះ​សហព័ន្ធ​ទាមទារ​ឱ្យ​​សមត្ថកិច្ច​ស៊ើប​អង្កេត​ស៊ីជម្រៅ និង​ម៉ត់​ចត់​​បន្ថែម​ទៀត។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់​ថា ក្រោយ​គ្រោះ​ថ្នាក់​ចរាចរណ៍៤​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១២ មីនា ក្រុម​ការងារ​របស់​សហព័ន្ធ​សហជីព​កម្ពុជា បាន​ចុះ​ទៅ​សាកសួរ​ពលរដ្ឋ និង​មន្ត្រី​សមត្ថកិច្ច​ដល់​កន្លែង​កើត​ហេតុ រក​ឃើញ​ថា ការ​ស្លាប់​របស់​ លោក រ៉ុង មាន​ភាព​សង្ស័យ​ច្រើន ព្រោះ​សមត្ថកិច្ច​អះអាង​ថា តៃកុង​ឡាន ដឹក​ភ្ញៀវ​ទេសចរណ៍​ នៃ​ក្រុមហ៊ុន ប៊ីអេស (BS) ព្យាយាម​ចាប់​ហ្វ្រាំង​ ពេល​កើត​ហេតុ ប៉ុន្តែ​សព​របស់​មន្ត្រី​សហជីព​ លោក រ៉ុង បញ្ញា រង​ការ​បុក​​ខ្ទាត​ចេញ​ពី​កន្លែង​កើត​ហេតុ​ប្រវែង ៣៩​ម៉ែត្រ។ ចំណែក​របាយការណ៍​របស់​មន្ត្រី​ប៉ូលិស​​ស្រុក​​ភ្នំស្រួច​ អះអាង​​ឃើញ​ ថា ម៉ូតូ​របស់​មន្ត្រី​សហជីព​បាន​រំលោភ​ចូល​ផ្លូវ​រថយន្ត និង​ប្រាប់​ថា សំណុំ​រឿង​នេះ ​ត្រូវ​បញ្ជូន​ទៅ​ថ្នាក់​ខេត្ត​ហើយ។ ឯ​មន្ត្រី​ប៉ូលិស​ថ្នាក់​ខេត្ត​ មិន​ផ្ដល់​ព័ត៌មាន​លំអិត​ទេ ប៉ុន្តែ​ណែនាំ​ឱ្យ​មន្ត្រី​សហជីព​ប្រាប់​ឱ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដាក់​​ពាក្យ​ប្ដឹង៖ «បញ្ញា ជាទូទៅ គាត់​អត់មាន​គោលបំណង​ទៅ​ផ្លូវ​នោះ​ទេ ពីព្រោះ​អត់​មាន​បងប្អូន អត់​មាន​ការងារ​ត្រូវ​ឱ្យ​គាត់​ទៅ​ផ្លូវ​ហ្នឹង​ទៅ ទី១។ មួយ​ទៀត និយាយ​ឱ្យ​ចំ​ទៅ​ ហាក់​ដូចជា អ្វី​ដែល​បាន​ស្ដាប់​ខាង​បងប្អូន​សមត្ថកិច្ច​ ដែល​គាត់​បាន​និយាយ​មក​ យើង​(បញ្ញា) ​ខុស​ណាស់។ ប៉ុន្តែ​បើ​យើង​ពិនិត្យ​មើល​រូបភាព​ ដែល​យើង​បាន​ទទួល​ឬ ក៏​ខាង​សមត្ថកិច្ច​ឱ្យ​មក​ យើង​មើល​ផ្ទៀង​ផ្ទាត់​មក​​វា​ហាក់​​យើង​មិន​បាន​ខុស​ទេ​។ ដោយសារ​អ្វី ទី​១ ផ្លូវ​ដែល​បញ្ញា ធ្វើ​ដំណើរ​ទៅ គឺ​គាត់​ដួល​លើ​ផ្លូវ​ស្រប​ធ្វើ​ដំណើរ។ និយាយ​រួម​ទាំង​សព ទាំង​ម៉ូតូ គឺ​​នៅ​លើ​ផ្លូវ​ស្រប​ដែល​គាត់​ធ្វើ​ដំណើរ​ នៅ​កៀន​ខាង​ទៀត»

លោក រ៉ុង បញ្ញា ជា​មន្ត្រី​សហជីព​នៃ​សហព័ន្ធ​សហជីព​កម្ពុជា និង​ជា​ក្មួយ​ប្រុស​របស់​ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា។ លោក រ៉ុង បញ្ញា ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មីនា ក្នុង​ពេល​លោក​បើក​ម៉ូតូ ធ្វើ​ដំណើរ​ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ៧៧ ទៅ​៧៨ នៅ​ភូមិ​ត្រពាំង​ស្ដុកគ្រូ​ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាមួយ​ឡាន​ដឹក​ភ្ញៀវ​ទេសចរណ៍​របស់​ក្រុមហ៊ុន​ឯកជន​ ឈ្មោះ ប៊ីអេស (BS)។ បន្ទាប់​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ អាជ្ញាធរ​ អះអាង​ថា អ្នក​បើកបរ​ឡាន​បាន​រត់​បាត់។

មន្ត្រី​ប៉ូលិស​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចុះ​ទៅ​​ពិនិត្យ​ដល់​ទីតាំង​កើតហេតុ​ នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍ លោក រ៉ុង បញ្ញា គឺ ​លោក ង៉ុយ ធុល ប្រាប់​អាស៊ីសេរី​ នៅ​ថ្ងៃ​ទី​១៣ មីនា​ ថា លោក​មិន​អាច​សន្និដ្ឋាន​បែប​ណា​ទេ គ្រាន់​តែ​ការ​ពិនិត្យ​ជាក់​ស្ដែង​នៅ​កន្លែង​កើត​ហេតុ​ គឺ ភាគី​ខាង​ម៉ូតូ​រំលោភ​ផ្លូវ​របស់​រថយន្ត។ ប៉ុន្តែ​​ ​របាយការណ៍ និង​ការ​សន្និដ្ឋាន​បែប​ណា​នោះ គឺ​មន្ត្រី​ចរាចរណ៍​ខេត្ត​កំពង់ស្ពឺ​​ត្រូវ​បញ្ចប់​​សិន​ ទើប​អាច​បកស្រាយ​បាន៖ «អានេះ ខាង​ខ្ញុំ ​ទោះបី ខុសត្រូវ​ មិន​មែន​អ្នក​ថា អ្នក​សម្រេច​ទេ។ អា​នេះ គ្រាន់​ថា ខាង​ម៉ូតូ​រំលោភ​ចូល​ផ្លូវ​រថយន្ត»

កាល​ពី​ឆ្នាំ​២០១២ យុវជន រ៉ុង បញ្ញា ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ វាយ​បែក​ក្បាល​ហូរ​ឈាម​ពេញ​មុខ​ម្ដង និង​ត្រូវ​ចាប់​ខ្លួន​ ទៅ​ស្នងការ​រាជធានី​ភ្នំពេញ នៅ​ពេល​លោក​ចូលរួម​ ​ជាមួយ​​កម្មករ​​រោង​ចក្រ​ប៉ៃយ៉ាង​ នៅ​ឃុំ​បែកចាន ស្រុក​អង្គស្នួល ដាក់​ញត្តិ​សុំ​ដំណោះស្រាយ​ នៅ​ខុទ្ទកាល័យ​ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន។

អ្នក​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​កំពង់ស្ពឺ លោក អាន ភិន ប្រាប់​ថា ខាង​សមាគម​អាដហុក​ ក៏​កំពុង​សង្ស័យ​ករណី​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​ចុះ​ស៊ើប​អង្កេត​ទេ ដោយសារ​មិន​ទាន់​មាន​បណ្ដឹង​ពី​ខាង​ក្រុម​គ្រួសារ។ សង្គម​ស៊ីវិល​ខេត្ត​កំពង់ស្ពឺ​រូប​នេះ ក៏​សង្ឃឹម​ថា សមត្ថកិច្ច​នឹង​បើក​ការ​ស៊ើប​អង្កេត​ម៉ត់ចត់​ជាង​នេះ ដើម្បី​បង្ហាញ​ការ​ពិត​ ដល់​ក្រុម​គ្រួសារ​សព និង​អ្នក​ពាក់ព័ន្ធ​ឱ្យ​ទទួល​យក​បាន៖ «យើង​មាន​ការ​សោកស្ដាយ ប៉ុន្តែ​យើង​អត់​ទាន់​បាន​ចុះ​ប្រមូល​ព័ត៌មាន​ទេ ដោយសារ​តែ យើង​ជាប់​រវល់ ហើយ​មួយ​ទៀត បើ​សិន​មាន​លិខិត​ ឬ​សំណូមពរ​ពី​ក្រុម​គ្រួសារ ឬ​សាច់​ញត្តិ ឱ្យ​យើង​ជួយ​សម្រួល​ ស៊ើប​អង្កេត​ យើង​នឹង​សិក្សា​បន្ត ហើយ​ស្រាវជ្រាវ​រក​ការ​ពិត»

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់​ថា សហព័ន្ធ​ចេញ​សេចក្ដី​ថ្លែងការណ៍​សិន ហើយ​បន្ទាប់​មក​បើ​សមត្ថកិច្ច​មិន​អាច​ផ្ដល់​ការ​បកស្រាយ​ឱ្យ​ក្រុម​គ្រួសារ និង​ភាគី​ពាក់ព័ន្ធ​ទទួល​យក​បាន​ទេ សហព័ន្ធ​សហជីព​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ទាមទារ​ការ​ស៊ើប​អង្កេត​​ឱ្យ​ច្បាស់លាស់។ អ្នកស្រី យ៉ាង សុភ័ណ្ឌ ថា​ នឹង​ពិភាក្សា​ ជាមួយ​ក្រុម​គ្រួសារ​របស់​​សព​ លោក រ៉ុង បញ្ញា ដើម្បី​ដាក់​ពាក្យ​ប្ដឹង​​បន្ថែម​ទៀត នៅ​ក្រោយ​ពិធីបុណ្យ​៧​ថ្ងៃ​របស់​សព លោក រ៉ុង បញ្ញា នៅ​ថ្ងៃ​ទី​១៤ មីនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles