អ្នក​នយោបាយ​៥រូប​ដែល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ថា ​មិន​បង្កើត​បក្ស​ថ្មី​ឬ​ចូល​រួម​បក្ស​ណា​មួយ​ឡើយ​

media
​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ
@សហការី


អ្នក​នយោបាយ​៥រូប​ជា​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ បានធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​សណ្ឋាគារ​សាន់វ៉េ ដើម្បី​បញ្ជាក់​ពី​គោល​ជំហរ​របស់​ពួក​គេ បន្ទាប់​ពី​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ ក្នុង​សន្និសីទ​ដែល​ដឹកនាំ​ដោយ​ អ៊ូ ច័ន្ទរ័ត្ន នោះ អ្នក​នយោបាយ​ទាំង​៥រូប​ បាន​បង្ហាញ​ជំហ​របស់​ខ្លួន​ថា ពួកគេ​នឹង​មិន​ទៅ​បង្កើត​គណបក្ស​ថ្មី ឬ​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​មាន​ស្រាប់​ឡើយ​។

យោងតាម​សេចក្តី​ការណ៍ ក៏ដូចជាការ​ប្រកាស​នៅក្នុង​សន្និសីទសារព័ត៌មាន លោក អ៊ូ ច័ន្ទរ័ត្ន បាន​អះអាង​ថា គោល​ជំហររបស់​អ្នកទាំង៥ ដែលបានសិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ គឺ​នៅ​តែ​បន្ត​ទាម​ទារ ឲ្យដោះលែង លោក កឹម សុខា ដើម្បី​ឲ្យ​មាន​ឱកាស​ដឹកនាំ​សកម្មភាព​នយោបាយ​ឡើងវិញ ហើយ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ផ្តល់​តំណែង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដល់​អតីត​គណបក្សសង្រ្គោះជាតិ​ និងចង់ឲ្យមានការ​ផ្សះ​ផ្សារជាតិ ដោយ​ប្រើប្រាស់​វប្បធម៌សន្ទនាដែល​ជាគំរូ​ដល់​អ្នក​ជំនាន់​ក្រោយ។

ឆ្លើយតប​នឹង​សំណួរ​អំពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​កាន់​តែ​ខ្លាំង នៅ​ពេល​អ្នក​ទាំង​៥ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា បើ​សិន​ជា​លោក​មិន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ គឺ​មិន​អាច​បង្រួប​បង្រួម​ផ្ទៃក្នុង​គណបក្ស​នេះ​បាន​ឡើយ​។ ជាមួយ​គ្នា​នោះ លោក អ៊ូ ច័ន្ទរ័ត្ន ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​លោក​លក់​ឧត្តមគតិ ឬ​លក់​ខ្លួន​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថា​អ្នក​ទាំង៥​ក៏មិន​ទៅ​បង្កើត​គណបក្ស​ថ្មី​ឬ​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ពោល​គឺ​ពួក​គេ​គ្រាន់​តែ​ប្រើ​សិទ្ធិ​ជា​អ្នក​នយោបាយ​ចុះ​ជួប​សកម្មជន​នៅ​តាម​មូល​ដ្ឋាន​ដូច​ពី​មុន​។

ទាក់ទងនឹង​ការទទួលបានសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញរបស់​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​ទាំង​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​នេះ​បាន​ថ្លែង​ថា អ្នក​ដែល​ទទួល​បាន​នីតិ​សម្បទា​នយោបាយ​ឡើង​វិញ​គឺ ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​ពួក​គេ​ឲ្យ​បាន​ពេញ​លេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​។ ហើយ​លោក​បាន​ព្រមាន​ថា​អ្នក​នយោបាយ​ដែល​មិន​ទាន់​ទទួល​បាន​នីតិ​សម្បទា​នយោបាយ​ឡើង​វិញ គឺ​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ទេ​។ បើ​ធ្វើ​សកម្មភាព​នយោបាយ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​។

ក៏​ប៉ុន្តែ​លោក សម រង្ស៊ី បាន​ចាត់​ទុក​សមាជិក​អតីត​គណបក្សសង្រ្គោះ​ជាតិ​ដែល​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះថា ជា​មនុស្ស «ក្បត់​បក្ស»។

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ គឺ​មាន​អ្នក​នយោបាយ​ចំនួន​៩រូប​ប៉ុណ្ណោះ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ នៅក្នុង​ចំណោម​អ្នក​នយោបាយ​របស់​អតីត​គណបក្សង្រ្គោះ​ជាតិ​ចំនួន​១១៨​រូប ​ដែល​ត្រូវ​បាន​ហាម​ឃាត់​ធ្វើ​នយោបាយ​៥ឆ្នាំ បន្ទាប់​ពី​ច្បាប់​ស្តី​ពី​ការ​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​ក្រុម​ប្រឆាំង​ឡើង​វិញ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ​៕

What Next?

Recent Articles