សហព័ន្ធ​ខ្មែរ​ក្រោម​ស្នើ​អន្តរជាតិ​​ដាក់​គំនាប​វៀតណាម​​ឱ្យ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម

ដោយ យន់ សាមៀន
2019-03-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ចូលរួម​ក្នុង​កិច្ច​ប្រជុំ ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ ហ្សឺណែវ​ ប្រទេស​ស្វីស​(Switzerland​) កាល​ពី​ថ្ងៃ​ទី ១១-១២ ​មីនា ​ឆ្នាំ ២០១៩​។ Provided
ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ចូលរួម​ក្នុង​កិច្ច​ប្រជុំ ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ ហ្សឺណែវ​ ប្រទេស​ស្វីស​(Switzerland​) កាល​ពី​ថ្ងៃ​ទី ១១-១២ ​មីនា ​ឆ្នាំ ២០១៩​។ Provided


ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​បាន​បញ្ចប់​បេសកកម្ម​នៅ​សហគមន៍​អឺរ៉ុប​ ដើម្បី​ស្នើសុំ​សហគមន៍​អន្តរជាតិ​ឱ្យ​ដាក់​គំនាប​ប្រទេស​កុម្មុយនិស្ត​វៀតណាម​ឱ្យ​ទទួលស្គាល់​ខ្មែរ​កម្ពុជាក្រោម​ ជា​ជនជាតិ​ដើម និង​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ចិត្ត កំណត់​វាសនា​ដោយខ្លួនឯង។

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ស្នើ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ ហ្សឺណែវ​ ប្រទេស​ស្វីស​(Switzerland​) ដែល​បាន​បើក​កិច្ចប្រជុំ​នៅដើម​សប្ដាហ៍​នេះ ដើម្បី​ពិនិត្យមើល​របាយការណ៍​របស់​វៀតណាម​ជុំវិញ​ការ​អនុវត្ត​​កិច្ច​ព្រមព្រៀង​សិទ្ធិស៊ីវិល និង​នយោបាយ​ឱ្យ​ទទួល​ខ្មែរ​កម្ពុជាក្រោម​ជា​ជនជាតិ​ដើម​ និង​គ្មាន​ការរើសអើង។ ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​ទាមទារ​ឱ្យ​វៀតណាម​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម អាច​មាន​សិទ្ធិ​គោរព​ព្រះពុទ្ធ​សាសនា​ដោយ​គ្មាន​ការចាត់ចែង​ពី​អាជ្ញាធរ​សាសនា​វៀតណាម​ និង​ ផ្ដល់​សិទ្ធិ​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​អាច​មាន​សិទ្ធិ​បង្កើត​ស្ថានីយ​ទូរទស្សន៍​និង​វិទ្យុ​ដោយខ្លួនឯង និង​គ្មាន​ការគ្រប់គ្រង​ពី​វៀតណាម​។

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​និង​ជា​គណ:កម្មការ​នាយក​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ព្រះអង្គ សឺងយ៉ឹង​ រតនា​ ជា​ព្រះចៅ​អធិការ​វត្ត​ខេមររង្សី​ មាន​សង្ឃដីកា​ថា សហព័ន្ធ​ខ្មែរ​ក្រោម​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ជូន​តំណាង​អង្គការសហប្រជាជាតិ៖ «ទីមួយ​យើង​ឱ្យ​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម ទី២​ឱ្យ​ប្រទេស​វៀតណាម ឱ្យ​ខ្មែរ​ក្រោម​បង្កើត​វិទ្យុ​និង​ទូរទស្សន៍​ដោយខ្លួនឯង​។ ឥឡូវនេះ​មាន​ដែរ​ប៉ុន្តែ​វា​នៅ​ក្រោម​ឆ័ត្រ​របស់​រដ្ឋាភិបាល​យួន។ ហើយ​ទី៣យើង​ធ្វើ​យ៉ាងណា​ឱ្យ​ព្រះពុទ្ធ​សាសនា​ឯករាជ្យ​ពីព្រោះ​ព្រះសង្ឃ​សាមគ្គី ស្នេហាជាតិ​ហ្នឹង​នៅ​ក្រោម​ឆ័ត្រ​យួន​។ ចំណុច​សំ​ខាន់​ៗ​យើង​បាន​ដាក់​ទៅ​ឱ្យ​អង្គការ​សហប្រជាជាតិ​ធ្វើ​អន្តរាគមន៍»

គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ ហ្សឺណែវ​ ប្រទេស​ស្វីស​ (Switzerland) បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃទី១១ និង១២ មីនា ដើម្បី​ពិនិត្យមើល​ការអនុវត្ត​កិច្ច​ព្រមព្រៀង​សិទ្ធិស៊ីវិល​និង​នយោបាយ​លើក​ទី១២៥។ ក្នុង​កិច្ចប្រជុំ​នោះ​ តំណាង​ ប្រទេស​ កុម្មុយនិស្ត​វៀតណាម និង​ជា​អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​យុត្តិធម៌​វៀតណាម បាន​អះអាង​ប្រាប់​មន្ត្រី​អង្គការសហប្រជាជាតិ ពី​កំណែទម្រង់​ ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌​ដែល​លោក​អះអាង​ថា​ ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​និង​សេរីភាព​របស់​ពលរដ្ឋ​។ ប៉ុន្តែ​ក្នុង​របាយការណ៍​របស់​វៀតណាម​ ដាក់​ជូន​អង្គការសហប្រជាជាតិ​ បាន​ទាត់ចោល​ព័ត៌មាន​ថា​វៀតណាម​មាន​ជនជាតិ​ដើម​ ហើយក៏​គ្មាន​បញ្ហា​ជនជាតិ​ដើម​ដែរ។ ការ​អះអាង​ត្រូវ​បាន​ព្រះអង្គ​ សឺងយ៉ឹង រតនា បដិសេធ​ថា​ មិន​ពិត​ ហើយ​ថា​ ការ​លើកឡើង​របស់​វៀតណាម​ ដើម្បី​បំភាន់​អន្តរជាតិ​តែប៉ុណ្ណោះ៖ «មុននឹង​កិច្ចប្រជុំ​ហ្នឹង​យើង​បាន​ថ្លែង​រាយការណ៍​ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ជំរុញ​ឱ្យ​ទៅ​រដ្ឋាភិបាល​វៀតណាម។ ហើយ​ថ្ងៃទី២ ប្រឹក្សា​បាន​សួរ​ចំណុច​មួយ​គឺ​

ជនជាតិ​ដើម​ហ្នឹង​។ រដ្ឋាភិបាល​យួន​ថា នៅ​លើ​ពិភពលោក​មាន​ជនជាតិ​ដើម ប៉ុន្តែ​គ្មាន​នៅ​វៀតណាម»

កម្ពុជា​បាន​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ កាលពី​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​១៩៤៩​ ដោយសារតែ​បារាំង​កាត់ទឹក​ដីខ្មែរ​កម្ពុជា ទៅ​ឱ្យ​វៀតណាម​ទាំង​ខុសច្បាប់ និង​គ្មាន​ការ​យល់​ព្រម​ពី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា។ នៅ​ខែ​មិថុនា​ឆ្នាំ​ ២០១៩ខាងមុខ​ជា​ខួប​ពី ៧០ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។របាយការណ៍​សិទ្ធិមនុស្ស​ក្រសួង​ការបរទេស​អាមេរិក​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ មីនា រក​ឃើញ​ថា​ការរំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម​នៅតែ​បន្ត​កើតមានឡើង។ ការ​រំលោភ​សិទ្ធិមនុស្ស​ទាំងនោះ​រួមមាន​ ការ​ឃុំឃាំង​ទាំង​ខុសច្បាប់ និង​សម្លាប់​ដោយ​អានាធិបតេយ្យ​ ការ​ធ្វើទារុណកម្ម​ ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស​ និង​សកម្មជន​តាម​បណ្ដាញ​សង្គម និង​អ៊ីនធឺណិត​ជាដើម។ រដ្ឋាភិបាល​ក៏​នៅតែ​បន្ត​រឹតត្បិត​លើ​សិទ្ធិ​ធ្វើដំណើរ​ ការ​ប្រមូល​ផ្ដុំ និង​ការចូលរួម​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles