លោក​ ហ៊ុន សែន ជំរុញ​ឲ្យ​លុបបំបាត់​ការនាំ​ឈើ​ចេញ ខណៈ​ចំនួន​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ថយ​ចុះ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក្នុង​ពិធី​នៅ​ក្រសួង​កសិកម្ម​កាលពីម្សិល​មិញ​​​។ SPM




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទប់​ស្កាត់ និង​លុប​បំបាត់​ការ​នាំចេញ​ឈើ​គ្រប់​ប្រភេទ​ទៅ​ក្រៅ​ប្រទេស​ដែល​គ្មាន​ការ​អនុញ្ញាត​ឲ្យ​មាន​ប្រសិទ្ធភាព​និង​តម្លាភាព ខណៈ​ក្រសួង​កសិកម្ម​បាន​បង្ហាញ​របាយការណ៍​ថា ពេញ ១ ឆ្នាំ ២០១៨ សមត្ថកិច្ច​បាន​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ សត្វ​ព្រៃ​បាន​សរុប​ចំនួន ១ ០៩៣ ករណី គឺមាន​ការ​ថយ​ចុះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧។

ទោះយ៉ាងណា​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍ ការពារ​ព្រៃឈើ​បាន​អះអាង​ថា បច្ចុប្បន្នបទ​ល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​ឡើង​យ៉ាង​គគ្រឹក​គគ្រេង​នៅ​ឡើយ និង​បាន​រិះគន់​សមត្ថកិច្ច ដែល​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ដោយ​រឹប​អូស​បាន​តែ​ឈើ​ប៉ុន្តែ​តែង​តែ​មិន​ឃើញ​មាន​ឃាត់​ខ្លួន​ជន​ល្មើស ដែល​ជា​ហេតុធ្វើ​ឲ្យ​ជន​ល្មើស​នៅ​តែ​មាន​ឱកាស​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃឈើ​ជា​បន្ត​ទៀត។

លោកនាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ ខណៈ​ដែល​លោក​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ២០១៩ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ធ្វើ​ឡើង​កាល​ពី ម្សិលមិញ​ដោយ​មាន​ការ​ចូលរួម​ពី​លោកវេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រួមទាំង​មន្ត្រី​ពាក់​ព័ន្ធ​សរុប​ចំនួន​ជាង ៥០០ នាក់នៅ​ទីស្តីការ​ក្រសួង។

លោក​ ហ៊ុន សែន បាន​ផ្ដល់​អនុ​សា​សន៍​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​ បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជលផល​តាម​គ្រប់​រូបភាព។ បន្ត​ជំរុញ​ការបោះបង្គោល​ព្រំដែន​ព្រៃ​​ឈើ និង​ព្រៃ​លិច​ទឹកឲ្យ​បាន​ឆាប់​រហ័​ស ដើម្បី​ទប់​ស្កាត់​​ការ​រំលោភ​បំពាន​ដីព្រៃ​ឈើ និង​ដីព្រៃ​លិច​ទឹក។

លោក​ថ្លែង​បន្តថា​៖ «គណៈ​កម្មការ​​ជាតិ​ដើម្បី​ទប់ស្កាត់ និង​​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ ដឹកនាំ​ដោយ​លោក សៅ សុខា សូម​បន្ត​ពង្រឹង​ការគ្រប់​គ្រង​ធនធាន​ធម្ម​ជាតិ ជាពិសេស​ទប់ស្កាត់ និង​លុប​បំបាត់​ការ នាំ ចេញ​ឈើ និង​ផលិតផល​កែច្នៃ​ឈើ​គ្រប់​ប្រភេ​ទ​​ទៅ​ក្រៅប្រទេស តាម​ច្រក​ព្រំដែ​ន និង​ច្រក​របៀង​ដែល​គ្មាន​ការអនុញ្ញាត​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព»។

តាម​របាយ​ការណ៍​រប​ស់​ក្រសួងកសិកម្ម ​បាន​បង្ហាញថា ពេញ​មួយឆ្នាំ​ ២០១៨ ​កន្លង​ទៅ​នេះ រដ្ឋបាល​ព្រៃឈើ​បាន​សហការ​ជាមួយ​គណៈកម្មការជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បាន​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើ​ស​ព្រៃ​ឈើ សត្វព្រៃ និង​ការកាប់​រាន​ដីព្រៃ​ខុសច្បាប់​​បាន​សរុប​ចំនួន ១ ០៩៣ ករណី ថយ​ចុះ ៣៣៥ ករណី បើ​ប្រៀប​​ធៀប​ឆ្នាំ ២០១៧។

នៅ​ក្នុង​នោះ​សំណុំ​រឿង​បទល្មើស​​ព្រៃឈើត្រូវ​ពិន័យ​អន្តរ​កាលចំនួន ៥៨២ ករណី បញ្ជូ​​ន​​ទៅ​តុលាការ​ចំនួន ៥១​១ ​​​ករណី​​។ របាយការណ៍​បន្តថា ចំណែក​ការបង្ក្រាប​បទល្មើស​ជល​ផល គឺ​សម្រេច​បាន​ចំនួន ៣ ២០៤ ករណីប្រៀបធៀប​ឆ្នាំ​មុន​​ថយ​ចុះ​ចំនួន ៧២១ ករណី។

របាយការណ៍​បញ្ជាក់​ថា​៖ ​«ក្នុង​​ឆ្នាំ២០១៨ ផល​ធម្មជាតិ និង​ផល​វារីវប្បកម្ម​សម្រេច​បាន​ចំនួន ៩១០ ពាន់​តោន កើន​លើ​ស​​ឆ្នាំមុន​ចំនួន ៦,៣ ភាគរ​យ ក្នុងនោះ ​ផល​នេសាទ​ទឹកសាប​ សម្រេច​បាន ៥៣៥ ពាន់​តោន ផល​នេសាទ​សមុ​ទ្រ​ ១២១ ពា​ន់​​តោន និង​ផល​វារីវប្បកម្ម​ សម្រេ​ច​បាន​ចំនួន ២៥៤ ពាន់​តោន​កើន​ឡើង ២២,៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៧ កន្លង​ទៅ»។

របាយ​ការណ៍​បាន​បញ្ជាក់ថា នៅ​ឆ្នាំ ២០១៨ នេះ ការ​អភិវ​ឌ្ឍ​សហគមន៍​ព្រៃឈើ​ បាន​កើន​ដល់ ៦១៤ សហ​គមន៍ គ្រប​ដណ្ត​ប់​លើ​ផ្ទៃដី​សរុប​ទំហំ​ជាង ៥០៨ ពាន់​ហិកតា បណ្តុះ​កូនឈើ​គ្រប់​ប្រភេទ​បាន​ចំនួន ៦៦៧ ពាន់​ដើម ចែកចាយ​ជូន​ប្រជាជន​សរុប​ចំនួន ៤២២ ពាន់​ដើម ដាំ​ដើម​ឈើ​ជា​ចម្ការ​ថ្មី​ លើ​ផ្ទៃដី​សរុប​ទំហំ ៣៤៣ ហិកតា ជីក​ប្រឡាយ​ការពារ​ចម្ការ​ឈើ​ដាំ​គ្រញូង​នៅ​ស្ថានី​យ​​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​អូរ​បឹង​រូងក្នុង​ខេត្ត​កំពង់​ធំព្រម​ទាំង​បាន​បំពេញ​ទម្រង់​បែបបទ​សុំ​ចុះបញ្ជី​ដី​ស្ថានីយ​ផ្សព្វ​ផ្សាយ និង​ស្តារ​ព្រៃឈើ​ចំនួន ៣៨ ទីតាំង លើ​ផ្ទៃដី​ទំហំ ២១២ ពាន់​ហិកតា។

លោក ប៉ែន ប៊ុណ្ណា​រ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគម​ន៍នៃ​ស​មា​គម​ការពារ​សិទ្ធិ​​មនុស្សអា​ដ​ហុកបាន​ថ្លែងថា បើ​មើ​លពី​តួលេខ​នេះ គួរ​ឲ្យ​ស្ញប់ស្ញែង ប៉ុន្ដែ​គ្មាន​ប្រសិទ្ធភាព ​អ្វី​ទេ ដោយ​សារ​មុខ​អ្នក​ជួញ​ដូរ អ្នក​កាប់​ឈើ និង​អ្នកប្រព្រឹត្ត​បទល្មើសដដែលៗ មានន័យ​ថា ចាប់​បានតែ​ឈើ​ដែល​គេ​កាប់​ដឹកយក​មិន​អស់ ហើ​យ​​​គេ​​យកទៅ​លាក់​ក្នុងព្រៃ​ចោល រីឯ​ម្ចាស់​គ្មាន​ចំណាត់ការ​ស្រាវ​ជ្រាវ​​ដើម្បី​ចាប់​ខ្លួន​យក​មក​ដាក់ទោស​តាម​ច្បាប់​នោះ​ទេ។

លោក​បន្តថា ក្នុងនាម​លោក​ជា​សង្គម​ស៊ីវិល​ ដែល​កំពុង​ធ្វើការ​លើ​វិស័យនេះ លោក​ជំរុញ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​ចាប់​មនុស្ស​ដែលជា​អ្នក​ប្រព្រឹត្ត​បទល្មើសព្រៃ​ឈើ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ជា​ពិសេស​មន្ត្រី និង​បុគ្គល​មាន​លុយ មានអំណាច ដោយ​មិន​ត្រូវ​​លើកលែង​នោះ​ទេ ពីព្រោះ​បើ​មនុស្ស​ត្រូវបាន​ឃាត់ខ្លួន ព្រែ​ឈើ​ក៏​គ្មាន​អ្នក​កាប់​បំផ្លាញ​ទៀត​ដែរ។

លោក ប៊ុណ្ណា​រ៍​ បញ្ជាក់​ថា៖ «​តួលេខ​ហ្នឹង គឺ​ច្រើន ប៉ុន្ដែ​គ្មាន​ប្រសិទ្ធភាព ឬ​គុណភាព​ទេ ទោះ​បី​បរិមាណ​ថយ ចុះ​បើ​យើង​​​ប្រៀប​ធៀប​ពីមុនមក គឺ​ព្រៃឈើ​វា​នៅ​ច្រើន អ៊ីចឹង​បើ​យើង​បូកតៗគ្នា​មក គឺ​មិន​តិច​ជាង ១០ ម៉ឺន​ករណី​ទេ ហើយ​យើង​សួរ​ថា ក្នុង​ប៉ុន្មាន​ម៉ឺន​ករណីនេះ ចាប់បាន​ជនល្មើស​បាន​ប៉ុន្មាន​នាក់? គឺ​វា​ស្ទើ​រតែ​គ្មាន​ជាពិសេ​ស​អ្នកមាន​​​អំណា​ច ឧកញ៉ា​អ្នកមាន​លុយ។ ទាំង​ខ្ញុំ និង​ពលរដ្ឋ​មួយចំនួន​រងគ្រោះ​ក្នុង​បទ​ល្មើស​ព្រៃឈើ​​នេះ មិន​អាច​ទទួល​យក​បាន​ទេ»។

អ្នកស្រី ភោគ ហុង សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ប្រចាំខេត្ត​ព្រះវិហារ​ បាន​ថ្លែង​ថា អ្នកស្រី​មិនបាន​ដឹង​ពី​របៀប​ប្រ​មូល​តួលេខ​នេះ​ទេ ប៉ុន្ដែ​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ នៅ​ខេត្តព្រះវិហារ​ នា​ពេល​បច្ចុប្បន្ន មិន​មាន​​សញ្ញា​ណា​មួយ​បញ្ជាក់ថា វា​ថមថយ​នោះ​ទេ ដោយ​កើត​ឡើងជា​រៀងរាល់​ថ្ងៃ ហើយ​ថ្ងៃ​ខ្លះ ឮ​សំឡេង​អារ​ឈើ​កង​រំពង​ពេញ​ព្រៃ ខណៈ​សមត្ថកិច្ច​មិន​សូវ​អើពើ។

អ្នកស្រី​បន្តថា នៅ​ខេត្ត​ព្រះវិហារ​មាន​មន្ត្រី​មួយ​ចំនួន​ប៉ុណ្ណោះ​​ដែល​យកចិត្តទុកដាក់​ប​ង្ក្រា​ប​បទល្មើស​ ប៉ុន្ដែ​មាន​មន្ត្រី​មួយ​ចំនួ​​​​ន​​ទៀត​បាន​ឃុបឃិត​គ្នា​ជាមួយ​ជនល្មើស រក​ស៊ី​កាប់​បំផ្លាញ​ព្រៃ​ឈើ​តាំង​ពី​យូរ​ណាស់​មក​ហើយ។

អ្នកស្រី​ ហុង ​បញ្ជាក់​ថា​៖ «ខ្ញុំ​ក៏​មិន​ចង់​បន្ទោស​មន្ត្រី​មូលដ្ឋាន​ទាំងស្រុង​ដែរ ព្រោះ​មាន​អ្នកខ្លះ​គាត់​យកចិត្ត​ទុក​ដាក់ ប៉ុន្ដែ​ខ្ញុំ​នៅតែ​ឆ្ងល់​ថា ករណីនេះ​ នៅតែ​កើត​ដដែលៗ ​ពេល​ពួក​ខ្ញុំ​ចុះ​ល្បាត ​គេ​រត់​អស់ ពេល​ពួក​ខ្ញុំ​មក​ផ្ទះ​វិញ គេ​មក​បន្ត​កាប់​ឈើ​ទៀត ពួក​ជនល្មើស​ហាក់ដូចជាមាន​អ្នក​ចាំ​ផ្ដល់​ព័ត៌មាន​ឲ្យ​រត់ ឬ​យ៉ាង​ណា?»។

ទោះ​យ៉ាង​ណា លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម ​បានថ្លែ​ង​ថា៖ «អ្នករិះគន់ ឬ​អ្នកថាហ្នឹង គឺគេស្រួល​ជាង​យើង​អ្នកធ្វើ អ្នក​ធ្វើ​បាន​គ្នា​លំបាក អ៊ីចឹងប្រសិន​បើមាន​ឃើ​ញប​ទល្មើស​ព្រៃឈើនៅ​​កន្លែងណាមួយ ហើយ​គាត់មិន​មាន​លទ្ធ​ភាពធ្វើវាទេ​ សូ​មរា​យ​កា​រណ៍ម​កក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន​ផ្ទាល់មក ដើម្បី​យើងចាត់មន្រ្តី​ដែលនៅ​ក្បែរ​​នោះ ចុះទៅ​ចាត់​វិធានការ»។

លោក​បាន​ថ្លែង​ទៀត​ថា​៖ «កុំគ្រាន់​តែថា គឺ​យើង​ត្រូវ​ជួយ​គ្នាច្បាប់​បាន​ចែង​ហើយ គឺ​ព្រៃឈើ​ទាំងអស់គឺ​របស់​យើ​ង​​ទាំង​អស់​គ្នា អ៊ីចឹង​យើង​ត្រូវ​ជួយគ្នាបើផ្អែក​លើស​មត្ថ​កិច្ច​ម្នាក់ឯង​ទៅ វា​ទៅ​អត់​រួចទេ»។

តាម​របាយ​ការណ៍​ស្ដីពី​សភា​ព​​ការណ៍កសិកម្ម ​ក៏​បាន​​​បង្ហាញ​ដែរ​ថា សម្រាប់​ខែ​មករា ឆ្នាំ​ ២០១៩ នេះ សំណុំ​រឿង​បទ​ល្មើស​ព្រៃឈើ សត្វព្រៃ និង​កាប់​រាន​ដីព្រៃ​សរុប​ចំនួន ៥៨ ករណី ត្រូវ​បាន​សមត្ថ​កិច្ច​បង្ក្រាប ដោយ​​ក្នុង​នោះ​មាន​ពិន័យ​អន្ត​រ​កាលចំនួន ៣០ ករណី និង​បញ្ជូនទៅ​តុលាការ​ចំនួន ២៨ ករណី។

ចំពោះ​វត្ថុតាង​នៃ​បទ​ល្មើស​ព្រៃឈើ​ ដែល​ចាប់​ឃាត់ និង​ដកហូត​រួមមានឈើមូលជ្រុង​សរុប​ចំនួ​ន ២៨ ម៉ែត្រ​គុប ឈើ​អារ​ចំនួន ១១៣ ម៉ែត្រគុប ក្រាក់​គ្រញូង​ចំនួន ០,៤២៤​ ម៉ែត្រ​គុប សត្វព្រៃ​ចម្រុះ​ប្រភេទ​ចំនួន ៥២៨ ក្បា​ល និង ៥៦ គីឡូ​ក្រាម និង​អនុផល​ព្រៃឈើ​ព្រម​ទាំង​សម្ភារ​​ផ្សេងៗ​មួយ​ចំនួន​ទៀត៕


Contact author: សុទ្ធ គឹមសឿន

What Next?

Recent Articles

Leave a Reply

Submit Comment