ដោយ យន់ សាមៀន
RFA
តំណាងរាស្ត្រមកពីបក្សប្រឆាំង លោក រៀល ខេមរិន្ទ្រ (លត់ជង្គង់) រងរបួលពេលប៉ះទង្គិចគ្នានឹងពលរដ្ឋវៀតណាម នៅចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ Photo Provided
អ្នកវិភាគនយោបាយអះអាងថា ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទ្រ គឺជាការសម្លាប់ជីវិតនយោបាយខ្លួនឯងទៅថ្ងៃអនាគត។
លោក រៀល ខេមរិន្ទ្រ ជាមនុស្សទី៤ ដែលបានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោមមន្ត្រីគណបក្សសង្គ្រោះជាតិ ១១៨នាក់ ដែលត្រូវបានរបបលោក ហ៊ុន សែន ហាមឃាត់មិនឱ្យធ្វើនយោបាយឡើងវិញ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃឱ្យអាស៊ីសេរីដឹងថ្ងៃទី១៦ ខែមីនា ថា ក្រសួងមហាផ្ទៃបានបញ្ជូនពាក្យស្នើសុំនេះបន្តទៅលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដើម្បីសម្រេចជាបន្ត៖ «ក្រសួងបានធ្វើផ្ញើលិខិតទៅសម្ដេចប្រមុខរាជរដ្ឋាភិបាល នៃពាក្យស្នើសុំរបស់លោក រៀល ខេមរិន្ទ្រ ហើយរាជរដ្ឋាភិបាលក៏បានយល់ព្រមរួចហើយ នៅតែស្នើសុំព្រះរាជក្រឹត្យពីព្រះមហាក្សត្រជាផ្លូវ សម្ដេច តេជោ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាក៏បានឯកភាពឱ្យរួចខ្លួនស្តីអំពីការជាប់បម្រាមនយោបាយនេះឯង»។
អ្នកវិភាគវ័យក្មេងលោក បុង ដែត យល់ថា ការសុំសិទ្ធិធ្វើនយោបាយរបស់លោក រៀល ខេមរិន្ទ្រ នៅពេលនេះជាការទទួលស្គាល់ថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺស្របច្បាប់ និងជាការសម្លាប់ឆន្ទៈពលរដ្ឋខ្មែរ ដែលនៅតែបន្តគាំទ្រគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែលោកថា ទង្វើលោក រៀល ខេមរិន្ទ្រ នេះជាការសម្លាប់ជីវិតនយោបាយដោយខ្លួនឯង ហើយអ្វីដែលលោក រៀល ខេមរិន្ទ្រ បានធ្វើដើម្បីជាតិមាតុភូមិកន្លងមក ក៏ត្រូវរលាយបាត់បង់ក្នុងពេលនេះដែរ៖ «និយាយឱ្យចំ គឺគាត់ (លោក រៀល ខេមរិន្ទ្រ) ឱ្យដៃគណបក្សប្រជាជនកម្ពុជាដែលរំលាយគណបក្សសង្គ្រោះជាតិ គឺស្របច្បាប់»។
សមាជិក គណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ លោក លី រតនៈរស្មី ដែលកំពុងនិទ្ទេសខ្លួននៅក្រៅប្រទេសយល់ថា លោក រៀល ខេមរិន្ទ្រ ជាមនុស្សឱកាសនិយម៖ «អស់លោកត្រូវគិតសាជាថ្មីឡើងវិញ ហើយអស់លោកទៅសុំសិទ្ធិធ្វើនយោបាយ តើអស់លោកជាមនុស្សប្រភេទមិចវិញ? អត់មានអាណិតប្អូនប្រជាពលរដ្ឋ អត់អាណិតម្ចាស់ឆ្នោត»។
ការសុំធ្វើនយោបាយឡើងវិញរបស់លោក រៀល ខេមរិន្ទ្រ នេះ ធ្វើឡើងតែមួយថ្ងៃ ក្រោយលោក សម រង្ស៊ី បានបន្តអំពាវនាវដល់មន្ត្រីបក្សប្រឆាំង ឱ្យរក្សាជំហររឹងមាំកុំសុំសិទ្ធិធ្វើនយោបាយ ព្រោះសិទ្ធិនេះនឹងបានវិញដោយស្វ័យប្រវត្តិនៅពេលខាងមុខ។ លោកអះអាងថា ក្នុងពេលខាងមុខឆាប់ៗនេះ សម្ពាធរបស់សហភាពអឺរ៉ុបនឹងធ្វើឱ្យរបបលោក ហ៊ុន សែន គ្មានជម្រើសអ្វីក្រៅពីបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ដែលពេលនោះមន្ត្រីគណបក្សសង្គ្រោះជាតិទាំងអស់នឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ៕