ពលករ​ខ្មែរ​នៅ​ទីក្រុង​បាងកក​តាមដាន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថៃ

ដោយ ទីន ហ្សាការីយ៉ា
2019-03-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ រាប់​សន្លឹក​ឆ្នោត​ក្រោយ​ពេល​បិទ​បញ្ចប់​នៃ​ការ​បោះឆ្នោត​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី២៤ ខែ​មីនា ឆ្នាំ២០១៩។ AP Photo/Sakchai Lalit
គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ រាប់​សន្លឹក​ឆ្នោត​ក្រោយ​ពេល​បិទ​បញ្ចប់​នៃ​ការ​បោះឆ្នោត​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី២៤ ខែ​មីនា ឆ្នាំ២០១៩។ AP Photo/Sakchai Lalit


ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ តាមដាន​យ៉ាង​ចិត្ត​ទុក​ដាក់​លើ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​លើក​ដំបូង​គិត​ពី​ឆ្នាំ២០១៤ មក ក្រោយ​ពី​របប​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​​លោកស្រី យីងឡាក់ ស៊ី​ណា​វ៉ាត់ (Yingluck Shinawatra) ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​អាទិត្យ​ទី​២៤ ​មីនា​​។ ពួកគេ​​រំពឹង​ថា​ គណបក្ស​ដែល​ជាប់​ឆ្នោត​ថ្មី​នឹង​ជួយ​សម្រួល​ដល់​ពលករ នឹង​អាច​ជួយ​ឲ្យ​ជីវិត​រស់​នៅ​របស់​ពួកគេ​មាន​សិទ្ធិ​សេរី​ភាព​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន។

លទ្ធផល​ឆ្នោត​បឋម​ក្រោយ​ពេល​បិទ​បញ្ចប់​នៃ​ការ​បោះឆ្នោត​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី២៤ មីនា បង្ហាញ​ថា​​គណបក្ស​ ភឿថៃ (Pheu Thai) របស់​លោក ថាក់ស៊ីន​ ស៊ីណាវ៉ាត់ ​(Thaksin Shinawatra) នាំមុខ ​ទទួល​បាន​ ១៧៣អាសនៈ នៃ​អាសនៈ​សរុប​ចំនួន ​៥០០​អាសនៈ​នៅ​សភា។

គណបក្ស ​ផះឡាំងប្រះឆារ៉ាត់ (Palang Pracharak) របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-O-Cha) ទទួល​បាន​អាសនៈ៩៦ គណបក្ស​ប្រជាធិបតេយ្យ (Prachathipat)) របស់​លោក អភិសិទ្ធ វេទឆាឈីវ៉ាក់ (Abhisit Vejjajiva)​ បាន​ ៨៨អាសនៈ និង​គណបក្ស​អនាគត​ថ្មី និង​គណបក្ស​ចំនួន៧ ផ្សេង​ទៀត ទទួល​បាន​អាសនៈ​ចាប់​ពី ១ ទៅ ៤០អាសនៈ។

ទោះ​បី​ជា​គណបក្ស​ ភឿ​ថៃ (Pheu Thai) ទទួល​បាន​អាសនៈ​ច្រើន​ជាង​គេ​ក៏​ដោយ​ក៏​មិន​អាច​បង្កើត​រដ្ឋាភិបាល​បាន​ដែរ ប្រសិន​បើ​មិន​មាន​គណបក្ស​ផ្សេង​ទៀត​ចូលរួម​បង្កើត​រដ្ឋាភិបាល​នោះ ​ព្រោះ​គណបក្ស​របស់​លោក​ ប្រាយុទ្ធ ចាន់អូរឆា ដោយ​មាន​សមាជិគព្រិទ្ធសភាព ២៥០នាក់ ដែល​បង្កើត​ឡើង​ដោយ ​ការ​កែ​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ អាច​ជួយ​គាត់​ធ្វើ​ជា​ធ្វើ​នាយករដ្ឋមន្ត្រី​បាន​ដែរ។

មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ​លើក​ឡើង​​ថា ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៤ មីនា ជា​ប្រវត្តិសាស្ត្រ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ​ ដែល​​មាន​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​យ៉ាង​ច្រើន​កុះករ គឺ​មិន​តិច​ជាង ៨០ភាគ​រយ​នោះ​ទេ។

ពលករ​ខ្មែរ​ធ្វើ​នៅ​ទីក្រុង​បាងកក លោក ស៊ុន សីហា ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា ពួក​គាត់​តាម​ដាន​ការ​បោះ​ឆ្នោត​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់ ហើយ​សង្ឃឹម​គណបក្ស​ដែល​ជាប់​ឆ្នោត​ថ្មី​​នឹង​ជួយ​សម្រួល​ដល់​សិទ្ធិ​សេរីភាព​របស់​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាន​ល្អ​ជាង​មុន ព្រោះ​មេ​ដឹក​នាំ​ដែល​ចេញ​ពី​ការ​បោះឆ្នោត​ពី​ប្រជាពលរដ្ឋ​ថៃ៖ «បាទ​ខ្ញុំ​តាម​ដាន​ក្នុង​បំណង​ចង់​យក​អ្វី​ដែល​ល្អ​ពី​ប្រទេស​​របស់​គេ​ដើម្បី​យក​ប្រើ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​របស់​ខ្មែរ​ឲ្យ​បាន​ដូច​គេ​ដែរ​ ហើយ​ទី២​ដោយសារ​នៅ​ប្រទេស​ថៃ មាន​ពលករ​ដល់​ទៅ​ជាង​១លាន​នាក់​ ដូច្នេះ​បើ​សិន​ជា​ប្រទេស​ថៃ​គាត់​ជ្រើសរើស​មេ​ដឹក​នាំ​មិន​ល្អ​គឺ​វា​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ពលករ​ខ្មែរ​យើង​ដែរ»

ចំណែក​ពលករ​ម្នាក់ លោក​ ខ្លី ចាន់ថុល​ លើក​ឡើង​ថា ពួក​គាត់​ធ្វើ​ការ​រោងចក្រ​នៅ​ទី​ក្រុង​បាងកក​បាន​ឈប់​សម្រាក​នៅ​ថ្ងៃ​បោះ​ឆ្នោត​នេះ ហើយ​លោក​ក៏​បាន​តាម​ដាន​ការ​បោះឆ្នោត​នេះ​ដែរ។ លោក​បន្ត​ថា ចង់​ឲ្យ​រដ្ឋាភិបាល​ថ្មី​នេះ​ធ្វើ​យ៉ាង​ណា​គិត​គួរ​ដល់​ពលករ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​ ជា​ពិសេស​ ជួយ​សម្រួល​ឲ្យ​ពលករ​ដែល​កូន​បាន​ចូល​មក​​រស់​នៅ​ជុំ​ជា​មួយ​ឪពុកម្ដាយ​នៅ​ធ្វើ​ការ​នៅ​ប្រទេស​ ព្រោះ​សព្វ​ថ្ងៃ​ពួកគាត់​ពិបាក​នាំ​កូន​ឆ្លង​ដែន​ចូល​មក​ធ្វើ​ការ​ជា​មួយ​ជា​ខ្លាំង​ ដោយសារ​អាជ្ញាធរ​ថៃ​រឹត​បន្តឹង​ការ​នាំ​កុមារ​ចូល​មក​ថៃ៖ «គឺ​ពិបាក​ដោយសារ​ឥឡូវ​នេះ​រដ្ឋាភិបាល​ថៃ​បង្កើត​ច្បាប់​មក​ច្រើន​ ដោយ​កាល​ពី​មុខ​ពលករ​យើង​អាច​យក​កូន​ក្មេង​ ឬ​ក៏​ដាក់​រូប​កូន​ក្មេង​នឹង​អាច​ចេញ​ចូល​តាម​ព្រំដែន​យ៉ាង​ស្រួល​ តែ​ឥឡូវ​នេះ​ ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​យើង​យក​កូន​ក្មេង​ចេញ​ចូល​ទេ​ យក​ចេញ​ទៅ​បាន​ តែ​ចូល​មក​វិញ​គឺ​មិន​បាន​ទេ​ ច្បាប់​នេះ​ គឺ​ពិបាក​ណាស់​សម្រាប់​ពួក​ខ្ញុំ​ ព្រោះ​អ្នក​ខ្លះ​មក​ប្ដី​ប្រពន្ធ​មាន​យក​កូន​មក​ ដោយ​សារ​នៅ​ផ្ទះ​គ្មាន​អ្នក​មើល​ ដល់​ពេល​ខាង​ថៃ​បង្កើត​ច្បាប់​នេះ​មក​គឺ​ពិបាក​ច្រើន»

អ្នក​វិភាគ​តាម​មហាវិទ្យាល័យ​ល្បីៗ របស់​ថៃ​ បាន​ចេញ​បក​ស្រាយ​តាម​ទូរស័ព្ទ​ថា បើ​តាម​លទ្ធផល​ឆ្នោត​តាម​ការ​ប្រជាមតិ​មិន​បោះ​ឆ្នោត រដ្ឋាភិបាល​ថ្មី​របស់​ថៃ ជា​រដ្ឋាភិបាល​ចម្រុះ ដែល​មាន​គណបក្ស​ជា​ច្រើន​រួម​បង្កើត​រដ្ឋាភិបាល។

ទោះ​ជា​យ៉ាង​ណា​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​របស់​ថៃ​កំពុង​រាប់​សន្លឹក​ឆ្នោត​មិន​ទាន់​រួច​រាល់​នៅ​ឡើយ ស្រប​ពេល​​គណបក្ស​ធំៗ ដែល​មាន​អាសនៈ​ច្រើន​ចេញ​ថ្លែង​អំណរ​គុណ​ដល់​ម្ចាស់​ឆ្នោត​ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles