មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង​ម្នាក់​ទៀត​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព បន្ទាប់​ពី​សមត្ថកិច្ច​តាម​ចាប់​មិន​បាន​សម្រេច​កាល​ពី​រសៀល​ថ្ងៃ​ទី៦ មេសា

ដោយ ហេង រស្មី
2019-04-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង លោក ប៉ុល ទិត្យធានី (កណ្ដាល) ឈរ​លើក​ដៃ​មួយ​ឡើង​លើ ចូលរួម​ឃោសនា​រក​សំឡេង​ឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ២០១៧។ រូប៖ បក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង
មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង លោក ប៉ុល ទិត្យធានី (កណ្ដាល) ឈរ​លើក​ដៃ​មួយ​ឡើង​លើ ចូលរួម​ឃោសនា​រក​សំឡេង​ឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ២០១៧។ រូប៖ បក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង


ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព បន្ទាប់ពី​មន្ត្រី​ប៉ូលិស​ខេត្ត​នេះ​ជា​ច្រើន​នាក់​បើក​ឡាន​ដេញ​ចាប់ តែ​មិន​បាន​ស្រេច​កាល​ពី​រសៀល​ថ្ងៃ​ទី៦ មេសា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​គំរាម​កំហែង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ការ​រស់​នៅ​របស់​ពលរដ្ឋ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​ លោក ប៉ុល ទិត្យធានី ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី៧ មេសា​ថា ក្រោយ​ពី​លោក​បាន​គេច​ខ្លួន​ដល់​កន្លែង​សុវត្ថិភាព​ថា ប៉ូលិស​ប្រមាណ ៥នាក់ ជិះ​ឡាន​តាម​ចាប់​រូប​លោក។

លោក​ឲ្យដឹង​ថា ក្នុង​ពេល​ឡាន​ប៉ូលិស​កំពុង​ដេញ​តាម​លោក​នោះ មាន​ប៉ូលិស​ម្នាក់​បាន​បើក​បង្អួច​ឡាន​ ហើយ​លូក​ដៃ​​ក្របួច​ចាប់​ករ​អាវ​លោក​ខណៈ​កំពុង​បើក​ម៉ូតូ​ទៅ​សួរ​សុខ​ទុក​អ្នក​ជំងឺ​នៅ​ភូមិ​បឹង​កក់ ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​កាល​ពី​រសៀល​ថ្ងៃ​ទី៦ មេសា។

លោក​បន្ត​ថា នៅ​ពេល​នោះ​​ដោយសារ​មាន​ក្មេង​ស្រី​ម្នាក់​ជិះ​រួម​ដំណើរ​ពី​ក្រោយ ដែល​ជា​សំណាង​ល្អ​ធ្វើ​ឱ្យ​លោក​រើ បម្រាស​​របូត​អាវ​ពី​ដៃ​ប៉ូលិស​រួច​ក៏​បើក​ម៉ូតូ​រត់​គេច​ចូល​ផ្ទះ​អ្នក​ស្រុក៖ «ការ​ធ្វើ​របៀប​នេះ គឺ​ជា​ការ​បំភិតបំភ័យ​ពលរដ្ឋ​ឱ្យ​មាន​សិទ្ធិ​ចូល​រួម​ក្នុង​នយោបាយ មិន​ឱ្យ​មាន​សិទ្ធិ​និយាយ​ស្ដី និង​ការ​ជួប​ជុំ​គ្នា ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​ខ្ញុំ​បាន​សួរ​ទៅ​ខាង​គ្រួសារ​នៅ​ស្រុក​ភូមិ​ ឃើញ​ថា សមត្ថកិច្ច​ដក​ទៅ​វិញ​អស់​ហើយ ដោយសារ​គេ​មិន​ឃើញ​ខ្ញុំ​នៅ​ផ្ទះ​ ហើយ​ប្រហែល​គេ​គិត​ថា មិន​អាច​តាម​រក​ខ្ញុំ​ឃើញ​ក៏​គេ​ដក​ទៅ។ ប៉ុន្តែ​ បើ​សិន​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ អាច​នឹង​មាន​បញ្ហា​នេះ​កើត​ឡើង​ទេ ដូច្នេះ​ខ្ញុំ​សំណូមពរ​សុំ​ឱ្យ​សមត្ថកិច្ច​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​រូប​ខ្ញុំ​ទៀត​ទៅ»

លោក​បន្ត​ថា សមត្ថកិច្ច​បាន​ឃ្លាំមើល​នៅ​ផ្ទះ​របស់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី៤ មេសា​រហូត​ដល់​ថ្ងៃ​កើត​ហេតុ។លោក​សន្និដ្ឋាន​ករណី​នេះ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ ដោយសារ​កន្លង​មក​លោក​តែង​ចេញ​មុខ​ធ្វើ​សកម្មភាព​ជំនួស​ឱ្យ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ​ហាមឃាត់​ធ្វើ​នយោបាយ​ ដោយ​សារ​របប​លោក​ ហ៊ុន សែន ​រំលាយ​គណបក្ស​ប្រឆាំង។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ខូវ លី មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង​ពុំ​បាន​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​ដូច​ការ​លើក​នោះ​ទេ៖ «ដូច​អត់​មាន​រឿង​នឹង​កើត​ផង​បង។ បាទ​អត់​មាន​ទេ។ បាទ! អត់​មាន​រឿង​អី​កើត​ឡើង​ផង។ ខ្ញុំ​អត់​ដឹង​ផង»

លោក ប៉ុល ទុត្យធានី អះអាង​ថា ប៉ូលិស​ដែល​ដេញ​ចាប់​រូប​លោក​មួយ​ចំនួន​ជា​មន្ត្រី​ប៉ូលិស​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច និង​មួយ​ចំនួន​ទៀត​ជា​ប៉ូលិស​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ព្រោះ នៅ​ក្នុង​រថយន្ត​នោះ​មាន​ប៉ូលិស​ខ្លះ​បាន​តាម​ឃ្លាំ​មើល​ផ្ទះ​របស់​លោក​ជា​ច្រើន​ថ្ងៃ​ហើយ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​អង្កេត​សិទ្ធិមនុស្ស នៃ​អង្គការ លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ខាង​លោក​ក៏​បាន​ទទួល​ដំណឹង​ជុំវិញ​បញ្ហា​នេះ​ដែរ ក៏​ប៉ុន្តែ​មិន​ទាន់​បាន​ចុះ​ស៊ើប​អង្កេត​រក​មូលហេតុ ដែល​សមត្ថកិច្ច​តាម​ចាប់​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ លើក​ឡើង​ថា​ សមត្ថកិច្ច​មិន​អាច​ឃាត់​ខ្លួន​ឬ​ដេញ​ចាប់​ពលរដ្ឋ​គ្មាន​កំហុស​នោះ​ទេ។ លោក​បន្ត​ថា សមត្ថកិច្ច​អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​​ករណី​បទ​ល្មើស​ជាក់ស្ដែង និង​មាន​ដីកា​ពី​តុលាការ ហើយ​បើ​គ្មាន​ដីកា​ពី​តុលាការ​ទេ គឺ​សមត្ថកិច្ច​នឹង​រង​ការ​ចោទ​ពី​បទ​ការ​បំភិតបំភ័យ​គំរាម​កំហែង​ពលរដ្ឋ​ខុស​ច្បាស់៖ «បើសិន​ដូច​សមត្ថកិច្ច​លើក​ឡើង​ថា មិន​មាន​រឿង​អី​កើត​ឡើង​ទេ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់​ហើយ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ដើម្បី​ស្រាវជ្រាវ​ទៅ​លើ​សុវត្ថិភាព និង​សន្តិសុខ​របស់​បុគ្គល និង​ពលរដ្ឋ​គ្រប់រូប ដើម្បី​កុំ​ឱ្យ​មាន​អ្នក​ធ្វើ​ការ​បំភិតបំភ័យ​ទៅ​លើ​ពួកគាត់​បន្ត​ទៀត ព្រោះ​រឿង​នេះ​ជា​កាតព្វកិច្ច​របស់​សមត្ថកិច្ច​តែ​ម្ដង»

គិត​ត្រឹម​ថ្ងៃ​ទី៧ មេសា មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់​ឆ្នាំង​មាន​ចំនួន ២នាក់​ហើយ​ រួច​មាន​ ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ ខេត្ត គឺ​លោក កែវ ថៃ និង​លោក​ ប៉ុល ទិត្យធានី​ ដែល​បាន​រត់​គេច​ខ្លួន​រក​កន្លែង​សុវត្ថិភាព បន្ទាប់​ពី​ប៉ូលិស​ខេត្ត​នេះ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ពួក​គេ​នោះ។ ពួក​គេ​ទាំង ២នាក់​ប្រកាន់​ជំហរ​ថា បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​យ៉ាង​នេះ​ក្ដី ក៏​ពួក​គាត់​មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ទៅ​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ​ឡើយ ព្រោះ​ពួក​គាត់​យល់​ថា មាន​តែ​លោក កឹម សុខា និង​ប្រធាន​ស្ដី​ទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ទេ ដែល​អាច​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​បាន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles