លោក​​ ហ៊ុន សែន​ ចោទ​លោក ​កឹម សុខា​ ថា​រារាំង​មិន​​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ

នយោបាយ


រូបឯកសារ៖ លោក​ កឹម សុខា​ (ឆ្វេង) មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងជាប់​ឃុំ​ឃាំង​ក្នុង​ផ្ទះនិង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។ (VOA)


25 មិនា 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

នៅ​ថ្ងៃ​ចន្ទ​នេះ​ លោក​​ហ៊ុន សែន​ បាន​ថ្លែង​​ថា នឹង​មិន​មាន​ការ​ដោះ​លែង​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នោះ​ទេ​ ដោយ​លោក ​ហ៊ុន សែន​ បាន​ចោទ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ថា​បាន​ហាម​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ មិន​ឲ្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រកាស​ថា​ លោក​នឹង​មិន​ដោះលែង​លោក​ កឹម សុខា​ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​នោះ​ទេ​ ដោយ​ចោទ​ថា​ លោក​ កឹម សុខា​ ​ហាម​ឃាត់​មិន​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ ​នា​ថ្ងៃ​ទី​២៥ ​ខែ​មីនា​ ឆ្នាំ​២០១៩​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ថ្លែង​ថា​ មន្ត្រី​បក្ស​ប្រឆាំង​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ នឹង​មាន​ឱកាស​ធ្វើ​នយោបាយ​ពិត​ប្រាកដ ​តាមរយៈ​ការ​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​ ឬ​ តាម​មធ្យោបាយ​ផ្សេងៗ​ទៀត​ ដោយ​នឹង​មានការ​សម្រួល​ពី​អាជ្ញាធរ​ តែ​ថា មិន​ត្រូវ​ស្ថិត​ក្រោម​រូបភាព​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។​

លោក​ ហ៊ុន សែន​ ក៏​បាន​ព្រមាន​មន្ត្រី​បក្ស​ប្រឆាំង ​ដែល​មិនព្រម​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សម្ដី ឬ​ សកម្មភាព​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​នយោបាយ​ ដែល​លោក​ថា​ សម្ដី ​ឬ​ សកម្មភាព​ទាំង​នោះ​ជា​ការ​ល្មើស​ទៅ​នឹង​ច្បាប់។​

ទន្ទឹម​នឹង​ចោទ​ថា​ មាន​ការ​ព្រមាន​មន្ត្រី​បក្ស​ប្រឆាំង​ មិន​ឲ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយវិញ​នោះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ថ្លែង​ដោយ​មិន​ចំ​ឈ្មោះ​ ​តែ​សំដៅ​លើ​លោក ​កឹម សុខា​ថា៖​

«មាន​អា​អ្នក​ខ្លះ​នៅ​ឃុំ​ក្នុង​ផ្ទះ​នៅ​ឡើយ តែ​ព្រមាន​គេ​កុំ​ឲ្យ​សុំ​សិទ្ធិនយោបាយ។​ ចាំហ្អែង​រួច​ខ្លួន​ទៅ! អញ​មិន​ឲ្យ​ហ្អែង​រួច​ខ្លួន​ទេ។ តែ​តុលាការ​កាត់​ហើយ គ្មាន​រញ៉េរញ៉ៃ​ទេ។​ វា​មិន​ដែល​អាណា​ជាប់​ខ្លួន​ហើយ​ សុទ្ធ​តែ​ជេរ​គេ​អា​ក្បត់​ជាតិ ​អា​លក់​ខ្លួន​ អា​លក់​សតិ​សម្បជញ្ញៈ​ គ្រប់​សព្វ​ហ្នឹង លាប​ពណ៌​ឲ្យ​អតីត​សហការី​ខ្លួន​ឯង»។ ​

ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន​ ធ្វើ​ឡើង​ខណៈ​ដែល​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ដោយ​រង​ការ​ចោទ​ពី​បទ​ «ក្បត់​ជាតិ»​ ស្រប​ពេល​ដែល​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​ត្រូវ​បាន​តុលាការ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ ទើប​តែ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ ក្រោយ​ស្នើ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី។​

លោក​ ចាន់ ចេន​ មេធាវី​មួយ​រូប​ក្នុង​ចំណោម​បួន​រូប​ដែល​ការពារ​ក្ដី​ឲ្យ​លោក​ កឹម សុខា​ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ដោយ​គ្រាន់តែ​ប្រាប់ ​VOA​ យ៉ាង​ខ្លី​ តាម​ន័យ​ដើម​ថា៖​

«កូន​ក្ដី​ខ្ញុំ​បាទ ឯកឧត្តម​ កឹម សុខា គាត់​មិន​បាន​ហាម​ឃាត់ ឬ​ក៏​ព្រមាន​អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ [ហើយ] ក៏​មិន​បាន​ជំរុញ​ឲ្យ​សុំ​សិទ្ធិ​នយោបាយ​វិញ​នោះ​ឡើយ»។​

កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​ និង​ត្រូវបាន​តុលាការឃុំ​ខ្លួន​ពី​ «បទ​សន្ទិដ្ឋិភាព​ជា​មួយ​បរទេស»​ ​ដែល​ស្មើ​នឹង​បទ​ក្បត់ជាតិ។​

លោកត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ទាំង​កំពុង​មាន​ជំងឺ​ ​តាំងពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧​ អស់​រយៈ​ពេល​ជាង​១​ឆ្នាំ ​ដោយ​មិន​មាន​ការ​កាត់ទោស។​ ក្រោយ​មក ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​ លោក​ កឹម សុខា ​ត្រូវ​បាន​តុលាការ​បញ្ជូន​ពី​ពន្ធនាគារត្រពាំង​ផ្លុង​ទៅ​ឃុំ​ក្នុង​ផ្ទះ​វិញ​ ​ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​។ រហូត​មក​ដល់​ពេល​នេះ ការ​ឃុំ​ខ្លួន​លោក​ កឹម សុខា ទាំង​ក្នុង​ពន្ធនាគារ និង​ក្នុង​ផ្ទះ មាន​រយៈពេល​ជិត​១៩​ខែ​មក​ហើយ។

អ្នកស្រី​ ចក់ សុភាព ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (Cambodian Center for Human Rights)​ ​ប្រាប់​ VOA​ ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ដែល​មានអំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ មិន​គួរ​ថ្លែងធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់ការ​សម្រេច​ក្ដី​របស់​តុលាការ​នោះ​ទេ។​

អ្នកស្រី​បន្ថែម​ថា​សម្រាប់​ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា​ ដោយ​មិន​មាន​ការ​បើក​សវនាការ​ណាមួយ ​គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​អ្នកស្រី​ថា​ តុលាការ​គួរ​ពន្លឿន​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​យុត្តិធម៌​ ​ឬ​ដោះលែង​លោក​ ប្រសិន​បើ​មិន​អាច​ស្វែងរក​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក។​

អ្នកស្រី​បញ្ជាក់​ថា៖​

«មិន​គួរ​មាន​ការ​ពន្យារ​ពេល​ហួស​ហេតុ​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ចំពោះករណី​លោក​ កឹម សុខា ​ឬ​ក៏​បុគ្គលផ្សេង​ទៀត ដែល​យើង​ដឹង​ហើយ​ ហើយ​ជា​ពិសេស​ឆ្លង​កាត់​តាម​ការ​ឃ្លាំមើល​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​កន្លង​មក​ យើង​ឃើញ​តួលេខនៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​នេះ​ គឺជា​អត្រា​មួយ​គួរ​ឲ្យ​បារម្ភ​មែនទែន។​ ដូច​នេះ​ហើយ ​វា​នឹង​អាច​ប៉ះពាល់​ដល់​សិទ្ធិ​របស់​បុគ្គល​គ្រប់រូប​ ក្នុង​ការ​ទទួល​បាន​នូវ​ការ​សន្មត​ថា​គ្មាន​ទោស​ ដរាប​ណា​តុលាការ​គាត់​សម្រេច​ក្ដី​ហ្នឹង»។

កាលពាក់​កណ្ដាល​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ ​តុលាការ​កំពូល​កម្ពុជា​បាន​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចោល​ ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ តុលាការ​នេះ​ក៏​បាន​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ ​ម្នាក់ៗ​រយៈ​ពេល​៥​ឆ្នាំ។​

រហូត​ដល់​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ គេ​ឃើញ​មាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​រូប ​បាន​ស្នើ​សុំ​សម្បទាន​ដើម្បីបាន​ធ្វើ​នយោបាយ​ឡើង​វិញ។ ថ្នាក់ដឹកនាំ​ទាំង​៩​រូប​នោះ​រួមមាន​ ​លោក គង់ គាំ​ លោក​ គង់ បូរ៉ា​ ​លោក​ ស៊ីម សុវណ្ណនី ​លោក​ រៀល ខេមរិន្ទ​ ​លោក​ អ៊ូ ច័ន្ទរ័ត្ន លោក​ កង គឹមហាក់​ អ្នកស្រី​ ទេព សុទ្ធី ​លោក​ ជីវ កត្តា ​និង​លោក​ ច័ន្ទ សិលា។​

​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​៥​រូប ដែល​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ក្រោយ​គេ​ រួមមាន​លោក​ អ៊ូ ច័ន្ទរ័ត្ន​ លោក​ ​កង គឹមហាក់​ ​អ្នកស្រី​ ​ទេព សុទ្ធី​ លោក​ ជីវ កត្តា​ និង​លោក ច័ន្ទ សិលា​ ចេញ​នៅ​ថ្ងៃ​ចន្ទ​នេះ​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពួកគេ​ គឺ​ដើម្បី​សម្រាល​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ និង​កសាង​ទំនុក​ចិត្ត​រវាង​អ្នក​នយោបាយ​ខ្មែរ ​ដែល​អាច​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​នា​នា​ ទាំង​បច្ចុប្បន្ន​ និង​អនាគត។​

ចាប់​តាំង​ពី​មាន​ការ​ចោទ​ប្រកាន់ ​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​គេ​ឃើញ​អង្គការ​អន្តរជាតិ​ផ្នែក​ការ​ពារ​សិទ្ធិ​មនុស្ស​ ​និង​សហគមន៍​អន្តរជាតិ​ជាច្រើន​ ​ព្រមទាំង​រដ្ឋាភិបាល​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ផង​ ​បាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​និង​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក​ ​កឹម សុខា​ ជា​បន្តបន្ទាប់ ​ដោយ​ឥត​លក្ខខណ្ឌ។​

យ៉ាង​ណា​ក្តី​ ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ចេញ​មុខ​ការពារ​ចំណាត់​ការ​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ដោយ​និយាយ​ថា ​វិធានការ​នេះ​ធ្វើឡើង​ទៅ​តាម​ច្បាប់ ​ស្រប​តាម​ប្រទេស​នីតិ​រដ្ឋ​ប៉ុណ្ណោះ។​

កាលពី​សប្ដាហ៍​មុន ក្រុម​ការងារ​របស់​សហភាព​អឺរ៉ុបបាន​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​កម្ពុជា​សំខាន់ៗ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កើតឡើង​ក្រោយការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នកសារព័ត៌មាន​ឯករាជ្យ​ និង​ក្រុម​សង្គម​ស៊ីវិល។​

ជំនួប​នោះ​គឺ​ជា​ការចរចា​គ្នា​លើក​ដំបូង​ដើម្បី​វាយ​តម្លៃ​ និង​តាមដាន​សភាព​ការណ៍​ ចាប់​តាំង​ពី​ពេល​ដែល​សហភាព​អឺរ៉ុប​ បាន​ចាប់ផ្ដើម​ដំណើរ​ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​«សព្វ​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ»​ ឬ Everything But Arm (EBA)​ពី​កម្ពុជា​ហើយ​ដែល​ដំណើរ​ការ​នេះ​អាច​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​សីហា​ ឆ្នាំ​២០២០៕

What Next?

Recent Articles

Leave a Reply

Submit Comment