អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ក្រុង​ភ្នំពេញ​យល់​ថា ការ​វិល​ត្រឡប់​មក​ឈរ​ឈ្មោះ​ជា​ក្រុម​ប្រឹក្សា​រាជធានី របស់​លោក ប៉ា សុជាតិវង្ស នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​ឲ្យ​ពួក​គាត់​បាន​ទេ

2019-03-22
RFA

តំណាង​ពលរដ្ឋ​នៅ​តំបន់​ជ្រោយចង្វារ លោក ជា សុផាត ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។ RFA
តំណាង​ពលរដ្ឋ​នៅ​តំបន់​ជ្រោយចង្វារ លោក ជា សុផាត ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។ RFA


អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​អះអាង​ថា គម្រោង​វិល​ត្រឡប់​ទៅ​ធ្វើ​ការងារ​ក្នុង​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​របស់ អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស នឹង​អាច​ជួយ​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី​បាន ប្រសិន​បើ​លោក​មាន​ឆន្ទៈ។ ប៉ុន្តែ​ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ជម្លោះ​ដីធ្លី​លើក​ឡើង​ថា ពួកគេ​មិន​ទាន់​មាន​ជំនឿ​នៅ​ឡើយ​ទេ។

តំណាង​សហគមន៍​ដីធ្លី​នៅ​តំបន់​ជ្រោយ​ចង្វារ​ លោក ជា សុផាត ប្រាប់​អាស៊ី​សេរីថា រូប​លោក និង​ពលរដ្ឋ​ផ្សេង​ទៀត ​គ្មាន​ជំនឿ​ថា លោក ប៉ា សុ​ជាតិ​វង្ស អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ ជា​មួយ​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​របស់​ឧកញ៉ា​ ពុង​ ខៀវ​សែ បាន​នោះ​ទេ៖ «​ដូច​ជា​អត់​មាន​សង្ឃឹម​ថា​លោក ប៉ា សុជាតិវង្ស ហ្នឹង គាត់​នឹង​មាន​គោលការណ៍​សម្រាប់​ពួក​ខ្ញុំ ពីព្រោះ​គំនិត​ដែល​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​១០​ភាគរយ ហើយ​ទិញ​ប៉ុន្មាន​ឲ្យ​ប៉ុណ្ណឹង​វិញ គឺ​ជា​គោលការណ៍​របស់​គាត់។ អញ្ចឹង​!ខ្ញុំ​សង្ឃឹម​ថា​ ឯកឧត្ដម​ ប៉ា សុជាតិ​វង្ស លុះ​ណា​តែ​គាត់​មាន​ការ​ផ្លាស់​ប្ដូរ​ឧត្ដម​គតិ​ថ្មី ដើម្បី​ជួយ​ពួកខ្ញុំ ហ្នឹង​បាន​មាន​ដំណោះស្រាយ។ បើ​គំនិត​គាត់​ចាស់​មក​ដដែល​ ខ្ញុំ​ជឿ​ជាក់​ថា ពួក​ខ្ញុំ​អត់​បាន​លទ្ធផល​អី​ពី​ការ​ដោះស្រាយ​អី​ពី​ខាង​សាលា​ក្រុង​ទេ»

អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក​ ប៉ា សុជាតិវង្ស​ ធ្លាប់​បាន​កាន់​តំណែង​ រយៈ​ពេល ​៥ឆ្នាំ ចាប់​ពី​ឆ្នាំ២០១៣ មក​ដល់​ឆ្នាំ២០១៧។ ក្រោយ​ពី​បញ្ចប់​ពី​តំណែង​អភិបាល​ក្រុង​ភ្នំពេញ​នៅ​ឆ្នាំ២០១៧ នោះ ព្រះ​មហាក្សត្រ​ក៏​បាន​ត្រាស់​បង្គាប់​តែង​តាំង​លោក ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ហើយ​ក្រោម​មក បាន​ជាប់​ឈ្មោះ​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ឲ្យ​គណបក្ស ប្រជាជន​កម្ពុជា។ ក្នុង​មុខ​តំណែង​អ្នក​តំណាងរាស្ត្រ​ រដ្ឋសភា​ឯក​បក្ស បាន​តែង​តាំង លោក ប៉ា សុ​ជាតិ​វង្ស ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ទី១ ដែល​ទទួល​បន្ទុក​ទទួល​ពាក្យ​បណ្ដឹង​សិទ្ធិ​មនុស្ស និង​ទំនាក់​ទំនង​រដ្ឋសភា​ព្រឹទ្ធសភា។ លោក ប៉ា សុ​ជាតិ​វង្ស បាន​លា​ឈប់​ពី​អ្នក​តំណាងរាស្ត្រ ហើយ​វិល​មក​ឈរ​ឈ្មោះ​ស្ថិត​នៅ​លំដាប់​កំពូល​នៃ​បញ្ជី​​បេក្ខជន​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​វិញ ខណៈ​ការ​បោះឆ្នោត​អសកល ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ ក្រុង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៦ ខែ​ឧសភា​ខាង​មុខ។

លោក ប៉ា សុជាតិ​វង្ស បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ​គណបក្ស​បក្ស​កាន់​អំណាច​ចង់​​ឲ្យ​លោក ​ជួយ​កែ​លម្អ​ការ​អភិវឌ្ឍ​ថ្នាក់​ក្រោម​ជាតិ​ ក្រោម​ការ​ចាត់​តាំង​ពី​លោក​ ហ៊ុន សែន ។ សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ងាក​មក​រក​ដំណែង​ក្នុង​ក្រុម​ប្រឹក្សា​រាជធានី​របស់​លោក ប៉ា សុជាតិ​វង្ស នេះ មិន​អាច​ជួយ​ពលរដ្ឋ​បាន​ច្រើន​នោះ​ទេ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត មើល​ឃើញ​ថា ប្រសិន​បើ​លោក ប៉ា សុជាតិ​វង្ស ​នៅ​បន្ត​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​ទី១ នៃ​រដ្ឋសភា លោក​អាច​យក​តួនាទី​នេះ​ទៅ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​ទូ​ទាំង​ប្រទេស មិន​មែន​ត្រឹមតែ​ភ្នំពេញ​មួយ​នោះ​ទេ៖ «ខ្ញុំ​គ្រាន់​តែ​គិត​ថា ​វា​អត់​មាន​អី​ផ្លាស់​ប្ដូរ​ទេ ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំង​អស់​ហ្នឹង។ បញ្ហា​សំខាន់​បើ​ការ​ផ្លាស់​ប្ដូរ ទាល់​តែ​យើង​មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​ពិត​ប្រាកដ។ អាហ្នឹង​បាន​ទទួល​បាន។ ប៉ុន្តែ​បើ​គ្រាន់​តែ​ត្រឡប់​មក​វិញ ប៉ុន្តែ​ការ​ដោះ​ស្រាយ​មិន​មែន​អាស្រ័យ​លើ​ឯកឧត្ដម ប៉ា សុជាតិ​វង្ស​ ទេ ព្រោះ​នៅ​រាជធានី​វា​មាន​គណៈ​អភិបាល​នៃ​អភិបាល​រាជ​ធានី​ភ្នំពេញ ជា​អ្នក​ប្រតិបត្តិ​នៃ​ការ​ដោះ​ស្រាយ។ អ៊ីចឹង! បើ​យើង​មើល​ទៅ ទាំង​អស់​ហ្នឹង​រួម​គ្នា​ក្នុង​ការ​ដោះស្រាយ បាន​អាច​ដោះ​ស្រាយ​ទៅ​មុខ​បាន។ បើ​គ្រាន់​តែ​ប្ដូរ​តួនាទី​គាត់​មក ខ្ញុំ​គិត​ថា​អត់​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ»

ទោះ​បី​ជា​យ៉ាង​ណា អ្នក​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ីស៊ីអេចអ័រ (CCHR) លោក វណ្ណ សូផាត យល់​ថា​ វត្ត​មាន​របស់​លោក​ ប៉ា សុជាតិ​វង្ស​ ដែល​វិល​មក​ឈរ​ឈ្មោះ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​នេះ នឹង​អាច​ជួយ​ជំរុញ​ការ​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដែល​នៅ​សេស​សល់ ជាពិសេស​បញ្ហា​ដីធ្លី៖ «ខ្ញុំ​ក៏​សង្ឃឹម​ថា​ឯក​ឧត្ដម​ ប៉ា សុជាតិវង្ស លោក​នឹង​មាន​ឆន្ទៈ​ដូច​ដើម ហើយ​អាច​ផ្ដល់​ជា​យោបល់​ទៅ​ដល់​អតីត​សហការី​របស់​គាត់ ​ដែល​ជា​អភិបាល​រាជធានី​ភ្នំពេញ បច្ចុប្បន្ន នឹង​សហការី​បន្ទាប់ៗ ទៀត ដើម្បី​ជួយ​ជំរុញ​ដោះ​ស្រាយ​ឲ្យ​ចប់​ទៅ តែ​ពេល​ណា​ដោះ​ស្រាយ​ចប់​ទៅ គឺ​ស្រឡះ​ដៃ​ទាំង​អស់​គ្នា​ហើយ។ អត់​មាន​បញ្ហា​អី​តទៅ​ទៀត​ទេ»

អង្គការ​សង្គម​ស៊ីវិល​ រំពឹង​ថា ​ការ​ផ្លាស់​ប្ដូរ​មុខ​តំណែង​របស់​លោក​ ប៉ា សុជាតិវង្ស​ នៅ​ពេល​ខាងមុខ អាច​នឹង​មាន​ប្រសិទ្ធភាព​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ ប្រសិន​បើ​ការ​ដោះ​ស្រាយ​ទាំង​អស់​នោះ ឈរ​លើ​គោលការណ៍​យុត្តិធម៌ តម្លាភាព គណនេយ្យ​ភាព ដែល​ប្រកប​ដោយ​ឆន្ទៈ​ពិតប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles