អង្គការ​ការពារ​សិទ្ធិ​កម្មករ​ស្នើ​ក្រុមហ៊ុន Meta Biomed ទូទាត់​ប្រាក់​បំណាច់​ដល់​ស្ត្រី​កម្មករ​៣​នាក់

ដោយ សុ ជីវី
2019-03-13
RFA

មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា (ឆ្វេង) ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo: RFA
មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា (ឆ្វេង) ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo: RFA


អង្គការ​ការពារ​សិទ្ធិ​កម្មករ​ស្នើ​ក្រុមហ៊ុន​មេតា បាយអូមេដ (Meta Biomed (Cambodia)Co.,Ltd.) ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជូន​ស្ត្រី​កម្មករ​បី​នាក់ ដែល​ត្រូវ​ក្រុមហ៊ុន​នេះ​បញ្ឈប់​ពី​ការងារ ដោយសារ​មាន​ផ្ទៃពោះ និង​សម្រាលកូន​រួច។

សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី​១៣ ខែ​មីនា របស់​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) ឱ្យ​ដឹង​ថា​កាល​ចុង​ឆ្នាំ​២០១៨ អ្នកគ្រប់គ្រង​នៅ​រោងចក្រ មេតា បាយអូមេដ បាន​បញ្ឈប់​ស្ត្រី​ពីរ​នាក់ ដែល​មាន​ផ្ទៃពោះ​៨​ខែ ដោយ​ផ្ដល់​ប្រាក់​សំណង​មិន​ត្រឹមត្រូវ​។ អ្នក​ទាំង​២​នាក់​នេះ​ទទួល​បាន​ប្រាក់​ឈ្នួល​ចុងក្រោយ​របស់​ពួកគាត់ ហើយ​៥​ភាគរយ​ទៀត​ជា​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ។ សេចក្ដីថ្លែងការណ៍​ដដែល​បន្ត​ថា ផ្អែកលើ​អតីតភាព​ការងារ​ស្ត្រី​ទាំងពីរ​នាក់​នេះ​មាន​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ប្រាក់​បំណាច់​កិច្ចសន្យាការងារ​ថែមទៀត ដែល​ស្មើនឹង ២៩៤៥.០០​ដុល្លារ និង ៣៦៦០.៣៨​ដុល្លារ។

អង្គការ​សង់ត្រាល់​រក​ឃើញ​ទៀត​ថា កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ អ្នកគ្រប់គ្រង​នៅ​រោងចក្រ​ដដែល​នេះ​បាន​បញ្ឈប់​កម្មករ​ស្ត្រី​ម្នាក់​ដែល​ទើប​ត្រឡប់​ចូល​ធ្វើការ​វិញ​ក្រោយ​ឈប់សម្រាក​ពេល​សម្រាលកូន​។ កម្មករ​រូប​នេះ​បាន​ទទួល​បាន​១៨១​ដុល្លារ ជា​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ ប៉ុន្តែ​បើ​ផ្អែកលើ​អតីតភាព​ការងារ​របស់​កម្មករ​និយោជិក​ស្ត្រី​នេះ គាត់​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ថែមទៀត ដែល​ស្មើនឹង ១៩១៤.៦០​ដុល្លារ។

អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​ភាគី​រោងចក្រ មេតា បាយអូមេដ ដែល​មាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ បាន​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles