លោក ហ៊ុន សែន ស្នើសុំ​ថៅកែ​រោងចក្រ W&D ឲ្យ​ទទួល​យក​កម្មករ​វិល​ចូល​ធ្វើ​ការ​វិញ

ដោយ វ៉ែន សុមេធ
2019-03-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្មករ​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ W&D នៅ​ខណ្ឌ​មានជ័យ ជាង ១ពាន់​នាក់ ហែ​ញត្តិ​ដោយ​ថ្មើរ​ជើង​ទៅ​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០១៩។ រូបថត៖ សហភាព​ការងារ​កម្ពុជា
កម្មករ​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ W&D នៅ​ខណ្ឌ​មានជ័យ ជាង ១ពាន់​នាក់ ហែ​ញត្តិ​ដោយ​ថ្មើរ​ជើង​ទៅ​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០១៩។ រូបថត៖ សហភាព​ការងារ​កម្ពុជា


មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​អំពាវ​នាវ​ឲ្យ​ថៅកែ​រោង​ចក្រ ដាប់ប៊ែលយ៉ូ​ អ៊ែន ឌី (W&D) ទទួល​យក​កម្មករ​ទាំង​អស់​ឲ្យ​ចូល​ធ្វើការ​វិញ ដោយ​គ្មាន​ការ​រើស​អើង។

ប្រធាន​សហភាព​ការងារ​កម្ពុជា សង្ឃឹម​ថា កិច្ច​អន្តរាគមន៍​នេះ នឹង​អាច​បញ្ចប់​វិវាទ​ការងារ​ដ៏​ចម្រូង​ចម្រាស​រវាង​កម្មករ​និង​​ម្ចាស់​ក្រុមហ៊ុន ដែល​អូស​បន្លាយ​ពេល​វេលា​ជាង​២​ខែ​មក​នេះ។

លោក ហ៊ុន សែន ស្នើ​ថៅកែ​រោង​ចក្រ​ ដាប់​ប៊ែល​យ៉ូ​អ៊ែន​ដី (W&D) នៅ​ទី​ក្រុង​ភ្នំពេញ ទទួល​យក​តំណាង​កម្មករ​ជាង ១០០នាក់ ឲ្យ​ធ្វើ​ការងារ​វិញ ដើម្បី​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ត​ទៅ​ទៀត។ លោក ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ លោក អ៊ិត សំហេង សម្រប​សម្រួល​ជាមួយ​ភាគី​ក្រុមហ៊ុន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ទោះ​បី​ជា​យ៉ាង​ណា លោក ហ៊ុន សែន នៅ​តែ​ចោទ​ថា ​ការ​តវ៉ា​របស់​កម្មករ​ ដែល​ធ្វើ​កូដកម្ម ក្រោម​ការ​ញុះញង់​ពី​អ្នក​ដទៃ ​ជា​ទង្វើ​ខុស​ច្បាប់។ ការ​ថ្លែង​របស់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ​អំពី​ដំណោះស្រាយ​លើ​វិវាទ​ការងារ​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និស្សិត​ជាង ១ពាន់​នាក់​ នៅ​វិទ្យាស្ថាន​ជាតិ​អប់​រំ នៅ​ព្រឹក​ថ្ងៃ​ទី២៥ មីនា៖ «ខ្ញុំ​ធ្លាប់​បាន​និយាយ​ហើយ ការ​ធ្វើ​កូដកម្ម​មិន​មែន​ជា​មធ្យោបាយ​ទេ ឯ​ការ​បណ្ដេញ​កម្មករ​ក៏​មិន​មែន​ជា​មធ្យោបាយ​ដែរ។ អ៊ីចឹង សូម​ឲ្យ​មាន​ការ​យល់​គ្នា​កន្លែង​នេះ។ តែ​កម្មករ​កម្មការិនី​របស់​យើង​ ក៏​មិន​ត្រូវ​ទាម​ទារ​ហួស​ហេតុ​ពេក​នោះ​ទេ នៅ​ពេល​ដែល​ខ្លួន​រាប់​ខែ​មិន​ធ្វើ​ការ​បែរ​សុំ​ប្រាក់​ខែ។ អ៊ីចឹង បាន​សេចក្ដី​ថា ទៅ​កូដកម្ម​បាន​ប្រាក់​ខែ វា​ដូច​ជា​ស្រួល​ពេក។ អ៊ីចឹង ត្រូវ​រក​វិធី​សម្រប​សម្រួល​គ្នា​យ៉ាង​ម៉េច​ទៅ​លើ​បញ្ហា​នេះ ព្រោះ​យើង​បាន​ធ្វើ​ខុស​ច្បាប់​ពិត​ប្រាកដ។ បើ​គេ​ឲ្យ​ចូល​ធ្វើ​ការ​វិញ ​វា​ជា​ភ័ព្វ​សំណាង​មួយ​ទៅ​ហើយ»

មក​ដល់​ពេល​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ ឲ្យ​ដឹង​ថា កម្មករ​ជាង ១.២០០នាក់ រួម​នឹង​តំណាង​កម្មករ​ជាង ១០០នាក់ ថៅកែ​មិន​ទាន់​ទទួល​យក​ពួក​គេ​ឲ្យ​ចូល​ធ្វើ​ការ​វិញ​នៅ​ឡើយ ថ្វី​បើ​មាន​ការ​សម្របសម្រួល​ពី​ក្រសួង​ការងារ​ជា​ច្រើន​ដង​ក៏​ដោយ។ ទោះបីជា​យ៉ាង​ណា លោក​សង្ឃឹម​ថា អាច​នឹង​មាន​ដំណោះស្រាយ​នៅ​ពេល​ឆាប់ៗ ខាង​មុខ​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​លើក​ឡើង​ជា​សាធារណៈ​អំពី​បញ្ហា​នេះ៖ «យើង​បាន​ដំណឹង​មក​ថា ខាង​ក្រសួង ​ខាង​ក្រុមហ៊ុន ក៏​ដូចជា​ខាង​សហជីព​ហ្នឹង យើង​បាន​ជជែក​គ្នា​ច្រើន​ដង​ហើយ។ ហើយ​យើង​បាន​ម្សិល​ម្ង៉ៃ​មួយ​នេះ​ យើង​ក៏​មាន​ការ​ជួប​ប្រជុំ​មួយ​ទៀត​ ក្រុមហ៊ុន​នៅ​តែ​ចិញ្ចឹម​ចិត្ត​មិន​ចង់​ឲ្យ​ឲ្យ​ចូល​ធ្វើ​ការ​វិញ ​ថ្នាក់​ដឹក​នាំ​ប្រហែល ​៦ ទៅ ៧នាក់។ ក៏​ប៉ុន្តែ​មក​ដល់​ពេល​កម្មករ​គាត់​មិន​ឯកភាព​ទេ។ អ៊ីចឹង ខ្ញុំ​គិត​ថា ចំ​ពេល​ដែល​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​បែប​នេះ​ទៀត អ៊ីចឹង​ក្រុមហ៊ុន​ប្រហែល​ជា​គ្មាន​ជម្រើស​អី​ ដើម្បី​ឲ្យ​កម្មករ​វិល​ចូល​ធ្វើការ​ទេ។ដំណោះស្រាយ​ផ្សេង​ទៀត យើង​ត្រូវ​ការ​ជជែក​គ្នា​បន្ថែម​ទៀត»

លោក អាត់​ ធន់ យល់​ថា គួរតែ​មាន​ការ​ជជែក​គ្នា​អំពី​​ប្រាក់​ខែ​សម្រាប់​កម្មករ ក្នុង​អំឡុង​ពួកគាត់​ធ្វើ​កូដ​កម្ម ព្រោះ​ថា​ការ​ធ្វើ​កូដកម្ម ​មិន​មែន​កើត​ចេញ​ពី​ខាង​ក្រុម​កម្មករ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុមហ៊ុន​នោះ​ទេ គឺ​ដោយ​សារ​ក្រុមហ៊ុន​មិន​ព្រម​ទទួល​យក​កម្មករ​ចូល​ធ្វើការ៖ «នៅ​ក្នុង​ច្បាប់​ការងារ​គេ​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​កម្មករ​គិត​លុយ​នៅ​កំឡុង​ពេល​ធ្វើ​កូដកម្ម​ទេ។ ប៉ុន្តែ​គេ​មើល​ទៅ​សមត្ត​កម្ម ប្រសិន​បើ​ការ​ធ្វើ​ឡើង​នេះ​ដោយ​កម្មករ​ដើម្បី​ដាក់​សម្ពាធ​ ហ្នឹង​ច្បាប់​ហាម​មិន​អនុញ្ញាត​ទេ។ ប៉ុន្តែ​នៅ​ក្នុង​ករណី​ គឺ​កម្មករ​សុំ​ចូល​ធ្វើការ​វិញ តែ​ក្រុម​ហ៊ុន​ជា​អ្នក​ឃាត់ អ៊ីចឹង​ ខ្ញុំ​យល់​ថា ករណី​W&Dនេះ ខ្ញុំ​គិត​ថា​គួរ​តែ​ត្រូវ​បាន​ជជែក​គ្នា​នៅ​ក្នុង​ផ្លូវ​ណាមួយ​ដើម្បី​ឲ្យ​កម្មករ​មាន​ឱកាស​ក្នុង​ការ​ចូល​ធ្វើ​ការ​ផង និង​ឱកាស​ទទួល​បាន​ប្រាក់​សម្រាប់​ការ​ចំណាយ​ទឹក​ភ្លើង​ហ្នឹង​អី​ផង»

អាស៊ី​សេរី​ បាន​សួរ​ទៅ​មេធាវី​តំណាង​ឲ្យ​ថៅកែ​រោងចក្រ W&D គឺ​លោក តាំង ម៉េង អំពី​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​ភាគី​ក្រុមហ៊ុន​ទទួល​យក​កម្មករ​ឲ្យ​ធ្វើ​ការងារ​វិញ ប៉ុន្តែ មេធាវី​រូប​នេះ បដិសេធ​ការ​ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ី​សេរី​តាម​ប្រព័ន្ធ​ទូរស័ព្ទ។

ចំណែក​ចំណាត់​ការ​ និង​ដំណោះស្រាយ​ពី​ខាង​ក្រសួង​ការងារ​វិញ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហេង សួរ ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ និង​លោក ប្រាក់ ចាន់​ធឿន ជា​អគ្គ​លេខាធិការ​នៃ​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​ បាតុកម្ម​គ្រប់​មុខ​សញ្ញា ​នៃ​ក្រសួង​ការងារ បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

វិវាទ​ការងារ​រវាង​ថៅកែ​ និង​កម្មករ​រោងចក្រ ដាប់ប៊ែលយូរ អែន ឌី​ (W&D (Cambodia) Co.,Ltd) ដែល​អូស​បន្លាយ​ជាង ២ខែ​មក​នេះ ​ដោយ​សារ​ភាគី​ថៅកែ​រោងចក្រ រក្សា​ជំហរ​មិន​ទទួល​យក​តំណាង​កម្មករ​ជាង ១០០នាក់ ឲ្យ​ចូល​ធ្វើការ​ ដោយ​ចោទ​ថា ពួក​គេ​ជា​ក្រុម​ញុះញង់​ឲ្យ​កម្មករ​ជាង ១.៧០០នាក់​ផ្សេង​ទៀត ក្នុង​ចំណោម​កម្មករ​ជាង ១.៨០០រយ​នាក់​ឲ្យ​ចេញ​តវ៉ា។ កម្មករ​ថា ការ​តវ៉ា​របស់​ពួក​គេ​ពេល​នេះ គ្រាន់​តែ​ដើម្បី​បាន​ចូល​ធ្វើ​ការងារ​ក្នុង​រោងចក្រ​វិញ រក​ប្រាក់​កម្រៃ​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ផ្គត់ផ្គង់​ក្មេង ចាស់​ជរា​ក្នុង​បន្ទុក​ប៉ុណ្ណោះ។

រោងចក្រ​កាត់ដេរ ដាប់ប៊ែលយូរ អែនឌី​ W&D (Cambodia) Co.,Ltd) ស្ថិត​នៅ​ខណ្ឌ​មានជ័យ ដែល​មាន​ថៅកែ​ជា​ជន​ជាតិ​ចិន ផលិត​ម៉ាក​ខោរ​អាវ​ល្បីៗ ដូចជា ម៉ាក 511, CARRAT និង​ម៉ាក M&S។ កម្មករ​ឲ្យ​ដឹង​ថា ម៉ាក​ទាំង​បី​នេះ រោងចក្រ​ ដាប់​ប៊ែលយូរ អែន​ ឌី (W&D (Cambodia) Co.,Ltd) ផលិត​ច្រើន​ជាង​គេ ចំណែក​ម៉ាក H&M​ មាន​ទទួល​ផលិត​យូរៗ ម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles