អាជ្ញាធរ​បង្ហាញ​សកម្មភាព​កាយ​សំរាម​ចេញពី​ប្រឡាយ​ទឹក​ស្អុយ ក្រោយ​រង​ការរិះគន់

ដោយ​ ថន ថារ៉ូ
2019-03-16
RFA

សកម្មភាព​កើប​សំរាម​ពី​ប្រឡាយ​បឹងត្របែក របស់អាជ្ញាធរ​ភ្នំពេញ នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។ រូប​ទំព័រ​ហ្វេសប៊ុក របស់មន្ទីរសាធារណការ​​រាជធានី​ភ្នំពេញ
សកម្មភាព​កើប​សំរាម​ពី​ប្រឡាយ​បឹងត្របែក របស់អាជ្ញាធរ​ភ្នំពេញ នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។ រូប​ទំព័រ​ហ្វេសប៊ុក របស់មន្ទីរសាធារណការ​​រាជធានី​ភ្នំពេញ


អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ចូលរួម​កាយ​សំរាម​ចេញពី​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក និង​បឹង​សាឡាង ក្រោយ​រង​ការរិះគន់ និង​បន្ទាប់ពី​យុវជន​មួយ​ក្រុម បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​សំរាម​ដើម្បី​ប្រែ​ក្លាយ​ភ្នំពេញ​ជាទី​ក្រុង​គ្មាន​សំរាម និង​គ្មាន​ដី​ហុយ ជិត​ពីរ​សប្ដាហ៍​ទៅ​ហើយ​។ ក្រុម​យុវជន ក៏​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ផាក​ពិន័យ ចំពោះ​អ្នក​ចោល​សំរាម​ផ្ដេសផ្ដាស​ផង​ដែរ ដើម្បី​កុំ​ឱ្យ​គំនរ សំរាម​កើតឡើង​ដដែលៗ។

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែ​មីនា បាន​យក​គ្រឿងចក្រ ឬ​ហៅថា អេស្កាវ៉ាទ័រ ដើម្បី​កាយ​សំរាម​ចេញពី​ប្រឡាយ​លូ​បឹង​ត្របែក និង​ប្រឡាយ​លូ​បឹង​សាឡាង ដែល​កំពុង​មាន​គំនរ​សំរាម​រាយប៉ាយ។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា ក្រៅពី​បញ្ជា​ឱ្យ​គ្រឿងចក្រ កាយ​សំរាម​ចេញពី​ក្នុង​ប្រឡាយ​នោះ លោក​ក៏​បញ្ជា​ឱ្យ​ក្រុមការងារ​ដើរ​ប្រមូល​សំរាម​តាម​មាត់​ប្រឡាយ​ដែរ ហើយ​សំរាម ទាំងនោះ ត្រូវ​ដឹក​រថយន្ត​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​ខណ្ឌ​ដង្កោ។

លោក​អះអាង​ថា ការ​សំអាត​បរិស្ថាន និង​ប្រមូល​សំរាម​ចេញពី​ប្រឡាយ​បឹង​សាឡាង និង​ប្រឡាយ​បឹងត្របែក​នេះ គឺ​អាជ្ញាធរ បាន​ធ្វើជា​រៀងរាល់​ខែ​នា​ពេល​កន្លង​មក។ លោក សាំ ពិសិដ្ឋ ដែល​ធ្លាប់​ត្រូវ​បាន​លោក ហ៊ុន សែន ស្តី​បន្ទោស​និង​ព្រមាន​ដក​ដំណែង​ជា​សាធារណៈ​ម្ដង ដោយសារ​មិន​សកម្ម​ក្នុង​ការ​ជួសជុល​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បណ្ដោយ​ឱ្យ​ផ្លូវ​ខូច​កាន់តែ​ធ្ងន់ធ្ងរ​នោះ ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សំអាត​បរិស្ថាន​អនាម័យ និង​កុំ​បោះ​សំរាម​ចោល​ផ្ដេសផ្ដាស​ជា​ពិសេស​ក្នុង​ប្រឡាយ​ទឹក​លូ។

វិធានការ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់ពី​យុវជន​មួយ​ក្រុម ផ្ដើម​គំនិត​ដោយ​យុវជន ឈ្មោះ សាន ដារ៉ាវីត កំពុង​ធ្វើ​យុទ្ធនាការ​យក ប្រឡាយ​បឹងត្របែក ជា​ចំណុច​ចាប់ផ្ដើម​កាយ​ប្រមូល សំរាម ដើម្បី​ប្រែក្លាយ​ភ្នំពេញ​ជាទី​ក្រុង​គ្មាន​សំរាម និង​គ្មាន​ដី​ហុយ ចាត់​តាំងពី​ថ្ងៃ​ទី​៨ ខែ​មីនា មក។ ការ​ធ្វើ​យុទ្ធនាការ​កាយ​សំរាម​នេះ ព្រោះ​យុវជន​មើល​ឃើញ​ថា អាជ្ញាធរ​ហាក់​មិនដែល​អើពើ​ប្រមូល សំរាម​ចេញពី​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ បាន​ទេ ដោយ​លោក​ថា ជាប់​រវល់៖ «សូម​បង​ទាក់ទង​ទៅ​អ្នកនាំពាក្យ​សាលាក្រុង​ទៅ​បង ព្រោះ​ខ្ញុំ​មាន​ការ​បន្តិច»

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី មិន​ទទួល​ទូរស័ព្ទ​នោះ​ទេ​។

ម្ចាស់​សិប្បកម្ម​ផលិត​ធុងសំរាម​បរិស្ថាន អ្នកនាង សឿង សុថារី ឱ្យ​ដឹង​ថា ដំបូង​ឡើយ​អាជ្ញាធរ មិន បាន​ចូលរួម​ជាមួយ​យុវជន​ក្នុង​ប្រមូល​សំរាម​នោះ​​ទេ ប៉ុន្តែ​នៅ​ពេល​ឃើញ​សកម្មភាព​របស់​យុវជន កាន់តែ​ផុលផុស​ទើប​ខាង​អាជ្ញាធរ ចូលរួម​កាយ​សំរាម​និង​ដឹក​សំរាម​ទៅ​ចាក់ចោល។ អ្នកនាង សឿង សុថារី ក៏​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ចូលរួម​កាយ​សំរាម​នេះ​ឱ្យ​បានជា​ប្រចាំ និង​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ផាក​ពិន័យ លើ​អ្នក​បោះចោល​សំរាម ដើម្បី​ធ្វើ​ឱ្យ​ផែនការ​សំអាត​បរិស្ថាន​ក្នុង​ទីក្រុង​កាន់​តែ​មាន​ប្រសិទ្ធភាព៖ «មែនទែន​ទៅ រដ្ឋាភិបាល​អាច​មាន​ឧបករណ៍​ត្រឹមត្រូវ​គ្រប់គ្រាន់ ហើយ​មាន​កម្លាំង​គ្នា​គាត់​ច្រើន ក្នុង​ការ​ជួយ​យើង ហើយ​បើ​គាត់​មាន​កាលវិភាគ ទៀងទាត់​ថា ក្នុង​មួយ​ខែ​គាត់​នឹង​ចុះទៅ​សម្អាត​បរិស្ថាន​ម្ដង ហើយ​ចាត់វិធានការ​ទៅលើ​អ្នក​ដែល​គាត់​ផាក​ពិន័យ លើ​ចោល​សំរាម​ផ្ដេសផ្ដាស​អី ខ្ញុំ​ជឿ​ថា វា​អាច​នឹង​អាច​កាត់បន្ថយ​ការ​ចោល​សំរាម​ចោល​ពាស​វាល​ពាស​កាល​នេះ​បាន​ល្អ​ប្រសើរ»

អ្នកនាង សឿង សុថារី បន្ត​ទៀត​ថា ទោះបីជា​អាជ្ញាធរ អះអាង​ថា នឹង​បើក​យុទ្ធនាការ​កាយ​សំរាម ចេញពី​ប្រឡាយ​ទឹក​លូ​ក្នុង​រាជធានី​ភ្នំពេញ​ក្ដី ប៉ុន្តែ យុវជន​នៅ​មិនទាន់​ជឿជាក់​ទាំងស្រុង​នៅឡើយ ហើយ​យុវជន​នៅតែ​ប្ដេជ្ញា​បន្ត​សកម្មភាព ប្រមូល​សំរាម​តាម​ប្រឡាយ​ទឹក​ស្អុយ​ឱ្យ​អស់៖ «យើង​នៅតែ​បន្ត​សកម្មភាព​របស់​យើង ព្រោះ​អាច​និយាយ​បាន​ថា វា​មិនមែន​មានតែ​កន្លែង​មួយ​នេះ​ទេ ដែល​សំបូរ​ទៅ​ដោយ​សំរាម ហើយ​ក្រុម​យុវជន យើង​មួយ​ក្រុម​នេះ ក៏​មិន​អាច​ដើរ​ទៅ​សំអាត​គ្រប់កន្លែង​ក្នុង​ប្រទេស​ដែរ។ យើង​ធ្វើ​ទីនេះ​មួយ​ដើម្បី​ជា​គំរូ។ សូម​ឱ្យ​អ្នក​រស់នៅ​តាម​តំបន់​ផ្សេងៗ​គ្នា ចូលរួម​សំអាត​បរិស្ថាន​ទាំងអស់»

ក្រសួងបរិស្ថាន​ឱ្យ​ដឹង​ថា ក្នុង​មួយថ្ងៃ​ប្រទេស​កម្ពុជា​បង្កើត​សំរាម​ប្រមាណ ១​ម៉ឺន​តោន ហើយ​នៅ​ក្នុង​នោះ គឺ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ ៣​ពាន់​តោន ហើយ​នៅ​ព្រះសីហនុ មាន ៤​រយ​តោន និង​ខេត្ត​សៀមរាប​មាន​ប្រមាណ ៤​រយ​តោន​ដែរ។ សំរាម ១​រយ​ភាគរយ​នេះ គឺ​មាន​សំរាម​សើម ៦០​ភាគរយ និង​សំរាម​ប្លាស្ទិក ២០​ភាគរយ និង​សំណល់​រឹង​ប្រមាណ ១០​ភាគរយ។

ក្រុម​យុវជន មាន​គម្រោង​រៀបចំ​យុទ្ធនាការ​មួយ​ចំនួន​ដូចជា ការ​ប្រគំ​តន្ត្រី​លើ​ប្រឡាយ​ទឹក​ស្អុយ​បឹងត្របែក ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ ក្រុមហ៊ុន និង​អាជ្ញាធរ​ដែនដី និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ទៀត ឱ្យ​ចេះ​ទុកដាក់​សំរាម និង​ចូលរួម​ថែរក្សា​អនាម័យ​សាធារណៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles