ប្រទេស​ចិន​ថា ជំនួយ​និង​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា មិនមែន​ជា​អន្ទាក់​នោះ​ឡើយ

ដោយ មាន ឫទ្ធិ
2019-03-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) លោក ខុង សៀនយ៉ូវ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ការបរទេស​ចិន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២២ មីនា ឆ្នាំ​២០១៩។ រូប​ហ្វេសប៊ុក លោក ហ៊ុន សែន
(ឆ្វេង) លោក ខុង សៀនយ៉ូវ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ការបរទេស​ចិន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២២ មីនា ឆ្នាំ​២០១៩។ រូប​ហ្វេសប៊ុក លោក ហ៊ុន សែន


អ្នក​វិភាគ​បដិសេធ​ការ​លើក​ឡើង​របស់​មន្ដ្រី​ចិន​ ដែល​ថា​ជំនួយ​មិន​មែន​ជា​អន្ទាក់


អ្នកឃ្លាំមើល​សង្គម​ទាត់ចោល​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​ចិន​ដែល​ថា ជំនួយ និង​ការ​វិនិយោគ​ចិន​នៅ​កម្ពុជា មិនមែន​ជា​អន្ទាក់​ដើម្បី​មាន​ឥទ្ធិពល​នៅ​កម្ពុជា​ឡើយ។ ពួកគេ​យល់​ថា ការ​ជំពាក់​បំណុល​ប្រទេស​ចិន​ច្រើន​សន្ធឹក​សន្ធាប់​នោះ មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ព្រោះ​នាំ​ឱ្យ​កម្ពុជា​ខ្វះ​ឯករាជ្យ​លើ​វិស័យ​សេដ្ឋកិច្ច។

អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក ខុង សៀនយ៉ូវ (Kong Xuanyou) អះអាង​ថា នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២២ មីនា ថា ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​ការ​វិនិយោគ និង​ផ្តល់​ជំនួយ​ដល់​កម្ពុជា ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ។ លោក​បញ្ជាក់​ថា ជំនួយ និង​ការ​វិនិយោគ​ទាំងនេះ មិនមែន​ជា​អន្ទាក់​នោះ​ទេ ក៏ប៉ុន្តែ​គឺជា​ការ​ជួយ​ដោយ​ស្មោះ​ត្រង់ ដើម្បី​ការ​អភិវឌ្ឍ​របស់​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​ចិន​រូប​នេះ ក៏បាន​ឆ្លៀត​វាយប្រហារ​អ្នក​សិក្សា​ស្រាវជ្រាវ និង​ប្រទេស​មួយ​ចំនួន​ដែរ ដែល​រិះគន់​ថា កម្ពុជា​កំពុង​ផុង​ខ្លួន​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​នោះ៖ «ក្រុម​ចេតនា​មិនល្អ​មួយ​ចំនួន បាន​ប្រែ​ស ជា​ខ្មៅ លាប​ពណ៌​វិនិយោគ​របស់​ចិន​ថា ជា​អន្ទាក់​។ ការពិត​តែងតែ​ឈ្នះ​នឹង​ពាក្យ​តវ៉ា​គ្មាន​មូលដ្ឋាន​។ វិនិយោគ​របស់​ចិន​មិនមែន​ជា​អន្ទាក់​ទេ វា​រឹតតែ​មិនមែន​ជា​ការ​គំរាមកំហែង។ វា​ជា​ការ​ជួយ​ដ៏​ស្មោះ​ពី​បងប្អូន​បង្កើត ជា​កម្លាំង​ជំរុញ​ដល់​សមត្ថភាព​អភិវឌ្ឍ​របស់​កម្ពុជា និង​ជា​ទង្វើ​នាំមក​នូវ​ផលប្រយោជន៍​ជូន​ដល់​ប្រជាជន​កម្ពុជា»

ចំណែក មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន វិញ ក៏បាន​បញ្ជាក់​បន្ថែម​លើ​ប្រសាសន៍​របស់​មន្ត្រី​ការទូត​ចិន​រូប​នេះ​ដែរ​ថា ការ​អភិវឌ្ឍ​របស់​ចិន​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ជាពិសេស​ប្រទេស​ដែល​ស្ថិត​ក្នុង​គម្រោង​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ ដូចជា កម្ពុជា​ជាដើម។ លោក​ថ្លែង​ការពារ​ចិន​ជាថ្មី​ទៀត​ថា មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ មិនមែន​មក​ត្រួតត្រា​កម្ពុជា​ឡើយ ហើយ​លោក​ក៏បាន​ឆ្លៀត​ស៊កសៀត​ឱ្យ​ប្រទេស​លោក​ខាត​លិច​ដែរ​ថា កំពុង​បង្គាប់បញ្ជា​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ តាមរយៈ​ការ​គំរាម​ដាក់ទណ្ឌកម្ម។

ការ​លើកឡើង​របស់​មន្ត្រី​ការបរទេស​ចិន​នេះ គឺជា​ឆ្លើយតប​ទៅ​នឹង​ក្តី​បារម្ភ​របស់​អ្នក​ជំនាញ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដែល​កន្លង​មក​ធ្លាប់​បាន​លើកឡើង​ថា ចិន​កំពុង​ប្រើប្រាស់​លុយ​ជំនួយ និង​កម្ចី​ជា​អន្ទាក់​បំណុល ខណៈ​បច្ចុប្បន្ន​កម្ពុជា​ជំពាក់​បំណុល​ចិន​ជាង ៤ ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង​ជាង ២០% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា។

ទោះជា​យ៉ាងណា សង្គម​ស៊ីវិល​មិន​យល់​ស្របតាម ការ​អះអាង​របស់​មន្ត្រី​ចិន​នេះ​ទេ។ ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ថ្លែង​ថា ស្ថានភាព​បច្ចុប្បន្ន កម្ពុជា​មិន​ទាន់​មាន​វិបត្តិ​បំណុល​នៅឡើយ​ទេ ក៏ប៉ុន្តែ​នៅ​ពេល​អនាគត រឿង​នេះ​អាច​នឹង​កើតមានឡើង ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​ខ្ចី​លុយ​ពី​ប្រទេស​ចិន​ក្នុង​ចំនួន​ច្រើន​លើសលប់ ដូច​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​គ្រប់គ្រង​ច្បាស់លាស់​ចំពោះ​ជំនួយ និង​កម្ចី​ដែល​បាន​មក​ពី​ប្រទេស​ចិន ដើម្បី​ធានា​ថា លុយ​ទាំងនោះ​ត្រូវ​បាន​ប្រើប្រាស់​ចំ​ទិសដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់៖ «ដើម្បី​ឱ្យ​បំណុល​នេះ​ជួយ​ដល់​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ ការរៀបចំ​យន្តការ​គ្រប់គ្រង​ហានិភ័យ​នៃ​បំណុល គឺជា​រឿង​ចាំបាច់ ដែល​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ជំនាន់​ក្រោយ​ចង់​ឃើញ​។ អ្វី​ដែល​គេ​ភ័យខ្លាច​នោះ គេ​ខ្លាច​ថា កម្ពុជា​ថ្ងៃក្រោយ​ទៅ នឹង​មាន​ជោគ​វាសនា​ដូច​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក និង​អាស៊ី​ខាងត្បូង​ជាដើម»

កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ កន្លងទៅ អ្នក​សិក្សា​ស្រាវជ្រាវ​ពីរ​រូប គឺ​លោក Sam Parker និង​លោកស្រី Gabrielle Chefitz មកពី​សាកលវិទ្យាល័យ​ហាវើដ (Harvard University) សហរដ្ឋអាមេរិក បាន​រកឃើញ​ថា ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់កម្ចី​រាប់​រយ​ពាន់​លាន​ដុល្លារ ដល់​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក ហើយ​ជារឿយៗ ប្រទេស​ទាំងនោះ គ្មាន​លទ្ធភាព​សង​ចិន​វិញ​នោះ​ទេ​។ នៅ​ពេល​ដែល​គ្មាន​លទ្ធភាព​សង​វិញ​នេះឯង ដែល​ធ្វើ​ឱ្យ​ប្រទេស​ទាំងនោះ​ត្រូវ​ស្ថិតក្រោម​ឥទ្ធិពល​កិច្ចការ​ការទូត​របស់​ចិន ដោយសារតែ​រឿង​បំណុល​វ័ណ្ឌក​នេះ។

អ្នកស្រាវជ្រាវ​ទាំង​ពីររូប​ពន្យល់​ថា “​កិច្ចការ​ការទូត អន្ទាក់​បំណុល​” គឺ​ចង់​និយាយ​ពី​ការដែល​ប្រទេស​ម្ចាស់បំណុល ប្រើប្រាស់​បំណុល ដើម្បី​សម្រេច​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​គេ។ ប្រទេស​ម្ចាស់បំណុល​អាច​ប្រើ​បន្ទុក​បំណុល​នេះ ដើម្បី​ទទួល​បាន​នូវ​ទ្រព្យសម្បត្តិ ឬ​អត្ថប្រយោជន៍​ជា​យុទ្ធសាស្ត្រ ដូចជា​កំពង់ផែ ឬ​ឥទ្ធិពល​នយោបាយ ហើយ​ប្រទេស​ជា​កូនបំណុល ត្រូវតែ​បង្ខំចិត្ត​គោរព​តាម​គេ​។ អ្នកស្រាវជ្រាវ​ទាំងពីរ​រូប ព្រមាន​ប្រទេស​ទាំងអស់ ដែល​ទទួល​ជំនួយ​ពី​ចិន ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់ នៃ​អន្ទាក់​បំណុល​របស់​ចិន​នេះ។

ចំណែក ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី វិញ ក៏​ធ្លាប់​បាន​សម្ដែង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​បំណុល​ចិន​នេះ​ដែរ។ លោក​ថា ដើម្បី​សងបំណុល​ចិន របប​ក្រុងភ្នំពេញ អាច​ឱ្យ​ចិន​ដាក់​ការគ្រប់គ្រង​របស់​ខ្លួន​លើ​ទឹកដី​កម្ពុជា។ លោក​បាន​លើក​ឧទាហរណ៍​ពី​ប្រទេស​ស្រីលង្កា ដែល​ដឹកនាំ​ដោយ​ជន​ផ្ដាច់ការ និង​បាន​ខ្ចី​លុយ​ពី​ប្រទេស​ចិន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ កេង​ផលប្រយោជន៍​ផ្ទាល់ខ្លួន សម្រាប់​ក្រុម​គ្រួសារ និង​បក្ខពួក​របស់​ពួកគេ​។ ដោយសារតែ​បំណុល​នោះ​កើន​ឡើង​ច្រើនពេក ហើយ​ប្រទេស​ស្រីលង្កា​គ្មាន​លុយ​សង មេដឹកនាំ​ប្រទេស​ដែន​កោះ​មួយ​នេះ ត្រូវ​ប្រគល់​ទឹកដី​នៅ​តាម​ឆ្នេរសមុទ្រ ឱ្យ​ប្រទេស​ចិន​គ្រប់គ្រង តាម​រូបភាព​សម្បទាន​រយៈពេល ៩៩​ឆ្នាំ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment