លោក ហ៊ុន សែន ឲ្យ​ពង្រាយ​គ្រូពេទ្យ​បន្ថែម​តាម​ជនបទ និង​ពង្រឹង​គោល​នយោបាយ​លើក​ទឹក​ចិត្ត​ពួក​គេ

2019-03-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រូពេទ្យ​​ខ្មែរ សហការ​ជាមួយ​គ្រូពេទ្យ​ពី​ប្រទេស​ម៉ាឡេស៊ី ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ២០១៦។ RFA
គ្រូពេទ្យ​​ខ្មែរ សហការ​ជាមួយ​គ្រូពេទ្យ​ពី​ប្រទេស​ម៉ាឡេស៊ី ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ២០១៦។ RFA


មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ក្រសួង​សុខាភិបាល​ពង្រាយ​គ្រូ​ពេទ្យ​នៅ​តាម​ជនបទ​ឲ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន និង​ត្រូវ​ពង្រឹង​គោល​នយោបាយ​លើក​ទឹកចិត្ត​ដល់​គ្រូ​ពេទ្យ​នៅ​ជន​បទ​ឲ្យ​បាន​ច្រើន ដូច​គោលនយោបាយ​លើក​ទឹកចិត្ត​គ្រូ​បង្រៀន​ដែរ។ គ្រូពេទ្យ និង​ពលរដ្ឋ​រស់នៅ​ជន​បទ​ប្រាប់​ថា ​នៅ​ទី​ជនបទ​ខ្សត់​ទាំង​គ្រូពេទ្យ ខ្សត់​ទាំង​អ្នក​ជំងឺ ដោយសារ​គ្រូពេទ្យ​ខ្លះ ប្រឡង​បាន​ក្របខ័ណ្ឌ ហើយ​ផ្លាស់​ចេញ។ ចំណែក​ពលរដ្ឋ​អ្នក​ក្រីក្រ ទទួល​យក​សេវា​ពេទ្យ​ជនបទ ឯ​អ្នក​ជំងឺ​មាន​ និង​មធ្យម រត់​ទៅ​រក​មន្ទីរ​ពេទ្យ​ធំៗ នៅ​ភ្នំពេញ និង​​មន្ទីរ​ពេទ្យ​​ក្រៅ​ប្រទេស។

គ្រូ​ពេទ្យ​ និស្សិត​​បញ្ចប់​ការ​សិក្សា​ផ្នែក​សុខាភិបាល​ថា​ ពលរដ្ឋ​រស់​នៅ​តំបន់​ដាច​ស្រយាល និង​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល សុទ្ធ​តែ​គាំទ្រ​ការ​អំពាវនាវ​របស់​ លោក ហ៊ុន សែន។ ប៉ុន្តែ​ គ្រូពេទ្យ និង​ពលរដ្ឋ ​ថា​គោល​នយោបាយ​ល្អ តែ​ការ​អនុវត្ត​ខុស​ពី​ការ​ចែង​លើ​ក្រដាស។

ពលរដ្ឋ​​ម្នាក់​ រស់នៅ​តំបន់​ដាច់​ស្រយាល​មួយ ក្នុង​ភូមិ​ជើងឃ្លេ​ ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ​​លោក តូច​ ឌុល ប្រាប់​ថា ពួកគេ​ពិបាក​រក​សេវា​សុខភាព​ណាស់ ពេល​ឈឺ​ម្ដងៗ។ កសិករ​រូប​នេះ បន្ត​ថា ដោយសារ​​តំបន់​នោះ​ មិន​ទាន់​មាន​មណ្ឌល​សុខភាព នៅ​ពេល​ឈឺ​​ម្ដងៗ ពលរដ្ឋ​​រក​សេវា​សុខភាព ពី​គ្រូ​ពេទ្យ​ឯកជន និង​ពេទ្យ​​​ចាក់​ថ្នាំ​តាម​ភូមិ។ លុះ​ជំងឺ​ធ្ងន់ ឬ គ្រូពេទ្យ​ចាក់​ថ្នាំ​តាម​ភូមិអស់​លទ្ធភាព ទើប​ពួកគេ​រត់​រក​មណ្ឌល​សុខភាព​ ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ ប្រមាណ​២០​គីឡូ​ម៉ែត្រ​។ លោក​​ ថា នៅ​​ពេល​ឈឺ​​ធ្ងន់ធ្ងរ ដែល​មណ្ឌល​សុខភាព​​ឃុំ​ឃ្សឹម នៅ​ស្រុក​ស្នួល មិន​មាន​លទ្ធភាព​ ឬ​​ ឧបករណ៍ គឺ​ពលរដ្ឋ ​ត្រូវ​​រត់​រក​មន្ទីរ​ពេទ្យ​បង្អែក​​នៅ​ស្រុក​ស្នួល៖ «»

ពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល​រូប​នេះ ទទូច​ឲ្យ​រដ្ឋ​បង្កើត​មណ្ឌល​សុខភាព​ដល់​តំបន់​ដាច់​ស្រយាល​ផង។

ហ៊ុន សែន នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ ២០១៨ និង​លើក​ទិស​ដៅ​ការងារ​ក្នុង​ឆ្នាំ ២០១៩ របស់​ក្រសួង​សុខាភិបាល​ កាល​ពី​ថ្ងៃ​ទី​១២ មីនា បាន​អំពាវនាវ​ឲ្យ​ពង្រាយ​ក្រុម​គ្រូពេទ្យ​ជំនាញ​បន្ថែម​ទៀត​ នៅ​តាម​មន្ទីរពេទ្យ​សាធារណៈ​ទូទាំង​ប្រទេស ជាពិសេស​នៅ​តាម​ទី​ប្រជុំ​ជន​ដាច់​ស្រយាល​ ដើម្បី​បំពេញ​តម្រូវការ​​ខ្វះខាត​ និង​ពង្រឹង​វិស័យ​ឡើង​វិញ​ ដែល​ជា​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​សេវា​សុខាភិបាល​នៅ​ក្រៅ​ប្រទេស។

ទោះ​យ៉ាង​ណា លោក​ ហ៊ុន សែន មិន​បាន​ស្ដី​បន្ទោស​​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ទេ។ តែ​លោក ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល អនុវត្ត​គោល​នយោបាយ​លើក​ទឹកចិត្ត​គ្រូ​ពេទ្យ ដែល​ត្រូវ​ទៅ​បំពេញ​តួនាទី​នៅ​តំបន់​ដាច់​ស្រយាល ដូច​វិស័យ​អប់រំ ដែល​បាន​លើក​ទឹកចិត្ត គ្រូ​បង្រៀន​នៅ​តំបន់​ដាច់​ស្រយាល៖ «»

គ្រូ​ពេទ្យ​ផ្នែក​សម្ភព​ម្នាក់​ នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ឧត្តរ​មានជ័យ ប្រាប់​ថា តាម​បទ​ពិសោធន៍​ មាន​កត្តា​​ច្រើន ​ធ្វើ​ឲ្យ​ខ្វះ​គ្រូពេទ្យ​នៅ​​ជនបទ។ អ្នកស្រី​រៀប​រាប់​ថា តាម​ការ​សង្កេត​នៅ​ពេល​ប្រឡង​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ និស្សិត​ពេទ្យ​​​ចង់​ដាក់​ពាក្យ​ប្រឡង​ចូល​ក្របខ័ណ្ឌ​នៅ​តំបន់​ដាច់​ស្រយាល ព្រោះ​មាន​ប៉ុស្តិ៍ (កន្លែង) គេ​រើស​​ច្រើន។ ប៉ុន្តែ​ដល់ពេល​ទៅ​ធ្វើការ​បាន​ក្នុង​កំឡុង​ពេល​ណាមួយ ពួកគេ​ត្រូវ​ប្ដូរ​ចេញ​ទៅ​រក​ទី​ប្រជុំ​ជន ឬ​មន្ទីរ​ពេទ្យ​ធំ​វិញ។ អ្នកស្រី​ថា ក្នុង​ចំណោម​​គ្រូពេទ្យ​ជាប់ ១០នាក់ យ៉ាងតិច​ណាស់ ក៏​មាន​៥​នាក់​ ប្ដូរ​ចេញ​ដែរ ដោយសារ​គ្រូ​ពេទ្យ​ខ្លះ ​រក​លុយ​មិន​បាន ព្រោះ​​អ្នក​ជំងឺ​សុទ្ធ​តែ​ជា​អ្នក​​ក្រ ហើយ​ជន​បទ​ខ្លះ ខ្វះ​សាលា​រៀន​ល្អ​ឲ្យ​កូន​របស់​គ្រូពេទ្យ​រៀន គ្រូពេទ្យ​ខ្លះ​ត្រូវ​ទៅ​មើល​ថែ​ឪពុក​ម្ដាយ​ចាស់​ជរា នៅ​តំបន់​ដែល​គេ​ធ្លាប់​រស់នៅ ឬ ពួកគេ​ត្រូវ​ការ​រៀន​បន្ត​ជា​ដើម។

អ្នកគ្រូ​ពេទ្យ​រូប​នេះ បន្ត​​ថា គ្រូ​ពេទ្យ​នៅ​តំបន់​ដាច់​ស្រយាល មិន​សូវ​ទទួល​បាន​​អត្ថ​ប្រយោជន៍ ឬ​គោល​នយោបាយ​សុខាភិបាល​ច្រើន​ទេ។ យូរៗ ម្ដង​ ទទួល​បាន​ប្រាក់​​លើក​ទឹក​ចិត្ត​ម្ដង គេ​ហៅ​ថា ប្រាក់​តំបន់ ប៉ុន្តែ​មិន​ច្រើន​ទេ។ អ្នកស្រី​ថា អត្ថ​ប្រយោជន៍​មួយ​ទៀត គឺ​ក្រសួង​​សុខាភិបាល​ទម្លាក់​តម្លៃ​សម្រាប់​បង់​ចូល​គណៈ​គ្រូពេទ្យ​កម្ពុជា សម្រាប់​​​នៅ​តំបន់​ដាច់​ស្រយាល​ត្រឹម​តែ ១២ម៉ឺន​រៀល​ ឯ​​គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​ធំៗ ឬ​នៅ​ទី​ប្រជុំ​ជន តម្រូវ​ឲ្យ​បង់ ២៤ម៉ឺន​រៀល។ គ្រូ​ពេទ្យ​ទាំង​អស់ សុទ្ធ​តែ​តម្រូវ​ឲ្យ​ចូល​ជា​សមាជិក​របស់​គណៈ​គ្រូពេទ្យ៖ «»

លោក ហ៊ុន សែន អះអាង​ថា បាន​ដឹង​ពី​ស្ថានភាព​គ្រូ​ពេទ្យ​ជន​បទ និង​​យល់​​អំពី​​បញ្ហា​ប្រឈម​ របស់​ពលរដ្ឋ​តាំង​លំនៅ​ថ្មី​ និង​ពលរដ្ឋ ​នៅ​តាម​ព្រំដែន កំពុង​​ខ្វះខាត​មណ្ឌល​សុខភាព​សាធារណៈ​​រដ្ឋ។ លោក​បញ្ជា​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ជា​បន្ទាន់។ លោក ហ៊ុន សែន ថា ចំណុច​ពិសេស គឺ​ត្រូវ​ពង្រាយ​បុគ្គលិក​សុខាភិបាល​ ដែល​មាន​សមត្ថភាព​ជំនាញ​ច្បាស់​លាស់ ជាពិសេស​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រយាល ទើប​ជួយ​ស្ថានភាព​កង្វះ​គ្រូ​ពេទ្យ និង​កាត់​បន្ថយ​ពលរដ្ឋ​ចេញ​ទៅ​រក​សេវា​ក្រៅ​ប្រទេស។

បច្ចុប្បន្ន​ ពលរដ្ឋ​ខ្មែរ​ ដែល​មាន​ជីវភាព​ធូរធារ​ រួម​ទាំង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​មន្ត្រី​ធំៗ ក្នុង​របប​សព្វ​ថ្ងៃ​នេះ ច្រើន​រក​សេវា​ព្យាបាល​សុខភាព​នៅ ​អឺរ៉ុប សិង្ហបុរី ចិន ជាដើម។ ចំណែក​អ្នក​មាន​ជីវភាព​មធ្យម​ ច្រើន​រក​សេវា​សុខាភិបាល​នៅ​ប្រទេស​ថៃ និង​វៀតណាម។ អ្នក​មាន​លទ្ធភាព​បន្តិច​បន្តួច ​ទៅ​រក​សេវា​សុខភាព​នៅ​មន្ទីរពេទ្យ​ធំៗ នៅ​ភ្នំពេញ និង​អ្នក​មាន​ជីវភាព​ទីទ័ល ​ក្រ​ បង្ខំ​ចិត្ត​​រក​សេវា​សុខភាព នៅ​តាម​មណ្ឌល​សុខភាព​ ដែល​រង​ការ​រិះគន់​ថា ខ្វះ​ទាំង​ឧបករណ៍ ថ្នាំ​សង្កូវ និង​គ្រូ​ពេទ្យ​ជំនាញ។

ជាក់ស្ដែង គ្រាន់​តែ​ប្រទេស​ថៃ​មួយ​ កាល​​ពី​ខែ​មិថុនា ឆ្នាំ២០១៨ នាយក​ផ្នែក​សុខាភិបាល​អន្តរជាតិ នៃ​ក្រសួង​សុខាភិបាល​សាធារណៈ​របស់​ថៃ លោកស្រី សៅវ៉ាផា ចុងគីទិពង្ស (Saowapa Jongkitipong) បាន​បង្ហាញ​របាយការណ៍​ថា ប្រទេស​ថៃ​ទទួល​បាន​ប្រជាជន​កម្ពុជា​ចំនួន​ប្រមាណ​ជាង ២២ម៉ឺន​នាក់ មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ដែល​មាន​កំណើន​​ជាង ១០% ធៀប​នឹង​ឆ្នាំ២០១៧។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ មីនា​ថា បច្ចុប្បន្ន ​មន្ត្រី​សុខាភិបាល នៅ​ជនបទ មាន​ចំនួន ៧៧ភាគរយ ហើយ​នៅ​ភ្នំពេញ មាន​តែ ២៨ភាគរយ​ទេ។ រដ្ឋមន្ត្រី​រូប​នេះ អះអាង​ថា ចាប់​ពី​ឆ្នាំ២០១៩ ទៅ​ក្រសួង​​នឹង​ពង្រាយ​គ្រូ​ពេទ្យ​បន្ថែម​ទៀត តាម​ខេត្ត និង​ជន​បទ ដោយ​គោល​នយោបាយ​​​រើស​ចូល​​ក្របខ័ណ្ឌ​ថ្មី ​រើស​តែ​​នៅ​តាម​ខេត្ត​ ហើយ​នឹង​អនុវត្ត​​​គោល​នយោបាយ​លើក​ទឹក​ចិត្ត​មន្ត្រី​សុខាភិបាល ទៅ​​ធ្វើ​ការ​នៅ​តំបន់​ដាច់​ស្រយាល ដូច​គោល​នយោបាយ​លើក​ទឹក​ចិត្ត​​គ្រូ​បង្រៀន​តំបន់​ដាច់​ស្រយាល​ដែរ។ ក្នុង​នោះ មាន​ប្រាក់​ឧបត្ថម្ភ​​ចំនួន ៨ម៉ឺន​រៀល ​លើ​ប្រាក់​បៀវត្សរ៍​ជាដើម៖ «»

បច្ចុប្បន្ន មន្ត្រី​រាជការ​​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​សុខាភិបាល​សាធារណៈ​ មាន​ចំនួន​ជាង ២ម៉ឺន (២៥ ៤៣៨) នាក់។ ឆ្នាំ២០១៩ លោក ម៉ម ប៊ុនហេង ប្រាប់​ថា ក្រសួង​សុខាភិបាល នឹង​ជ្រើស​រើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី ចំនួន​ជាង ១ពាន់​នាក់​បន្ថែម​ទៀត។ ចំណែក​ ប៉ុស្តិ៍​​សុខភាព​មាន​ចំនួន ១២៩កន្លែង មណ្ឌល​សុខភាព​ជាង ១ពាន់ (.២០៥) កន្លែង មន្ទីរពេទ្យ​បង្អែក​ក្រុង​ស្រុក​ខណ្ឌ គ្រប់​ក្រុង​ស្រុក​ខណ្ឌ​ ទូទាំង​ប្រទេស និង​មន្ទីរ​ពេទ្យ​បង្អែក​រាជធានី​ខេត្ត​ចំនួន ២៥។ បច្ចុប្បន្ន​ក្រសួង​សុខាភិបាល​កំពុង​សង់​មណ្ឌល​សុខភាព ២០កន្លែង ប៉ុស្តិ៍​សុខភាព ៥កន្លែង អគារ​ក្នុង​មន្ទីរពេទ្យ ១៣កន្លែង បន្ទប់​រង់ចាំ​សម្រាល ៩កន្លែង បន្ទប់​សម្រាល ៥កន្លែង និង​អគារ​រដ្ឋបាល​ស្រុក​ប្រតិបត្តិ ៣កន្លែង។

និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សុខាភិបាល និង​ជា​ចៅ​សង្កាត់​​​​ជាប់​ឆ្នោត នៃ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប លោក ជិន សុខងេង សង្កេត​ឃើញ​ថា ជា​គោល​នយោបាយ​របស់​ក្រសួង​សុខាភិបាល​ បើ​មើល​លើ​ក្រដាស គឺ​ល្អ តែ​ការ​អនុវត្ត​ជាក់ស្ដែង ខុស​ពី​គោល​នយោបាយ​នៅ​លើ​ក្រដាស។ លោក ជិន សុខងេង ជឿ​ថា គោល​នយោបាយ​ពង្រាយ​គ្រូ​ពេទ្យ​ជន​បទ បើ​ធ្វើ​បាន​ជា​រឿង​ល្អ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​​ត្រូវ​គិត​ពី​បៀវត្សរ៍ ​ឲ្យ​គ្រូ​ពេទ្យ​ចាយ​គ្រប់​សិន ​ទើប​គ្រូ​ពេទ្យ​​ប្រឹង​ធ្វើការ​អស់​លទ្ធភាព ហើយ​ការ​ពង្រាយ​គ្រូ​ពេទ្យ​​ឯកទេស​ទទួល​បាន​ជោគ​ជ័យ៖ «»

ពលរដ្ឋ​ ​សង្ឃឹម​ថា បញ្ជា​របស់​​ លោក ហ៊ុន សែន ឲ្យ​ពង្រាយ​គ្រូ​ពេទ្យ​តាម​ជនបទ​លើក​នេះ ​​​​​​មិន​មែន​​គ្រាន់​ជា​ការ​ធ្វើ​ប្រជាភិថុតិ​នយោបាយ ដែល​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​នៅ​ពេល​ឡើង​ថ្លែង​សុន្ទរកថា​ម្តងៗ នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment