ស្នងការ​ខេត្ត​ស្វាយ​រៀង​រង​ការ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ ធ្វើ​បាប​មន្ត្រី​ស្លូត​ត្រង់ និង​បក្ស​ពួក​និយម

ដោយ ហេង រស្មី
2019-03-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឧត្ដមសេនីយ៍​ទោ កឹង ឃន ស្នងការ​ខេត្ត​ស្វាយរៀង (រូប៖ ហ្វេសប៊ុក Koengkorn Khlrn)
ឧត្ដមសេនីយ៍​ទោ កឹង ឃន ស្នងការ​ខេត្ត​ស្វាយរៀង (រូប៖ ហ្វេសប៊ុក Koengkorn Khlrn)


នគរបាល​ជាង ២០រូប និង​ប្រជា​ពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​របៀង ៩កន្លែង​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ខាង​កើត​មួយ​នេះ។ ពួក​គេ​អះអាង​ថា ស្នងការ​រូប​នេះ​បាន​បញ្ជូន​សាច់​ញាតិ​ឲ្យ​ទៅ​គ្រប់គ្រង​ច្រក​របៀង​គ្រប់​ច្រក ដើម្បី​ចាំ​ទទួល​លុយ​ពី​ឈ្មួញ​ជន​បរទេស​នាំ​ទំនិញ​ខូច​គុណភាព​ចូល​ដោយ​សេរី គ្មាន​ការ​ត្រូត​ពិនិត្យ​ពី​មន្ត្រី​ជំនាញ។

ពលរដ្ឋ និង​នគរបាល​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃ​ទី១៣ មីនា ​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស៊ើប​អង្កេត​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន ដែល​ពួក​គេ​ចោទ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ទទួល​សំណូក​តាម​ច្រក​របៀង​ព្រំដែន​កម្ពុជាវៀតណាម។ អំពើ​ពុក​រលួយ​ដែល​ស្នងការ​រូប​នេះ​រង​ការ​ចោទ​នោះ រួម​មាន​ការ​យក​លុយ​ពី​អ្នក​ដឹក​ទំនិញ ក្នុង​មួយ​រថយន្ត​ចាប់ពី ២៥ម៉ឺន​រៀល ដល់ ៦០ម៉ឺន​រៀល និង​មាន​ទំនិញ​ខ្លះ​ទៀត​ចាប់​ពី ១០០ដុល្លារ ដល់ ១៥០ដុល្លារ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ចូល​មក​កម្ពុជា។

នគរបាល​ម្នាក់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​អះអាង​ថា ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន បាន​ប្រើ​អំណាច​គាប​សង្កត់​មន្ត្រី​ស្លូត​ត្រង់ និង​បញ្ជូន​សាច់​ញាតិ​ឲ្យ​ទៅ​គ្រប់គ្រង​ប៉ុស្តិ៍​របៀង​គ្រប់​ច្រក ដើម្បី​យក​លុយ​ពី​ឈ្មួញ​នាំ​ទំនិញ​ចូល​កម្ពុជា គ្មាន​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស។ លោក​អះអាង​ថា ទំនិញ​ដែល​ឈ្មួញ​ជន​ជាតិ​វៀតណាម​នាំ​ចូល ដូចជា បន្លែ ផ្លែឈើ ត្រី​សាច់ និង​សាច់​ជ្រូក​ជាដើម​ ពួក​គេ​ត្រូវ​បង់​ប្រាក់​ឲ្យ​មន្ត្រី​នគរបាល​តាម​ច្រក​របៀង​ទាំង​នោះ ពុំ​មែន​បង់​ពន្ធ​ចូល​រដ្ឋ​នោះ​ទេ។

លោក​បន្ថែម​ថា ច្រក​សំខាន់ៗ ដូច​ជា ច្រក​សំរោង​ក្នុង​ស្រុក​ចន្ទ្រា ក្នុង​មួយ​យប់ៗ ស្នងការ​រួប​នេះ​អាច​ប្រមូល​លុយ​បាន​មិន​ក្រោម ១ម៉ឺន​ដុល្លារ​នោះ​ទេ និង​ច្រក​បុសមន​របស់​ស្រុក​រំដូល ក្នុង​មួយ​យប់​មិន​ក្រោម ១ម៉ឺន​ដុល្លារ​ដែរ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​មក​កម្ពុជា​ដោយ​សេរី។

លិខិត​ដែល​មាន​ហត្ថលេខា​របស់​មន្ត្រី​នគរបាល​ខេត្ត​ស្វាយរៀង​ជាង ២០រូប ដែល​អាស៊ី​សេរី​ទទួល​បញ្ជាក់​ថា នគរបាល​ខេត្ត​នេះ​ភាគ​ច្រើន អស់​ជំនឿ​លើ​ការ​ដឹក​នាំ​របស់​ស្នងការ​នគរបាល​លោក កឹង ឃន ដែល​ពួក​គេ​ចោទ​ថា តែង​ប្រើ​អំណាច​ធ្វើ​បាប​មន្ត្រី​ស្មោះ​ត្រង់ បក្សពួក​និយម និង​បញ្ជូន​កូន​ចៅ​សាច់​ញាតិ​គ្រប់គ្រង​ច្រក​ព្រំដែន ឬ​ហៅ​ថា កន្លែង​ខ្លាញ់​គ្រប់​ទី​កន្លែង។ ពួក​គេ​ស្នើសុំ​ថ្នាក់​ដឹក​នាំ មេត្តា​ចុះ​ស្រាវជ្រាវ​ជាក់​ស្ដែង និង​ផ្លាស់​ប្ដូរ​ស្នងការ​រូប​នេះ​ចេញ​ពី​តំណែង។ ពួក​គេ​អះអាង​ថា ស្នងការ​រូប​នេះ បាន​បញ្ជូន​ប្អូន​បង្កើត​ជា​មេ​វរៈ​ការពារ​ព្រំដែន ប្អូនធម៌ ជា​មេ​ប៉ុស្តិ៍​ព្រំដែន​ទួល​ស្ដី ក្នុង​ស្រុក​ចន្ទ្រា និង​ប្អូន​បង្កើត​ម្នាក់​ទៀត ជា​មេ​ប៉ុស្តិ៍​បុសមន ក្នុង​ស្រុក​រំដួល និង​ក្មួយ​ប្រុស​បង្កើត​ម្នាក់​ទៀត ជា​អធិការ​ស្រុក​រំដួល។ លើស​ពី​នេះ​ស្នងការ​រូប​នេះ​បាន​បើក​ប៉ុស្តិ៍​ភាស៊ី​មួយ​ចំនួន​ទៀត តាម​ច្រក​ព្រំដែន​ក្រុង​បាវិត ដូចជា នៅ​ច្រក​កំពង់​ស្ពាន និង​ច្រក​កីម៉ែ បំណង​អនុញ្ញាត​ឲ្យ​ឈ្មួញ​បង់​លុយ ជា​ថ្នូរ​នាំ​ទំនិញ​ចូល​កម្ពុជា។

ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន បាន​បដិសេធ​មិន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អាស៊ី​សេរី ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ដោយ​លោក​ចុច​ផ្ដាច់​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី១៣ និង ១៤ មីនា នៅ​ពេល​អាស៊ី​សេរី​ហៅ​ទៅ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យិនទៀង និង អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល និង​ខ្លះ​ទៀត ចុច​បិទ​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​​អ្នក​​ទទួល។

ពលរដ្ឋរស់​នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម នៃ​ស្រុក​ចន្ទ្រា លោក ណិម សុខា ឲ្យ​ដឹង​ថា ពួកគេ​តែង​ប្រទះ​ឃើញ ពាណិជ្ជករ​ជន​ជាតិ​វៀតណាម​ដឹក​ទំនិញ ដូច​ជា ត្រី​សាច់ បន្លែ ផ្លែឈើ ជ្រូក និង ទំនិញ​ផ្សេងៗ ទៀត​ជា​ច្រើន មក​លក់​នៅ​កម្ពុជា ដោយ​អាជ្ញាធរ​ជំនាញ​មិន​បាន​ពិនិត្យ​គុណភាព​ទំនិញ​ទាំង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​ការ​នាំ​ទំនិញ​ចូល​កម្ពុជា​ភាគ​ច្រើន​ធ្វើ​ឡើង​នៅ​ពេល​យប់។ លោក​ថា បាតុភាព​នេះ​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​ឃើញ​មាន​ស្ថាប័ន​ជាតិ​ណា​មួយ ស៊ើប​អង្កេត ដែល​ជា​ដើម​ចម បង្ក​ឲ្យ​ប៉ះពាល់​មុខ​របរ សុខភាព និង​អាយុ​ជីវិត​ពលរដ្ឋ៖ «នាំ​សាច់​ជ្រូក ត្រី​ចិញ្ចឹម​ដែល​នាំ​ចូល​មក យើង​ចេញ​តែ​មាន​ការ​ព្រួយ​បារម្ភ តែ​មិន​ដឹង​ថា​អាជ្ញាធរ និង​សមត្ថកិច្ច​គេ​គិត​យ៉ាង​ណា​ទេ? ព្រោះ​គេ​ច្រើន​តែ​ចេញ​ចូល​នៅ​ពេល​យប់ អំពាវនាវ​ឲ្យ ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​សូម​មាន​វិធានការ​ទប់​ស្កាត់​បញ្ហា ទំនិញ​ដែល​ខូច​គុណភាព មាន​ជាតិ​គីមី​ច្រើន​មេត្តា​ជួយ ត្រួត​ពិនិត្យ​ផង ដើម្បី​សុខភាព​ពលរដ្ឋ​ទូទៅ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ចាត់ អំពើពុករលួយ ជា​អាវុធ​សម្លាប់​មនុស្ស​ដោយ​ប្រយោល ព្រោះ​ទំនិញ​ខូចគុណភាព នឹង​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ពលរដ្ឋ ជីវភាព និង សេដ្ឋកិច្ច​ជាតិ។ លោក​យល់​ថា បណ្ដឹង​របស់​នគរបាល មាន​ទម្រង់​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រសួង​មហាផ្ទៃ​គួរ​តែ​ស៊ើបអង្កេត​រឿង​នេះ​ជា​បន្ទាន់ និង​ត្រូវ​មាន​វិធានការ​ច្បាប់ បើ​រក​ឃើញ​អំពើ​ពុក​រលួយ។ លោក​យល់​ថា ល្មម​ដល់​ពេល​វេលា អ្នក​ដែល​ស្អប់​ខ្ពើម​អំពើ​ពុក​រលួយ ត្រូវ​ក្រោក​ឈរ​ប្រឆាំង​អំពើ​ពុក​រលួយ ស្រប​ពេល​ដែល​ថ្នាក់​ដឹក​នាំ​រដ្ឋ លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ជំហរ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ​នោះ ពោល​គឺ​ឈប់​និយាយ​តែ​មាត់​ទៅ៖ «ប្រសិន​បើ​គេ​ពុក​រលួយ​ឲ្យ​នាំ​ទំនិញ​ដែល​មាន​ជាតិ​គីមី ទំនិញ​ដែល​ខូច​គុណភាព ​ពេល​នោះ​អ្នក​ប្រើប្រាស់​មិន​ដឹង​ទៅ​ទិញ​ទំនិញ​អស់​នោះ​យក​មក ធ្វើ​ឲ្យ​ខូច​សុខភាព​អ្នក​ខ្លះ​ឈឺ​រហូត​ដល់​បាត់បង់​ជីវិត។ អ៊ីចឹង​ដើម​ចម​វា មក​ពី​ពុក​រលួយ​ដែល​គេ​បើក​ដៃ​ឲ្យ​មាន​ការ​នាំ​ចូល​ទំនិញ អ្នក​ដែល​បើក​ដៃ​គេ​បាន​ផល​ប្រយោជន៍ គេ​ហៅ​ថា ផល​ប្រយោជន៍​ពុក​រលួយ ពុំ​មែន​ជា​រឿង​តូចតាច​ទេ វា​ជា​រឿង​ធំ​ដុំ ហើយ​និយាយ​ពី​ទឹក​លុយ និង​ទឹក​ប្រាក់​វា​ជា​រឿង​មួយ​ច្រើន​ដែរ បាន​ជា​មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​ចូលរួម ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ ជា​ប្រយោជន៍ ដើម្បី​ការពារ​នូវ​ការ​បាត់បង់ ទាំង​ធនធាន​សាធារណៈ និង​ការពារ​នូវ​អាយុ​ជីវិត​របស់​មនុស្ស​ដែរ»

មន្ត្រីសង្គម​ស៊ីវិល​រូប​នេះ​បារម្ភ​ថា ឫស​គល់​នៃ​អំពើ​ពុក​រលួយ​មិន​ត្រឹម​តែ​បំផ្លាញ​ធនធាន​សាធារណៈ និង​ប៉ះ​ពាល់​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាង​ធំ​សម្បើម​ប៉ុណ្ណោះ​ទេ វា​ជា​ឃាតក​សម្លាប់​សេដ្ឋកិច្ច​ជាតិ​លាក់​មុខ ខណៈ​ដែល​ការ​នាំ​ចូល​ទំនិញ​ខូច​គុណភាព និង​មាន​សាធារណៈ​គីមី​មក​លក់​នៅ​កម្ពុជា នឹង​បង្ក​ឲ្យ​ប៉ះ​ពាល់​សុខភាព​ពលរដ្ឋ ធ្វើ​ឲ្យ​ធនធាន​មនុស្ស​ខ្មែរ​នៅ​ថ្ងៃ​អនាគ​ចុះ​ខ្សោយ​បញ្ញា​ស្មារតី។

នគរបាល​ខេត្ត​ស្វាយរៀង​មួយ​ចំនួន​ក៏​ធ្លាប់​បាន​ផ្ញើ​សារ​ទៅ​ហ្វេសប៊ុក លោក ហ៊ុន សែន ដោយ​សរសេរ​ក្នុង​ប្រអប់​បញ្ចេញ​មតិ ឬ ខំមិន (Comment) របស់​នាយករដ្ឋមន្ត្រី​ថា អំពើ​ពុក​រលួយ​របស់​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ខ្លាំង​ជាង​លោក គឹម រស្មី អតីត​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី ១០ដង។ ពួក​គេ​ក៏​បាន​ចោទ​ថា ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ឃន មាន​ទ្រព្យ​មហាសាល​មិន​ប្រក្រតី ដូចជា​មាន​វិឡា​ជា​ច្រើន​កន្លែង និង​មាន​ដី​ច្រើន​ប្លង់ មាន​តម្លៃ​រាប់​លាន​ដុល្លារ ហើយ​ពួក​គេ​បាន​ស្នើសុំ​ស្ថាប័ន​មាន​សមត្ថកិច្ច​ឲ្យ​ស៊ើប​អង្កេត និង​អនុវត្ត​ច្បាប់​ជា​ធរមាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles