តុលាការ​លើក​ពេល​សវនាការ​ករណី​ឃាតកម្ម​លើ​ស្រី​ស្នេហ៍​របស់​អតីត​អភិបាល​ខេត្ត​តាកែវ

ដោយ សន ចាន់រដ្ឋា
2019-03-22
RFA

អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ និង​ជនរងគ្រោះ ឈ្មោះ ចេវ សុវឌ្ឍនា។ Photo Facebook
អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ និង​ជនរងគ្រោះ ឈ្មោះ ចេវ សុវឌ្ឍនា។ Photo Facebook


សវនាការ​ជំនុំជម្រះ​ករណី​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ត្រូវ​ចោទ​ប្រកាន់​ករណី​ឃាតកម្ម​លើ​លោកស្រី ចេវ សុវឌ្ឍនា នឹង​ត្រូវ​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៩។

ការ​សម្រេច​លើក​ពេលនេះ បន្ទាប់ពី​មន្ត្រី​ជំនាញ​ផ្នែក​កោស​វិច័យ​ចំនួន ៣​នាក់​នៅ​ព្រឹក​ថ្ងៃទី២២ ខែ​មីនា បាន​ចូល​ឆ្លើយ​បញ្ជាក់​ក្នុង​តុលាការ​ថា ការ​ស្លាប់​របស់​អ្នកស្រី ចេវ សុវឌ្ឍនា នេះ ជា​ការ​ចងក​សម្លាប់​ខ្លួន​ឯង មិនមែន​ជា​អំពើ​ឃាតកម្ម​នោះ​ទេ។

មន្ត្រី​ជំនាញ​ផ្នែក​កោសល្យវិច័យ ៣​នាក់​ដែល​បាន​ចូល​ឆ្លើយ​បញ្ជាក់​ក្នុង​តុលាការ​នៅ​ព្រឹក​នេះ​មាន​ពីរ​នាក់​ជា​មន្ត្រី​ផ្នែក​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ និង​ម្នាក់ទៀត​ជា​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ។

សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ចម្លើយ​របស់​មន្ត្រី​ជំនាញ​កោសល្យវិច័យ​ទាំង​បី​នាក់​នោះ​ថា​ពួកគេ​បាន​ធ្វើ​ការ​ពិនិត្យ​លើ​សភាព​សាកសព ទីតាំង​កើតហេតុ សំបុត្រ​បណ្ដាំ​ដែល​ជនរងគ្រោះ​បន្សល់​ទុក និង​ស្ដាប់​ចម្លើយ​អ្នកបម្រើ​របស់​ជនរងគ្រោះ រួម​ទាំង​មន្ត្រី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​តាកែវ សុទ្ធតែ​បាន​បញ្ជាក់​ចំពោះ​លទ្ធផល​កោសល្យវិច័យ​នេះ​ថា ជនរងគ្រោះ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតមែន។

ទាក់ទង​នឹង​ការ​វិវឌ្ឍ​នៃ​សំណុំ​រឿង​នេះ សង្គម​ស៊ីវិល​យល់ថា​ភស្តុតាង​ដែល​លើក​យក​មក​បញ្ជាក់​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃនេះ​ហាក់​មាន​ភាព​ខុសប្លែក​ពី​ពេល​កន្លង​មក។

មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា​ថ្លែង​ថា ការ​ស្នើ​ដល់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពិនិត្យមើល​លើ​ភស្តុតាង​និង​ការ​អះអាង​របស់​សាក្សី​ឱ្យ​បាន​ច្បាស់លាស់​ដោយសារ​សំណុំរឿង​ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​នេះ​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​សាធារណជន៖ «ប្រសិន​ជា​ការ​កាត់​សេចក្ដី​សម្រេច​ណាមួយ​ដោយ​មិន​មាន​ភាព​សំអាង​ច្បាស់លាស់​ហើយ​ផ្ដល់​លទ្ធភាព​ឱ្យ​ជនសង្ស័យ​បាន​រួចខ្លួន​ក្តី ឬ​មិន​រួចខ្លួន​ក្តី​ចៀស​មិន​ផុត​ទេពី​ការរិះគន់ ហើយ​គួបផ្សំ​តុលាការ​ប្រទេស​កម្ពុជា​យើង​កំពុង​រង​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ផង​ដែល​គេ​បាន​ឱ្យ​តម្លៃ​ថា​តុលាការ​យើង​មិន​ទាន់​មាន​ឯករាជ្យភាព​ត្រឹមត្រូវ​ផង​នោះ អ៊ីចឹង​បើ​ធ្វើការ​វិនិច្ឆ័យ​ដោយ​អត់​មាន​ព័ត៌មាន​ឬ​ភស្តុតាង​ច្បាស់លាស់​ត្រឹមត្រូវ​ណាមួយ​ចៀស​មិន​ផុត​ទេពី​ការរិះគន់​ពី​សាធារណជន»

លោក​ស៊ឹង​សែន​ករុណា​សង្ឃឹមថា​តុលាការ​នឹង​អនុវត្តន៍​ច្បាប់​ប្រកាន់យក​គោលការណ៍​នីតិរដ្ឋ​ដោយ​ប្រមូល​និង​ពិនិត្យ​ភស្តុតាង​ឱ្យ​បាន​ច្បាស់លាស់​មុននឹង​សម្រេច​ថា​ត្រូវ​ដោះលែង​ឬ​ដាក់ទោស​ជនសង្ស័យ។ លោក​ថា​ការ​ធ្វើ​បែបនេះ​ដើម្បី​ចៀសវាង​ការរិះគន់​ពី​សំណាក់​សាធារណជន​ដែល​តែង​រិះគន់​តុលាការ​ពាក់ព័ន្ធ​នឹង​អំពើ​និទ្ទណ្ឌភាព​ឬ​ភាព​គ្មាន​ទោសពៃរ៍​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment