មន្ត្រី​បក្ស​ប្រឆាំង ៥រូប​ធ្វើ​សន្និសីទ​កាសែត​បក​ស្រាយ រឿង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ

ដោយ ទីន ហ្សាការីយ៉ា
2019-03-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​បក្ស​ប្រឆាំង ៥រូប មាន​លោក អ៊ូ ច័ន្ទរ័ត្ន (កណ្ដាល) និង​មន្ត្រី ៤រូប​ទៀត រួម​គ្នា​ធ្វើ​សន្និសីទ​កាសែត​បក​ស្រាយ រឿង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក សេនា គ្រុឌ
មន្ត្រី​បក្ស​ប្រឆាំង ៥រូប មាន​លោក អ៊ូ ច័ន្ទរ័ត្ន (កណ្ដាល) និង​មន្ត្រី ៤រូប​ទៀត រួម​គ្នា​ធ្វើ​សន្និសីទ​កាសែត​បក​ស្រាយ រឿង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក សេនា គ្រុឌ


មន្ត្រីបក្សប្រឆាំង៥នាក់ ដែលទើបបានសិទ្ធិធ្វើនយោបាយថាមិនបង្កើតបក្សថ្មី ឬចូលបក្សដទៃ


មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ៥នាក់ ធ្វើ​សន្និសីទ​កាសែត បក​ស្រាយ មូលហេតុ​នៃ​ការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ ខណៈ​អ្នក​គាំទ្រ និង​មេ​បក្ស​របស់​ខ្លួន រិះគន់​ខ្លាំងៗ ថា ជា​ក្រុម​ក្បត់​ឆន្ទៈ​រាស្ត្រ និង​លក់​ឧត្ដម​គតិ។ ទោះ​យ៉ាង​ណា​ក្តី មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ចេញ​មុខ​ការពារ​ក្រុម​ស្នើសុំ​សិទ្ធិ ធ្វើ​នយោបាយ​នេះ និង​ព្រមាន​មិន​ដោះ​លែង​លោក កឹម សុខា។ អ្នក​ឃ្លាំ​មើល​បញ្ហា​នយោបាយ​យល់​ថា មន្ត្រី​បក្ស​ប្រឆាំង ដែល​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​តាម​ការ​ប្រកាស​របស់​លោក ហ៊ុន សែន គឺ​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ភាព​បរាជ័យ និង​មិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សង្គម​ជាតិ​បាន​ទេ។

មន្ត្រីគណបក្ស សង្គ្រោះ​ជាតិ ៥រូប ដែល​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​ក្រុង​ភ្នំពេញ បាន​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ជំហរ​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​មីនា​ថា ពួក​គេ​នឹង​មិន​ទៅ​បង្កើត​គណបក្ស​ថ្មី ឬ​ទៅ​ចុះ​ចូល​ជា មួយ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​មាន​ស្រាប់​នោះឡើយ។

មន្ត្រី​គណបក្ស​ប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ដឹក​នាំ​ការ​ធ្វើ​សន្និសីទ​កាសែត អះអាង​ថា ពួក​លោក​ទាំង ៥នាក់ មិន​បាន​លក់​ឧត្ដមគតិ ឬ​លក់​ខ្លួន​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ​មូលហេតុ​នៃ​ការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ គឺ​ដើម្បី​សម្រាល​ស្ថានការណ៍​នយោបាយ និង​បញ្ចៀស​នូវ​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និងGSP ព្រមទាំង​ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ ដោយ​ប្រើប្រាស់​វប្បធម៌​សន្ទនា ដែល​ជា​គំរូ​ដល់​អ្នក​ជំនាន់​ក្រោយ។

លោក អ៊ូ ច័ន្ទ រ័ត្ន ក៏​បង្ហាញ​ជំហរ​បន្ត​ទាម​ទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ដើម្បី​ឲ្យ​មាន​ឱកាស​ដឹក​នាំ​សកម្មភាព​នយោបាយ​ឡើង​វិញ ហើយ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ផ្ដល់​តំណែង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដល់​អតីត​គណបក្ស សង្គ្រោះ​ជាតិ ​ឡើង​វិញ​ដែរ៖ «គោលជំហរ​របស់​យើង គឺ​យើង​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ការ​ទាមទារ​ដោះ​លែង​លោក​ប្រធាន កឹម សុខា និង​ផ្ដល់​នីតិសម្បទា​ជូន​លោក​វិញ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​លោក​ចេញ​មក​ដឹក​នាំ​សកម្មភាព​នយោបាយ​ឡើង​វិញ»

ទាក់ទង​នឹង​ការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ មេ​ដឹក​នាំ​របប​ក្រុង ភ្នំពេញ លោក ហ៊ុន សែន បាន​ចេញ​មុខ​ការពារ និង​គាំទ្រ​ពេញ​ទំហឹង ក្នុង​ការ​ធានា​ឲ្យ​ពួក​គេ ធ្វើ​សកម្មភាព​នយោបាយ​បាន​យ៉ាង​ពេញលេញ។ ប៉ុន្តែ លោក ហ៊ុន សែន ក៏​មិន​ភ្លេច​ព្រមាន​ខ្លាំងៗ ចំពោះ​សកម្មជន និង​ថ្នាក់​ដឹក​នាំ គណបក្ស​ប្រឆាំង ដែល​មិន​ព្រម​សុំ​សិទ្ធិ​នយោបាយ​តាម​ការ​ប្រកាស​របស់​លោក​ដែរ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ថ្ងៃ​ទី២៥ ខែ​មីនា លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​ចាត់​វិធានការ​ធ្ងន់ៗ ចំពោះ​អ្នក​ដែល​មិន​ទាន់​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​លោក​ក៏​មិន​ឲ្យ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​រួច​ខ្លួន​ដែរ បន្ទាប់​ពី​លោក​បាន​ដឹង​ថា លោក កឹម សុខា បាន​ព្យាយាម​រារាំង មិន​ឲ្យ​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ សុំ​សិទ្ធិ​នយោបាយ​ពី​របប​របស់​លោក ដូច​អ្វី​ដែល​លោក សម រង្ស៊ី តែងតែ​អំពាវនាវ​ដែរ៖ «មាន​អ្នក​ខ្លះ​ជាប់​ឃុំ​ក្នុង​ផ្ទះ​នៅ​ឡើយ​ទេ តែ​ព្រមាន​គេ​មិន​ឱ្យ​សុំ​សិទ្ធិ​នយោបាយ។ ចាំ​តែ​រួច​ខ្លួន​តើ! ខ្ញុំ​មិន​ឱ្យ​រួច​ខ្លួន​ទេ! ឱ្យ​តែ​តុលាការ​កាត់ [ទោស] ហើយ​គ្មាន​រញ៉េរញ៉ៃ​ទេ»

លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត រួម​ទាំង​អ្នក​គាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ថា ការ​សម្រេច​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ក្នុង​កាលៈទេសៈ​នេះ គឺ​ជា​ក្រុម​ក្បត់​បក្ស និង​ក្បត់​ឆន្ទៈ​រាស្ត្រ ដើម្បី​ផល​ប្រយោជន៍ លាភ​សក្ការ​ផ្ទាល់​ខ្លួន។

រីឯ​អ្នក​ឃ្លាំ​មើល​បញ្ហា​នយោបាយ លោក រ៉ុង ឈុន លើក​ឡើង​ថា ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ គឺ​សិទ្ធិ​របស់​ពួក​គេ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​បែប​នេះ ហើយ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ទាន់​បាន​ដោះ​លែង គឺ​បង្ហាញ​ថា ពួក​គេ​មិន​បាន​គោរព​ និង​គ្មាន​ភាព​ស្មោះ​ត្រង់​ចំពោះ លោក កឹម សុខា នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ការ​សម្រេច​ចិត្ត​បែប​នេះ គឺ​ស្មើ​នឹង​ការ​ទទួល​ស្គាល់​ថា ការ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ និង​ហាម​ឃាត់​សិទ្ធិ​នយោបាយ​កន្លង​មក គឺ​ជា​រឿង​ត្រឹម​ត្រូវ​ទៅ​វិញ៖ «ធ្វើ​បែប​នេះ​ឱ្យ​គណបក្ស សង្គ្រោះ​ជាតិ ចុះ​ខ្សោយ​ទៅ​វិញ​ទេ។ ម្នាក់ៗ ចេះ​តែ​ចេញ ហើយ​មិន​ព្រម​រួបរួម​គ្នា​ ហើយ​អួត​ថា​ ខ្លួន​ឯង ៤ ទៅ ៥នាក់​នេះ​ថា​ មាន​ឥទ្ធិពល។ តើ​មាន​ឥទ្ធិពល​អី​ត្រឹម ៤ ទៅ ៥នាក់​នេះ ហើយ​ទៅ​ធ្វើ​អី​ឱ្យ​ស្ថានភាព​នយោបាយ​ល្អ​ប្រសើរ​វិញ និង​ឱ្យ​គេ​ដោះ​លែង​លោក កឹម សុខា រួម​ទាំង​លើក​លែង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ។ សំខាន់​ត្រូវ​តែ​រួបរួម និង​ចង​គ្នា​ឱ្យ​រឹងមាំ»

លោក រ៉ុង ឈុន បន្ត​ទៀត​ថា ចំពោះ​ករណី​លោក ហ៊ុន សែន គំរាម​មិន​ឲ្យ​លោក កឹម សុខា រួច​ខ្លួន​នេះ គឺ​ជា​ការ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​របស់​លោក កឹម សុខា។ ម្យ៉ាង​ទៀត វា​បង្ហាញ​កាន់​តែ​ច្បាស់​ថា ការ​ឃុំ​ខ្លួន​លោក កឹម សុខា គឺ​ជា​ចេតនា​នយោបាយ មិន​មែន​ជា​ចេតនា​អនុវត្ត​ច្បាប់​នោះ​ទេ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​យ៉ាង​ខ្លាំង៖ «ខ្ញុំ​សូម​កោត​សរសើរ​នូវ​សេចក្ដី​ក្លាហាន​របស់​គាត់ (កឹម សុខា) ទោះ​បី​ជា​គាត់​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក៏​ដោយ ហើយ​គាត់​នៅ​តែ​មាន​ស្មារតី​រឹងមាំ និង​បាន​អំពាវនាវ​ឱ្យ​កូន​ចៅ​ពង្រឹង​ស្មារតី កុំ​ឱ្យ​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ»

មក​ទល់​ពេល​នេះ គឺ​មាន​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ៩រូប​ហើយ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​របស់​អតីត​គណបក្ស សង្គ្រោះ​ជាតិ ចំនួន ១១៨រូប ដែល​ត្រូវ​បាន​ហាម​ឃាត់​ធ្វើ​នយោបាយ​៥ឆ្នាំ។ អ្នក​ទាំង ៩នោះ គឺ​មាន លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ីម សុវណ្ណនី លោក រៀល ខេមរិន្ទ លោក អ៊ូ ច័ន្ទរ័ត្ន លោកស្រី ទេព សុទ្ធី លោក កង គឹមហាក់ លោក ជីវ កត្តា និង​លោក ច័ន្ទ សិលា។

ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី តែងតែ​អំពាវនាវ​ដល់​មន្ត្រី​ក្នុង​ជួរ​ដឹកនាំ​គណបក្ស​នេះ ដែល​រង​ការ​ហាម​ឃាត់​សិទ្ធិ​នយោបាយ​ទាំង​អស់ ឲ្យ​បន្ត​រក្សា​ជំហរ​រឹងមាំ​ដាច់ខាត និង​មិន​ត្រូវ​មិន​ត្រូវ​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ពី​របប ហ៊ុន សែន ទេ ពី​ព្រោះ​របប​នេះ កំពុងតែ​ត្រូវ​អន្តរជាតិ​ព្រមាន​កាន់​តែ​ខ្លាំង​ឡើងៗ។ លោក សម រង្ស៊ី អះអាង​ថា សម្ពាធ​របស់​សហភាព​អឺរ៉ុប នឹង​ធ្វើ​ឲ្យ​របប​លោក ហ៊ុន សែន គ្មាន​ជម្រើស​អ្វី ក្រៅពី​បើកផ្លូវ​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ ដំណើរ​ការ​ឡើង​វិញ ដែល​ពេល​នោះ មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ទាំង​អស់ នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដោយ​ស្វ័យប្រវត្តិ និង​ដោយ​រក្សា​កិត្តិយស​ថ្លៃថ្នូរ​របស់​ខ្លួន​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles