អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់

ដោយ សុ ជីវី
2019-04-05
អាស៊ីសេរី

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​នាំ​យក​មក​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo from Facebook
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​នាំ​យក​មក​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo from Facebook


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាម​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ លោក កឹម សុខា បាន​ជាប់​ឃុំ​អស់​រយៈពេល​ជាង១៨ ខែ​មក​ហើយ ដែល​ជា​រយៈពេល​ឃុំ​ខ្លួន​ហួស​ច្បាប់​កំណត់ ខណៈ​តុលាការ​មិន​បាន​កំណត់​ថ្ងៃ​ជំនុំ​ជម្រះ​ ដើម្បី​រកមើល​​ពិរុទ្ធភាព​របស់​លោក​នៅឡើយ។

នាយក​អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​លោក ប៊្រែដ អាដាមស៍ (Brad Adams) បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅថ្ងៃទី០៥ មេសា ថា តុលាការ​របប​លោក ហ៊ុន សែន បាន​ឃុំ​ខ្លួន​លោក កឹម សុខា ជាង​មួយ​ឆ្នាំ​កន្លះ​ហើយ ហើយ​ក៏​បាន​បើក​ការ​ស៊ើប​អង្កេតដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​​ការ​វិវឌ្ឍ​អ្វី​ទាំងអស់។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​បែប​នេះ និង​ដោះលែង​លោក​ កឹម សុខា ឱ្យ​មាន​សេរីភាព​ឡើងវិញ។

ប្រតិកម្ម​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ធ្វើ​ឡើង​ដោយ​សារ​លោក កឹម សុខា ត្រូវ​បន្ត​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​តទៅ​ទៀត ដោយ​តុលាការ​​មិន​អនុញ្ញាត​ឱ្យ​លោក​បាន​ជួប​សហការី មន្ត្រី​ការទូត និង​អ្នក​សារព័ត៌មាន ​នោះ​ឡើយ។​ ចំណែក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​នេះ​វិញ ក៏​មិន​ទាន់​ត្រូវ​បាន​កំណត់ពេល​នៅឡើយ​ដែរ បើ​ទោះជា​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​អនុញ្ញាត​ឱ្យ​មាន​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ត្រឹម​១៨ ខែ​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ចាត់​ទុក​ការ​លើក​ឡើង​របស់​អង្គការ​​យូមែន រ៉ៃត៍ វ៉ច្ឆ នេះ​ ថា​មិន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ និង​មាន​ចរិត​នយោបាយ​ វាយ​ប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា។ លោក​ថា សំណុំ​រឿង​លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ ហើយ​សវនាការ​នឹង​ធ្វើ​ឡើង​ ក្រោយ​ពេល​បិទ​បញ្ចប់​នីតិវិធី​ស៊ើបអង្កេត។ ក៏​ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ថា តើ​ពេល​ណា​ដែល​ការ​ស៊ើបសួរ​នឹង​ត្រូវ​បិទ​បញ្ចប់​នោះ៖ «លោក​ កឹម សុខា មិន​បាន​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ទៀត​ទេ គឺ​ឱ្យ​នៅ​ក្រៅ​ឃុំ​ស្ថិត​នៅ​ក្រោម​​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ អ៊ីចឹង​ការ​លើក​ឡើង​ថា លើស​១៨ ខែ​ ខុស​ច្បាប់​នេះ គឺ​គាត់​មិន​បាន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ទាល់​តែ​សោះ។ ហើយ​ទីពីរ ការ​លើក​ឡើង​របស់​គាត់ គឺ​មាន​ចេតនា​នយោបាយ​ច្រើន​ជាង ក្នុង​ការ​ការពារ​ក្រុម​បក្ខពួក​ជា​សម្ពន្ធមិត្ត​របស់​គាត់ ហើយ​ក្នុង​ចេតនា​វាយ​ប្រហារ បន្ទោស​បង្អាប់​រដ្ឋាភិបាល ដោយ​ផ្អែក​លើ​គំនុំ​ផ្ទាល់​ខ្លួន​របស់​គាត់ ដែល​គាត់​មិន​ពេញ​ចិត្ត​ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​អង្គការ​របស់​គាត់​នៅ​ពេល​កន្លងមក»

ថ្វី​ត្បិត​តែ​ក្រសួង​យុត្តិធម៌​អះអាង​ថា លោក កឹម សុខា បាន​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក៏ដោយ ក៏​ការពិត ​លោក​មិន​ទាន់​មាន​សេរីភាព​តាម​ច្បាប់​កំណត់​នៅឡើយ។ លោក​ត្រូវ​បាន​​តុលាការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​​មាន​ការ​កំណត់​ព្រំដែន​ឱ្យ​លោក​ដើរ​ហើរ និង​ហាម​ឃាត់​ការ​ជួប​មនុស្ស​ទូទៅ​ផង​ដែរ ដែល​ចំណាត់​ការ​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​វាយ​តម្លៃ​ថា ជា​ការ​​ជាប់​ឃុំ​ក្នុង​ផ្ទះ​ ដែល​មិន​មាន​ចែង​ក្នុង​ច្បាប់​កម្ពុជា​នោះ​ឡើយ។

ម្យ៉ាង​វិញ​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​​បាន​ទទួលស្គាល់​ជា​សាធារណៈ​ដែរ​ថា លោក​ កឹម សុខា កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ ហើយ​លោក​ថែម​ទាំង​ប្រកាស​ថា លោក​នឹង​មិន​ឱ្យ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​រួច​ខ្លួន​នោះ​ឡើយ ដោយ​លោក​ចោទ​ថា លោក​ កឹម សុខា បាន​ប្រាប់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ កុំ​ឱ្យ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក៖ «មាន​អ្នក​ខ្លះ​ជាប់​ឃុំ​ក្នុង​ផ្ទះ​នៅ​ឡើយ​ទេ តែ​ព្រមាន​គេ​មិន​ឱ្យ​សុំ​សិទ្ធិ​នយោបាយ។ ចាំ​តែ​រួច​ខ្លួន​តើ! ខ្ញុំ​មិន​ឱ្យ​រួច​ខ្លួន​ទេ! ឱ្យ​តែ​តុលាការ​កាត់ [ទោស] ហើយ​គ្មាន​រញ៉េរញ៉ៃ​ទេ»

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រថ្ងៃទី០២ ឈាន​ចូល​ថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១៧ ទាំង​ដែល​រូប​លោក​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ត្រ​ស្រប​ច្បាប់។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ សន្ទិដ្ឋិភាព ឬ​ការ​ត្រូវ​រ៉ូវគ្នា​​ជាមួយ​បរទេស​ ដើម្បី​ផ្ដួល​រំលំ​របប​ក្រុង​ភ្នំពេញ ហើយ​របប​នេះ​បាន​ចោទ​​ត្រង់ៗ​តែម្តង​ថា សហរដ្ឋអាមេរិក​ គឺជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​លោក កឹម សុខា។

ក្រោយ​ពេល​ចាប់​ខ្លួន​លោក​ កឹម សុខា របប​ក្រុង​ភ្នំពេញ​បាន​​រំលាយ​គណបក្ស​សង្រោះជាតិ ​ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ដ៏​ស្រួចស្រាល់​របស់​គណបក្ស​កាន់អំណាច​ ​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០១៧ ។ របប​នេះ​ក៏​បាន​ហាម​ឃាត់​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​​ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល៥ ឆ្នាំ ដែល​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ​នានា ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់។

បន្ទាប់​ពី​អវត្តមាន​បក្ស​សង្គ្រោះជាតិ របប​លោក ហ៊ុន សែន បាន​រៀប​ចំ​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​ នៅ​ចុង​ខែ​កក្កដា ឆ្នាំ២០១៨ ដោយ​ក្រសោប​យក​អាសនៈ​សភា​ទាំងស្រុង​មក​ក្ដោបក្ដាប់​តែម្នាក់​ឯង ធ្វើ​ឱ្យ​កម្ពុជា​ប្រែក្លាយ​ជា​ប្រទេស​ឯកបក្ស​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ​ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១ និង​ជា​ប្រទេស​មាន​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​ថ្មី​មួយ​ទៀត​នៅ​លើ​ពិភព​លោក​ ក្នុង​សតវត្សទី២១ នេះ។

លោក ប្រ៊ែដ អាដាមស៍ ថ្លែង​ថា លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​កលល្បិច​មិន​ស្រប​ច្បាប់​គ្រប់​បែបយ៉ាង​នៅ​ក្នុង​សៀវភៅ ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​បែប​ផ្ដាច់ការ​ឯកបក្ស និង​កម្ទេច​គណបក្សប្រឆាំង​ដែល​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​តែមួយ​គត់​នៅ​កម្ពុជា។ អ្នក​ច្បាប់​អន្តរជាតិ​រូប​នេះ ជំរុញ​ឱ្យ​ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ទាំងអស់ ដាក់​សម្ពាធ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះលែង​លោក​ កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ ដែល​ជា​ជំហាន​ឆ្ពោះ​ទៅ​បញ្ឈប់​ការ​ធ្លាក់​ចុះ​ដុន​ដាប​សឹង​មិន​គួរ​ឱ្យ​ជឿ​នៃ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់"

  1. so socheath says:

    ភាសាដដែលៗ ដូចដុះក្អែលក្រោមក្ត ។
    វាមិនដែល​ប្រទេសណាមួយ ដោះលែងជនក្បត់ជាតិទេអ្ហា !
    គេឲ្យជាប់ទោសនៅក្នុងផ្ទះដូចរាល់ថ្ងៃ គឺមានការសណ្តោសពេកហើយ ។

Leave a Reply

Submit Comment