ប្រជាពលរដ្ឋ​ក្បែរ​កន្លែង​រៀបចំ​ផ្សារ​នៅ​បឹង​តាមោកខ្វះ​ព័ត៌មាន​ពី​ការ​អភិវឌ្ឍ


|
https://www.vodhotnews.com

ពលរដ្ឋម្នាក់រស់នៅភូមិតាមោក សង្កាត់សំរោង ខណ្ឌព្រែកព្នៅ លោក សេង អឿន រៀបរាប់អ្នកសារព័ត៌មានពីបញ្ហាប្រឈមទៅនឹងគម្រោងលើបឹងតាមោក។ រូបភាព៖ ខាន់ លក្ខិណា

ពលរដ្ឋមួយចំនួនដែលរស់នៅជាប់បឹងតាមោក ហាក់ដូចជាមិនទទួលបានព័ត៌មានពេញលេញពីការអភិវឌ្ឍនៅតំបន់នោះ ហើយបង្ហាញការព្រួយបារម្ភខ្លាចបាត់បង់មុខរបរ ដោយការពឹងផ្អែកការនេសាទក្នុងផ្ទៃបឹងនេះ ខណៈរដ្ឋាភិបាលបានសម្រេចកាត់​ដីទំហំ២០​ហិកតាចេញពី​​បឹងនេះ ។

កាលពីខែមិថុនា ឆ្នាំ២០១៨ រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោកចំនួន២០ហិកតា តាមសំណើរបស់សាលារាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍធ្វើផ្សារបន្លែ និងចំណតរថយន្ត។​

ពលរដ្ឋម្នាក់រស់នៅភូមិតាមោក សង្កាត់សំរោង ខណ្ឌព្រែកព្នៅ លោក សេង អឿន រៀបរាប់អ្នកសារព័ត៌មានថា ពួកគាត់មករស់នៅទីនេះជាង ១០ ឆ្នាំមកហើយ ដោយការប្រកបកមុខរបរនេសាទត្រីនៅបឹងតាមោក ដោយរកចំណូលជាង ១០ ម៉ឺនរៀលក្នុងមួយថ្ងៃ ។

លោក សេង អឿន មិនទទួលព័ត៌មានច្បាស់ពីការអភិវឌ្ឍនេះទេ លោកបារម្ភខ្លាចប៉ះពាល់មុខរបរ ព្រោះខ្លាចមានការចាក់ដីបំពេញផ្ទៃបឹងលើសពីចំនួន​ដែលបានកំណត់២០ហិកតា។​

លោកថា៖ «ពេលណារកបានៗ ពេលណាយើងរកអត់បាន យើងប្រឈមមុខ ​តែប្រឈមមុខហើយ យើងត្រូវលុយយកទិញនេះ ទៅទិញនោះ បង្កើនមុខរបរយើងទៀត។ បារម្ភខ្លាចមានតទៅទៀតទៅ មាន២០ហិកតាហើយ ខ្លាចទៅមុខមានតទៀតទៅ ម៉េចទុកចិត្ត!»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ជុំ សាវ៉េន លើកឡើងប្រហាក់ប្រហែលគ្នាថា ខ្លាចបាត់បង់បឹងនេះ ព្រោះជីវិតពួកគាត់រស់នៅបានគឺអាស្រ័យលើបឹង។

អ្នកស្រីថា៖ «​បើលុបបឹងហ្នឹងទៅ ប្រជាពលរដ្ឋរកស៊ីនៅបឹងនេះ មិនតិចណា ត្រីសាច់អីទៅតាមខេត្តហើយរកម្នាក់ៗ សង្ឈឹមបឹងហ្នឹងហើយ។ បើសិនលុបហ្នឹង អ្នកអត់ អ្នកយកលុយរដ្ឋរាប់ពាន់រាប់ម៉ឺនដុល្លារនោះមិចទៅ? ខ្ញុំយកតើ! ខ្ញុំយក១​ពាន់ដុល្លារ បង់១ខែ ជាងសាមសិបម៉ឺនរៀល»។

កំពុងរើសកំពឹល អ្នកស្រី សុខ លីម លើកឡើងថាកន្លងមក រដ្ឋាភិបាលសម្រេចលុបបឹងមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ អ្នកស្រីថាដោយសារទទួលបានព័ត៌មានទាំងនេះ ទើបបារម្ភខ្លាចរដ្ឋាភិបាលលុបបឹងនេះទាំងស្រុង។

បើតាមរបាយរណ៍អង្គការសមាគមធាងត្នោត ឲ្យដឹងថា នៅជុំវិញបឹងតាមោកនេះ មានចំនួន១៩ ភូមិ ៥សង្កាត់ និងចំនួន២ខណ្ឌ (ព្រែកព្នៅ និង សែន សុខ)។ របាយការណ៍បញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះ បានអាស្រ័យផលពីបឹង មានដូចជា ការធ្វើស្រែ រកត្រី និងដាំដំណាំជាដើម។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា ការកាត់ដីនេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនោះទេ។

លោកថា៖ «ចំពោះមុខ យើងមានការអនុវត្ត ការណែនាំ ឬក៏ការសម្រេចត្រឹមប៉ុណ្ណឹង ពុំមានអ្វីដែលលើសពីនេះទេ ហើយអ្វីដែលទៅមុខទៀត ជាធម្មតាទាំងអស់គ្នា សុទ្ធតែមិនដឹងថាមានអីកើតឡើងទៅមុខទៀត ក៏ប៉ុន្តែ ក៏មិនមានអ្វីគួរឲ្យបារម្ភដែរ ព្រោះថា នៅក្នុងគោលដៅ ដែលយើងធ្វើកិច្ចការគ្រប់បែបយ៉ាង គឺសុទ្ធតែដើម្បីបម្រើផលប្រយោជន៍សាធារណជនទាំងអស់ ជាក់ស្ដែង២០ហិកតាដែលលើកឡើងនៅក្នុងប្រធានបទនេះ ក៏ធ្លាប់បានធ្វើការបំភ្លឺធ្លាប់បានធ្វើការជម្រាបជូនជាសាធារណៈរួចមកហើយដែរ ថាតើយកទំហំប៉ុណ្ណឹង យកទៅធ្វើអី? ហើយដើម្បីអី? »។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោក​​​ជាសម្បតិ្តរបស់រដ្ឋដែលមានផ្ទៃដីសរុប​ប្រមាណ ៣ ២៣៩ហិកតា សម្រាប់​ស្តុក​ទឹកកខ្វក់ និង​រំដោះ​ទឹក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ។

បឹង​ធំៗ​ចំនួន ៤ មាន​​បឹង​ពោងពាយ បឹងកក់ បឹង​ទំពុន និង​បឹង​ជើងឯក ដែលនៅក្នុងនិង​ជាយ​រាជធានី​ភ្នំពេញ  គឺត្រូវបានរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ​សម្រាប់​ធ្វើជា​តំបន់​ពាណិជ្ជកម្ម និង​ទីក្រុង​រណប​ជាដើម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles