លោក ហ៊ុន សែន ថ្លែង​ការពារ​មិត្ត​ចិន​ថា ​គ្មាន​បំណង​គ្រប់គ្រង​កម្ពុជា​ឡើយ

លោក ហ៊ុន សែន ថ្លែង​ការពារ​មិត្ត​ចិន​ថា ​គ្មាន​បំណង​គ្រប់គ្រង​កម្ពុជា​ឡើយ


By

ឌឹ ខេមបូឌា ដេលី

មេដឹក​នាំ​ក្រុង​ភ្នំពេញ​ដែល​សិទ្ធិ​នឹង​របប​ក្រុង​ប៉េកាំង​គឺ​លោក​ ហ៊ុន សែន ​ បាន​ថ្លែង​ជា​ថ្មី​ទៀត​ថា ​ចិន​មិនមែន​មក​គ្រប់គ្រង​កម្ពុជា​នោះ​ឡើយ ​ហើយ​ចិន​ក៏គ្មាន​យោបាយ​ដើម្បី​គ្រប់គ្រង​ប្រទេស​ណា​មួយ ​ដូច​ប្រទេស​ខ្លះ​នោះ​ដែរ។​

នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ​ នៅព្រឹក​នេះ ​លោក​ ហ៊ុន សែន​ ​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​កុំឱ្យ​ជឿ​ការ​ឃោសនា​អកុសល​របស់​ក្រុម​បក្ស​ប្រឆាំង ​ដែល​បាន​ឃោសនា​ថា ​ចិន​ចូល​មក​គ្រប់​គ្រង​ប្រទេស​កម្ពុជា។ ​លោក​អះអាង​ថា ​បើទោះបីជា​ចិន​ ចង់​ត្រួត​កម្ពុជា​ក៏​ដោយ​ ក៏​កម្ពុជា​មិន​ឱ្យ​ចិន​គ្រប់គ្រង​ដែរ​ ហើយ​ម្យ៉ាង​ទៀត​នយោបាយ​ចិន​គ្មាន​គោលដៅ​ត្រួត​ត្រា​ប្រទេស​ណាទាំ​ងអស់។​

ការ​អះអាង​របស់​លោក​ ហ៊ុន សែន​ នៅពេល​​នេះទំនង​សំដៅ​ទៅ​ដល់​សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​ដែល​កំពុង​ទាមទារ​ឲ្យ​របប​លោក​ ហ៊ុន សែន​ ងាក​មក​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ។​​

ទោះ​បីជា​យ៉ាង​នេះ​ក្តី ​សហគមន៍​អន្តរជាតិ​ ក្រៅ​​ពី​ប្រទេស​កុម្មុយនីស្ត​បាន​ថ្កោល​ទោស​​របប​លោក​ហ៊ុន​ជា​បន្តបន្ទាប់​ដោយ​ថា​ របប​នេះបាន​បំផ្លាញ​មូល ដ្ឋានគ្រឹះ​ប្រជា​ធិបតេយ្យ​និង​សិ​ទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង។​

សហគមន៍​អន្តរជាតិ​ដែល​មាន​អឺរ៉ុប​ និង​អាមេរិក​នាំ​មុខ​គេ​បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ ប្រសិន​បើ​របប​នេះ​មិន​ព្រម​ស្តារ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស ​ពិសេស​ដោះលែង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក ​កឹម សុខា ​ព្រម​ទាំង​មន្ត្រី​ជាប់​បម្រាម​ជាង​១​រយ​នាក់​និង​ បើក​លំហ​សេរីភាព​ដល់​សារព័ត៌​មាន​ឯករាជ្យ​សង្គម​ស៊ីវិល ​និង​សហជីព​ជា​ដើម។ ​

អ្នក​វិភាគ​គោល​នយោបាយ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​ ក៏បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​នយោបាយ​បោះ​ពួយ​ទៅ​រក​ចិន​ឥត​ងាក​រេ​របស់​លោក​ ហ៊ុន សែន ​ហើយ​និយាយ​ថា​ វាជា​នយោបាយ​បាត់បង់​ភាព​ម្ចាស់​ការ​របស់​ខ្លួន។​

មិនតែ​ប៉ុណ្ណោះ ​សារ​ព័ត៌មាន​ Asia Times ​កាល​ពី​ចុង​ឆ្នាំ​មុន​បាន​ចុះ​ផ្សាយ​ថា​ កម្ពុជា​នឹង​ក្លាយ​ជា​ចំណុច​ស្នួល​នៃ​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​ត្រជាក់​ជា​ថ្មីទៀត​ រវាង​អាមេរិក ​និង ​ចិន​ តាម​រយៈ​ការ​សាងសង់​មូលដ្ឋាន​យោធា​របស់​ចិន​នៅក្នុង​ទឹក​ដី​ខ្មែរ ​ព្រម​ទាំង​ជំហរ​ការពារ​គ្នា​ឥត​ងាក​រេ​រវាង​មេ​ដឹកនាំ​ចិន​និង​មេដឹក​នាំ​កម្ពុជា៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles