កម្ពុជា​បរាជ័យ​ក្នុង​ការនាំ​អង្ករ​ចេញ​ឱ្យ​បាន​១​លាន​តោន

ដោយ ម៉ៅ សុធានី
2019-03-15
RFA

អង្ករ​ដែល​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​លើ​ទីផ្សារ​មួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៨។ RFA
អង្ករ​ដែល​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​លើ​ទីផ្សារ​មួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៨។ RFA


មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ថា កម្ពុជា​មិន​អាច​នាំ​អង្ករ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស តាម​គោលដៅ​ឱ្យ​បាន ១​លាន​តោន នោះឡើយ។

ការ​ថ្លែង​របស់លោក ហ៊ុន សែន នេះ ធ្វើឡើង​ក្នុងឱកាស​ចូលរួម​បិទ​សន្និបាត បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី១៤ ខែ​មីនា

លោក ហ៊ុន សែន លើក​ឡើង​ថា មូលហេតុ​ដែល​មិនអាច​នាំ​អង្ករ​ចេញ បាន ១​លាន​តោន ដោយ​លទ្ធភាព​នៃ​ការកែច្នៃ​អង្ករ​របស់​កម្ពុជា​នៅមានកម្រិត ហើយ​ថ្លៃដើម​នៃ​ការផលិត​ក៏​នៅ​ខ្ពស់ នាំ​ឱ្យ​ពិបាក​ក្នុងការ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ។ លោក​បន្តថា ដើម្បី​ការពារ​តម្លៃ​ស្រូវ​របស់​កសិករ​ធ្លាក់ចុះ​នោះ ក្រសួងកសិកម្ម និង​ក្រសួង​ពាណិជ្ជ ត្រូវ​រួមគ្នា ចាត់វិធានការ​កុំ​ឱ្យ​ថ្លៃដើម នៃ​ការផលិត​របស់​កសិករ​យើង​ធ្លាក់ចុះ ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​យើង«បញ្ហា​មិន​សម្រេច​គោលដៅ គឺ​ការកែច្នៃ​សម្រាប់​នាំចេញ​នៅ​មាន​កម្រិត។ យើង​ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​ឱ្យ​ថ្លៃដើម នៃ​ការ​ផលិត​របស់​កសិករ​យើង​ធ្លាក់ចុះ អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​យើង​។ ឧទាហរណ៍ ហ្វីលីពីន​ត្រូវការ​អង្ករ ១​លាន​តោន ដោយ​ដាក់​ឱ្យ​ដេញថ្លៃ ប៉ុន្តែ​កម្ពុជា​មិន​អាច​ដេញថ្លៃ​ឈ្នះ​គេ​ទេ ដោយសារតែ​ផលិតផល​អង្ករ របស់​យើង​វា​មាន​តម្លៃ​ខ្ពស់។ ដូច្នេះ​យើង​ត្រូវ​រិះរក​គ្រប់​វិធី ដើម្បី​កាត់​បន្ថយ​តម្លៃ នៃ​ការ​ផលិត​របស់​ប្រជាជន​យើង»

លោក ហ៊ុន សែន បន្តថា ក្រសួង​ទាំងពីរ ត្រូវ​បន្ថែម​កិច្ចសហការ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​នាំ​ចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ចិន និង​វៀតណាម ចំនួន​សរុប ៧០​ម៉ឺន​តោន ក្នុង​នោះ​ទីផ្សារ​ចិន​ចំនួន ៤០​ម៉ឺន​តោន និង​ទីផ្សារ​របស់​វៀតណាម ចំនួន​៣០​ម៉ឺន​តោន​។ តួលេខ​នៃ​ការនាំ​អង្ករ​ចេញ​បង្ហាញ​ថា កាលពី​ឆ្នាំ​២០១៧ កម្ពុជា បាន​នាំចេញ​អង្ករ​យក​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ បាន​ជាង ៦៣​ម៉ឺន​តោន ប៉ុន្តែ​ឆ្នាំ​២០១៨ ការនាំ​អង្ករ​ចេញ​ជាង ៦២​ម៉ឺន​តោន ដែល​ថយចុះ​ប្រមាណ​ជា ១​ម៉ឺន​តោន បើ​ធៀប​កាលពី​ឆ្នាំ​២០១៧។ កាលពីដើមឆ្នាំ​២០១៩ សហគមន៍​អឺរ៉ុប បាន​សម្រេច​យកពន្ធ​អង្ករ​ខ្មែរ​ដែល​នាំទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប។ ដូច្នេះ​កម្ពុជា ត្រូវ​ខាតបង់​យ៉ាង​ហោច​ណាស់​ជាង ៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ពី​ការ​តម្រូវឱ្យ​បង់ពន្ធ​លើ​ការ​នាំចូល​អង្ករ​ទៅ​កាន់​សហភាព​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles