កម្ពុជា​ព្រម​អនុវត្ត​គម្រោង​១​ឆ្នាំ​ជុំវិញ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​ជាមួយ​អាមេរិក​ឡើងវិញ

ដោយ ថន ថារ៉ូ
2019-03-23
RFA

ជំនួប​ពិភាក្សា និង​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​ភាគី​យោធា​សហរដ្ឋអាមេរិក​តំណាង​ដោយ​លោក Scott Burnside ប្រធាន​ផ្នែក​គោលនយោបាយ​នៃ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​បញ្ជាការដ្ឋាន​ប៉ាស៊ីហ្វិក​-​អាមេរិក ជាមួយ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០១៩។ Photo Screenshot
ជំនួប​ពិភាក្សា និង​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​ភាគី​យោធា​សហរដ្ឋអាមេរិក​តំណាង​ដោយ​លោក Scott Burnside ប្រធាន​ផ្នែក​គោលនយោបាយ​នៃ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​បញ្ជាការដ្ឋាន​ប៉ាស៊ីហ្វិក​-​អាមេរិក ជាមួយ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០១៩។ Photo Screenshot


កម្ពុជា​និង​អាមេរិក ចុះ​កិច្ចព្រមព្រៀង រួម​មាន​ការ​អនុវត្ត​គម្រោង​មួយ​ឆ្នាំ ជុំវិញ​កិច្ច​សហប្រតិបត្តិការ កិច្ចការ​មនុស្សធម៌ ការ​អប់រំ និង​ការ​ហ្វឹកហ្វឺន​យោធា​នៃ​ប្រទេស​ទាំងពីរ​ឡើងវិញ ក្រោយពី​កិច្ច​សហប្រតិបត្តិការ​យោធា​នៃ​ប្រទេស​ទាំងពីរ​បាន​ធ្លាក់​ចុះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ គេហទំព័រ​របស់​ក្រសួងការពារជាតិ​ផ្សាយ​ក្នុង​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍​ឯក សួន សំណាង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​នយោបាយ កិច្ចការ​បរទេស​នៃ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​យោធា បាន​ជួបពិភាក្សា និង​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​ភាគី​យោធា​សហរដ្ឋអាមេរិក​តំណាង​ដោយ​លោក Scott Burnside ប្រធាន​ផ្នែក​គោលនយោបាយ​នៃ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​បញ្ជាការដ្ឋាន​ប៉ាស៊ីហ្វិក​-​អាមេរិក។

លោក សួន សំណាង ត្រូវ​បាន​កាសែត​ក្នុងស្រុក​ដកស្រង់​សម្ដី​ថា សកម្មភាព​សហប្រតិបត្តិ​ការ​យោធា​កាល​រវាង​កម្ពុជា​និង​អាមេរិក មាន​ជាង ១០០​សកម្មភាព ក្នុង​មួយឆ្នាំៗ មុន​ឆ្នាំ​២០១៦ ប៉ុន្តែ​សកម្មភាព​ភាព​ទាំងនេះ​ត្រូវ​បាន​កាត់បន្ថយ​និង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តិច​ជាង ១០​សកម្មភាព​ប៉ុណ្ណោះ​នា​ពេល​ពេល​បច្ចុប្បន្ន​នេះ ដោយសារតែ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​មានការ​មមាញឹក​ច្រើន​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨។ លោក​បន្ត​ថា ជាទូទៅ​កម្ពុជា​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​ភាគី​អាមេរិក ទោះបីជា​ក្នុង​ទំហំ​មួយ​នៅ​មាន​កម្រិត​ក៏ដោយ​។ លោក សួន សំណាង លើកឡើង​ទៀត​ថា កិច្ចព្រមព្រៀង​រយៈពេល ១ ឆ្នាំនេះ ភាគច្រើន​ពាក់ព័ន្ធ​នឹង​កិច្ចការ​ងារ​មនុស្សធម៌ ការ​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​របស់​កម្ពុ​ជាមុន​ពេល​ចេញទៅ​បំពេញបេសកកម្ម​នៅ​ក្រៅ​ប្រទេស កម្មវិធី​សុខាភិបាល និង​កម្មវិធី​ធ្វើការ​ងារ​រួមគ្នា​ក្នុង​ការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន ការអប់រំ និង​ការ​ហ្វឹកហ្វឺន​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ​នៅ​វិទ្យាស្ថាន​សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិក នៅ​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក ជាដើម។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Arend Zwartjes ប្រាប់​អាស៊ីសេរី​ថា លោក​មិន​មាន​អ្វី​អត្ថាធិប្បាយ​ទេ​នៅ​ពេល​នេះ ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​យោធា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment