សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូន​ជនសង្ស័យ​ម្នាក់ ដែល​ចាក់​សាំង​ដុត​ក្មេង​ប្រុស​ម្នាក់​ទៅ​តុលាការ

ដោយ អាស៊ីសេរី
2019-03-23

ក្មេង​ប្រុស​ដែល​ត្រូវ​ស្ត្រី​ម្នាក់​ចាក់​សាំង​ដុត​ខ្លួន នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៩។ Photo courtesy of Police
ក្មេង​ប្រុស​ដែល​ត្រូវ​ស្ត្រី​ម្នាក់​ចាក់​សាំង​ដុត​ខ្លួន នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៩។ Photo courtesy of Police


ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ទិត្យ ណារ៉ុង ប្រាប់​អាស៊ីសេរី ថា សមត្ថកិច្ច​ខេត្ត​សៀមរាប បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ដែល​ចាក់​សាំង​ដុត​ក្មេង​ប្រុស អាយុ ៩​ឆ្នាំ ទៅ​តុលាការ​ហើយ នៅ​ថ្ងៃ​ទី​២៣ មីនា។

ករណី​ចាក់​សាំង​ដុត​ក្មេង​ប្រុស​ម្នាក់ នៅ​ខេត្ត​សៀមរាប កើតឡើង​កាលពី​ថ្ងៃ​ទី​២២ មីនា វេលា​ម៉ោង​ប្រមាណ ១១​ថ្ងៃ ហើយ​បាន​បណ្ដាល​ឱ្យ​ជនរងគ្រោះ​ឆេះ​រលាត់​ស្បែក​មួយ​ចំហៀង​ខ្លួន​ផ្នែក​ខាងឆ្វេង។ ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ទិត្យ ណារ៉ុង មិន​ប្រាប់​ថា សមត្ថកិច្ច ចោទ​ប្រកាន់​ជនសង្ស័យ​ពី​បទ​អ្វី​ទេ៖ «បាទ​! អត់​អ្វី​ទេ​។ ខ្ញុំ​រៀបចំ​រឿង​ហើយ​។ មិនបាច់​នេះ​ទេ ខ្ញុំ​ធ្វើតាម​ច្បាប់​ហើយ​ណា​។ អត់​អ្វី​ទេ ខ្ញុំ​ជាប់​ប្រជុំ​បន្តិច​។ សំណួរ​៖ តើ​សមត្ថកិច្ច​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​អ្វី​? ឆ្លើយ​៖ បាន​ខ្ញុំ​រៀប​រឿង​អស់ហើយ​។ បាទ បង ខ្ញុំ​ធ្វើតាម​នីតិវិធី​ហើយ​។ ខ្ញុំ​មិន​បាច់​នេះ​ទេ​។ មិន​បាច់ចាំ (​សួរ​ទេ​)​។ រឿង​ចោទ ចោទ​ទៅតាម​ផ្លូវច្បាប់​។ បាទ​! មិន​អ្វី​ទេ ខ្ញុំ​បាន​រៀបចំ​រួច​អស់ហើយ ទៅតាម​នីតិវិធី​ច្បាប់​ហើយ»

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ និង​គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ចុះផ្សាយ​ថា ក្មេង​ប្រុស​ជនរងគ្រោះ​ឈ្មោះ ពន ប៉ិន អាយុ ៩​ឆ្នាំ រស់នៅ​ភូមិ​កោកក្នាំង ឃុំ​រើស ស្រុក​ពួក។ ក្រោយ​កើត​ហេតុ ត្រូវ​បាន​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​ជ័យ​វរ្ម័ន​ទី​៧ ហើយ​គ្រូពេទ្យ​បញ្ជាក់​ថា ជនរងគ្រោះ​រួចផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ តែ​ត្រូវ​ឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល។

ចំណែក​ជនសង្ស័យ ឈ្មោះ តែម មឿត ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ជា​អ្នកជិតខាង​នឹង​គ្នា បាន​យក​សាំង​មួយ​គម្រប​ដប​ចាក់​ដុត​ទៅលើ​ជនរងគ្រោះ និង​ប្រាប់​មូល​ហេតុ​ថា ដោយសារ​ជនរងគ្រោះ​បាន​លួច​លុយ​ខ្លួន ចំនួន ១​ម៉ឺន (១០ ០០០) រៀល។ សមត្ថកិច្ច​អះអាង​ថា ចុះ​ទៅដល់​កន្លែង​កើត​ហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម ពី​អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប លោក រៀម ចន្ទមី បាន​ទេ នៅ​ថ្ងៃ​ទី​២៣ មីនា ដោយសារ​គ្មាន​អ្នកទទួល​ទូរស័ព្ទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment