លោក សម រង្ស៊ី បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង ឲ្យ​រក្សា​ជំហរ​រឹងមាំ កុំ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ព្រោះ​សិទ្ធិ​នេះ​នឹង​បាន​វិញ​ដោយ​ស្វ័យ​ប្រវត្តិ

ដោយ មួង ណារ៉េត
2019-03-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ ថ្លែង​​សារ​​ជា​វីដេអូ តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ២០១៩។ ហ្វេសប៊ុក Sam Rainsy
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ ថ្លែង​​សារ​​ជា​វីដេអូ តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ២០១៩។ ហ្វេសប៊ុក Sam Rainsy


លោក សម រង្ស៊ី​ បន្ដ​អំពាវនាវ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង កុំ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ


លោក សម រង្ស៊ី បន្ត​ផ្ញើ​សារ​ពង្រឹង​ស្មារតី​មន្ត្រី​បក្ស​ប្រឆាំង កុំ​ចុះ​ចាញ់​ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​កំពុង​អន្ទង​ឲ្យ​មន្រ្តី​ទាំង​នោះ សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ តើ​លោក សម រង្ស៊ី សម្អាង​លើ​អ្វី ដែល​ថា​ សិទ្ធិ​ធ្វើ​នយោបាយ​នេះ នឹង​បាន​មក​វិញ​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​មិន​ចាំបាច់​សុំ​លោក ហ៊ុន សែន?

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ អំពាវនាវ​សារ​ជា​ថ្មី ដល់​មន្ត្រី​ក្នុង​ជួរ​ដឹកនាំ​គណបក្ស​នេះ ដែល​រង​ការ​ហាម​ឃាត់​សិទ្ធិ​នយោបាយ​ទាំង​អស់ ឲ្យ​បន្ត​រក្សា​ជំហរ​រឹងមាំ​ដាច់ខាត និង​មិន​ត្រូវ​មិន​ត្រូវ​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ពី​របប ហ៊ុន សែន ទេ ពី​ព្រោះ​របប​នេះ កំពុងតែ​ត្រូវ​អន្តរជាតិ​ព្រមាន​កាន់​តែ​ខ្លាំង​ឡើងៗ។ លោក សម រង្ស៊ី អះអាង​ថា សម្ពាធ​របស់​សហភាព​អឺរ៉ុប នឹង​ធ្វើ​ឲ្យ​របប​លោក ហ៊ុន សែន គ្មាន​ជម្រើស​អ្វី ក្រៅពី​បើកផ្លូវ​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ ដំណើរ​ការ​ឡើង​វិញ ដែល​ពេល​នោះ មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ទាំង​អស់ នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដោយ​ស្វ័យប្រវត្តិ និង​ដោយ​រក្សា​កិត្តិយស​របស់​ខ្លួន។

ថ្លែង​នៅ​ក្នុង​សារ​ជា​វីដេអូ រយៈ​ពេល​ជាង ៨នាទី តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី១៥ ខែ​មីនា​នេះ លោក សម រង្ស៊ី បញ្ជាក់​អំពី​សុទិដ្ឋិនិយម​ថា សហភាព​អឺរ៉ុប កំពុង​តែ​យកចិត្ត​ទុក​ដាក់​ខ្លាំង លើ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ដោយ​គ្រោង​បញ្ជូន​គណៈប្រតិភូ​ទៅ​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ​នេះ។ លោក​បន្ត​ថា ការ​បន្ត​អត់ធ្មត់ និង រឹងមាំ​ត​ទៅ​ទៀត​នេះ នឹង​បាន​ផល​សម្រេច​ដោយ​ថ្លៃថ្នូរ នឹង​ឈ្នះ​ល្បិច​របស់​លោក ហ៊ុន សែន ក្នុង​ការ​បំបែក​គណបក្ស សង្គ្រោះ​ជាតិ៖ «បើ​មន្រ្តី​គណបក្ស សង្គ្រោះ​ជាតិ ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​លោក​ ហ៊ុន សែន នៅ​ពេល​ដែល​គណបក្ស​យើង​ត្រូវ​គេ​រម្លាយ​ នៅ​ពេល​ដែល​គណបក្ស​យើង​មិន​ទាន់​ដំណើរការ​ឡើង​វិញ​ ហើយ​នៅ​ពេល​ដែល​លោក កឹម សុខា នៅ​ជាប់​ឃុំ​ឃាំង​នៅ​ឡើយ មានន័យ​ថា​ម៉េច? មាន​ន័យ​ថា យើង​ទៅ​ចុះ​ជាមួយ ហ៊ុន សែន។ យើង​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ធ្វើ​នយោបាយ​ជាមួយ​នរណា? ធ្វើ​នយោបាយ​យ៉ាង​ម៉េច? បើ​គណបក្ស​យើង​ត្រូវ​គេ​រម្លាយ​ ហើយ​ ហ៊ុន សែន មិន​ទាន់​បើក​ផ្លូវ ឲ្យ​គណបក្ស​យើង​ដំណើរការ​ឡើង​វិញ។ មិន​អាច​ធ្វើ​នយោបាយ​ក្នុង​ជួរ​គណបក្ស សង្គ្រោះ​ជាតិ ដូច​មុន​ទេ។ មិន​អាច​មាន​គណបក្ស​ដែល​ប្រធាន​ត្រូវ​ជាប់​ឃុំ​ឃាំង​ដូច​នៅ​ពេល​នេះ។ ដូច្នេះ​បើ​យើង​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី ហ៊ុន សែន មាន​ន័យ​ថា​យើង​ចុះ​ចូល ហ៊ុន សែន ហើយ។ ខ្ញុំ​ជឿ​ថា បង​ប្អូន​ទាំង​អស់​គ្នា យើង​មិន​ទៅ​ល្ងង់​ចាញ់​បោក​ ហ៊ុន សែន ទេ។ យើង​ចាំ​តែ​បន្តិច​ទៀត សម្ពាធ​អន្តរជាតិ​មក​ដល់​ហើយ។ ហ៊ុន សែន គាត់​យល់​ច្បាស់​ថា របប​គាត់​នឹង​ដួល​រលំ​ហើយ បើ​មាន​ទណ្ឌកម្ម​អន្តរជាតិ​ដ៏​ធ្ងន់ធ្ងរ​ ដូច​ដែល​សហភាព​អឺរ៉ុប គេ​នឹង​ត្រៀម​ដាក់ ហើយ​គេ​នឹង​ត្រៀម​បញ្ជាក់​ប្រាប់​គាត់​ជា​ចុង​ក្រោយ»

របប​លោក ហ៊ុន សែន ក្រោយ​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ដែល​ទាមទារ​ឲ្យ​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ បាន​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ត្រង់​មាត្រា ៤៥ថ្មី (ស្ទួន​មួយ) កាលពី​ចុង​ឆ្នាំ២០១៨ ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក ហ៊ុន សែន មាន​សិទ្ធិ​លើក​លែង​ទោស ដល់​មន្ត្រី ១១៨នាក់​របស់​គណបក្ស​ប្រឆាំង ដែល​បក្ស​កាន់​អំណាច​ហាមឃាត់​សិទ្ធិ​នយោបាយ ក្រោយ​ធ្វើ​ច្បាប់​រម្លាយ​បក្ស​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់​ទុក​ការ​កែ​ច្បាប់​ស្រេច​តែ​ចិត្ត​នេះ​ថា គ្រាន់​តែ​ជា​ល្បិច​ ដើម្បី​បំបែក​សំឡេង​ប្រឆាំង​ប៉ុណ្ណោះ មិន​មែន​ជា​ចេតនា​ស្មោះត្រង់ ក្នុង​ការ​ស្តាត​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ឡើយ។

ក្រោយ​ចេញ​ច្បាប់​ថ្មី​នេះ មាន​មន្ត្រី​គណបក្ស​ប្រឆាំង​តែ​បី​រូប​ប៉ុណ្ណោះ បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ក្នុង​ចំណោម​មន្ត្រី​ទាំង ១១៨រូប​នោះ។ ថ្មីៗ នេះ ដោយ​គ្មាន​អ្នក​ចាប់​អារម្មណ៍​សុំ​សិទ្ធិ​នយោបាយ​នេះ​ច្រើន ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​ណែ​នាំ អំពី​បែប​បទ​នៃ​ការ​ដាក់​ពាក្យ​សុំ​សិទ្ធិ​នេះ ដោយ​ត្រូវ​ដាក់​ម្នាក់​ម្តងៗ។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ នៅ​តែ​គ្មាន​មន្ត្រី​បក្ស​ប្រឆាំង​ដាក់ពាក្យសុំ​ បន្ថែម​ថ្មី​ទៀត​ទេ ស្រប​ពេល​ដែល​ឱសានវាទ នៃ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ កាន់​តែ​រំកិល​ជិត​មក​ដល់។

ក្រោយ​ព្រមាន​របប​លោក ហ៊ុន សែន ជា​ច្រើន​សា​ថា នឹង​ពិចារណា​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA បើ​របប​នេះ មិន​ស្គារ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើង​វិញ សហភាព​អឺរ៉ុប បាន​ចាប់​ផ្ដើម​នីតិវិធី​ដក ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ដោយ​ទុក​ពេល​ឲ្យ​របប​លោក ហ៊ុន សែន មាន​ពេល​តែ ១២ខែ​ប៉ុណ្ណោះ ដើម្បី​ស្ដារ​ស្ថានភាព​អាក្រក់​នេះ​ឱ្យ​ទាន់។ នីតិវិធី​ក្នុង​រយៈ​ពេល ១២ខែ​នេះ ចែក​ចេញ​ជា​បី​ដំណាក់កាល។ ដំណាក់កាល​ទី​មួយ គឺ​ប្រាំ​មួយ​ខែ​ដំបូង ពី​ខែ​កុម្ភៈ ដល់​ខែ​កក្កដា គឺ​ដំណាក់កាល​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ស៊ី​ជម្រៅ​ថា តើ​កម្ពុជា​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​កែប្រែ​ស្ថានការណ៍​បច្ចុប្បន្ន។ សហភាព​អឺរ៉ុប​ផ្ដល់​ឱកាស​ឱ្យ​កម្ពុជា ក្នុង​ការ​ចរចា និង​ចូលរួម​សហការ ក្នុង​ការ​ប្រមូល​ព័ត៌មាន​ចាំបាច់។ ដំណាក់កាល​ទី​ពីរ គឺ​បី​ខែ​បន្ទាប់ រាប់​ពី​ខែ​សីហា ដល់​ខែ​តុលា គឺ​ជា​ពេល​សរសេរ​របាយការណ៍​សរុប​លទ្ធផល​នៃ​ដំណាក់កាល​តាម​ដាន​ប្រាំ​មួយ​ខែ​ដំបូង​នោះ។ ដំណាក់​កាល​ទី​បី គឺ​បី​ខែ​បន្ទាប់​មក​ទៀត គិត​ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ដល់​ខែ​មករា ឆ្នាំ២០២០ គណៈកម្មការ​អឺរ៉ុប នឹង​បិទ​បញ្ចប់​នីតិវិធី ១២ខែ​នេះ ដោយ​ចេញ​សេចក្ដី​សម្រេច​ស្ថាពរ​មួយ​ថា តើ​ត្រូវ​ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ។ បើ​គណៈកម្មការ​នេះ​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នៅ​ថ្ងៃ​ខែ​មករា ឆ្នាំ​២០២០ នោះ​មែន ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ត្រូវ​រង់ចាំ​ប្រាំ​មួយ​ខែ​បន្ទាប់​ទៀត មាន​ន័យ​ថា ការ​ដក​ការ​អនុគ្រោះ​ពន្ធ នឹង​ចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង ឲ្យ​រក្សា​ជំហរ​រឹងមាំ កុំ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ព្រោះ​សិទ្ធិ​នេះ​នឹង​បាន​វិញ​ដោយ​ស្វ័យ​ប្រវត្តិ"

  1. so socheath says:

    Send to facebook
    រង់ចាំការសម្រេចពីលោកប៉ាធាន គឺជារឿងឆោតល្ងង់
    ……………….
    រយពាន់បញ្ហារដែលលោកប៉ាធានសមរង្ស៊ីបង្កើតមុននិង
    ក្រោយក្នុងពេលនេះ វាបានធ្លាក់ចូលក្នុងអន្លុងនៃសុភាសឹត
    ខ្មែរ ដែលថា បាក់កំពង់ លង់ទ្រនេស ដែលនេះគឺជាពាក្យ
    អះអាង របស់អតីតអ្នកតំណាងរាស្ត្រអតីតគណៈបក្សសង្គ្រោះ
    ជាតិដែលបានលើកឡើង ។
    ពួកគាត់ថា ការឃោសនាសម្រាប់ដង្ហើមចុងក្រោយរបស់
    លោកប៉ាធានសមរង្ស៊ីនាពេលនេះ គឺសុំកុំឲ្យពួកអ្នកជាប់
    បំរាមនយោបាយ ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
    តាមផ្លូវច្បាប់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា។
    សមរង្ស៊ីបានលើកឡើងនូវហេតុផលថា ប្រសិនបើមានការសុំសិទ្ធិធ្វើ
    នយោបាយឡើងវិញពីសំណាក់អ្នកជាប់បំរាម នោះគឺជា
    ការរួមដៃកំទេចបក្សសង្គ្រោះជាតិ ដែលបក្សនេះបានស្លាប់
    បាត់តាមផ្លូវច្បាប់ពាក់ព័ន្ធនិងទង្វើក្បត់ជាតិរួចទៅហើយនោះ
    និងថា ក៏ជាទង្វើដែលគ្រប់គ្នាព្រមទទួលស្គាល់កំហុស
    ផងដែរ ។ តែពួកគាត់មិនយល់ដូច្នេះទេ ។
    អតីតអ្នកតំណាងរាស្ត្រជាប់បំរាមនយោបាយទាំងនោះ បាន
    លើកឡើងបន្តទៀតថា ការពិតទៅរឿងក្បត់ជាតិឬមិនក្បត់
    ជាតិវាជារឿងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងបក្សប៉ុន្មាននាក់
    មិនជាប់ពាក់ព័ន្ធនិងពួកគាត់ទេ ។ ពួកគាត់ទទួល
    រងនូវបំរាមនយោបាយអាស្រ័យពួកគាត់នៅក្នុងតំណែងតំណាង
    រាស្ត្រក្នុងបក្សដែលត្រូវបានរំលាយចោលប៉ុណ្ណោះ ។ ដូច្នេះ
    ការរំលាយបក្សគឺផ្លូវច្បាប់ មិនមែនពួកគាត់កំទេចទេ ឯការ
    ដែលថា ពួកគាត់ហាក់ព្រមទទួលស្គាល់កំហុស ពួកគាត់
    មិនអាចទទួលយកបានទេ ពួកគាត់គ្មានកំហុស និងពួក
    គាត់មិនមែនជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងបក្សឯណា ( ?) ។
    ពួកអតីតអ្នកតំណាងរាស្ត្រទាំងនោះ បានបញ្ជាក់ជាចុងក្រោយ
    យ៉ាងច្បាស់ថា មកដល់ពេលនេះ វាគឺជាពេលវេលា ដែល
    ពួកគាត់ត្រូវធ្វើការសម្រេចចិត្ត ក្នុងការស្នើសុំសិទ្ធិដើម្បី
    ធ្វើនយោបាយឡើងវិញហើយ ។ ពួកគាត់មិនអាចរង់ចាំ
    បក្សដែលងាប់បាត់ទៅហើយៗរស់ឡើងវិញកើតនោះទេ។
    ព្រោះថា តាមផ្លូវច្បាប់ក៏គ្មានករណីដូចនេះ កើតឡើងនោះ
    ដែរ ។
    គាត់ថាការរង់ចាំការសម្រេចចិត្តណាមួយពីលោកប៉ាធាន
    សមរង្ស៊ី គឺជារឿងឆោតល្ងង់បំផុត ។
    មនុស្សគ្រប់រូប សុទ្ធតែមានមនសិការនិងការសំរេចចិត្ត
    រៀងខ្លួន ។ តែថារស់នៅក្នុងបក្ស គឺបក្សជាអ្នកធ្វើសេចក្តី
    សម្រេច ឯយើងជាអ្នកអនុវត្តន៍។ តែបក្សសង្គ្រោះជាតិ
    ងាប់ហើយ ។ ទាំងមេទាំងកូនសុទ្ធតែជាប់បម្រាមធ្វើ
    នយោបាយ ដូចនេះគ្មានសេចក្តីសម្រេចចិត្តខាង
    នយោបាយស្អីទៀតទេ ។ការសម្រេចគឺអាស្រ័យលើម្នាក់ៗប៉ុណ្ណោះ ៕

  2. so socheath says:

    Send to facebook
    ឱ ! មាត់យាយហួរ
    …….
    យាយហួរខ្ញុំ (មួរ សុខហួរ ) ប៉ុន្មានថ្ងៃនេះ
    មាត់គាត់ដូចបៀមដុំអាចម៌យ៉ាងម៉េចទេ គឹហានិយាយមក
    ស្អុយរហ៊ុំតែម្តង ។
    មាត់គាត់ស្អុយព្រោះថាថវិកា សម្រាប់កសាងទូរទស្សន៍
    ព្រះអាទឹត្យ ហើយបែជាឃើញតែទូរទស្សន៍ព្រះច័ន្ទនោះ
    គឺគាត់ថាបានដម្កល់ទុកនៅធនាគារមួយ ។
    មានមនុស្សជាច្រើន អាចជាអតីតសមាជិកសមាជិកាអតីត
    បក្សសង្គ្រោះជាតិ បានចោទសួរយាយហួរថា តើទុកនៅ
    ធនាគារណាមួយ? ឈ្មោះអ្វី នៅទីណា ប្រទេសណា ?
    ចម្លើយគឺស្ញេញ ! សូន្យទទេឈឹងតែម្តង ។
    ការពិតទៅថវិកា កសាងទូរទស្សន៍ព្រះអាទឹត្យ វាបែរជាឃើញ
    តែទូរទស្សន៍ព្រះច័ន្ទនេះ ត្រូវបានចាយខ្ទេចម៉ត់ដូចអាចម៌ភេ
    ហើយ ។ វាគ្រាន់តែយាយហួរ ដែលស្មានថាមាត់ខ្លួនឯង
    ក្រអូបមកព្រុសយកអឿ លាក់បាំងការពឹតដើម្បីបញ្ជៀស
    ការសង្ស័យនិងកំហឹង លើហេតុផលនៃការបាត់ដំណឹង
    ថវិកាសម្រាប់កសាងទូរទស្សន៍ព្រះអាទឹត្យនេះតែប៉ុណ្ណោះ។
    ឥឡូវនេះហេតុផលសម្រាប់ក្រអូបមាត់ស្អុយ ដូចបៀមដុំ
    អាចម៌របស់យាយហួរបានបង្ហាញនូវក្រឡាសារពិតហើយ។
    វាគ្មានឡើយថវិកាដម្កល់ គឹវាមានតែសំនៀងដ៏ស្អុយគគ្រុក
    តាមខ្សែវាយោតែប៉ុណ្ណោះ ហើដែលវាមិនខុសអីពីមូលនិធិ
    ៣០ម៉ឺនដុល្លារ ជាមួយនិងការផ្តូរ ជាមួយការវិលត្រឡប់វិញ
    របស់លោកប៉ាធាន សម រង្ស៊ីនោះទេ ។
    ជាមួយលោកប៉ាធានខ្ញុំ កុំឆ្ងល់ ភូតឲ្យតែបានលុយក្តាប់ជាប់
    ថាជាអាឡេប្រុច អញ្ចឹងហ្ម៎ង ! ។
    គាត់ថា វាមិនដែលអាណាភ្លើកាន់លុយទាំងក្តាប់ ហើយ
    មកដេកច្រាសបាយគុកទេវ៉ើយ ! កុំភ្លើពេក ៕