សាច់ញាតិ​មន្ត្រី​បក្ស​ប្រឆាំង​ក្រុង​ប៉ោយប៉ែត​ត្រៀម​ប្ដឹង​ទាស់​លើ​សំណុំ​រឿង​របស់​លោក ចៅ វាសនា ទៅ​តុលាការ​កំពូល​

ដោយ ជាតិ ចំណាន
2019-03-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ចៅ វាសនា ចៅ​សង្កាត់​រង​ទី​២ មក​ពី​គណបក្ស​សម រង្ស៊ី នៅ​ក្រុង​ប៉ោយប៉ែត ពេល​មក​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ មុន​ត្រូវ​ឃុំ​ខ្លួន នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA
លោក ចៅ វាសនា ចៅ​សង្កាត់​រង​ទី​២ មក​ពី​គណបក្ស​សម រង្ស៊ី នៅ​ក្រុង​ប៉ោយប៉ែត ពេល​មក​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ មុន​ត្រូវ​ឃុំ​ខ្លួន នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA


សាច់ញាតិ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត​គ្រោង​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លោក ចៅ វាសនា​ និង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ការ​ប្ដឹង​ទាស់​នេះ ដោយសារ​តែ​​​សាលាឧទ្ធរណ៍​បាន​ជម្រះ​ក្ដី​ដោយ​បាន​​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​នៅ​ដដែល។

កូន​ស្រី​អតីត​ចៅសង្កាត់​ប៉ោយប៉ែត​គណបក្ស​សង្គ្រោះ​ជាតិ​អ្នក​ស្រី ចៅ រតនៈ​ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី១៤ មីនា​ថា សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍ គឺ​ជា​រឿង​អយុត្តិធម៌​មក​លើ​លោក​ចៅ វាសនា ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ព្រោះ​កន្លង​មក​ឪពុក​របស់​ខ្លួន​ធ្វើ​ការ​ងារ​ដើម្បី​បម្រើ​​ពលរដ្ឋ​ជា​ជាង​ប្រយោជន៍​គ្រួសារ។ អ្នកស្រី​បន្ត​ថា ប្រសិន​បើ​តុលាការ​ធ្វើ​ការ​ដោយ​ឯករាជ្យ​ម្ល៉េះ​​លោក ចៅ ​វាសនា នឹង​បាន​រួច​ទោស​មាន​សេរីភាព​ឡើង​វិញ​ ព្រោះ​លោក​មិន​បាន​ធ្វើ​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ៖ «ក្នុង​នាម​ជា​កូន​សំខាន់​គឺ​ចង់​ឲ្យ​គាត់​រក​យុត្តិធម៌​ឲ្យ​គ្រួសារ​ខ្ញុំ​មក​វិញ​ ព្រោះ​អី​គាត់​អត់​មាន​ទោស​អី​ផង។​ខ្ញុំ​សួរ​ថា​បើ​គាត់​ខុស​មិច​ក៏​តុលាការ​តែ​ម្នាក់​កាត់​ក្ដី​ឲ្យ​គាត់​ខុស​ ចុះ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ទទួល​ស្គាល់​និង​គាំទ្រ​ឪពុក​ខ្ញុំ​បាន។ បើ​អីចឹង​មាន​តែ​ពួក​ខ្ញុំ​ក្នុង​ក្រុម​គ្រួសារ​ហើយ​គាត់​ក៏​បាន​ផ្ដាំ​មក​ដែរ​ថា​ យើង​ដាច់​ខាត​ត្រូវ​តែ​ប្ដឹង​បន្ត​ទៅ​តុលាការ​កំពូល​ទៀត​​ព្រោះ​បើ​យើង​មិន​ប្ដឹង​មាន​ន័យ​ថា​យើង​ព្រម​ទទួល​យក​កំហុស​របស់​ទាំង​អស់​នោះ»

អ្នក​ស្រី​បញ្ជាក់​ថា ពួក​គាត់​នឹង​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​ ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​លោក ចៅ វាសនា និង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី១៤ មីនា ឲ្យ​ដឹង​ថា​ ចៅក្រម​នៃ​សាលាឧទ្ធរណ៍​លោក ញូង ធុល បាន​អាន​សាល​ដីកា​​នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ទី១៣ មីនា​ថា តាម​អង្គហេតុ​បង្ហាញ​ថា នៅ​ថ្ងៃ​កើត​ហេតុ ជន​ជាប់​ចោទ​បាន​ឈរ​នៅ​មុខ​មន្ទីរពេទ្យ​ក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​បាន​ឮ​សម្រែក​របស់​ក្រុម​កម្មករ​ថា ​ឈ្មោះ ​ម៉ៅ​ ស៊ុន (កម្មករ​ត្រូវ​ប៉េអឹម​វាយ) ស្លាប់​ហើយ។ ពេល​ឮ​ដូច្នេះ​លោក​ ចៅ វាសនា ក៏​បាន​ស្រែក​ថា ម៉េច​ក៏​សម្លាប់​ពលរដ្ឋ​ខ្ញុំ។ ផ្ដើម​ចេញ​ពី​ការ​ស្រែក​នេះ បាន​បញ្ឆេះ​កំហឹង​ក្រុម​កម្មករ​ឲ្យ​សម្រុក​ចូល​ទីស្នាក់ការ​គយ ​រួច​វាយ​កម្ទេច​ទ្រព្យ​សម្បត្តិ​ និង​ដុត​បំផ្លាញ​រថយន្ត​អស់​ប្រមាណ ៦គ្រឿង​ទៀត។ ដូច្នេះ​​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​ទោស​សំណុំ​រឿង​ឲ្យ​​នៅ​ដដែល តាម​សេចក្ដី​សម្រេច​របស់​សាលក្រម​នៃ​​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ដែល​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ឲ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ គឺ​ជា​រឿង​ត្រឹមត្រូវ។

ទោះ​ជា​យ៉ាង​ណា ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា ដែល​បាន​ស៊ើប​អង្កេត​​លើ​សំណុំ​រឿង​នេះ​ លើក​ឡើង​ថា ការ​សម្រេច​នេះ​ គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​មក​លើ​លោក ចៅ វាសនា ព្រោះ​កាល​ណោះ​លោក ចៅ វាសនា ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ក្នុង​នាម​ជា​ចៅ​សង្កាត់​រង​ទី២ ដែល​ជា​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ដោយ​មិន​មែន​ជា​ការ​ទៅ​ញុះញង់​ក្រុម​កម្មករ​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ប្រសិន​បើ​តុលាការ​ផ្ដន្ទាទោស​លោក ចៅ វាសនា ដូច្នេះ​មន្ត្រី​ដទៃ​ទៀត​ ដូច​ជា​ អភិបាល​ក្រុង​ប៉ោយប៉ែត គឺ​លោក ង៉ោ ម៉េងជ្រួន​ និង​មន្ត្រី​កងរាជអាវុធហត្ថ​ជា​ច្រើន​នាក់​ទៀត ក៏​ត្រូវ​មាន​ទោស​ដែរ ព្រោះ​ពួកគេ​សុទ្ធតែ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ៖ «ហើយ​លោក​ចៅ វាសនា គ្រាន់​តែ​បាន​លើក​ឡើង​ថា​ ហេតុ​អី​បាន​ធ្វើ​ដូច្នេះ​ហេតុ​អី​បាន​មិន​ដោះស្រាយ​ អីចឹង គ្រាន់​តែ​ស្រែក​អីចឹង​គេ​ចោទ​ពី​បទ​ញុះញង់ អីចឹង​មាត្រា​នៃ​ក្រម​ព្រហ្មទណ្ឌ​យើង​ឃើញ​ពួក​ក្រុម​បក្ស​ប្រឆាំង ក្រុម​អ្នក​តវ៉ា​​​រឿង​ដីធ្លី​ផ្សេងៗ មាត្រា​នឹង​កំពុង​តែ​មាន​ប្រជាប្រិយភាព ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​ធ្លាប់​ជាប់​ឃុំ​រងគ្រោះ​ដោយសារ​មាត្រា​ហ្នឹង​ គឺ​ជា​មាត្រា​ហ្នឹង​មួយ​កំពុង​តែ​មាន​ប្រជាប្រិយ​ ហើយ​អ្នក​ដែល​ធ្វើ​ការ​តវ៉ា​គ្រាន់​តែ​បង្ហោះ​សារ​លេង​ក៏​ដោយ​ថត​វីដេអូ​ឃ្លិប​​បង្ហោះ​ដែល​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក៏​ដោយ​ ក៏​គេ​អាច​យក​មាត្រ​នេះ​ធ្វើ​ការ​ចោទ​ប្រកាន់​និង​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​បាន​ដែរ»

ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី៧ មិថុនា ឆ្នាំ២០១៨ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ចៅ វាសនា និង​កម្មករ​អូស​រទេះ​ចំនួន ៧នាក់​ផ្សេង​ទៀត​ដាក់​ពន្ធនាគារ​ម្នាក់ ៥ឆ្នាំ។ ភ្លាមៗ ក្រោយ​ពី​ប្រកាស​សាលក្រម​មេធាវី​ការពារ​ក្ដី​លើ​សំណុំ​រឿង​នេះ​បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​តុលាការ​ទម្លាក់​ការចោទប្រកាន់​នេះ និង​ស្នើសុំ​ឲ្យ​លោក ចៅ វាសនា បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ លោក ចៅ វាសនា ជា​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដើម​កំណើត​ខ្មែរ​ក្រោម ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ កាលពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ២០១៧ គឺ​នៅ​មុន​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស។

លោក​ ស៊ុំ ច័ន្ទគា យល់​​ថា ការ​ឃុំខ្លួន​លោក ចៅ វាសនា មាន​រយៈ​ពេល​យូរ មិន​ផ្ដល់​ផល​ចំណេញ​ដល់​របប​លោក ហ៊ុន សែន ទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំលាយ​បាត់​ទៅ​ហើយ ម្យ៉ាង​ទៀត​តុលាការ​ក៏​បាន​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​តុលាការ​ផ្ដន្ទាទោស​បទ​ឧក្រិដ្ឋ​ធំៗ អស់​ហើយ ដូច្នេះ​តុលាការ​គួរ​តែ​ទម្លាក់​ការ​ចោទ​ប្រកាន់ ហើយ​ដោះ​លែង​លោក ចៅ វាសនា ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ឲ្យ​បាន​ឆាប់​ដែរ ដើម្បី​លោក​បាន​ទៅ​រស់​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ដូច​ដើម​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles