ក្រុម​អ្នក​បញ្ជា​ទិញ​ជំរុញ​ជា​ថ្មី​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​មាន​ដំ​ណោះ​ស្រាយ​ជាក់​លាក់​ពាក់​ព័ន្ធ​នឹង​ EBA

ដោយ អ៊ឹង ប៊ុនថន
06/04/2019
RFI

media
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ
Samer Muscati/Human Rights Watch


ក្រុម​អ្នក​បញ្ជា​ទិញ​ធំ​ៗ ​បាន​ចេញ​សេចក្តី​​ថ្លែង​ការណ៍​ជា​ថ្មី​ម្តង​ទៀត ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​​សម្តែង​​ក្តី​​បារម្ភ​​បន្ថែម​​ទៀត​ ​ចំពោះ​​​ដំណើការ​​​ព្យួរ​​​ប្រព័ន្ធ​​អនុ​គ្រោះ​​ពន្ធ​​របស់​​សហភាព​​អឺរ៉ុប​​ ឬ​​ EBA​​ សម្រាប់​​ស្ថាន​​ភាព​​នៅ​កម្ពុជា​។​​ ​នៅ​​ចំពោះ​មុខ​​ក្តី​​​បារម្ភ​​នេះ ​​ក្រុម​​អ្នក​​បញ្ជា​​ទិញ​ ​បាន​​​ស្នើ​​​ឲ្យ​​រដ្ឋាភិបាល​​របស់​​លោក​​នាយក​​រដ្ឋ​មន្រ្តី​​ ហ៊ុន ​​សែន​​ មាន​​​ដំ​ណោះ​​​ស្រាយ​​​ជាក់​​​លាក់​​​ឲ្យ​​​បាន​​កាន់​​តែ​ឆា​ប់​​តាម​​ដែល​​អាច​​ធ្វើ​​ទៅ​បាន​​។​​

យោងតាមលិខិតចុះថ្ងៃទី០៤ខែមេសា ក្រុមអ្នកបញ្ជាទិញធំៗ តំណាង​ឲ្យ​ក្រុម​ហ៊ុន​អន្តរជាតិ ដែលទិញសម្លៀកបំពាក់ ស្បែកជើង និង សម្ភារៈធ្វើដំណើរពីកម្ពុជា បានស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដំណោះ​ស្រាយជាក់លាក់​ចំពោះ​ក្តី​កង្វល់​របស់ក្រុមអ្នកបញ្ជាទិញ​ ដែលបាន​លើក​ឡើង​កាលពីខែវិច្ឆិកា​ឆ្នាំ២០១៨។​ ​ក្នុងលិខិតកាលពីខែវិច្ឆិកា២០១៨ ក្រុមអ្នកបញ្ជាទិញចំនួន៨ បានលើកឡើងថា ការ​ព្រមាន​ព្យួរ EBA​ ​របស់​សហភាព​អឺរ៉ុប​ ​និង​ ​GSP របស់​អាមេរិក ​នឹង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​កម្ពុជា​ខូចខាត​ ​និង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ​លើ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​ធ្វើ​ការ​ក្នុងវិស័យ​នេះ។​ ជាង​នេះ​ទៅទៀត​ វា​ក៏​នឹង​ធ្វើ​ឲ្យ​ខាតបង់ដល់​ការ​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​​ ​ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​មួយ​នេះ ដើម្បី​បាន​នាំមក​នូវ​ផល​ប្រយោជន៍​​ដ៏​សម្បើម​​ដល់​ប្រជាជន​ ​និង​សេដ្ឋកិច្ច​កម្ពុជា។​

សូមបញ្ជាក់ថា កាល​ពី​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៩ នេះ​ សហភាពអឺរ៉ុប​បានប្រកាសជា​ផ្លូវការ​នៃ​ការ​​ដក​ហូត​បណ្តោះអាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​ប្រទេស​កម្ពុជា​ ​ដោយសំអាងពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ។​

ដូចគ្នាដែរ ក្រុមហ៊ុន​អ្នកបញ្ជាទិញធំៗទាំង៨​ដែល​ភាគច្រើន​មក​ពី​សហរដ្ឋអាមេរិក​ ​និង​តំបន់​អឺរ៉ុប តាមរយៈ​លិខិត​របស់​ខ្លួននៅថ្ងៃទី៤ខែមេសា ពួកគេក៏បាន​រំឮក​ពីគុណ​តម្លៃរួម​នៃភាពជាដៃគូពាណិជ្ជកម្មជា​មួយ​​នឹងកម្ពុជាក្នុងវិស័យកាត់ដេរ​គឺ​ឈរ​លើ​គោលការណ៍​​គោរពសិទ្ធិការងារ និង​សិទ្ធិមនុស្សជាដើម​។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២៩ មីនា នេះ ក្នុង​វេទិកា​រវាងរដ្ឋាភិបាល​និង​វិស័យឯកជន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​កំណែទម្រង់​ជិត​២០​ចំណុច សំដៅ​លើក​កម្ពស់​ការ​វិនិយោគ​នៅ​កម្ពុជា ​និង​ជា​អ្វី​ដែល​គេ​ជឿថា ជា​វិធាន​ការ​ដើម្បី​ត្រៀម​ទប់ទល់ ពេល​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះពន្ធ EBA។ បើ​តាមប្រមុខរដ្ឋាភិបាលខ្មែរ សរុប​ជារួម​ ការកាត់​បន្ថយ​លើ​ថ្លៃ​សេវាកម្ម និង​កំណែ​ទម្រង់​សេដ្ឋកិច្ច​ក្នុងដំណាក់​កាល​ទី​១​នេះ នឹង​ធ្វើ​ឲ្យ​វិស័យ​ឯកជន​កាត់​បន្ថយ​ការ​ចំណាយ​នានា ដែល​គិត​ជា​ទឹក​ប្រាក់ជាង​៤០០​លាន​ដុល្លារ​អាមេរិក ហើយធ្វើឲ្យអ្នករកស៊ីមានលទ្ធភាព​ក្នុង​ការ​បង់​ពន្ធ បើ​សហភាពអឺរ៉ុបផ្តាច់​ EBA។

តែបើតាមក្រុមអ្នកបញ្ជាទិញ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនិង GSP របស់អាមេរិក កម្ពុជាបាននាំចេញទំនិញទៅទីផ្សារប្រទេសលោកសេរីទាំងនេះ គិតជាទឹកប្រាក់ ៨,៥ពាន់លាន ដុល្លារ ក្នុងឆ្នាំ២០១៨ ពោលទំហំពាណិជ្ជកម្មនេះ គឺស្មើនឹង ១ភាគ៣ ឬ ៣៨% នៃផលទុនជាតិសរុប ឬហៅថា GDP របស់កម្ពុជា៕

What Next?

Recent Articles

One Response to "ក្រុម​អ្នក​បញ្ជា​ទិញ​ជំរុញ​ជា​ថ្មី​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​មាន​ដំ​ណោះ​ស្រាយ​ជាក់​លាក់​ពាក់​ព័ន្ធ​នឹង​ EBA"

  1. Anonymous says:

    you should know what they mean if you can not understand I can tell you right now. the buyer will not order any more if nothing change in politic . Hassss HUN SEN will not care about this all he care is his powers . my latest warning to our Cambodia please do not bleed each other when the time come. I’M worry about this that it can come at any time.